31 C
Phnom Penh

គណបក្ស​នយោបាយ​បង្ហាញ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ស្ត្រី និង​កុមារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​យុទ្ធ​នា​ការ​ឃោសនា​​បោះ​ឆ្នោត​​បាន​​​​​ជិត​មួយ​សប្ដាហ៍​ដែល​​គេ​ឃើញ​នៅ​តាម​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំពេញ​​មាន​អ្នក​គាំ​ទ្រ​គណបក្ស​នយោបាយ​រាប់​ពាន់​​នាក់​នោះ​​ កាល​ពី​ម្សិល​មិញ​​ ចំណាប់​អារម្មណ៍​​ត្រូវ​បាន​បង្វែរ​ទៅ​លើ​គោល​នយោបាយ​វិញ​ នៅ​ពេល​តំណាង​មក​ពី​គណបក្ស​ប្រាំពីរ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​ដែល​ចូល​រួម​ប្រកួត​ប្រជែង​យក​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​បង្ហាញ​នូវ​គោល​នយោបាយ​របស់​ខ្លួន​អំពី​​បញ្ហា​នានា​ ដែល​ប៉ះពាល់​ដល់​ស្ត្រី និង​កុមារ​។ 

ថ្លែង​នៅ​ឯ​បន្ទប់​សន្និសីទ​​មួយ​​ដែល​មាន​អ្នក​បោះ​ឆ្នោត​ជាង​២៥០​នាក់​​បាន​ចូល​រួម លោក​ស្រី វ៉េនឌី គូស៊ូម៉ា (Wendy Kusuma) នាយិកា​ប្រចាំ​ប្រទេស​​​​កម្ពុជា​របស់​អង្គការ​​ស្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​ (U.N. Women) បាន​មាន​​ប្រសាសន៍​ថា ដល់​ពេល​ដែល​គណបក្ស​នយោបាយ​ត្រូវ​ប្រកាស​ជា​សាធារណៈ​​អំពី​បញ្ហា​មួយ​ចំនួន​ដូច​ជា​សមភាព​យេនឌ័រ​​ជា​ដើម​​។

លោក​ស្រី គូស៊ូម៉ា បាន​មាន​ប្រសាសន៍​​ថា  “ វា​ពិត​ជា​ល្អ​ណាស់​ ប្រសិន​បើ​គេ​ធ្វើ​ការ​សន្យា​ជា​សាធារណៈ​​ ព្រោះ​សាធារណជន​អាច​តាម​​​​ដាន​បាន​ថា តើ​ការ​សន្យា​ទាំង​នោះ​ត្រូវ​បាន​​គេ​អនុវត្ត​ដោយ​របៀប​ណា​។ មាន​ចំណុច​បី​ដែល​​ចាំ​បាច់​​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ពាក់​ព័ន្ធ​នឹង​សមភាព​យេនឌ័រ​ គឺ​ សំឡេង ដើម្បី​​ឲ្យ​តំណាង​ស្ត្រី​នៅ​តាម​ថ្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ និង​​​ជម្រើស​ដែល​ផ្ដោត​លើ​​ការ​ផ្ដល់​អំណាច​សេដ្ឋកិច្ច​​ឲ្យ​ស្ត្រី​ ព្រមទាំង​​​​សុវត្ថិភាព​​រួច​ផុត​ពី​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​”។

ទោះ​បី​ជា​គេ​អាច​ចោទ​សួរ​ដោយ​ផ្ទាល់​នូវ​សំណួរ​ជា​ច្រើន​ដល់​តំណាង​គណបក្ស​នយោបាយ​ក៏​ដោយ​ ក៏​មិន​មាន​ការ​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​រវាង​អ្នក​ទាំង​នោះ​ដែរ។ បេក្ខជន​​គណបក្ស​នយោបាយ​​ពិត​ជា​បាន​ផ្ដល់​នូវ​ដំណោះ​ស្រាយ​របស់​បក្ស​ខ្លួន​ចំពោះ​បញ្ហា​​នានា​ពាក់​ព័ន្ធ​នឹង​យេនឌ័រ​ដែល​ត្រូវ​ការ​ការ​ពិភាក្សា​គ្នា​ជា​ចាំ​បាច់​ដូច​ជា អត្រា​ក្មេង​ស្រី​បោះ​បង់​ចោល​សាលា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជា​ដើម​។

លោក​ស្រី ជូ ប៊ុនអេង សមាជិក​​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ ​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​មាន​គោល​នយោបាយ​​ផ្ដោត​លើ​ស្ត្រី​។ លោក​ស្រី ប៊ុន​អេង បាន​មាន​ប្រសាសន៍​ថា “ យើង​ចង់​បង្កើន​ការ​ទទួល​សេវា​គាំពារ​សុខភាព​ ជា​ពិសេស​នៅ​តាម​ទី​ជន​បទ​។ យើង​ចង់​លើក​កម្ពស់​ និង​ផ្ដល់​អំណាច​ដល់​ស្ត្រី​”។ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ការ​យក​ចិត្ត​ទុក​ដាក់​ ក៏​គួរ​តែ​មាន​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​កុមារ​នៅ​តាម​មណ្ឌល​កុមារ​កំព្រា​​រ​បស់​រដ្ឋ​ និង​សេចក្ដី​ត្រូវ​ការ​របស់​ជន​ពិការ​ផង​ដែរ​។

កញ្ញា​ កឹម មនោវិជ្ជា​ ដែល​តំណាង​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា គណបក្ស​នេះ​នឹង​ផ្ដល់​អាហារូបករណ៍​ឲ្យ​ក្មេង​ស្រី​ ដើម្បី​បញ្ឈប់​ការ​បោះ​បង់​ចោល​សាលា​។ កញ្ញា​​ មនោវិជ្ជា​​ បាន​លើក​ឡើង​សំដៅ​​ដល់​ក្ដី​បារម្ភ​ដែល​ប្រទេស​កម្ពុជា​អាច​នឹង​មិន​សម្រេច​គោល​ដៅ​​អភិវឌ្ឍន៍​សហ​សវត្ស​​រ៍​ដែល​ឲ្យ​មាន​ស្ត្រី​៣០​ភាគរយ​​មាន​អាសនៈ​​នៅ​ក្នុង​សភា​ថា​​​ “ ​នៅ​​ប្រទេស​កម្ពុជា​យើង​មាន​ស្ត្រី​ច្រើន​ជាង​បុរស​ ប៉ុន្តែ​មាន​ស្ត្រី​តិច​ជាង​បុរស​ចូល​រួម​ក្នុង​នយោបាយ​។ ស្ត្រី និង​កុមារ​ងាយ​ទទួល​រង​ផល​ប៉ះពាល់​ ហើយ​យើង​​​​ចង់​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ​​​សាន​​​្ត​​​ និង​​​​មាន​សេចក្ដី​ថ្លៃថ្នូរ​”។ ចំណុច​នេះ​ត្រូវ​ឲ្យ​មាន​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ ការ​ផ្ដល់​ឥណទាន​ដល់​ស្ត្រី​ដែល​ចង់​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​។ កញ្ញា​បាន​បន្ត​ថា “ ​គេ​ក៏​គួរ​តែ​ផ្ដល់​ថវិកា​ចំនួន​១០០​ដុល្លារ​ផង​ដែរ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​សម្រាប់​ថែ​រក្សា​ផ្ទៃ​ពោះ​របស់​ខ្លួន​”។

លោក​ស្រី រស់ សុភាព​ នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​​អភិវឌ្ឍន៍​ ដើម្បី​កម្ពុជា​ (GADC) ​មាន​ប្រសាសន៍​ថា អាណត្តិ​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ​ គឺ​ជា​ឱកាស​មួយ​សម្រាប់​គណបក្ស​នយោបាយ​ ដើម្បី​ចាប់​ផ្ដើម​ចាប់​យក​សក្ដានុពល​សេដ្ឋកិច្ច​ដែល​ផ្ដោត​លើ​បញ្ហា​របស់​​ស្ត្រី​​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ស្ត្រី​អាច​ជា​កម្លាំង​ចលករ​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​។ ប្រសិន​បើ​ពួក​គាត់​គ្មាន​ជីវភាព​រស់​នៅ​ល្អ​ប្រសើរ​ទេ​នោះ​ វា​គឺ​ជា​ឧបសគ្គ​មួយ​”។ បក្ស​ប្រជា​ជន​ និង​បក្ស​​សង្គ្រោះ​​ជាតិ​ បាន​ស្នើ​ឲ្យ​មាន​ការ​ពង្រឹង​ច្បាប់​ ព្រម​ទាំង​​លើក​កម្ពស់​​ការ​យល់​ដឹង​ ដើម្បី​ដោះ​ស្រាយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ចំណែក​លោក​  ក្រវាញ ដារ៉ន មេ​ដឹក​នាំ​គណបក្ស​ខ្មែរ​ឈប់​ក្រ​វិញ​ ​លើក​ឡើង​ថា ការ​បើក​ថ្នាក់​​បង្រៀន​ការ​គ្រប់​គ្រង​កំហឹង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​។ លោក​បន្ថែម​ទៀត​ថា “ ប្រសិន​បើ​មេផ្ទះ​គិត​ថា ប្ដី​របស់​ពួក​គាត់​គឺ​ជា​ស្ដេច​នោះ​ យើង​មិន​អាច​ផ្លាស់​​ប្ដូរ​ផ្នត់​គំនិត​នេះ​បាន​ទេ”៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស