ការតវ៉ាមួយធ្វើឡើងដោយអ្នកភូមិបឹងកក់នៅទល់មុខសាលារាជធានីកាលពីម្សិលមិញបានបង្ហាញអំពីការបែកបាក់គ្នារវាងសកម្មជនមួយក្រុម ជាមួយអ្នកតវ៉ាមួយក្រុមទៀត ដោយចោទភាគីម្ខាងទៀតថាលក់ឧត្តមគតិ។

អ្នកតវ៉ាសំខាន់ពីរនាក់នៅក្នុងការតវ៉ាដែលបានកើតឡើងជាច្រើនឆ្នាំមកហើយ និងដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិនោះ គឺអ្នកស្រី ហេង មុំ ឈរនៅតាមផ្លូវក្រៅសាលារាជធានី ជាមួយស្ត្រីមួយក្រុម ចំណែកអ្នកស្រី ទេព វន្នី ដែលជាមិត្តភក្តិកន្លងមក ឈរជាមួយអ្នកផ្សេងទៀតនៅចំកណ្តាល។
អ្នកស្រី ហេង មុំ បានស្រែកដាក់ក្រុមរបស់អ្នកស្រី វន្នី ពីម្ខាងផ្លូវថា “ អ្នកស្រី ទេព វន្នី កំពុងដឹកនាំអ្នកភូមិ ដែលបានទទួលប័ណ្ណកម្មសិទ្ធិរួចហើយដើម្បីធ្វើការតវ៉ា ដែលនឹងរារាំងពួកយើងមិនឲ្យទទួលបានប័ណ្ណកម្មសិទ្ធិដី”។ “ គាត់មិនខ្វល់អំពីអ្នកឈឺចាប់នោះទេ ពីព្រោះគាត់ចង់ធ្វើឲ្យដូចលោកស្រី អ៊ុងសាន ស៊ូជី [អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅភូមា] ដែរ”។
អ្នកស្រី វន្នី ដែលថ្មីៗនេះបានទៅក្រុងវ៉ាស៊ីនតោន ដើម្បីទទួលរង្វាន់ភាពជាមេដឹកនាំពិភពលោកពីលោកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានទទួលប័ណ្ណកម្មសិទ្ធិដីក្នុងឆ្នាំ២០១២ ជាផ្នែកនៃដី១២,៤៤ហិកតា ដែលរដ្ឋាភិបាលលៃទុកសម្រាប់អ្នកភូមិបឹងកក់ ដែលបាត់បង់ផ្ទះរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអចលនទ្រព្យដ៏ចម្រូងចម្រាស់អភិវឌ្ឍទីនោះ។
អ្នកស្រី វន្នី មានប្រសាសន៍ថា អ្នកស្រីមិនដឹងថា អ្នកស្រី មុំ បំបែកខ្លួនចេញពីក្រុមរបស់អ្នកស្រីទេ ហើយបានអះអាងថា រដ្ឋាភិបាលនៅពីក្រោយជម្លោះរបស់អ្នកតវ៉ាទាំងនេះ។ អ្នកស្រីបានមានប្រសាសន៍បន្តទៀតថា “ ខ្ញុំគិតថា នេះជាល្បិចកលរបស់អាជ្ញាធរ។ នៅពេលយើងកំពុងទាមទារយុត្តិធម៌នៅក្នុងប្រទេសមួយដែលគ្មានតម្លាភាព និងគ្មានការគោរពសិទ្ធិមនុស្សដូចនេះ រដ្ឋាភិបាលតែងតែមានយុទ្ធសាស្ត្របំបែកក្រុមរបស់យើង”។
យោងតាមអង្គការសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា ទោះជារួបរួមគ្នាឬមិនរួបរួមក៏ដោយ បាតុករទាំងអស់ដែលព្យាយាមបិទមហាវិថីមុនីវង្សកាលពីព្រឹកម្សិលមិញ ត្រូវបាននគរបាលបង្ខំឲ្យចាកចេញ ដោយធ្វើឲ្យមានការប្រវាយប្រតប់គ្នា ដែលបណ្តាលឲ្យស្ត្រីម្នាក់រលូតកូន។
អង្គការអាដហុកបានចេញសេចក្តីប្រកាសមួយកាលពីម្សិលមិញឲ្យនគរបាលទទួលខុសត្រូវចំពោះការរលូតកូនរបស់ឈ្មោះ កែក ចាន់រស្មី។ អង្គការនេះបានលើកឡើងថា ចាន់រស្មី មានគគ៌ពីរខែកន្លះ។
អ្នកស្រី ចាន់រស្មី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា “ នៅរសៀលនេះ នគរបាលបានរុញខ្ញុំដួលទៅនឹងដី ហើយធ្វើឲ្យខ្ញុំរលូតកូន”។ គាត់បន្តទៀតថា អ្នកស្រីមិនបានទៅមន្ទីរពេទ្យទេ ប៉ុន្តែត្រូវបានឆ្មបព្យាបាលនៅផ្ទះរបស់អ្នកស្រី។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ពេលទាក់ទងតាមទូរស័ព្ទ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ គ្រាន់តែមានប្រសាសន៍ថា ការស្វែងរកដំណោះស្រាយសម្រាប់គ្រួសារទាំងនោះ គឺជាអាទិភាពរបស់សាលារាជធានី។ “ យើងកំពុងដោះស្រាយបញ្ហានេះ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី