មន្ត្រីនៅស្រុកមេមត់ខេត្តកំពង់ចាម បានឲ្យដឹងថា បុរសម្នាក់ដែលបានយួរទំពាំង សត្វអណ្តើកមួយក្បាល និងសត្វត្រកួតមួយក្បាលត្រូវបានទាហានវៀតណាមបាញ់ឲ្យរបួសក្នុងព្រៃ តាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមដើម្បីរឹបអូសយកសត្វល្មូនទាំងនេះ កាលពីថ្ងៃអង្គារ។
ជនរងគ្រោះឈ្មោះ ង៉ាន់ ឃឿន អាយុ៣៣ឆ្នាំ បានព្យាយាមរត់គេចខ្លួនចូលមកទឹកដីខ្មែរវិញ ហើយបានសម្រាកព្យាបាលរបួសជើងរបស់គាត់នៅឯមន្ទីរពេទ្យមួយក្នុងខេត្តកំពង់ចាម។
លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្តកំពង់់ចាមបានមានប្រសាសន៍ថា “ បុរសនេះទំនងជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិបីនាក់ដែលទៅស្វែងរកបន្លែ និងប្រមាញ់សត្វព្រៃនៅតាមបណ្តោយព្រំដែនកម្ពុជា វៀតណាមនេះ។ពួកគាត់បានចូលព្រៃនៅម៉ោង១០ព្រឹក ហើយនៅម៉ោង៣រសៀលពួកគាត់ត្រូវកងទាហានល្បាតវៀតណាមមួយក្រុមប្រទះឃើញ”។
លោក កែវ កុសល អភិបាលរងស្រុកមេមត់ បានមានប្រសាសន៍ថា “ បុរសទាំងបីនាក់នេះបានរត់គេចខ្លួនពីទាហានវៀតណាមទាំងនោះ ដូច្នេះហើយទាហានវៀតណាម ក៏បានបាញ់មកលើពួកគាត់។ ពួកគាត់ទាំងបីនាក់បានរត់គេចខ្លួនរួច ប៉ុន្តែអ្នកភូមិម្នាក់បានត្រូវរបួសជើងខាងស្តាំដោយត្រូវគ្រាប់កាំភ្លើងមួយគ្រាប់”។
លោក ជឹម សេងហុង មានប្រសាសន៍ថា “ នេះគឺជាលើកដំបូងហើយ ដែលយើងបានឮទាហានការពារព្រំដែនវៀតណាមបានបាញ់អ្នកភូមិខ្មែរយើង”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ