28 C
Phnom Penh

​ពល​រដ្ឋ​ខែ្មរ​ជិត​៦០០.០០០​នាក់​​ដែល​ទៅ​ធ្វើ​ការ​ងារ​នៅ​បរទេស​មិន​អាច​បោះ​ឆ្នោត​បាន​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ខាង​មុខ​នេះ​​ គេ​រំពឹង​​ថា ប្រជា​ពល​រដ្ឋ​ចំនួន​៩,៦​លាន​នាក់​ដែល​បានចុះ​ឈ្មោះ​បោះ​ឆ្នោត​​រួច​ហើយ​នោះ​​​ នឹ​ង​ទៅ​បោះ​ឆ្នោត​។ ប៉ុន្តែ​ដោយ​សារ​គ្មាន​យន្ដ​ការ​​បោះ​ឆ្នោត​សម្រាប់​អ្នក​បោះ​ឆ្នោត​ដែល​មិន​អាច​មក​បោះ​ឆ្នោត​បាន ​គេ​បាន​ប៉ាន់​ប្រមាណ​ថា ​កម្មករ​ចំណាក​ស្រុក​ជិត​៦០០.០០០​នាក់ដែល​រស់​នៅ​បរទេស​​ប្រហែលជា​មិន​អាច​​បោះ​ឆ្នោតបាន​​ទេ​ នេះ​បើ​យោង​​​​តាម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការ​ជាមួយ​​​​ជន​ចំណាក​ស្រុក​។

អ្នក​​មិន​អាច​បោះ​ឆ្នោត​បាន​ទាំង​នោះ​មាន​ដូច​ជា​ពលរដ្ឋ​​ខ្មែរ​ពេញ​វ័យ​ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​ថៃ​ ម៉ាឡេស៊ី និង​កូរ៉េ​ខាង​ត្បូង​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ ចូអែល​ ប្រេស្ដុន​ (Joel Preston) ទី​ប្រឹក្សា​​នៅ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​​សម្រាប់​សហគមន៍​ ​ជា​អង្គការ​ផ្ដល់​ជំនួយ​ផ្លូវ​ច្បាប់​មួយ​ដែល​ធ្វើ​ការ​តស៊ូ​មតិ​សម្រាប់​សិទ្ធិ​របស់​កម្មករ​ចំណាក​ស្រុក​។

លោក​​មាន​ប្រសាសន៍​ថា“ ប្រសិន​បើ​ពួក​គេ​គឺ​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ពួក​គេ​ទាំង​អស់​គ្នា​មាន​សិទ្ធិ​បោះ​ឆ្នោត​។ កង្វះ​យន្ដការ​បោះ​ឆ្នោត​សម្រាប់​អ្នក​បោះ​ឆ្នោត​ដែល​មិន​អាច​មក​បោះ​​​​ឆ្នោត​បាន​ ដូច​មាន​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​​​ហ្វីលីពីន ​​ប៉ះពាល់​ដល់​សេរី​ភាព​ និង​យុត្តិ​ធម៌​សម្រាប់​​ការ​បោះ​ឆ្នោត​ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ”។​

ខណៈ​ដែល​ក្រសួង​ការ​ងារ​កាល​ពី​ម្សិល​មិញ បាន​បដិសេធ​មិន​បង្ហាញ​ទិន្នន័យ​ស្ដី​ពី​ចំនួន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​គេ​គិត​ថា បាន​ទៅ​ធ្វើ​ការ​នៅ​បរទេស​នោះ​ មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​សន្និដ្ឋាន​ថា មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់​ជាង​៥០០.០០០​នាក់​។ នៅ​ប្រទេស​ម៉ាឡេស៊ី​ជាង​៥០.០០០​នាក់​ ហើយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាង​៣០.០០០​នាក់​។

លោក ប្រេស្តុន បាន​ឲ្យ​ដឹង​ថា “ ​កត្តា​ដ៏​សំខាន់​ជាង​គេ​បំផុត​មួយ​នៅ​ក្នុង​ការ​ធ្វើ​អន្តោ​ប្រវេសន៍​ដើម្បីការ​ងារ គឺ​ប្រាក់​ឈ្នួល​​។ ប្រជា​​ពល​រដ្ឋ​កម្ពុជា​ក្រីក្រ​រាប់​សែន​​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​នេះ​ដោយ​សារ​តែ​មូល​ហេតុ​​នេះ​តែ​មួយ​គត់​”។

លោក គល់​ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោ​យសេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ដែល​ហៅ​កាត់​ ខុមហ្វ្រែល​ មាន​ប្រសាសន៍​ថា ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​ធ្វើ​ចំណាក​ស្រុក​​ទៅ​​ធ្វើ​ការ​នៅ​បរទេស​​​រួម​ចំណែក​យ៉ាង​ច្រើន​នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​ប្រាក់​ផ្ញើ​ពី​បរទេស​មក​ស្រុក​ ប៉ុន្តែ​ពួក​គេ​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​នោះ​ទេ​។ ​លោក​បាន​​​​លើក​ឡើង​ថា គេ​គួរ​តែ​ផ្ដល់​ឱកាស​ដល់​ក្រុម​អ្នក​បោះ​ឆ្នោត​ដែល​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​នេះ​ ឲ្យ​បាន​បោះ​ឆ្នោត​ដែរ​​។

លោក គល់​ បញ្ញា បាន​មាន​ប្រសាសន៍​ថា “ ​ពួក​គេ​គួរ​តែ​មាន​សំឡេង​ ពី​ព្រោះ​ការ​ធ្វើ​ចំណាក​ស្រុក​គឺ​ជា​បញ្ហា​ដ៏​ចម្បង​មួយ​ ហើយ​ពួក​គេ​អាច​ជំរុញ​គណបក្ស​នយោបាយ​ទាំង​ឡាយ​ឲ្យ​កែ​ប្រែ​គោល​នយោបាយ​ ដើម្បី​ពួក​គេ​ នៅ​ពេល​ [គណបក្ស​នយោបាយ​] ចូល​កាន់​​រដ្ឋាភិបាល​”។

យោង​តាម​របាយការណ៍​មួយ​កាល​ពី​ខែ​ឧសភា​ដែល​ចេញ​ដោយ​ធនាគារ​ពិភព​លោក​ ​និង​​មូល​និធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម​​បាន​ឲ្យ​ដឹង​ថា “ គេ​បាន​ប៉ាន់​ស្មាន​ថា កម្មករ​ចំណាក​ស្រុក​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២ ​​​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​វិញ​​ចំនួន​២៥៦​លាន​ដុល្លារ​”។

លោក ទេព ន​ីថា អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​សន្លឹក​ឆ្នោត​ឲ្យ​ប្រជា​ពល​រដ្ឋ​​ខ្មែរ​នៅ​បរទេស​“ ​គឺ​មិន​មែន​ជា​បញ្ហា​អាទិភាព​នោះ​ទេ​”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មិន​អាច​សម្រប​សម្រួល​ឲ្យ​មាន​យន្ត​ការ​​​បោះ​ឆ្នោត​សម្រាប់​អ្នក​មិន​អាច​មក​បោះ​ឆ្នោត​បាន​នោះ​ទេ​ ហើយ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ “ សំខាន់​ជាង”។
លោក​បាន​មាន​ប្រសាសន៍​ថា “ ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ស្រុក​ត្រូវ​បាន​គេ​គិត​គូ​រអំពី​ការ​រស់​នៅ​របស់​ពួក​គាត់​​ ហើយ​គេ​រៀប​ចំ​គោល​នយោបាយ​​សម្រាប់​អ្នក​នៅ​ក្នុង​ស្រុក​ មិន​មែន​អ្នក​រស់​នៅ ឬ​​ធ្វើ​ការ​នៅ​បរទេស​នោះ​ទេ​”៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស