31.8 C
Phnom Penh

អ្នក​ធ្វើ​ដំណើ​រតាម​ផ្លូវ​អាកាស​មានការ​កើន​ឡើង​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូងនៃឆ្នាំ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​ ជា​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​អាកាស​យាន​​​​ដ្ឋាន​ទាំង​បី​ក្រោម​​កិច្ច​ព្រម​ព្រៀង​​សម្ប​ទាន​ជាមួយ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ធ្វើ​ដំណើរ​​​​តាម​​អាកាស​យាន​ដ្ឋាន​ទាំង​បី​នៅ​ប្រទេស​កម្ពុជា​​មាន​ការ​កើន​ឡើង​​យ៉ាង​លឿន​​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​​ដំបូង​នៃ​ឆ្នាំ​នេះ​ទាំង​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះ​សីហនុ ។

លោក ខែក នរិនដា មន្ត្រី​​ទំនាក់​ទំនង​នៅ​​ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​​កម្ពុជា​បាន​​មាន​ប្រសាសន៍​ថា អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀមរាប ដែល​បម្រើ​​តែ​ភ្ញៀវ​ទេស​ចរណ៍​​ទៅ​កាន់​​ប្រាសាទ​អង្គរ ​មាន​​ភ្ញៀវ​ទេសចរ​​ចំនួន​១,២លាន​នាក់​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មករា ដល់​​ថ្ងៃ​ទី​១​ខែ​កក្កដា ឆ្នាំ​២០១៣ គឺ​កើន​ឡើង​ចំនួន​២៣​ភាគរយ​​បើ​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​២០១២​។

លោក​ថ្លែង​បន្ត​ថា អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​មាន​​កំណើន​អ្នក​ធ្វើ​ដំណើរ​​​១៦​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​គឺ​មាន​អ្នក​ធ្វើ​ដំណើរ​ចំនួន​១,៤លាន​នាក់​​​តាម​​អាកាស​យាន​ដ្ឋាន​នេះ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​​ក្នុង​ឆ្នាំ​នេះ។ យោង​តាម​តួលេខ​នោះ​បាន​ឲ្យ​ដឹង​ថា អាកាស​យាន​ដ្ឋាន​ខេត្ត​ព្រះ​សីហនុ ដែល​មាន​ទំហំ​តូច​ជាង​ ហើយ​បម្រើ​តែ​ការ​ហោះ​ហើរ​ក្នុង​ស្រុក​របស់​ក្រុម​ហ៊ុន​អង្គរ​អ៊ែរ​កម្ពុជា​(Cambodia Angkor Air) មាន​អ្នក​​ធ្វើ​ដំណើរ​ចំនួន​​​​​៨.០០០នាក់​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៣ គឺ​កើន​ឡើង​ចំនួន​៣២​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។

លោក​ ខែក​ នរិនដា មាន​ប្រសាសន៍​បន្ត​ថា​​​ខណៈ​ពេល​មាន​​កំណើន​អ្នក​ធ្វើ​ដំណើ​រ​​នៅ​ខេត្ត​សៀមរាប​ និង​ខេត្ត​ព្រះ​សីហនុ បាន​ឆ្លុះ​បញ្ចាំង​ពី​​កំណើន​ភ្ញៀវ​ទេស​ចរ​នៅ​ទូទាំង​ប្រទេស​ ហើយ​​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ទៀត​បាន​ធ្វើ​ដំណើរ​មកកាន់​រាជ​ធានី​ភ្នំពេញ ភាគ​ច្រើន​គឺ​ជា​អ្នក​ជំនួញ​​។

លោកបាន​​ថ្លែង​បន្ត​​ថា“ ខ្ញុំ​គិត​ថា [អ្នក​ធ្វើ​ដំណើរ​​​មក​​រាជ​ធានី​ភ្នំពេញ​កើន​ឡើង​​]  គឺ​ដោយ​សារ​តែ​ឱកាស​ធ្វើ​ជំនួញ​នៅ​រាជធានី​។ អ្នកធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​កាន់​តែ​ច្រើន​ឡើង​ៗ ដើម្បី​សម្លឹង​រក​ឱកាស​ធ្វើ​ជំនួញ”។

អ្នក​វិនិយោគ​មាន​ជំនឿ​​លើ​​វិស័យ​សេដ្ឋ​កិច្ច​គឺ​​ផ្អែក​លើ​​កំណើន​វិជ្ជមាន​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ យោង​តាម​តួលេខ​របស់​រដ្ឋា​ភិបាល​បាន​ឲ្យ​ដឹង​ថា កំណើន​ផលិ​តផល​ក្នុង​​​​ស្រុក​​សរុប​របស់​ប្រទេស​កម្ពុជា​បាន​​កើន​ឡើង​ចំនួន​​៧,៣ភាគរយ​ក្នុង​ឆ្នាំ​២០១២ ហើយ​នៅ​ក្នុង​ឆ្នាំ​​២០១៣​នេះ​រំពឹង​ថា នឹង​មាន​កំណើន​ដូច​គ្នា​នេះ​ដែរ។

កាលពី​ដើម​ឆ្នាំ​នេះ ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​លោក គិត ម៉េង ជា​អ្នក​ជំនួញ​ក្នុង​ស្រុក​បាន​​​​​​​​ចុះ​កិច្ច​​ព្រម​ព្រៀង​​ជាមួយ​សា​ជីវកម្ម​សាន​មីហ្គែល (San Miguel Corporation) ដែល​គ្រប់​គ្រង​ភាគ​ហ៊ុន​របស់​​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ហ្វីលីពីន​(Philippines Airlines) ដើម្បី​បង្កើត​ក្រុមហ៊ុន​​រក​ស៊ី​​​រួម​គ្នា​មួយ​មាន​ឈ្មោះ​ថា​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​កម្ពុជា​(Cambodia Airlines)។

លោក​ ម៉ាក​ ហាណា មន្រ្តី​​ហិរញ្ញវត្ថុ​​ប្រចាំ​​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​​​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា មិន​ទាន់​​កំណត់​ថ្ងៃ​សម្រាប់​​ដំណើរ​ការ​ក្រុម​ហ៊ុន​អាកាស​ចរ​នៅ​ឡើយ​ទេ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​លោក​សង្ឃឹម​ថា ការ​ហោះ​ហើរ​នឹង​ចាប់​ផ្ដើម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ លោក​​បន្ត​ថា តួ​លេខ​​អ្នក​ធ្វើ​ដំណើរ​បាន​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ចរា​ចរណ៏​តាម​ផ្លូវ​អាកាស​​​ក្នុង​​ប្រទេស​កម្ពុជា​ ដែល​​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍កម្ពុជា​ នឹង​រំពឹង​ថា មាន​ការ​​រ​ីក​ចម្រើន​ជា​ពុំខាន​។ លោក​ថ្លែង​បន្ថែម​ថា “ ដោយ​សារ​វិស័យ​ទេស​ចរ​ណ៍មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា​នោះ​នឹង​មានការ​ហោះ​ហើរ​មក​កាន់​ប្រទេស​នេះ​កាន់​តែ​ច្រើន​”៕

ប្រែសម្រួលដោយ ឃិន ណៃ​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស