32 C
Phnom Penh

តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​ស្ត្រី​បី​នាក់​ដែល​ជាប់​ចោទ​ពី​​បទ​ជួញដូរ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​ស្ត្រី​បី​នាក់​ ដែល​ត្រូវ​បា​នចោទ​ប្រកាន់​កាល​ពី​ខែ​មករា​ពី​បទ​ជួញ​ដូរ​មនុស្ស និង​ឆបោក​។ ស្ត្រី​បី​នាក់​ឈ្មោះ រី សារាយ សេង ​​​​ឡាយ និង ម៉ី ស៊ីណា ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ណែ​នាំ​ក្មេង​ស្រី​ជំទង់​​ទៅ​ឲ្យ​ឈ្មួញ​ជន​ជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ឈ្មោះ​ ជិន ទឺឈឹង (Chin Teu Cheung) ដែល​ស្វែង​រក​ប្រពន្ធ​ឲ្យ​ជន​ជាតិ​តៃវ៉ាន់​ពីរ​នាក់​​​​។

ខណៈ​ដែល​ស្ត្រី​ឈ្មោះ​ រី សារាយ បាន​សារភាព​ថា បាន​រៀប​ចំ​ការ​ណែ​នាំ​នេះ​ ស្ត្រី​រូប​នេះ​បាន​បដិសេធ​ចំពោះ​បទ​ចោទ​ប្រកាន់​ពី​ការ​ជួញ​ដូរ​មនុស្ស​។ គាត់​បាន​និយាយ​ថា រូប​​គាត់​ត្រូវ​បាន​ឈ្មោះ​ ជិន ទឺឈឹង ឲ្យ​ធ្វើ​ជា​អ្នក​បក​ប្រែ​ ហើយ​នាំ​ក្មេង​ស្រី​ជំទង់​ម្នាក់​មក​ជួប​​បុរស​រូប​នេះ​ ដោយ​មាន​ការ​អនុញ្ញាត​ពី​ម្ដាយ​របស់​ក្មេង​ស្រី​ ដែល​ជា​ជន​ជាប់​ចោទ​ម្នាក់​ទៀត​ឈ្មោះ​ ម៉ី ស៊ីណា ។ ស្ត្រី​ឈ្មោះ ម៉ី ស៊ីណា​ បាន​បញ្ជាក់​ថា កូន​ស្រី​របស់​គាត់​បាន​យល់​ព្រម​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​ចិន​តៃវ៉ាន់ ហើយ​លើក​ឡើង​ថា ខ្លួន​គ្មាន​ទោស​ទេ​។

សម្រាប់​ស្ត្រី​ឈ្មោះ​ សេង ឡាយ​ វិញ​ គាត់​​បាន​និយាយ​ប្រាប់​តុលាការ​ថា រូប​គាត់​ត្រូវ​បាន​ស្ត្រី​ឈ្មោះ​ រី សារាយ ទាក់​ទង​ឲ្យ​ជួយ​ស្វែង​រក​កូន​ក្រមុំ​ និង​រៀប​ចំ​លិខិត​ឆ្លង​ដែន​ឲ្យ​ក្មេង​ស្រី​​ជំទង់​ទាំង​ពីរ​នាក់​នេះ​ ហើយ​បាន​កែ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្មេង​ស្រី​ជំទង់​ម្នាក់​ ដែល​មិន​ទាន់​គ្រប់​អាយុ​១៨​ឆ្នាំ​នៅ​ឡើយ​។

ស្ត្រី​ឈ្មោះ សេង ឡាយ បាន​និយាយ​ថា ឈ្មោះ​ រី សារាយ បាន​លួង​លោម​ខ្ញុំ​ឲ្យ​ជួយ​រក​ស្រី​ក្រមុំ​។ ពួក​គេ​បាន​សន្យា​ឲ្យ​ប្រាក់​ខ្ញុំ​ចំនួន​៥០​ដុល្លារ​សម្រាប់​ស្រី​ក្រមុំ​ម្នាក់​ៗ​ ដែល​ខ្ញុំ​រក​បាន​មក​ឲ្យ​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​តៃវ៉ាន់​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួល​ប្រាក់​នេះ​ទេ​។
លោក​ នួន ផានិត មេធាវី​របស់​ស្ត្រី​ទាំង​បី​នាក់​នេះ​ បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ ស្ត្រី​ទាំង​បី​នាក់​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ ចាប់​ពី​ប្រាំពីរ​ទៅ​១៥​ឆ្នាំ។ តុលា​ការ​​គ្រោង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៨​ខែ​កក្កដា​នេះ​៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស