40.9 C
Phnom Penh

សាក្សី​រៀប​រាប់​អំពី​ការ​កែប្រែ​និង​ការ​កម្ទេច​របស់​កម្មាភិបាល​​អំឡុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សវនាការ​សាក្សី​ត្រូវ​បាន​បន្ត​ធ្វើ​នៅ​ឯ​សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ម្សិលមិញ ដោយ​មាន​សក្ខីកម្ម​ពី​សំណាក់​លោក​ ពេជ្រ ចឺម អតីត​អនុប្រធាន​តំបន់​១០៥ ដែល​បាន​និយាយ​រៀប​រាប់​អំពី​ការ​អប់​រំ​កែប្រែ​ និង​​ការ​កម្ទេច​​របស់​កម្មាភិបាល​នៅ​អំឡុង​របប​ខ្មែរក្រហម​។

បុរស​អាយុ​៧១ឆ្នាំ​រូប​នេះ បាន​និយាយ​ប្រាប់​តុលាការ​ថា រូប​គាត់​បាន​ចូល​រួម​ជាមួយ​ខ្មែរ​ក្រហម​កាលពី​ខែ​ឧសភា ឆ្នាំ​១៩៧០​នៅ​មុន​ការ​ធ្វើ​រដ្ឋ​ប្រហារ​​​របស់​លោក លន់ នល់​ ទម្លាក់​ព្រះ​បាទ នរោត្តម សីហនុ។

លោក ចឺម បាន​ឲ្យ​ដឹង​ថា យើង​អាច​​មើល​ឃើញ​ឥទ្ធិ​ពល​ និង​ផល​ប៉ះ​ពាល់​នៅ​តាម​តំបន់​ជន​បទ​។ យើង​ត្រូវ​តែ​ចូល​រួម​ជាមួ​យ​ប្រជា​ពល​រដ្ឋ​ដ៏​ទៃ​ទៀត​ តាម​ការ​អំពាវ​នាវ​របស់​ព្រះ​​បាទ នរោត្តម​ សីហនុ។ លោក​បាន​និយាយ​បន្ត​ទៀត​ថា ការ​ចូល​រួម​ក្នុង​បដិវត្តន៍​នេះ គឺ​ដើម្បី​ប្រយុទ្ធ​តស៊ូ​ធ្វើ​យ៉ាង​ណា​នាំ​យក​ព្រះ​បាទ ​នរោ​ត្តម​ សីហនុ មក​កាន់​​អំណាច​វិញ​។

នៅ​ក្នុង​របប​នេះ លោក ចឺម បាន​ធ្វើ​ការ​ភាគ​ច្រើន​ខាង​ឃោសនា​ការ​ និង​ការ​អប់​រំ​ នៅ​​តំបន់១០៥ ក្នុង​ខេត្ត​តាកែវ​។ តំបន់​នេះ ក៏​ជា​​មណ្ឌល​សន្តិ​សុខ​ក្រង​តាចាន់ ដែរ  ប៉ុន្តែ​សាក្សី​រូប​​នេះបាន​និយាយ​ម្តង​ហើយ​ ម្តង​ទៀត​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​កម្ទេច​​ និង​​ការ​​កែ​ប្រែ​ ត្រូវ​​​បាន​ធ្វើ​ឡើង​តាម​តែ​បញ្ជា​ពី​ថ្នាក់​លើ​ប៉ុណ្ណោះ​។

នៅ​ពេល​គេ​ស្នើ​ឲ្យ​គាត់​បញ្ជាក់​ចំពោះ​យោបល់​អំពី​ប្រព័ន្ធ​បញ្ជា​រវាង​មន្ត្រី​ផ្នែក និង​មន្ត្រី​តំបន់​ លោក​ ចឺម​ បាន​និយាយ​ថា យើង​បាន​ធ្វើ​របាយ​ការណ៍​ទៅ​ឲ្យ​ផ្នែក​ ហើយ​អ្វី​ដែល​ពួក​គេ​សម្រេច​ គឺ​យើង​ធ្វើ​តាម​តែ​ការ​សម្រេច​នោះ​ប៉ុណ្ណោះ​។ គាត់​បាន​និយាយ​ប្រាប់​តុលាការ​ថា មនុស្ស​​នៅ​ក្នុង​សង្គម​ដែល​គេ​មិន​ពេញ​ចិត្ត​ នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ ដើម្បី​កែ​ប្រែ​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​នៅ​ក្នុង​សង្គម​ប្រកប​របរ​កសិកម្ម​ ដែល​គេ​ត្រូវ​ការ។

គាត់​បាន​និយាយ​ថា ប្រសិន​បើ​គេ​មិន​អាច​កែ​ប្រែ​​អ្នក​ទាំង​នោះ​បានទេ ពួក​គេ​​ត្រូវ​អប់​រំ​ កែ​​ប្រែ​ម្ត​ង​ទៀត រហូត​ទាល់​តែ​អាច​កែ​ប្រែ​បាន​។ ប្រសិន​បើ​គេ​​អា​ច​កែ​ប្រែ​មនុស្ស​ណា​ម្នាក់​បាន​ អ្នក​នោះ​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​សង្គម​ដែល​ពួ​ក​គេ​នឹង​ត្រូវ​​​ផ្តល់​​ភារកិច្ច​ធម្មតា​មួយ​ចំនួន​​។ ប៉ុន្តែ នៅ​ពេល​សាក្សី​រូប​នេះ និយាយ​ប្រាប់​​តុលា​ការ​ថា ការ​ងារ​របស់​គាត់​គឺ​ត្រួត​ពិនិត្យ​សកម្ម​ភាព​ខ្មាំង​ គាត់​បាន​ព្យា​យាម​បញ្ចៀស​ខ្លួន​គាត់​ឲ្យ​ផុត​ពី​ការ​ងារ​អាក្រក់​ៗ​បំផុត​នៅ​តាម​ពន្ធនាគារ​។
គាត់​បាន​និយាយ​ថា ការ​កម្ទេច​ចោល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ណែ​នាំ​ពី​ថ្នាក់​លើ​ ក្រោយ​​​មក​បាន​បន្ថែម​ទៀត​ថា រូប​គាត់​បាន​ស្គាល់​​អត្ត​សញ្ញាណ​របស់​ ប៉ុល ពត និង​ នួន​ ជា នៅ​ពេល​បើក​វគ្គ​សិ​ក្សា​រៀន​សូត្រ​នៅ​បុរី​កីឡា កាល​ពី​ឆ្នាំ​១៩៧៥។

ក្រោយ​មក​គាត់​បាន​ប្រាប់​តុលាការ​ថា “ ដើម្បី​និយាយ​ថា​ បុគ្គល​ណា​ម្នាក់​ដែល​ខ្ញុំ​បាន​កម្ទេច​ ខ្ញុំ​​មិន​អាច​និយាយ​បានទេ។ ខ្ញុំ​មិន​ដែល​ទទួល​បទ​បញ្ជា​ឲ្យ​កម្ទេច​ ឬក៏​សម្លាប់​នរណា​ម្នាក់​នោះ​ទេ។ តាម​ពិត​ ​ខ្ញុំ​បានទទួល​ផែន​ការ​មួយ​ចំនួន​អំពី​សកម្ម​ភាព​ឃោសនា​ការ​ ប៉ុន្តែ ខ្ញុំ​មិន​ដែល​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​សម្លាប់​នរណា​ម្នាក់​នោះ​ទេ”៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស