30 C
Phnom Penh

គណបក្ស​​សង្គ្រោះ​ជាតិ​​មិន​​​សូវ​មាន​​ប្រជា​ប្រិយភាព​​​ក្នុងអតីត​​មូល​ដ្ឋាន​រឹង​មាំ​របស់​ខ្មែរ​ក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​អន្លង់​វែង​​​, ខេត្ត​ឧត្ដរ​មាន​ជ័យ​-ប្រសិន​​​​បើ​​​​​​​បច្ចុប្បន្ន​គឺ​ជា​សម័យ​ខ្មែរ​​​ក្រហម​​​មិន​​​ទាន់​​​ចុះចូល​​​ជាមួយ​នឹង​​​​រដ្ឋា​ភិបាល​​​​​វិញ​​​​​​​ គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រហែល​ជា​​​អាច​​​​ពឹង​ផ្អែក​លើ​​ស្រុក​អន្លង់​វែង ​​​ក្នុង​​​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ​​​ដើម្បី​​​ដណ្តើម​​​​​​​យក​​​ជ័យ​​​ជម្នះ​​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នាពេល​​​ខាង​​​មុខ​​​នេះ។

ជា​​​​អតីត​មូលដ្ឋាន​រឹង​មាំ​បំផុត​របស់​ខ្មែរ​ក្រហម ថ្នាក់ដឹក​នាំ​ស្រុក​អន្លង់​វែង​បាន​​​​បើក​យុទ្ធនាការ​ទ័ព​ព្រៃ​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អស់​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​ បង្ក​​​​​​​ឲ្យ​​​មាន​​​ការ​ប្រយុទ្ធ​គ្នា​​​ក្នុង​​​​​​​​ខែ​កក្កដា ឆ្នាំ​១៩៩៧​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ តាមរយៈ​​​ការ​​​​ចូល​រួម​ជាមួយ​កង​កម្លាំង​​​​​​​​គណបក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​​របស់​ព្រះ​អង្គ​ម្ចាស់​ នរោត្ដម រណឫទ្ធិ​ ក្នុង​​​បំណង​​​ផ្តួលរំលំ​​​លោក ហ៊ុន សែន ហើយ​ទើប​​​នឹង​​​បាន​ចុះ​ចូល​​​​​ជា​​​ស្ថាពរ​​​​ជាមួយ​រដ្ឋាភិបាល​ក្រោមការ​​​​ដឹក​នាំ​របស់​​​​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ​១៩៩៩​​ប៉ុណ្ណោះ​​​។

ប៉ុន្តែ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បើក​​យុទ្ធនាការ​ឃោសនា​​​បោះឆ្នោត​​​នៅ​ក្នុង​ស្រុក​​​​អន្លង់​វែង​កាល​ពី​ថ្ងៃ​សៅរ៍​​​​​​​​​​​​ ដោយ​មាន​ការ​ដង្ហែ​ក្បួន​​ដែល​មាន​​​ការ​​​​​​ចូលរួម​​​ពី​​​​អ្នក​គាំ​ទ្រ​​​​រាប់​ពាន់​នាក់​នោះ​​​ ​ការ​​​ស្វាគមន៍​​​ដែល​​គណ​បក្ស​​សង្គ្រោះ​ជាតិ​ទទួលបាន​អំឡុង​​​ពេល​​​​ឃោសនា​​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​​​សាធារណជន ​គឺ​សំឡេង​​​​ចេញ​ពី​​​ឧគ្ឃោស​ន​ស័ព្ទ​ ដែល​ត្រូវបាន​​​ចង​ភ្ជាប់​​​នឹង​​​​ផ្ទាំង​​​​​​រូប​​​​ភាព​​​លោក ហ៊ុន សែន​ ។

​​​ឧគ្ឃោសនស័ព្ទ​​​​​​​ជាប់​​​ផ្ទាំង​​​រូបភាព​​​លោក​​​​នាយករដ្ឋមន្ត្រី​​​នៅ​ទល់​មុខ​​រង្វង់​​​មូល​​​កណ្តាល​​​ស្រុក​​​​​​​​​​ដែល​​​មាន​​​​​​​​​ស្តូប​​​​​អនុស្សារីយ៍​​​ពណ៌​លឿង​ក្រោម​​​ការ​​​​ឧបត្ថម្ភ​របស់​​​លោក ហ៊ុន សែន ​កាល​​​ពី​ឆ្នាំ​២០០០​​​ ហើយ​ដែល​​​ឥឡូវ​​មាន​បិទ​ទង់​បក្ស​ប្រជាជន​កម្ពុជា​​​​​ពេញ​​​នេះ​​​ បន្លឺ​​​សំឡេង​​​​​​​​​ថា “ សូម​ជន​​​រួម​​​ជាតិ​​​ចង​ចាំ​ថា ប្រសិន​បើ​​​​​​​បង​ប្អូន​​​បោះឆ្នោត​ឲ្យ​លោក កឹម សុខា និង​លោក សម រង្សុី វា​មិនខុស​​​ពី​​​ការ​​​​បោះ​ឆ្នោត​​​​ឲ្យ​​​ខ្មែរ​ក្រហម​វិល​​​ត្រឡប់​មក​វិញ​ម្ដង​ទៀត​​​​ទេ​​​”។

អំឡុង​ពេល​​​​​​​យុទ្ធនាការ​ឃោសនា​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​​នៅ​ក្នុង​ស្រុក​អន្លង់​វែង​​​កាលពី​ថ្ងៃសៅរ៍ លោក​ឃ្លាំង សំអឿន ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​អន្លង់​វែង ​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ សូម្បី​​​​តែ​​​ការ​ព្យាយាម​​​ធ្វើ​ឲ្យ​សាធារណជន​ស្គាល់​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​ក៏​​​ជួប​​​ការ​​​លំបាក​​​​​​​ណាស់​​​​​​​ដែរ​​​ ដោយ​អ្នក​​​​​​​ស្ម័គ្រចិត្ត​​​​​ចូល​រួម​ក្នុង​យុទ្ធនា​ការ​​ឃោសនា​របស់​​​គណបក្ស​​​​នេះ​​​មាន​​​ចំនួន​​​ត្រឹមតែ​​​​៦០​នាក់​​​​ប៉ុណ្ណោះ​​​​​​ក្នុង​​​ចំណោម​​​ប្រជា​ជន​​​​​​​២៥.០០០​នាក់​ដែល​​​ត្រូវបាន​​​រំពឹង​​​ថា​​​នឹងចូលរួម​​​ក្នុង​​​ការ​​​បោះ​ឆ្នោត​ជាតិ​​​នៅ​ក្នុង​ស្រុក​នេះ​​​។
លោក​បាន​មាន​ប្រសាសន៍​ថា“ យើង​គ្មាន​វិទ្យុ​​​និង​ទូរទស្សន៍​​​​ទេ​​​​​​។​​​​​​វា​​​​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​​ខ្លាំង​​​ណាស់​​​” ។ លោក​​បន្ត​​​ថា យុទ្ធនា​ការ​ឃោសនា​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​នោះ​​​ គឺ​​​មាន​តែ​​​​រូប​​​លោក​ផ្ទាល់​ និង​សកម្មជន​ប៉ុន្មាន​នាក់​ដែល​​​​​​​ដើរ​តាម​ផ្លូវ​លំ​ហើយ​និយាយ​​​ប្រាប់​​​​​​ប្រជាជន​​​អំពី​​​គោល​នយោ​​បាយ​​​​របស់​​​បក្ស​​​ប៉ុណ្ណោះ​​​ ​​​។​​​​​​

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​​​ដឹង​​​ថា យុទ្ធសាស្រ្ត​​​​ចម្បង​​របស់​បក្ស​ប្រឆាំង​ក្នុង​ស្រុក​អន្លង់​វែង​​​​ គឺ​ចែក​ខិត​្ត​ប័ណ្ណ​ផ្សព្វផ្សាយ​​​​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ដើម្បី​ផ្សព្វ​ផ្សាយ​​​គោល​នយោ​បាយ​បក្ស​របស់​ខ្លួន។ លោក​បាន​មាន​​​ប្រសាសន៍​​​​ថា“ យើង​គ្មាន​អ្នក​​​​​​​​​ចូលរួម​​​ច្រើន​​​​​​ដូចគេ​​​មែន​​​​​​ ប៉ុន្តែ យើង​មាន​ឧគ្ឃោសនស័ព្ទ​សម្រាប់​​​​ផ្សព្វផ្សាយ​​​សារ​នយោ​បាយ​របស់​យើង​ និង​សម្រាប់​​​​​ផ្សព្វ​ផ្សាយ​សំឡេង​របស់​យើង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​”។ ​លោក​បាន​មាន​ប្រសាសន៍​ថា “ នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ចម្បង​ទាំង​ពីរ​របស់​យើង”។

ឧគ្ឃោសនស័ព្ទ​ដែល​លោក​ យឹម សុវណ្ណ បាន​​​លើកឡើង​​​នេះ​​​​ គឺ​​​​ត្រូវបាន​​​ចង​ភ្ជាប់​​​​ទៅ​​​នឹង​ផ្ទះ​របស់​​​​លោក សំអឿន​ ​​តាម​ផ្លូវ​លំ​​​​នៅ​​​ជាយ​ស្រុក​អន្លង់​វែង។ កាលពី​ចុង​សប្ដាហ៍​​នេះ​​​ សារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​លាន់ឮ​​​កាត់​​វាល​​​ល្វឹងល្វើយ​​​​​ឆ្ងាយ​​​ដាច់​​​កន្ទុយ​​​ភ្នែក​​​​។

លោក យឹម ផាន់ណា អភិបាល​ស្រុក​អន្លង់​វែង​ បាន​ឲ្យ​​​ដឹង​​​​កាលពី​ថ្ងៃសុក្រ​ថា ​អ្នក​បោះ​ឆ្នោត​ប្រហែល​១៨.០០០​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​​​ទាំង​​​​២៥.០០០នាក់​​​​ដែល​បាន​ចុះ​ឈ្មោះ​រួច​​​នៅ​ក្នុង​ស្រុក​នេះ ​គឺ​ជា​អ្នក​គាំទ្រ​​​​ឥត​​​ងាករេ​​​របស់​​​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​​​​​​លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា​​​ មិន​មែន​​​​គ្រប់គ្នា​​​​នៅ​ក្នុង​ស្រុក​នេះ​សុទ្ធ​​​តែ​​​នឹង​​​​​​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា“ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ [ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា] គឺ​សុទ្ធតែ​​​ជាអ្នក​​​​ដែល​មាន​បញ្ហា​​​​ ដូច​ជា​​​បញ្ហា​ដី​ធ្លី​ជា​ដើម”។

ប៉ុន្តែ លោក​ យឹម ផាន់ណា បានបន្ត​​​ថា លោក​នៅ​តែ​រំពឹង​ថា អ្នក​បោះ​ឆ្នោត​​​​សេស​សល់​​​ទាំង​​​ ៧.០០០​នាក់​នោះនឹង​​​​បោះ​ឆ្នោត​ឲ្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​​​បក្ស​មាន​គម្រោង​ទាក់​ទាញ​អ្នក​​​បោះឆ្នោត​ក្នុង​ស្រុក​អន្លង់​វែង​​​ពី​​​៤០០​ទៅ​៥០០​នាក់​ដែល​មិន​ពេញ​ចិត្ត​​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ឲ្យ​ងាក​មក​​​គាំទ្រ​​​​គណបក្ស​ប្រជាជន​កម្ពុជា​​​វិញ​​​​។

ដើម្បី​​​សម្រេច​​​បំណង​​​នេះ​​​ ​​​ឧត្តម​សេនីយ៍​ជា ​ដារ៉ា អគ្គ​​​មេ​​​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​​​​ ត្រូវ​បាន​ចាត់​តាំង​ឲ្យ​មក​​​ឃោសនា​រក​​​សំឡេង​​គាំទ្រ​​​ឲ្យ​​​​​​គណបក្ស​ប្រជាជន​។

លោក ជា ដារ៉ា​ បានមាន​​​ប្រសាសន៍​​​​កាល​ពី​ថ្ងៃ​​​សុក្រ​ថា “ ផែនការ​​​​​​​​​​​​​​​របស់​​​សម្តេច​​​​នាយក​​​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​​​​​​​ក្នុងការ​​​ឲ្យ​​​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​​​​ចុះ​​​​​​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​​​ប្រជា​ជន​​​នេះ​​​គឺ​​​អស្ចារ្យ​​​ណាស់​​​។ យើង​នឹង​ប្រាប់​ប្រជាពលរដ្ឋ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក​ យើង​មាន​សន្តិភាព​នៅ​ទីនេះ​ និង​​​​មានទាំង​​​​ផ្លូវ​​​​ព្រមទាំង​​​​​​​ស្ពាន។ គណបក្ស​ប្រជាជន​កម្ពុជា​​គឺ​ជា​គណបក្ស​ដែល​​​បាន​​​កសាង​​​​សមិទ្ធផល​​​​ទាំងអស់​នេះ”។ ​សម្រាប់​ប្រជាពលរដ្ឋ​​​មួយ​​​ចំនួន​​​ ​សារ​របស់​​​​គណបក្ស​ប្រជាជន​​​​គឺ​​​​​​​មាន​​​សារៈសំខាន់​​​ណាស់​​​​។

លោក ព្រំ ធី អតីត​ទាហាន​ខ្មែរ​ក្រហម​បាន​ឲ្យ​​​ដឹង​​​​ថា ​លោក​ធ្លាប់​​​​​​បាន​ចូល​រួម​​​​រយៈ​ពេល​​​ខ្លី​​​ជាមួយ​​​គណបក្ស​សង្គ្រោះ​ជាតិ​​​​​​​ បន្ទាប់​ពី​ត្រូវបាន​បណ្ដេញ​ចេញ​​​​​​ពី​​​ដីធ្លី​​​ដោយ​​​បង្ខំ​​​ ​ប៉ុន្តែ​​​បាន​​​​ពិចារណា​​​​សាជាថ្មី​​​ឡើង​វិញ​​​ចាប់​តំាង​ពី​​​​ពេល​​​នោះ​​​មក​​​​​​​។ លោក​បាន​និយាយ​ថា “ ខ្ញុំ​​​​ធ្លាប់​​​បាន​ចូល​​រួម​​​​​ជាមួយ​ គណបក្ស​ប្រឆាំង​ តែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ចូលរួម​​​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​​​ហើយ​​​។ កាលពី​មុន ​ខ្ញុំ​មាន​បញ្ហា​ដី​ធ្លី​ខ្លះ​ៗ​នៅ​ក្នុង​ព្រៃ​​ តែ​​​ឥឡូវ​នេះ​​​​ ដី​នោះ​​​​បាន​​​ក្លាយ​​​ជា​របស់​ខ្ញុំ​ហើយ​”។

ប៉ុន្តែ​​​ ​​​ភាព​​​ជោគជ័យ​ក្នុង​​​​គម្រោង​ផ្ដល់​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​គណបក្ស​កំពុង​​​កាន់​​​អំណាច​​​​ និង​​ជោគជ័យ​ក្នុង​​​ការ​អភិវឌ្ឍ​របស់​​​​គណបក្ស​​​នេះ​​​មិន​មែន​​​​​​ជា​មូលហេតុ​​តែ​​​មួយ​​​ដែល​​​​​​​ធ្វើ​​​​ឲ្យ​​​​​គណបក្ស​សង្គ្រោះ​ជាតិ​រកសំឡេង​​​គាំទ្រ​​​មិន​បាន​​​​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ឡើយ​។

​​​សម្រាប់​​ព្រះចៅ​អធិការ​​​​ស្រុក​​​​អន្លង់វែង​​​ ព្រះ​នាម ​​​​សំ សារ៉ន​​​​ វិញ​​​​​​យល់ឃើញ​​​ថា​​​ ​មូល​ហេតុ​​​​ចម្បង​ដែល​​​​​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​​ក្នុង​ស្រុក​អន្លង់​វែង​​​​មិន​​​អាច​​​ស្វែងរក​​​ការ​​​​​​គាំទ្រ​​​បាន​​​ ​​​គឺ​ដោយ​សារ​តែ​​​​របស់​​​គណបក្ស​​​នេះ​​​​​​​​​​មិន​​​បាន​​​ធ្វើ​​​​​​យុទ្ធ​នា​ការឃោសនា​​​​​​តែម្តង​​​។

ព្រះតេជគុណ​​​ សំ សារ៉ន មាន​សង្ឃ​​​ដីកា​ថា “ ប្រជាពលរដ្ឋ​មិន​ស្គាល់​​​ពួកគេ​​​ដោយសារ​​​​តែ​​​មិន​ដែល​​​​ឃើញ​​​​​ពួកគេ​​​នៅ​ទីនេះ​​”។រយៈពេល​មួយ​ឆ្នាំ​ចាប់​តាំង​ពី​​​​​​​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ចេញ​​​ពី​​​​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្សុី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​​​មក​​​​ គ្មាន​សមាជិក​​​គណបក្ស​ប្រឆាំង​​​​ណា​​​ម្នាក់​​​​​​​​​​ចុះ​​​ទៅ​សួរ​​​សុខទុក្ខ​​​​​ព្រះ​ចៅ​អធិការ​ សំ សារ៉ន ឡើយ​​​។ នេះ​​​ជា​សារ​មួយ​ដែល​ត្រូវបាន​​​បន្ទរ​ក្នុង​​​កិច្ច​​​​​សម្ភាស​​​​ចំនួន​​​ប្រាំមួយ​លើក​​​​ជាមួយ​​​អតីត​ទាហាន​ខ្មែរ​ក្រហម​នៅ​តំបន់​នេះ។

លោក ឡឹន បាន អាយុ​៦០​ឆ្នាំ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​​​កាលពី​ថ្ងៃ​សៅរ៍​​ ដោយ​ពាក់​អាវ​​​​និង​មួក​របស់​​​​គណបក្សប្រជាជន​កម្ពុជា​ប្រកប​​​ដោយ​​​មោទនភាព​​​ ថ្វី​បើ​លោក​​​បាន​​​បាត់បង់​​​​ភ្នែក​ឆ្វេង​​​អំឡុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​រដ្ឋា​ភិ​បាល​របស់​លោក ហ៊ុន សែន ក្នុង​​​​ទសវត្សរ៍​ឆ្នាំ​១៩៨០​ក្ដី​​​​​  ​និយាយ​​​​​ថា “ ប្រជាពលរដ្ឋ​៩៥​ភាគរយ​ក្នុងស្រុក​នេះ​​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​”។

លោក ឡឹន បាន​ លើក​​​ហេតុផល​​​​ថា “ មន្ទី​រ​​ពេទ្យ​ សាលា​រៀន និង​វត្ត​អារាម​សុទ្ធ​តែ​ត្រូវ​បានក​សាង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​យើង​មិន​​​ដែល​​​​បាន​ឃើញ​គណបក្ស​ប្រឆាំង​កសាង​​​អ្វី​នៅ​ទីនេះ​​​​ឡើយ​​​​”។ ក្នុង​​​តំបន់​ជនបទ​​​​នៅ​​​ជាយ​ស្រុក​​​អន្លង់​វែង​មាន​ផ្ទះ​តែ​​​មួយ​ខ្នង​​​គត់​​​ដែល​​​​ដាក់​បង្ហាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​​​​មាន​រូប​​​​​លោក​ សម រង្សុី និង​លោក កឹម សុខា​​​ឈរ​លើក​ដៃ​​​​គ្នា​​​​​​​ឡើង​លើ​។

លោក សួន សំណាង ជំទប់​​​ឃុំ​​ត្រពាំង​ក្នុង​ស្រុក​អន្លង់​វែង និង​ជា​ម្ចាស់​ស្លាក​សញ្ញា​នេះ​បាន​ឲ្យ​​​ដឹង​​​​ថា លោក​បាន​ចូល​រួម​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ​២០០៧ បន្ទាប់​ពី​ដី​ធ្លី​របស់​ខ្លួន​​​​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​រឹប​អូស​យក​​។

លោក​ សួន សំណាង​ បាន​​មាន​ប្រសាសន៍​ថា “ ក្រោយ​​​ពេល​​​​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ ​ដី​ធ្លី​​​នឹង​​​ត្រូវ​​​បាន​​​​ប្រគល់​​​ជូន​​​​​​ប្រជា​ពលរដ្ឋ​វិញ​​​”​ដោយ​​​លោក​​​បាន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​​ថា​​​ ​សមា​ជិក​ភាគច្រើន​របស់​គណ​បក្ស​​​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​អន្លង់វែង​ គឺ​សុទ្ធតែ​​​ជា​​ជន​រង​គ្រោះ​​​ដោយសារ​​​ការ​ចាប់​​​​យក​​​ដី​ធ្លី​​ ។

ប៉ុន្តែ អ្នក​បោះឆ្នោត​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​​តំបន់​នេះ​បាន​បន្ទរ​កង្វល់​​​​ដែល​លោក ហ៊ុន សែន​ តែ​ង​លើក​ឡើង​​មុន​ថ្ងៃ​បោះ​ឆ្នោត​​​​ដែល​​​ថា ប្រទេស​​​​នេះ​​​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​​ស៊ីវិល​​​​​ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​។ លោក ធឹប ធុយ អាយុ​៣៤​ឆ្នាំ​បាន​និយាយ​ថា “ ខ្ញុំ​បារម្ភ​​​ខ្លាច​​​​ការ​ផ្លាស់​ប្ដូរ​​ធ្វើ​ឲ្យ​ខ្ញុំ​ជួប​ការ​​​​លំបាកមិន​ដូច​​​​បច្ចុប្បន្ន​​​។​​​​ វា​អាច​បង្ក​​ភាព​ចលា​ចល​ ហើយ​ប្រជាពលរដ្ឋ​នឹង​រងទុក្ខ​​​”។

លោក ឈុន អេង អាយុ​៤១ឆ្នាំ ដែល​ជា​អ្នក​ជិត​ខាង​ម្នាក់​ទៀត​របស់​លោក ធឹប ​ធុយ បាន​បន្ទរ​​​​ការ​​​លើកឡើង​​​ពី​​​​​​ក្តី​​​កង្វល់​​​​នេះ​​​។
លោក​បាន​និយាយ​ថា “ ​ពេល​មាន​ការ​ផ្លាស់​ប្ដូរ​ គឺ​តែងតែ​​​មាន​ភាព​ចលាចល​។​​​ ​ខ្ញុំ​ពេញចិត្ត​ពួកគេ [គណបក្ស​សង្គ្រោះ​ជាតិ​] ​ ប៉ុន្តែ​​​​មិន​ដឹង​​​ធ្វើ​​​យា៉ង​​​ម៉េច​​​ទេ​​​។​[បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​] គឺ​ដើម្បី​ចៀស​វាង​ភាព​ចលាចល​។​ការ​ផ្លាស់​ប្ដូរ​អាច​បង្ក​ភាព​លំបាក​​​​កាន់​​​តែ​​​ច្រើន​​​”។

អ្នក​ជិតខាង​​​​ម្នាក់​ទៀត​​​ គឺ​​​លោក ខៀវ ឧត្តម ​កូន​ប្រុស​របស់​​​​លោក ខៀវ សំផន ​​​អតីត​ប្រមុខ​​​​រដ្ឋ​ក្នុង​​​​សម័យ​ខ្មែរ​ក្រហម ​​​ដែល​​​បច្ចុប្បន្ន​​​នេះ​​​​​​​​​ជា​ចុង​ចោទ​នៅ​សាលា​ក្តី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​​បាន​ឲ្យ​​​ដឹង​​​​ថា ខ្លួន​​​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ពេញ​ទំហឹង​។ លោក​បាន​និយាយ​ថា “ ខ្ញុំ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា” ដោយ​​​​បាន​​​​លើក​​​ហេតុផល​​​​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​នេះ​បាន​​​បំភ្លេច​​​ចោល​​​នូវ​​​គ្រា​​​ដែល​​​ពួកគេ​​​បាន​​​​​​ប្រយុទ្ធ​គ្នា​​​​​​យា៉ង​​​ខ្លាំង​​​​ជាមួយ​​​​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​​​ ហើយ​​​​។

លោក​បាន​និយាយ​ថា “ ឥឡូវ​នេះ​ប្រជា​ពលរដ្ឋ​មាន​ដី​ធ្លី​សម្រាប់​ធ្វើ​ស្រែ​ និង​មាន​ការ​ងារ​ធ្វើ​។ ខ្ញុំ​មាន​ការងារ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​។ ប្រសិន​បើ​យើង​បណ្ដោយ​​​​​ឲ្យ​​​អ្នក​ផ្សេង​ឡើង​កាន់​អំណាច​ វា​ប្រហែល​ជា​បង្ក​​​​ការ​លំបាក​”។

ព្រះចៅ​​​អធិការ​​​វត្ត​​​​​​អន្លង់​វែង​​​​ ព្រះនាម​​​សំ សារ៉ន ក៏​មាន​អារម្មណ៍​​​ស្ទើរ​​​តែ​​​​​​ដូចគ្នា​​​​​​​​ដែរ​។ ហើយ​​​ផ្ទុយ​​​ពី​​​ការ​​​មិន​​​ពេញចិត្ត​​​ចំពោះ​​​រដ្ឋាភិបាល ព្រះ​ចៅ​អធិការ​​​អង្គ​​​នេះ​​​​ជឿជាក់​ថា​​​​ គណបក្ស​ប្រជាជន​កម្ពុជា គួរ​​​តែ​​​ទទួល​​​បាន​​​ការ​​​កោត​​​សរសើរ​​​​​​ចំពោះ​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​​​​ប្រជា​ជន​​​​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ​​​មាន​​​ជីវិត​​​រស់នៅ​​​មក​ទល់​​​​នឹង​​​សព្វ​​​ថ្ងៃ​​​។

ព្រះ​តេជគុណ​​​ សំ សារ៉ន ​មាន​សង្ឃ​ដីកា​ថា​​​ “ ប្រជាជន​​​នៅ​ទីនេះ​ធ្លាប់​ស្ថិត​​​នៅ​ក្រោម​​​ការ​​​ដឹកនាំ​​​របស់​ខ្មែរ​ក្រហម។ ពួកគេ​ធ្លាប់​ប្រយុទ្ធ​​ជាមួយ​រដ្ឋាភិបាល​អស់​រយៈ​ពេល​​យ៉ាងយូរ​។ ពួកគេ​តែងតែ​គិត​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទុក​​​ជីវិត​​​ឲ្យ​​​ខ្លួន​​​​ទេ​​​នោះ​​​ ពួកគេ​ប្រហែល​ជា​ស្លាប់បាត់​អស់​​ទៅ​​ហើយ​។​​​​ពួកគេ​​​​ដឹង​ថា មេ​ដឹក​នាំ​របស់​ពួក​ខ្លួន​​​ឥឡូវ​នេះ​រួមរស់​​​​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា ​ដូច្នេះ​ពួកគេ​មិន​ហ៊ាន​​​ក្បត់​មេ​ដឹក​នាំ​របស់​ខ្លួន​​ឡើយ”៕

ប្រែសម្រួលដោយ ស៊ា  ស៊ុយឈាង​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស