សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងជាលើកទី៣ កាលពីម្សិលមិញជុំវិញការចោទប្រកាន់ចំពោះពាក្យសម្តីដែលលោកបានអះអាងថា វៀតណាមបានប្រឌិតការសម្លាប់ប្រជាពលរដ្ឋរាប់ពាន់នាក់ដោយរបបខ្មែរក្រហមនៅគុកទួលស្លែង។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាគូប្រជែងដ៏សំខាន់របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ប៉ុន្តែអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកកឹម សុខា មិនបានទទួលដីកាកោះទាំងនេះទេនិងមិនបានទៅតុលាការឆ្លើយបំភ្លឺចំពោះការចោទប្រកាន់ទាំងនេះទេកាលពីថ្ងៃសុក្រ។
លោក យែម បុញ្ញារិទ្ធ បានមានប្រសាសន៍ថា “ មន្ត្រីរបស់យើងបានទទួល [ដីកាកោះ]ពីព្រោះលោកប្រធាន កឹម សុខា ស្ថិតនៅក្នុងតំបន់ជនបទ”។ លោក យែម បុញ្ញារិទ្ធ បានមានប្រសាសន៍ថា “ លោកប្រធាន កឹម សុខា មិនបានបង្ហាញខ្លួននៅតុលាការដើម្បីឆ្លើយបំភ្លឺការចោទប្រកាន់ទាំងនេះទេ ពីព្រោះលោកជាប់រវល់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ តុលាការកោះហៅដើម្បីរំខានដល់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់យើង។ មានបណ្តឹងជាច្រើនដែលតុលាការមិនបានចាត់ការ។ ហេតុអ្វីតុលាការប្រញាប់ចាត់ការសំណុំរឿងរបស់លោក កឹម សុខា?”។
អ្នករស់រានមានជីវិតបួននាក់ពីគុកទួលស្លែង បានដាក់ពាក្យបណ្តឹងមួយប្តឹងលោកកឹម សុខា ពីបទបរិហារកេរ្តិ៍កាលពីខែមុនជុំវិញពាក្យសម្តីដែលគេចោទថា លោកជាអ្នកនិយាយ។
លោក កឹម សុខា បានច្រានចោលការអះអាងទាំងនេះដោយចោទប្រកាន់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ថា បានកាត់តខ្សែអាត់សំឡេងរបស់លោក។ គណបក្សប្រឆាំងក៏បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាផងដែរថាបានជំរុញឲ្យដើមបណ្តឹងទាំងនេះប្តឹងទៅតុលាការ។
សមាជិកនៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិបានបដិសេធកាលពីខែមុនមិនទទួលដីកាកោះលើកទី១របស់តុលាការនេះទេ ពីព្រោះលោក កឹម សុខាស្ថិតនៅបរទេសនៅពេលនោះ។
លោក ជូង ជូងី មេធាវីរបស់លោក កឹម សុខា ដែលបានស្នើសុំពន្យារពេលសាកសួរកូនក្តីរបស់លោក ដែលត្រូវបានកោះជាលើកទី២កាលពីថ្ងៃទី២៧ ខែមិថុនានោះបានយល់ស្របថា តុលាការហាក់ដូចជាប្រញាប់ប្រញាល់ចាត់ការសំណុំរឿងកូនក្តីរបស់លោក។
លោកបានមានប្រសាសន៍ថា “ តុលាការទើបតែចេញដីកាកោះនេះនៅថ្ងៃនេះ និងបានសុំឲ្យលោក កឹម សុខា ទៅតុលាការនៅថ្ងៃទី៥ខែកក្កដា។វាមានរយៈពេលខ្លីណាស់”។ លោក ជូង ជូងី បានមានប្រសាសន៍ថា “ តាមធម្មតា គួរតែមានរយៈពេលពីរសប្តាហ៍សម្រាប់ទៅតុលាការ”។
លោកមានប្រសាសន៍បន្ថែមថា “ ខ្ញុំមិនដឹងច្បាស់ទេថា តើលោក កឹម សុខា នឹងទៅតុលាការឬក៏មិនទៅនោះទេ ពីព្រោះលោក ជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ខ្ញុំនឹងពិភាក្សាបញ្ហានេះជាមួយនឹងគាត់”។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ដែលចេញដីកាកោះនេះកំពុងកាន់សំណុំរឿងនេះ និងបានសាកសួរដើមបណ្តឹងចំនួនបួននាក់នៅក្នុងសំណុំរឿងនេះកាលពីសប្តាហ៍មុន៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ