28 C
Phnom Penh

គណបក្ស​ប្រជា​ជន​​​មានប្រៀប​​ជាងបក្ស​ប្រឆាំងលើ​កន្លែង​ឃោសនា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ការ​ធ្វើ​​យុទ្ធ​នាការ​ឃោសនា​បោះ​​​ឆ្នោត​ជា​ផ្លូវ​ការមិន​ទាន់​បាន​​​មួយ​សប្តាហ៍​ផង​នោះ​​ អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​ ​បាន​​បង្កើត​កន្លែង​ឃោសនា​របស់​ខ្លួន​​​ជា​ច្រើន​កន្លែង​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ហើយ​ជា​ពិសេស​នៅ​សួន​ច្បារ​​​មុខ​វត្ត​បទុម​។

អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ (រូប​​​ខាង​​​មុខ) ដង្ហែ​​​ក្បួន​​​​​​តាម​​​ម៉ូតូ​​​​​​នៅ​​​មុខ​​​សួន​​​វត្ត​​​បទុម​​​វត្តី​​​ កាល​​​ពីម្សិលមិញ​​​ ខណៈ​​​ពេល​​​ក្រុម​​​យុវជន​​​គាំ​​​ទ្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​រាប់​​​រយ​​​នាក់​​​ (រូប​​​​​​ភាព​​​ខាង​​​ក្រោយ)​​​ ធ្វើ​​​យុុទ្ធនាការ​​​ឃោសនា​​​របស់​​​ខ្លួន​​​នៅ​​​ក្បែរ​​​នោះដែរ (ស៊ីវ ចាន់ណា​​​)។
អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ (រូប​​​ខាង​​​មុខ) ដង្ហែ​​​ក្បួន​​​​​​តាម​​​ម៉ូតូ​​​​​​នៅ​​​មុខ​​​សួន​​​វត្ត​​​បទុម​​​វត្តី​​​ កាល​​​ពីម្សិលមិញ​​​ ខណៈ​​​ពេល​​​ក្រុម​​​យុវជន​​​គាំ​​​ទ្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​រាប់​​​រយ​​​នាក់​​​ (រូប​​​​​​ភាព​​​ខាង​​​ក្រោយ)​​​ ធ្វើ​​​យុុទ្ធនាការ​​​ឃោសនា​​​របស់​​​ខ្លួន​​​នៅ​​​ក្បែរ​​​នោះដែរ (ស៊ីវ ចាន់ណា​​​)។

ចាប់​តាំង​ពី​យុទ្ធ​នាការ​ឃោស​នា​រក​សំឡេង​​ឆ្នោត​បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃ​ព្រហស្បតិ៍​មក​ អ្ន​កគាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​​ដែល​​​​​​ជា​​​យុវជន​បាន​បោះ​ទី​តាំង​ដ៏​រឹង​មាំ​​នៅ​មុខ​វត្ត​បទុម​​ ដែល​​ជា​ទី​​​សាធារណៈ​ដ៏​សំខាន់​ធំ​មួយ​ក្នុង​ចំណោម​​​​​ទី​សាធា​រណៈ​សំខាន់ៗ​នៅ​កណ្តាល​​​​រាជ​ធានី​ភ្នំពេញ​ ដែល​ស្ថិត​នៅ​ចំ​ណុច​ប្រសព្វ​​​​រវាង​មហា​វិថី​សុរាម្រិត​ និង​មហាវិថី​សុធារស​ដ៏​សំខាន់​ក្នុ​ងរាជ​ធានី​ភ្នំ​ពេញ​។

លោក​ ឃួង​ ស្រេង​ ​អភិបាល​រង​រាជ​ធានី​ភ្នំ​ពេញ​ មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​រាជ​ធានី​​​ភ្នំ​ពេញ​បាន​អនុញ្ញាត​ផ្តល់​សួន​​មុខ​វត្ត​បទុម​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ជា​គណបក្ស​កាន់​អំណាច​ ដោយ​សារ​គណបក្ស​នេះ​បាន​មក​ទាក់​ទង​អាជ្ញាធរ​សុំ​​​​ប្រើ​ប្រាស់​តំបន់​នេះ​សម្រាប់​ការ​ឃោសនា​រក​សំឡេង​​​​ឆ្នោត​របស់​ខ្លួន​មុន​គណបក្ស​ប្រឆាំង​។

លោក​ថ្លែង​បន្ត​ថា​ “ យើង​បាន​ផ្តល់​​សួន​មុខ​វត្តបទុម​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ពី​ព្រោះ​គណបក្ស​នេះ​បាន​មក​ស្នើសុំ​ការ​អនុញ្ញាត​​បាន​​មុន”។​​លោក​បាន​បន្ថែម​ថា​ សាលា​រាជ​ធានី​ភ្នំ​ពេញ​ និង​គណៈកម្មា​ធិការ​រៀប​ចំការ​បោះ​ឆ្នោត​រាជ​ធានី​ភ្នំ​ពេញ​បាន​ប្រាប់​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​​ធ្វើ​ការ​ឃោសានា​រក​សំឡេង​​​​ឆ្នោត​របស់​ខ្លួន​នៅ​សួន​សេរី​ភាព​ជា​ទី​កន្លែង​ទំនេរ​ស្ថិត​នៅ​ចន្លោះ​ផ្លូវ​លេខ​១០៦​ និង​ផ្លូវ​លេខ​១០៨​ ដែល​ពុំ​សូវ​មាន​ចរាចរណ៍​ច្រើន​។

ចាប់​តាំង​ពី​មាន​វត្ត​មាន​របស់​ខ្លួន​នៅ​សួន​មុខ​វត្ត​បទុម​មក​ យុវជន​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​បង្ក​សំឡេង​​​​អ៊ូអរ​ និង​​មាន​ការ​គំរាម​កំហែង​ខ្លះៗ ​ដោយ​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត​របស់​ពួក​គេ​ចំពោះ​លោក​ ហ៊ុន​ សែន​ ព្រម​ទាំង​បាន​បង្ហាញ​ការ​មិន​ចូល​ចិត្ត​ចំពោះ​គណ​បក្ស​ប្រឆាំង​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ​។

យូរៗ​ម្តង​កាល​ពី​ថ្ងៃ​ច័ន្ទ ​អ្នក​គាំ​ទ្រ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​បាន​ឈរ​កាន់​ដៃ​គ្នា​នៅ​ភាគ​ខាង​លិច​នៃ​មហាវិថី​ព្រះ​សុរាម្រិត​ ដើម្បី​រារាំង​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជិះ​ម៉ូតូ​ និង​រ៉ឺម៉ក​ម៉ូតូ​កុំ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​បាន​។ ក្រុម​យុវជន​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​បន្ត​បិទ​ផ្លូវ​ ដោយ​បង្ខំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​នានា​ជ្រើស​រើស​ផ្លូវ​ផ្សេង​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​​ ពួកគេ​បាន​ស្រែក​ពាក្យ​ស្លោក​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដោយ​មាន​បទ​ចម្រៀង​ និង​សារ​ពី​មេដឹក​នាំ​គណបក្ស​ប្រជា​ជន​ចាក់​ឮ​សំឡេង​​​​ខ្លាំងៗ​ចេញ​ពី​រថយន្ត​ ដែល​ចត​នៅ​លើ​សួន​នោះ។

កាល​ពី​ម្សិល​មិញ​ ផ្លូវ​នៅ​ពី​មុខ​តំបន់​យុទ្ធ​នាការ​ឃោសនា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​សួន​មុខ​វត្ត​បទុម ​​ត្រូវ​បាន​បិទ​ដោយ​​​​​នគរ​បាល​តាម​បញ្ជា​របស់​សាលា​​​​រាជ​​​ធានី​​​​ ដែល​បាន​និយាយ​ថា​ ការ​បិទ​ផ្លូវ​នេះ​ជា​ការ​ចាំ​បាច់​ ដើម្បី​ធានា​សុវត្ថិ​ភាព​សាធារណៈ​ ដោយ​សារ​​​​មាន​ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹង​កក់​បាន​ព្យា​យាម​ធ្វើ​បាតុកម្ម​នៅ​មុខ​ភូមិ​គ្រឹះ​របស់​លោក​ ហ៊ុន​ សែន។

លោក​ ស្រេង​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ “ យើង​បាន​បិទ​ផ្លូវ​នេះ​ ពី​ព្រោះ​យើង​បារម្ភ​អំពី​បញ្ហា​សន្តិ​សុខ​ ដោយ​សារ​តែ​អ្នក​ភូមិ​បឹង​កក់​ធ្វើ​ការ​តវ៉ា​” ដោយ​លោក​បន្ថែម​ថា​ ផ្លូវ​នោះ​អាច​នឹង​បើក​វិញ​នៅ​ថ្ងៃ​នេះ​។

លោក​ ទេព​ នីថា​ អគ្គលេ​ខា​ធិការ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​ថា​ ការ​បិទ​ផ្លូវ​ដោយ​អ្នក​គាំ​ទ្រ​​គណ​​​​បក្ស​​ប្រជា​ជន​កម្ពុជា​គឺ​ជា​ការ​ខុស​ច្បាប់​ ផ្ទុយ​​ពី​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដែល​បាន​និយាយ​ថា​ សកម្ម​​ភាព​បែប​នោះ​​អាច​ធ្វើ​បាន ​ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ។ លោក​បាន​មាន​ប្រសាសន៍​ថា “ គណបក្ស​នយោបាយ​នានា​​អាច​បិទ​ផ្លូវ​ ដើម្បី​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​បាន ប្រសិន​បើ​ពួក​គេ​​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មាន​ប្រសាសន៍​ថា គណ​បក្ស​ប្រជា​ជន​កំពុង​តែ​ទទួល​បាន​ការ​ជួយ​សម្រប​សម្រួល​ដើម្បី​ចូល​ទៅ​កាន់​សួន​មុខ​វត្ត​បទុម​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ អភិបាល​រាជ​ធានី​គឺ​ជា​សមាជិក​គណបក្ស​ប្រជា​ជន​។ ពួក​គេ​គួរ​តែ​លៃ​ទុក​រយៈ​ពេល​១៥​ថ្ងៃ​ឲ្យ​គណ​​​បក្ស​ប្រជា​ជន​ និង​១៥​ថ្ងៃ​ទៀត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ [នៅ​សួន​មុខ​វត្ត​បទុម​​] ប៉ុន្តែ​ពួក​គេ​មិន​ធ្វើ​ដូច​ច្នេះ​ទេ​។ ពួក​គេ​ [សាលា​រាជ​ធានី​] ដឹង​កន្លែង​ល្អ​ជាង​គេ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​ ហើយ​ពួក​គេ​គឺ​ជា​អ្នក​សម្រេច​ផ្ដល់​​កន្លែង​ ​ព្រោះ​មាន​ទំនាស់​​ផល​ប្រយោជន៍​”។

យោង​តាម​លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​រាជ​ធានី​​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​ក៏​បាន​ជម្រាប​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា ខ្លួន​ត្រូវ​តែ​ដោះ​ស្លាក​ឃោសនា​រាប់​រយ​ដែល​បិទ​នៅ​តាម​បង្គោល​ភ្លើង​ និង​បង្គោល​ខ្សែ​ទូរស័ព្ទ​​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ​ចេញ​វិញ​ ដោយ​លើក​ឡើង​ថា ច្បាប់​​បោះ​ឆ្នោត​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោ​បាយ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ក្នុង​យុទ្ធ​នា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​ខ្លួន​ឡើយ​។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ដ​ថា “ ឥឡូវ​នេះ​ពួក​គេ​​ [គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ត] បាន​បញ្ជា​ឲ្យ​យើង​ដោះ​ស្លាក​សញ្ញា​ឃោសនា​ដែល​បាន​បិទ​នៅ​តាម​បង្គោល​ភ្លើង​។ ប៉ុន្តែ​ក្រុម​ការ​ងារ​របស់​យើង​នៅ​រាជ​ធានី​ភ្នំពេញ​មិន​ទាន់​យល់​ព្រម​ដោះ​ស្លាក​សញ្ញា​ទាំង​នោះ​ចេញ​ទេ​ ដោយ​កត់​​សម្គាល់​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏​មាន​ដាក់​ស្លាក​សញ្ញា​របស់​ខ្លួន​ និង​ប័ណ្ណ​ឃោស​​​នា​ជា​ច្រើន​នៅ​លើ​បង្គោល​ភ្លើង​តាម​​​ផ្លូវ​នានា​ក្នុង​រាជា​ធានី​ភ្នំពេញ​ដែរ​”។ លោក​ថ្លែង​បន្ត​ទៀត​ថា “ គណបក្ស​ប្រជា​ជន​កម្ពុជា​អាច​ធ្វើ​អ្វី​បាន​តាម​តែ​ពួក​គេ​ចង់​។

ពួក​គេ​បិទ​ប័ណ្ណ​ឃោសនា​ស្លាក​សញ្ញា​គណ​បក្ស​ និង​ខិត្តប័ណ្ណ​របស់​ពួក​គេ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​។ នៅ​ពេល​គណបក្ស​របស់​ខ្ញុំ​បិទ​ប័ណ្ណ​​ឃោសនា​លើ​បង្គោល​ភ្លើង​តែ​ពីរ​បី​ប៉ុណ្ណោះ​ ពួក​គេ​បាន​បញ្ជា​ឲ្យ​យើង​ដោះ​ចេញ​”។

លោក ឡុង ឆេន​កៃ​ ប្រធាន​គណៈ​កម្មា​ធិ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​រាជ​ធានី​ ​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​សម្រេច​​ក្នុង​រឿង​នេះ​ និង​ការ​​ចោទ​ប្រកាន់​​គណៈកម្មាធិការ​​របស់​លោក​ថា ​មាន​ការ​លម្អៀង​​ផ្នែក​នយោ​បាយ​​នោះទេ។ លោក​ថ្លែង​ថា “ ​យើង​បាន​ប្រាប់​គណ​បក្ស​​ទាំង​អស់​រួច​ហើយ​អំពី​ការ​សម្រេច​​របស់​យើង​ និង​​ស្នើ​ឲ្យ​ពួក​គេ​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត​”។

លោក​ យឹម សុវណ្ណ ​បាន​មាន​ប្រសាសន៍​ថា ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​នេះ​បាន​ប្រាប់​គណបក្ស​របស់​លោក​ថា ស្លាក​សញ្ញា​​របស់​ខ្លួន​ត្រូវ​តែ​ដោះ​ចេញ​ “ ​ដើម្បី​ធ្វើ​ឲ្យ​ទី​ក្រុង​មាន​សោភ័ណភាព​” ហើយ​ថា សាលា​រាជ​ធានី​ត្រូវ​ប្រើ​បង្គោល​ភ្លើង​ ដើម្បី​ប្រារព្ធ​ពិធី​ប្រចាំ​ឆ្នាំ​លើក​ទី៥​របស់​ខ្លួន​​ ដើម្បី​​​អប​អរ​សាទរ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ជា​សម្បត្តិ​​​​បេតិ​កភណ្ឌ​ពិភព​លោក​ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​​​។ យុវជន​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​រយនាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅមុខ​​រដ្ឋ​សភា​កាល​​ពី​ម្សិលមិញ​ មុន​ពេល​ពួក​គេ​បើក​បរ​នៅ​ទូទាំង​រាជ​ធានី​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​​គណបក្ស​ប្រឆាំង​។

លោក​ ឃុត សំអុល អាយុ​៣៣​ឆ្នាំ ជា​សមា​ជិក​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​បាន​ជួូយ​រៀប​ចំ​ការ​ហែក្បួន​កាល​ពី​ម្សិលមិញ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​ឥឡូវ​នេះ​កំពុង​រៀប​ចំ​ការ​ហែក្បួន​ចល័ត​ ដើម្បី​ចៀស​វាង​ការ​រំខាន​ និង​ការ​រឹត​បន្តឹង​របស់​សាលា​រាជធានី​​​ភ្នំពេញ​មក​លើ​​យុទ្ធនា​ការ​ឃោសនា​របស់​ខ្លួន​។

លោក​បាន​បន្ថែម​ថា“ គណបក្ស​ប្រជា​ជន​កម្ពុជា​​​ ជា​គណបក្ស​​​កំពុង​កាន់​អំណាច​ ដូច្នេះ​ពួក​គេ​អាច​ប្រើ​ប្រាស់​ទី​កន្លែង​សាធារណៈ​ណា​​ក៏​បាន​ ឲ្យ​តែ​ពួក​គេ​ចង់​។ ឥឡូវ​នេះ​យើង​​មាន​គម្រោង​ហែ​​ក្បួន​ដើម្បី​ជួប​គ្នា​នៅ​កន្លែង​ផ្សេង​ៗ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ ​ដូច្នេះ​ពួក​គេ​មិន​អាច​រំខាន​យើង​បានទេ​​”៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស