យោងតាមសេចក្ដីជូនដំណឹងព្រាងរបស់សហភាពអឺរ៉ុប ដែលទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា ការធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបង្ហាញថា ប្រជាពលរដ្ឋប្រហែល១លាននាក់អាចបាត់បង់សិទ្ធិបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដានោះគឺដោយសារតែ “ កំហុសបន្តិចបន្តួចដែលមិនអាចចៀសផុត” ដោយសារប្រជាពលរដ្ឋមួយចំនួនគ្មានអត្តសញ្ញាណប័ណ្ណ និងគ្មានទីលំនៅអចិន្ត្រៃយ៍។
សេចក្ដីជូនដំណឹងព្រាងដែលត្រូវបានរៀបរៀងឡើងដើម្បីជូនដំណឹងឲ្យអ្នកជំនាញសភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ចុះអង្កេតបរិយាកាសមុនពេលនិងក្រោយពេលបោះឆ្នោតនេះ ក៏បានលើកឡើងផងដែរថា ការធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតពីសំណាក់វិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល ធ្វើឲ្យពួកគេយល់ខុសក្នុងការវាយតម្លៃពីភាពត្រឹមត្រូវនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត។
សេចក្ដីជូនដំណឹងនោះបានបន្ដថា “ ការពិភាក្សាយ៉ាងល្អិតល្អន់មូួយស្ដីអំពីគុណភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានធ្វើឡើងកាលពីដើមខែឧសភា តាមរយៈការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពីររបស់អង្គការមិនមែនរដ្ឋាភិបាល (មួយគឺសហរដ្ឋអាមេរិក និងមួយទៀតគឺកម្ពុជា)។ការវិភាគរបាយការណ៍ដោយគណៈប្រតិភូនេះបាននាំឲ្យមានការប្រុងប្រយ័ត្នខ្លាំងលើការសន្និដ្ឋានរបស់ពួកគេ ដែលមួយចំនួនមិនត្រឹមត្រូវនោះ”។
សេចក្ដីជូនដំណឹងដែលគ្មានចុះកាលបរិច្ឆេទ និងគ្មានហត្ថលេខាអ្នកនិពន្ធនោះ បានលើកឡើងថា ការទទួលខុសត្រូវចំពោះកំហុសណាមួយនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតមិនគួរដាក់បន្ទុកតែលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។ សេចក្ដីជូនដំណឹងនោះបានបន្ដថា “ រាល់ការលំបាកទាំងអស់និងចំណុចខ្សោយទាំងនេះ គេក៏អាចឃើញនៅក្នុងបរិបទនៃប្រទេសកម្ពុជាដែរ។ នៅក្នុងប្រទេសនេះប្រជាពលរដ្ឋជាច្រើនគ្មានទាំងអត្តសញ្ញាណប័ណ្ណ និងលំនៅដ្ឋានអចិន្ត្រៃយ៍ ហើយអត្រានៃការធ្វើចំណាកស្រុកនៅក្នុងប្រទេសក៏ខ្ពស់ទៀត”។
សេចក្ដីជូនដំណឹងនោះបន្ថែមថា “ កំហុសរដ្ឋបាលជាធម្មតាបែបនេះនឹងបន្ដទទួលខុសត្រូវចំពោះកំហុសបន្តិចបន្តួចដែលមិនអាចចៀសផុត មិនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានកិច្ចខិតខំប្រឹងប្រែងប៉ុណ្ណាទេ ”។ នៅក្នុងរបាយការណ៍ធ្វើសវនកម្មប្រមាណជា៥៨ទំព័រដែលបានចេញផ្សាយកាលពីដើមខែមេសា បានឲ្យដឹងថា ខុមហ្វ្រែលបានរកឃើញថា អ្នកបោះឆ្នោតប្រហែល១,២៥លាននាក់ទំនងជាបាត់បង់សិទ្ធិបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ពីព្រោះគេបានរកឃើញថា ១៣,៥ភាគរយនៃអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចហើយនោះ មិនមានឈ្មោះរបស់ខ្លួននៅលើបញ្ជីបោះឆ្នោតទេ។
នៅក្នុងរបាយការណ៍មួយផ្សេងទៀតដែលបានចេញផ្សាយកាលពីខែមុន វិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានរកឃើញថា ឈ្មោះជាង៩ភាគរយនៃអ្នកបោះឆ្នោតកាលពីលើកមុនត្រូវបានគេលុបចោលដោយមិនត្រឹមត្រូវពីបញ្ជីឈ្មោះ បោះឆ្នោត ហើយបញ្ជីនោះក៏មានឈ្មោះអ្នកដែលគ្មានមុខពិតប្រាកដដែរ។
អង្គការទាំងពីរខាងលើបានរកឃើញថា គួរតែស្ដីបន្ទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះកំហុសឆ្គងទាំងអស់នោះនិងបានអំពាវនាវឲ្យគណៈកម្មាធិការនេះកែតម្រូវកំហុសទាំងនោះឡើងវិញ។ អង្គការទាំងពីរក៏បានអំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ឯករាជ្យឈរនៅពីក្រោយស្មៀននៅការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោត និងដើម្បីប្រគល់ការទទួលខុសត្រូវក្នុងការចងក្រងបញ្ជីឈ្មោះអ្នកបោះឆ្នោតទៅឲ្យអង្គការឯករាជ្យមួយ ដែលមិនគាំទ្រអ្នកស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្លាប់បានការរងចោទប្រកាន់ពីរឿងនេះ។
កាលពីម្សិលមិញ នៅពេលសួរអំពីទស្សនដែលបានលើកឡើងនៅក្នុងសេចក្ដីជូនដំណឹងព្រាងរបស់ខ្លួននោះ តំណាងម្នាក់មកពីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍ថា សេចក្ដីជូនដំណឹងព្រាងនេះបានធ្វើបច្ចុប្បន្នភាពតាំងពីពេលនោះម៉េ្លះហើយពេលនេះមិនបានបញ្ចូលចំណុចណាមួយនៃទស្សនខាងលើពាក់ព័ន្ធនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតនោះទៀតទេ។
លោក ប៉ុក ពូន មន្ត្រីព័ត៌មានរបស់គណៈប្រតិភូសហភាពអឺរ៉ុបបានលើកឡើងនៅក្នុងអីុម៉េលថា “ សេចក្តីព្រាងនៃលក្ខខណ្ឌប្រតិបត្តិដែលសហភាពអឺរ៉ុបមិនបានពិនិត្យតាមឋានានុក្រមនោះ ត្រូវបានផ្សព្វផ្សាយដោយមិនត្រឹមត្រូវជាច្រើនសប្តាហ៍មកហើយ។ លក្ខខណ្ឌប្រតិបត្តិចុងក្រោយពុំមានចំណុចដែលបានលើកឡើងនៅក្នុងសំណួររបស់លោកនោះទេ។
លោកស្រី លូរ៉ា ធនថុន នាយិការប្រចាំប្រទេសរបស់វិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានមានប្រសាសន៍ថា លោកស្រី “ សោកស្ដាយ” ណាស់ដែលសហភាពអឺរ៉ុបបានសម្តែងទស្សនអវិជ្ជមានបែបនោះក្នុងការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត។ លោកស្រី ធនថុន បានលើកឡើងនៅក្នុងអីុម៉េលមួយថា “ សវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះគឺផ្អែកលើវិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ និងត្រូវបានគេអនុវត្ដទូទាំងពិភពលោក”។
លោកស្រីបានបន្តថា “ សវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះផ្ដោតលើការពិត មិនមែនជាគំនិតយោបល់ទេ និងធ្វើសវនកម្មជាក់ស្តែងលើបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលផ្អែកលើលក្ខណៈវិនិច្ឆ័យបីគឺ ភាពលម្អិត សុពលភាព និងភាពត្រឹមត្រូវ។ លក្ខណៈវិនិច្ឆ័យទាំងនេះគឺមានការទទួលស្គាល់ជាអន្តរជាតិក្នុងចំណោមអង្គការគ្រប់គ្រងការបោះឆ្នោតនានា។ របាយការណ៍ធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់វិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យគ្រាន់តែបង្ហាញទិន្នន័យពីលទ្ធផលនៃសវនកម្មនេះដោយគ្មានការប៉ាន់ប្រមាណពីមូលហេតុ ឬការសន្និដ្ឋាន តាមគំនិតផ្ទាល់ខ្លួនណាមួយនោះទេ”។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលបានមានប្រសាសន៍ថា លោកកោតសរសើរចំពោះការផ្តល់មតិយោបល់ពីសហភាពអឺរ៉ុប បន្ទាប់ពីការចេញរបាយការណ៍សវនកម្មរបស់អង្គការខុមហ្វ្រែល។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដែលទទួលបានយោបល់ណាមួយពីសហភាពអឺរ៉ុបអំពីបញ្ហានេះទេ។ ពួកគេគួរតែផ្ដល់យោបល់ឲ្យខ្ញុំភ្លាមៗ។ ពួកគេតែងតែទូរស័ព្ទឲ្យខ្ញុំបង្ហាញពួកគេនូវអ្វីដែលបានរកឃើញ និងបារម្ភអំពីអនុសាសន៍មួយចំនួន”។
សហភាពអឺរ៉ុបមិនបានចូលរួមនៅក្នុងការបោះឆ្នោតជាតិក្នុងនាមជាអ្នកសង្កេតការណ៍ផ្លូវការនោះទេ។ ផ្ទុយទៅវិញបេសកកម្មរបស់អ្នកជំនាញខាងការបោះឆ្នោតដែលបានចាប់ផ្ដើមនៅថ្ងៃសុក្រ គេឃើញមានអ្នកជំនាញពីរនាក់ ប្រមូលព័ត៌មានវាយតម្លៃពីបរិយាកាសមុននិងក្រោយការបោះឆ្នោត និងបន្តតាមដានទៅលើអនុសាសន៍របស់សហភាពអឺរ៉ុប ដែលបានផ្ដល់ក្រោយពេលបោះឆ្នោតជាតិក្នុងឆ្នាំ២០០៨។
ទើបតែសប្តាហ៍មុននេះ សហភាពអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍មួយ ដែលបានសម្រិតសម្រាំងពាក្យពេចន៍យ៉ាងប្រុងប្រយ័ត្នជំរុញឲ្យរាជរដ្ឋាភិបាលធានាថា ការបោះឆ្នោតនេះមាន “ តម្លាភាព និងការជឿជាក់” ហើយសេចក្តីថ្លែងការណ៍នេះត្រូវបានក្រសួងការបរទេសកម្ពុជាឆ្លើយតបជាបន្ទាន់ ដោយចោទប្រកាន់សហភាពអឺរ៉ុបថា បានជ្រៀតជ្រែកក្នុងកិច្ច្ការ របស់ប្រទេសកម្ពុជា៕
ប្រែសម្រួលដោយ ហម សុផាណ្ណា