28 C
Phnom Penh

អាជ្ញាធរ​​​អប្សរា ​​​និង​​​ក្រុម​ហ៊ុន​របស់​​​ចិន​​សិក្សា​​​ពី​​​ឱកាស​​​​វិនិ​យោគ​​នៅ​​ក្នុង​​​ឧទ្យាន​​​បុរាណ​​​​​​​អង្គរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់​ងារ​រដ្ឋាភិបាល​ដែល​ទទួលបន្ទុក​​​គ្រប់​​គ្រង​ឧទ្យាន​​​​​បុរាណ​អង្គរ​ បាន​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​ព្រម​ព្រៀង​​ជាមួយ​ក្រុម​ហ៊ុន​​​​មួយ​​​ក្នុង​​​ចំណោម​​​​​​ក្រុមហ៊ុន​​​សំណង់​​​​ធំ​បំផុត​​​រ​បស់​ប្រទេស​​ចិន​ ដើម្បី​​សិក្សា​លទ្ធភាព​​​នៃ​​​ការ​​​អនុវត្ត​​​គម្រោង “ អភិវឌ្ឍន៍​” ​ដែល​មិនត្រូវ​​​​បាន​បញ្ជាក់​​​ លើ​​​ទីតាំង​​​បេតិក​ភណ្ឌ​ពិភព​លោក​​ទំហំ​៤០១គីឡូម៉ែត្រ​ក្រឡា​​​នេះ​​​​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវបាន​​​បង្ហោះ​​​​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​​​ដឹង​​​​ថា​ អាជ្ញាធរ​អប្សរា​ក្រោមការ​​​ដឹក​នាំ​របស់​​​​លោក​​ឧបនាយក​រដ្ឋមន្ត្រី​​ សុខ អាន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​​​​នៃ​​​ការ​​​យោគ​​យល់​គ្នា​មួយ​ជាមួយ​​សាជីវកម្ម​​សំណង់​​​សុីវិល​​​​ចិន​ (China Civil Engineering Construction Corporation)  ហៅ​​​កាត់​​​ថា​​​ CCECC សកម្ម​ភាព​​​​សំខាន់ៗ​​​របស់​​​​សាជីវកម្ម​​​​​ CCECC រួម​មាន​ការ​​ស្ថាបនា​​​​​ហេ​ដ្ឋា​​រចនា​សម្ព័ន្ធ​ធំៗ​ដូច​ជា ផ្លូវ​ហាយវ៉េ​​​ ផ្លូវ​ក្រោម​​​ដី អចលនទ្រព្យ​ និង​ផ្លូវ​ដែកជាដើម​។

​សេចក្ដី​ថ្លែងការណ៍​នេះ​​​ពុំមាន​​​ព័ត៌មាន​ជាក់​​លាក់​ថា​​​ តើ​​​សាជីវកម្ម​​​ ​CCECC អាច​​​នឹង​​​​​​ចាប់​ផ្តើម​​​អនុវត្ត​​​គម្រោង​​​​អ្វី​​​នៅ​ពេល​​​ដែល​​​ការ​សិក្សា​នេះ​​​​​បញ្ចប់​​​​រួចរាល់​​​​​​ទេ​​​ ប៉ុន្តែ​​​​​​មាន​​​ការ​​​បញ្ជាក់​​​ថា គោល​បំណង​​​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​​​នេះ​គឺ​​​​​​ការ​​​ស្វែង​រក​​តំបន់​​​​​​​​​​ដែល​​​អាច​​​វិនិយោគ​​​​​បាន​​​នៅ​ក្នុង​​​​បរិវេណ​​​ឧទ្យាន​​​បុរាណ​​​​អង្គរ​​។

លោក សុខ អាន បាន​​​ឲ្យ​​​ដឹង​​​​​​តាមរយៈ​​​​សេចក្ដី​ថ្លែងការណ៍​​​​នេះ​​​ថា “ ក្រោយ​​​ការ​សិក្សា​បញ្ចប់​​​​រួចរាល់​​​​គម្រោង​ជាក់​លាក់​នឹង​ត្រូវបាន​​​ដាក់​​​ជូន​​​​អាជ្ញាធរ​អប្សរា​​​​ពិចារណា​​​។ ការ​​​សិក្សា​នេះ​មាន​​​សារៈ​​​​សំខាន់​​​​ខ្លាំង​​​ណាស់​សម្រាប់​​​ការ​​​​ពិនិត្យ​មើល​លទ្ធភាព​ជាក់ស្តែង​​​មុន​ពេល​​​​មាន​​​ការ​​​ស្នើ​​​ឡើង​​​នូវ​​​​​ជម្រើស​ល្អ​​​បំផុត​​​សម្រាប់​ការ​វិនិយោគ​ និង​​ដើម្បី​ធានា​ថា យើង​ទទួល​បាន​ការ​អភិវឌ្ឍ​ដែល​ពុំ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​លើ​ការ​​​​អភិរក្ស​”។

លោក អឹម សុខរិទ្ធី​ អនុប្រធាន​ផ្នែក​​​ទំនាក់​ទំនង​សាធារណៈ​នៃ​អាជ្ញាធរ​អប្សរា​​ បាន​ឲ្យ​​​ដឹង​​​​ថា កិច្ច​ព្រម​ព្រៀង​នេះ​​​អនុញ្ញាត​​​​​​ឲ្យ​ក្រុម​ហ៊ុន​ចិន​ស្វែងរក​​​ “ ធន​ធាន​ជា​ជម្រើស​” នៅ​ជុំ​វិញ​អង្គរ​វត្ត​​​​រយៈពេល​​​ប្រាំ​ឆ្នាំ​ ។​​​ លោក​​​​មាន​ប្រសាសន៍​ថា “ មុន​ពេល​យើង​​ចាប់​ផ្ដើម​អភិវឌ្ឍអ្វី​មួយ ​យើង​ត្រូវ​ពិនិត្យ​មើល​​អ្វី​ដែល​យើង​មាន​​​ជាមុន​​​សិន​​​​។ ប្រសិន​បើ​ប្រាសាទ​អង្គរវត្ត​បាត់​បង់​លក្ខណៈ​ដើម​របស់​​​​វា​​​​ តម្លៃ​របស់​វា​នឹង​ធ្លាក់​ចុះ​ ហើយ​​​នឹង​មាន​​​​​​ផល​ប៉ះ​ពាល់​​សេដ្ឋកិច្ច​” នៅ​ប្រាសាទ​​​នេះ​​​។

លោកស្រី​​​ អាន​​​ ឡឺម៉េស​​​ (Anne Lemaistre) តំណាង​អង្គការ​យូណេស្កូ​​​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​លើកឡើង​​​​ថា គម្រោង​វិនិយោគ​ណា​​​ក៏​​​ដោយ​​​ដែល​ត្រូវបាន​ស្នើ​ឡើង​ក្នុង​ឧទ្យាន​​​បុរាណ​​​អង្គរ​ ជា​ដំបូង​​​​ ​​ត្រូវ​ឆ្លងកាត់​​​ការ​វាយ​​​តម្លៃ​​​​របស់​​​​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​​​​សម្រាប់​​​ឧទ្យាន​​​បុរាណ​​​អង្គរ​ ហៅ​​​កាត់​​​ថា​​​ ICC ដែល​​​រៀបចំ​​​​​​កិច្ច​ប្រជុំ​ជា​រៀង​រាល់​​​​ឆ្នាំ​ដោយមាន​​​ការ​​​ចូលរួម​​​ពី​​​​ក្រុម​វិស្វករ​ អ្នក​​​ស្តារ​​​ប្រាសាទ​ បុរាណ​​​វត្ថុ​​​​វិទូ​​​ អ្នក​ស្រាវ​ជ្រាវ​ និង​ជំនាញ​​​​ការ​​​​​​ផ្នែក​​​បច្ចេក​ទេស​ផ្សេងៗ​ទៀត​ ដើម្បី​ពិភាក្សា​អំពី​​​ការ​​​អភិរក្ស​​​​ប្រាសាទ​អង្គរ​។

លោកស្រី​​​​បាន​​​មាន​ប្រសាសន៍​ថា “ មិន​​​ថា​​​គម្រោង​ដែល​ត្រូវបាន​ស្នើ​ឡើង​នោះ​​​​ជា​​​គម្រោង​​​​​​​​​​​​អ្វីទេ​​​ ដាច់ខាត​​​គឺ​​​ត្រូវ​តែ​ឆ្លងកាត់​​​ការ​វាយតម្លៃ​​​របស់​​​​គណៈកម្មាធិការ​សម្រប​សម្រួល​​​​អន្តរ​ជាតិ​​​​​​សម្រាប់​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​​​​ជាមុន​​​សិន​​​​។ នៅ​អង្គការ​យូណេស្កូ​​​ ​យើង​មាន​​ក្រុម​អ្នក​ជំនាញ​​ឯករាជ្យ​​​​ដែល​​​មាន​លទ្ធភាព​​វាយ​​​តម្លៃ​​​រាល់​​​គម្រោង​ដែល​​​​ត្រូវបាន​​​ស្នើ​ឡើង​”។

លោក ហូ វណ្ឌី ប្រធាន​​ក្រុម​ការងារ​​​ទេស​​​ចរ​​​ផ្នែក​​​​ឯកជន​ បាន​​ឲ្យ​​​ដឹង​​​ថា លោក​មិន​បាន​ដឹង​អំពី​គម្រោង​វិនិយោគ​​​នៅ​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​ឡើយ​​​​ ប៉ុន្តែ​​​ លោក​​ស្វាគមន៍​​​គំនិត​​​​វិនិយោគ​នៅ​​​​ក្នុង​​​ឧទ្យាន​​​នោះ​​​ ដរាប​​​ណា​​​គម្រោង​​​នោះ​​​ត្រូវបាន​​​អនុវត្ត​​​ប្រកប​​​ដោយ​​​ការ​​​​​​​ទទួល​ខុស​ត្រូវ​​​​ និង​​​មិន​ធ្វើ​ឲ្យ​ខូច​តម្លៃ​បេតិកភណ្ឌ​​​​ក្នុង​​​តំបន់​​​នោះ​​​។

លោក​មាន​ប្រសាសន៍​បន្ត​ថា “ ​​​វា​​​ជា​រឿង​​​ល្អ​​​​​​ប្រសិន​បើ​យើង​អាច​អភិវឌ្ឍ​ផ្នែក​ខ្លះ​នៃ​​ឧទ្យាន​​​នោះ​​​ដោយ​មានជំនួយ​​​ពី​អាជ្ញាធរ​អប្ស​​​រា​ដើម្បី​បម្រើ​តាម​សេចក្ដី​ត្រូវការ​របស់​ភ្ញៀវ​ទេស​ចរ​” ដោយ​​​លោក​​​បានផ្តល់​​​ជា​​​យោបល់​​​​ថា​ គេ​​​អាច​សាងសង់​​​​សួន​កម្សាន្ត​​មួយ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ឲ្យ​​​មក​កាន់​​​​តំបន់​នេះ​​​​កាន់តែ​​​ច្រើន​ថែម​ទៀត​​​​។លោកថ្លែងថា “ ទោះជា​យ៉ាង​​​ណា​​​ ខ្ញុំ​សង្ឃឹម​ថា ​​អាជ្ញាធរ​អប្សរា​នឹង​​​គ្រប់​គ្រង​ទី​នោះ ​​​ព្រោះ​​​បេតិក​​​ភណ្ឌ​​​​ក្នុង​តំបន់​នោះ​​​​​​​គឺ​​​ជា​របស់​​​មនុស្ស​​​គ្រប់គ្នា​​”​៕

ប្រែសម្រួល​ដោយ ឃិន ណៃ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស