មន្ត្រីសាលាឧទ្ធរណ៍បានឲ្យដឹងថា សាលា ឧទ្ធរណ៍កាលពីម្សិលមិញ បានបើកសវនាការរឿងក្តីអ្នកចងការប្រាក់ជនជាតិវៀតណាមម្នាក់អាយុ៤៤ឆ្នាំ ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ កាលពី ខែធ្នូឆ្នាំមុន ពីបទបង្ខាំង និងធ្វើទារុណកម្មបុរសអាយុ១៩ឆ្នាំម្នាក់ដោយខុសច្បាប់នៅកាស៊ីណូមួយក្នុងខេត្តស្វាយរៀង។
កាលពីខែមករា ឆ្នាំ២០១២ សាច់ញាតិរបស់ជនជាតិវៀតណាមឈ្មោះ ង្វៀន ហ៊ូទីន (Nguyen Huu Tin) បានជូនដំណឹងដល់នគរបាលក្រុងបាវិត បន្ទាប់ពីកូនដៃឆ្វេងរបស់ជនជាតិវៀតណាមរូបនេះត្រូវបានផ្ញើឲ្យពួកគេ ដោយដាក់នៅក្នុងកញ្ចប់មួយភ្ជាប់ជាមួយព័ត៌មានទាមទារប្រាក់លោះចំនួន២.០០០ដុល្លារ ដែលឈ្មោះ ហ៊ូទីន បានខ្ចីគេអំឡុងពេលលេងល្បែងនៅកាស៊ីណូ ឡាសវ៉េហ្គាស សាន់។
អ្នកចងការប្រាក់ឈ្មោះ ថាយ វ៉ាន់ណេន (Thay Van Nen) បានសារភាពកាលពីម្សិលមិញថា ខ្លួនបានឲ្យជនរងគ្រោះខ្ចីប្រាក់ចំនួន២.០០០ដុល្លារ ក៏ប៉ុន្តែ ជនជាប់ចោទរូបនេះបានបដិសេធថាខ្លួនមិនបានដឹង ពីការឃុំខ្លួនជនរងគ្រោះឈ្មោះ ហ៊ូទីន រយៈពេលប្រាំថ្ងៃទេ ដោយបានអះអាងថា នៅពេលសកម្មភាពឃុំខ្លួននេះត្រូវបានប្រព្រឹត្តដោយឈ្មួញកណ្តាលពីរនាក់ ដែលមានឈ្មោះ សៅ និងឈ្មោះ យៀក ដែលនគរបាលមិនដែលរកឃើញនោះ ជនជាប់ចោទមិនដែលសូម្បីតែបានជួបឈ្មោះ ហ៊ូទីន។
តាមការពិត ចុងចោទបានអះអាងកាលពីម្សិលមិញថា ជនរងគ្រោះរូបនេះទំនងជាបានកាត់ម្រាមដៃខ្លួនឯង ក្នុងបំណងអាក្រក់ចង់បានប្រាក់ដើម្បីប៉ះប៉ូវចំនួនទឹកប្រាក់ដែលខ្លួនបានចាញ់ក្នុងពេលលេងល្បែង។ លោក វ៉ាន់ ណេន បាននិយាយថា “ ខ្ញុំមិនបានដឹងថាតើគាត់ត្រូវបានគេឃុំខ្លួន ឬយ៉ាងណាទេ ឬក៏ថាតើម្រាមដៃរបស់គាត់បានដាច់ដោយសារអ្វីទេ ក៏ប៉ុន្តែខ្ញុំគិតថា ជនរងគ្រោះបានកាត់ម្រាមដៃរបស់ខ្លួនដោយខ្លួនឯង ដើម្បីជាល្បិចបោកប្រាស់គ្រួសាររបស់គាត់ ឲ្យទូទាត់បំណុលរបស់គាត់”។
លោក នាង ហៃ មេធាវីការពារចុងចោទ បានមានប្រសាសន៍ថា កូនក្តីរបស់លោកមិនបានជាប់ពាក់ព័ន្ធក្នុងសកម្មភាពឃុំខ្លួន និងធ្វើទារុណកម្មខុសច្បាប់នេះទេ ដោយសារតែកូនក្តីរបស់លោកមិនបានជួបជនរងគ្រោះទេ ហើយលោកបានស្នើឲ្យលោកចៅក្រម ប៉ុល សំអឿន លើកលែងការចោទប្រកាន់ចំពោះកូនក្តីរបស់លោក។
ក៏ប៉ុន្តែ លោក អឹុម សុផាន ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានអះអាងថា មិនទាន់មានការបង្ហាញភ័ស្តុតាងថ្មីៗទេ។លោកបានមានប្រសាសន៍ថា “ ការផ្តន្ទាទោសដោយសាលាដំបូងខេត្តស្រាលពេក ក៏ប៉ុន្តែ ព្រះរាជអាជ្ញាសាលាដំបូងខេត្តមិនបានប្តឹងឧទ្ធរណ៍ជំទាស់សេចក្តីសម្រេចនេះទេ…ដូច្នេះបើគ្មានភ័ស្តុតាងថ្មីៗបង្ហាញថា គាត់ពិតជាមិនបានប្រព្រឹត្តបទល្មើសនេះមែននោះ យើងនឹងស្នើឲ្យចៅក្រមតម្កល់សាលក្រមដើម”។
ម្ចាស់កាស៊ីណូ ឡាសវ៉េហ្គាស សាន់ បានបដិសេធថា ខ្លួនមិនបានធ្វើអ្វីខុសទេ ហើយបានលើកឡើងថា ខ្លួនមិនបានដឹងទេថា លោក វ៉ាន់ ណេន កំពុងចងការប្រាក់នៅក្នុងកាស៊ីណូរបស់ខ្លួនទេ។ ក៏ប៉ុន្តែ មានការរាយការណ៍ជាញឹកញាប់ អំពីករណីចាប់ជំរិតនិងធ្វើទារុណកម្ម ដោយអ្នករកស៊ីចងការដែលគ្មានចិត្តមេត្តា នៅតាមកាស៊ីណូនានាក្នុងក្រុងបាវិត។
កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថា ជនរងគ្រោះអាយុប្រហែល១៣ឆ្នាំ កំពុងត្រូវបានឈ្មួញកណ្តាលបោកបញ្ឆោតនៅតាមព្រំដែននេះថា នឹងផ្តល់ប័ណ្ណលេងល្បែងឥតគិតថ្លៃ អាហារ និងកន្លែងស្នាក់នៅ នៅកាស៊ីណូនានា។ នៅទីនោះ ពួកគេបានធ្លាក់ខ្លួនជាប់បំណុលអ្នកចងការ ដែលឃុំខ្លួនពួកគេ ដើម្បីទារប្រាក់លោះខ្លួន រហូតដល់សាច់ញាតិរបស់ក្មេងៗសងបំណុលនោះវិញ។ លោក ចៅក្រម សំអឿន បានមានប្រសាសន៍ថា សាលដីកាបណ្តឹងឧទ្ធរណ៍របស់លោក វ៉ាន់ ណេន នឹងត្រូវប្រកាសនៅថ្ងៃទី១៥ខែកក្កដាខាងមុខ៕
ប្រែសម្រួលដោយ កង សុធា