27.5 C
Phnom Penh

តម្រូវការ​មាស​កើនឡើង​​ពេ​ល​​តម្លៃ​លើ​ទីផ្សារ​អន្តរ​ជាតិ​ធ្លាក់ចុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជីវករ​លក់​មាស​បានឲ្យដឹង​ កាលពី​ម្សិល​មិញថា តម្លៃមាស​នៅលើទីផ្សារ​ក្នុង​​រាជ​ធា​នីភ្នំពេញ​ បាន​ធ្លាក់ចុះ​ជិត​មួយ​ភាគ​បួន​ ក្នុង​រយៈពេល​​ប្រាំមួយខែ​មក​នេះ​​ ស្រប​ពេល​ដែល​តម្លៃ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ ​​ធ្វើ​ឲ្យ​​​មាន​ការ​សម្រុក​ទិញ​មាស​ក្នុង​ស្រុក​។

មាស​លក់​ចេញ​ក្នុងតម្លៃ​​១.៥៤​០ដុល្លារ​ក្នុងមួយតម្លឹង​ នៅអគារ​ប្តូរប្រាក់​លី​ហួរ​កាល​ពីម្សិលមិញ​ ពោល​គឺ​មាសបាន​ធ្លាក់ថ្លៃ​២៤,៥​ភាគរយ​ ធៀបនឹងតម្លៃមា​ស​​កាល​ពីថ្ងៃ​ទី៣​ខែ​មករា​ ​ដែល​នៅ​ពេល​នោះ​​មា​ស​មាន​ត​ម្លៃ​២.០៤០ដុល្លារ​​ក្នុងមួយតម្លឹង​(២៦,៦៧តម្លឹង​ស្មើនឹង​មា​ស​មួយគីឡូក្រាម​)​។

បុគ្គលិក​អគារ​ប្តូ​រប្រាក់ លី ​ហួរ​ ដែល​សុំ​មិន​បញ្ចេញឈ្មោះ​ បានឲ្យដឹង​ថា តម្លៃមាស​លើ​ទីផ្សារក្នុង​ស្រុក​ បានធ្លាក់​ចុះ​ដោយសារតែ​ទទួលរងឥទ្ធិពល​ពីទីផ្សារ​មាស​អន្តរជាតិ​។​​​ ទីភ្នាក់ងារព័ត៌មាន​ រ៉យទ័​រ​​ បានរាយការណ៍​កាល​ពីថ្ងៃច័ន្ទថា កម្រិត​ទំនុកចិត្ត​វិនិយោគិន​ ​នៅ​លើទីផ្សារមាស​អ​ន្ត​រជាតិ​ ទទួល​រង​ផលប៉ះ​ពាល់​អវិជ្ជមាន​ពី​ចលនា​របស់​ក្រុម​ព្យាករ​ណ៍​ ដែល​​បានលើ​ក​ឡើ​ងថា ធនាគារ​កណ្តាល​សហ​​រដ្ឋអាមេ​រិក​ (U.​S. Fed​era​l Res​erve​) ប្រហែល​ជា​​ប​ណ្តោយ​ឲ្យ​អត្រាការ​ប្រាក់​កើន​ឡើង​ ជា​ហេតុ​​​ជំរុញ​ឲ្យតម្លៃមាស​ទទួលរ​ង នូវ​ផល​ប៉ះ​ពាល់​​ ​ពីព្រោះ​ការព្យាករ​បែបនេះ​ធ្វើឲ្យ​វិនិ​យោ​​​ ​​គិន​លែងសូវចាប់អារម្មណ៍​លើ​ការ​ជួញ​ដូរមាស​។

ទីភ្នាក់ងារ​ព័ត៌មាន​ រ៉យទ័រ បានរាយ​កា​រណ៏​​កាលពីម្សិលមិញថា តម្លៃមាស​នៅ​លើទីផ្សារ​ពិភពលោក​​ បានកើនឡើងវិញ​បន្តិច​បន្តួច​​ ក្នុង​រយៈពេល​បីថ្ងៃចុងក្រោយ​នេះ​ ដោយ​សារ​​វិនិ​យោគិនបានលើក​ឡើ​ងថា ​ពេលវេលា​ដែល​​មាស​បាន​ធ្លា​ក់​ថ្លៃ​កា​លពីសប្តាហ៍មុន​បាន​​កន្លង​ផុត​ហើ​យ​។

បុគ្គលិកអគារប្តូរប្រាក់​ លី ហួរ​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​នៅលើទីផ្សារប្រ​ទេ​សកម្ពុជា​ ការ​​ធ្លាក់ថ្លៃ​មាស​នេះ​​នាំ​ឲ្យ​ការ​ទិញមា​ស​​​កើន​​ឡើង​២០​ភាគ​រយ​ ក្នុងរយៈ​ពេលបី​ខែ​ចុង​ក្រោយ​នេះ​ ​ដោយ​អ្នក​រក​ស៊ី​មាស​ជា​ច្រើន​ រង់​ចាំឱកាស​បានចំណេញ​ នៅពេល​តម្លៃមា​ស​កើនឡើងវិញ។

បុគ្គលិករូបនេះ​បាន​និយាយ​ថា “ សក​ម្ម​ភាព​ទិញមាស​បានកើនឡើង​ នៅ​ពេល​ត​ម្លៃ​មាស​បន្តធ្លាក់ចុះ​”។ ​គាត់​បាន​និយាយ​​ប​ន្ត​ទៀត​​ថា ប្រជាជនភាគច្រើន​កំពុងតែ​ទិ​ញ​​ និង​លក់​ចេញវិញ​ ដើម្បី​ព្យាយាម​​យកចំ​ណេញ​ពី​ស្ថាន​ភាព​ទីផ្សារ​មាសធ្លាក់ថ្លៃនេះ​។ មាស​ត្រូវបាន​ចាត់ទុក​ជា​ទូ​ទៅ​​ថា ជា​ជម្រើស​វិនិ​យោគ​ដ៏​មាន​សុវត្ថិភាព​មួ​យ​ ហើយ​ប្រជា​ជន​កម្ពុជា​ជាច្រើន​ប្រើប្រា​ស់​ទំនិញនេះ​ ដើម្បី​រក្សាទុក​ទ្រព្យសម្បត្តិ​រ​ប​ស់ខ្លួន​ ជាជាង​ប្រើ​ប្រាស់​សេវា​ធនាគារ​។

បុគ្គលិក​អគារប្តូរប្រាក់ដដែល ​បាន​និ​យា​យ​​ថា “ ប្រជាជនមួយចំនួន​ទិញមាស​ទុក​ដើម្បី​រកឱកាស​ទទួលបាន​ផលចំណេញ​ ក្នុ​ង​ពេល​អនាគត​ ពីព្រោះ​ពួកគាត់​នៅតែ​មិ​ន​ទាន់មាន​ទំនុកចិត្ត​ ហើយ​ពួកគាត់​ខ្លាចខា​ត​ ប្រសិនបើ​ពួកគាត់​ទិញដុល្លារ​”។

អ្នកលក់មាស​មួយរូប​នៅហាង​លក់មា​ស​ និងពេជ្រ​មួយកន្លែង​ឈ្មោះ​ ​ខាយ​ សា​ខា​វ បាន​និយាយ​ដោយមិនប​ញ្ចេ​ញ​ឈ្មោះ​ថា ខ្លួន​យល់​ស្រប​ថា ប្រជាជន​ជា​ច្រើន​​កំពុ​ង​តែ​ប្រញាប់​ប្រញាល់​ទិញមាស នៅ​ពេល​​​តម្លៃ​មាស​ធ្លាក់​ចុះ​ទាប។ អ្នកលក់រូបនេះ​បា​ននិយាយថា“ ប្រជាជន​ទើបតែបានមកទិ​ញ​មា​ស​បន្ថែម ហើយពួកគាត់​​ជា​ប្រជាជ​ន​ធម្ម​តា​ និង​ជា​អ្នករកស៊ី​”៕

ប្រែ​សម្រួល​ដោយ កង ​សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស