33 C
Phnom Penh

កម្មករ​​កាត់​ដេរ​ប្រមូល​ផ្ដុំ​គ្នា​​ទាម​ទារ​ប្រាក់​ខែ​ និង​ប្រាក់​បំណាច់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ អតីត​និយោជិត​រោង​ចក្រ​កាត់​ដេរ​ភីង ហ្គ្រេដ (Pink Grade) ​​ជាង​២០០​នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​នាំ​គ្នា​មក​​តវ៉ា​នៅ​ខាង​ក្រៅ​ក្រសួង​សង្គម​កិច្ច​ ដើម្បី​ទាម​ទារ​ឲ្យ​គណៈ​គ្រប់​គ្រង​រោង​ចក្រ​បើក​ប្រាក់​ខែ​ ​ប្រាក់​បំណាច់​ និង​ផល​ប្រយោជន៍​ផ្សេង​​ៗ​ទៀត​​ដែល​ពួក​គេ​បាន​អះអាង​ថា​ ក្រុមហ៊ុន​នៅ​ជំពាក់​​ពួក​គេ​នៅ​ឡើយ​កាល​ពី​មុន​ពេល​​ក្ស័យ​ធន​។

លោក​ សឿ អារីហ្វីន (Soeu Arifine) អតីត​នាយក​រង​នៅ​រោង​ចក្រ​កាត់​ដេរ​របស់​ក្រុម​ហ៊ុន​​​ភីង ហ្គ្រេដ ក្នុង​សង្កាត់​បឹង​ទំពន់​ ខណ្ឌ​មាន​​ជ័យ​​បាន​និយាយ​ថា និយោជិក​ទាំង​៧៥០​នាក់​របស់​​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ជំពាក់​ប្រាក់​ខែ​មួយ​ខែ​ នៅ​ពេល​​រោង​ចក្រ​នេះ​បិទ​ទ្វារ​ឈប់​ដំណើរ​ការ​ កាល​ពី​ថ្ងៃ​ទី២ ខែ​ឧសភា​ ហើយ​ក៏​បាន​ទាម​ទារ​ឲ្យ​បើក​ប្រាក់​ខែ​រយៈ​ពេល​ពីរ​ខែ​​​មុន​ផង​ដែរ​។

លោក​បាន​និយាយ​ថា “ យើង​បាន​រង់​ចាំ​​​ដំណោះ​ស្រាយ​អស់​រយៈ​ពេល​បី​ខែ​កន្លង​មក​​ហើយ ​​​រដ្ឋាភិបាល​​គួរ​តែ​បើក​ប្រាក់​ខែ​ឲ្យ​យើង​​ឥឡូវ​នេះ​​ ហើយ​ទទួល​យក​ប្រាក់​ពី​ការ​លក់​ទ្រព្យ​​សម្បត្តិ​របស់​ក្រុមហ៊ុន​នៅ​ពេល​ក្រោយ​”។

កែវ​ សុខុម ​ដែល​ជា​និយោជិក​ធ្វើ​ការ​នៅ​រោង​ចក្រ​របស់​ក្រុមហ៊ុន​​ភីង ហ្គ្រេដ អស់​រយៈ​​ពេល​ប្រាំ​ពីរ​ឆ្នាំ​​មក​ហើយ​​ បាន​លើក​ឡើង​ថា ក្រុម​កម្មករ​មក​ពី​រោង​ចក្រ​នេះ​កំពុង​តែ​​ជួប​ប្រទះ​នឹង​បញ្ហា​ក្នុង​ការ​ចំណាយ​លើ​តម្រូវ​ការ​ចាំ​បាច់​ជា​មូល​ដ្ឋាន​របស់​ខ្លួន​។ គាត់​បាន​និយាយ​ថា “ នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែល​យើង​បាន​មក​ទីនេះ​ ដើម្បី​ស្នើ​សុំ​​នូវ​អ្វី​ដែល​យើង​ត្រូវ​តែ​ទទួល​​បាន​តាម​ច្បាប់​ការ​ងារ​”៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស