លោក លេវ ឡែម នៅចងចាំមនុស្សប្រុស ស្រី និងកុមារដែលកំពុងជាប់ចំណង។ គាត់គឺជាអ្នកនាំពួកគេទៅកាន់រណ្តៅទើបតែជីកថ្មីៗ ដែលរូបគាត់ជឿថា ពួកគេត្រូវបានវាយសម្លាប់នឹងអន្លូងដែក និងគល់ឫស្សី។
បុរសអាយុ៥៨ឆ្នាំរូបនេះ បាននិយាយប្រាប់សាលាក្ដីឧក្រិដ្ឋកម្មសង្គ្រាមខ្មែរក្រហមថា ពួកគេត្រូវបានគេយកទៅសម្លាប់ស្ងាត់ៗ។
លោក លេវ ឡែម បាននិយាយរៀបរាប់ថា អ្នកទោសទាំងនេះត្រូវបានគេកុហកថា ពួកគេត្រូវទៅជួបមេដឹកនាំខ្មែរក្រហម ឬអង្គការ ដែលនឹងឲ្យអាហារពួកគេទទួលទាន ហើយពួកគេយល់ព្រមឲ្យគេចងដៃ និងបិទមុខ។
គាត់ជាសមាជិកមួយរូបក្នុងក្រុមកងចល័តរបស់ខ្មែរក្រហម នៅស្រុកកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង។ គាត់បាននិយាយថា ការងារមួយក្នុងចំណោមការងាររបស់គាត់គឺ ឡើងត្នោត។ គាត់ក៏បាននិយាយប្រាប់តុលាការផងដែរថា រូបគាត់បានពិនិត្យមើលប្រវត្តិរូបរបស់អ្នកដែលត្រូវបានជម្លៀសចេញពីរាជធានីភ្នំពេញ មុនពេលគាត់ផ្លាស់ប្ដូរប្រធានបទសក្ខីកម្មរបស់គាត់ ហើយនិយាយថា គាត់មានការងារធ្វើផ្សេងទៀតទៅវិញ។
លោក លេវ ឡែម បាននិយាយរៀបរាប់ពីរបៀបដែលគាត់បានឃើញជនជម្លៀសចេញពីទីក្រុងចូលមកតំបន់របស់គាត់កាលពីឆ្នាំ១៩៧៥ ភាគច្រើនមកពីខេត្តកំពង់ឆ្នាំង ច្រើនជាងមកពីទីក្រុងភ្នំពេញ។ គាត់បន្តថា “ ប្រជាពលរដ្ឋប្រហែល២០០គ្រួសារ។ ខ្លះនៅរស់ ហើយខ្លះទៀតបាត់ខ្លួន”។
“ អ្នកថ្មី” ឬ “ អ្នក១៧មេសា” តាមការហៅរបស់ខ្មែរក្រហម ដោយផ្អែកលើការជម្លៀសចេញពីទីក្រុងនៅឆ្នាំ១៩៧៥ ត្រូវបានគេឲ្យសរសេរប្រវត្តិរូបលម្អិត។ ខ្លឹមសារនៅក្នុងប្រវត្តិរូបទាំងនេះកំណត់នូវជោគវាសនារបស់ប្រជាពលរដ្ឋ។ នៅក្នុងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋខ្លះបានជួបវាសនារបស់ខ្លួននៅបាតរណ្ដៅ។
គាត់បានឲ្យដឹងថា ដំណើរការនៃការត្រួតពិនិត្យជាប្រព័ន្ធនៅក្នុងតំបន់នេះបានចាប់ផ្ដើមកាលពីខែមិថុនា ឆ្នាំ១៩៧៥។ អ្នកណាដែលមានប្រវត្តិធ្វើស្រែ ឬជាកសិករត្រូវទុកដោយឡែក។
គាត់បាននិយាយថា “ ប្រជាពលរដ្ឋផ្សេងទៀតត្រូវដាក់ចូលទៅក្រុមផ្សេងទៀត។ ក្រោយមកប្រជាពលរដ្ឋនៅក្រុមនោះបានបាត់ខ្លួន។ ពួកគេត្រូវបានកម្ទេចចោល”។ ការជាប់ពាក់ព័ន្ធរបស់គាត់ក្នុងដំណើរការត្រួតពិនិត្យនេះ គឺដើម្បីបែងចែកអ្នកដែលគេមានបំណងសម្លាប់ទៅ “ កន្លែងមួយដែលឈ្លបស្រុកនៅរង់ចាំទីនោះរួចជាស្រេច” ប៉ុន្តែលោក លេវ ឡែម អះអាងថា បន្ទាប់មករូបគាត់ចេញពីទីនោះហើយតាមពិតទៅគាត់មិនអាចទ្រាំមើលការសម្លាប់នោះបានទេ។
គាត់និយាយថា ខ្ញុំមិនបានដឹងថាតើពួកគេត្រូវបានសម្លាប់បែបណានោះទេ។ បន្ទាប់មកទៀតខ្ញុំបានឮថា គេប្រើព្រនង់ ឬក៏កាំរទេះ ដើម្បីសម្លាប់ប្រជាពលរដ្ឋទាំងនោះ។ ពួកគេមិនប្រើគ្រាប់កាំភ្លើងដើម្បីបាញ់អ្នកទាំងនោះទេ ពីព្រោះវាអាចធ្វើឲ្យបែកការសម្ងាត់របស់ពួកគេ។ ពួកគេប្រើព្រនង់ ឬក៏គល់ឫស្សី ដើម្បីវាយមនុស្ស។ មនុស្សផ្សេងទៀតបានប្រាប់ខ្ញុំថា ខ្ញុំមិនបានឃើញវាផ្ទាល់ទេ”។
ប៉ុន្តែនេះគឺជាចំណុចមិនស្របគ្នាសម្រាប់លោក វិកទ័រ កូប៉េ (Victor Koppe) មេធាវីការពារ នួន ជា ចុងចោទសម្រាប់រឿងក្ដីឧក្រិដ្ឋកម្មសង្គ្រាម ដែលបានសួរសាក្សីរូបនេះថា តើហេតុការណ៍ទាំងអស់នេះមិនមែនជាការស្រមើស្រមៃ [របស់គាត់] ឬ?”។ លោក កូប៉េ ថ្លែងថា “ ខ្ញុំអាចប្រាប់លោកថា គ្មានការសម្លាប់ទេ ហើយលោកក៏មិនមែនជាសាក្សីមួយរូបដែលបានឃើញពួកគេនៅរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នោះដែរ”។
ប្រែសម្រួលដោយ ហួង កុកទៀន