យោងតាមអ្នកគ្រប់គ្រងមួយរូបនៅក្រុមហ៊ុន តូយ៉ូតា (Toyota) បានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់រថយន្តជប៉ុនដ៏ធំមួយនេះមានគម្រោងពង្រីកវិសាលភាពរបស់ខ្លួននៅលើទីផ្សារនៃប្រទេសកម្ពុជា តាមរយៈការបង្កើតសាលតាំងលក់រថយន្តទី២របស់ខ្លួន។ ក្រុមហ៊ុន តូយ៉ូតា បានដាក់ចេញនូវគម្រោងនេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុនឈ្មោះ ម៉ាហ្សដា (Mazda) បានបើកសាលតាំងលក់រថយន្តថ្មី របស់ខ្លួនកាលពីខែឧសភា។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ប្លូមបឺក (Bloomberg) បានឲ្យដឹងថា លោក យ៉ាស៊ូម៉រី អុីហារ៉ា (Yasumori Ihara) អនុប្រធានប្រតិបត្តិក្រុមហ៊ុនតូយ៉ូតា បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុននេះនឹងពង្រីកខ្លួននៅលើទីផ្សារនៃប្រទេសកម្ពុជា ភូមា និងប្រទេសកេនយ៉ា ដើម្បីស្វែងរកអតិថិជនបន្ថែមទៀត នៅលើទីផ្សារដែលទើបតែមានសន្ទុះកំណើន។
លោក លី ប៊ុនហៃ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី (Toyota (Cambodia) Co., Ltd.) បានមានប្រសាសន៍ថា គម្រោងពង្រីកទីផ្សារនេះនឹងចាប់ផ្តើម ពីការបង្កើតសាលតាំងលក់រថយន្តថ្មីមួយ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស នៅក្បែរកាច់ជ្រុងរវាងមហាវិថីនេះនិងមហាវិថីម៉ៅសេទុងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកមានប្រសាសន៍ថា “ យើងនឹងបង្កើនសាខាបន្ថែមទៀតនៅក្នុងទីក្រុងនេះ”។ ក៏ប៉ុន្តែ លោកមិនបានបង្ហើបឲ្យដឹងថា តើសាលតាំងលក់រថយន្តថ្មីនេះ និងជាសាលតាំងលក់រថយន្តទី២របស់ក្រុមហ៊ុន តូយ៉ូតា ក្នុងរាជធានីភ្នំពេញ នឹងត្រូវបានបើកដំណើរការនៅពេលណាទេ។
លោក ប៊ុនហៃ មានប្រសាសន៍ថា “ សាលតាំងមួយនេះបើកនៅក្នុងទីក្រុង ពីព្រោះអតិថិជនរបស់យើងភាគច្រើន រស់នៅក្នុងតំបន់នេះ”។ ទោះបីជាលោកបានបដិសេធមិនប្រាប់តួលេខជាក់លាក់ក៏ដោយ ក៏លោកបានឲ្យដឹងថា បរិមាណតម្រូវការរថយន្តថ្មីៗកំពុងកើនឡើង។ លោកបាននិយាយថា “ គិតរហូតមកទល់ពេលនេះ បរិមាណតម្រូវការកំពុងកើនឡើងទូទាំងប្រទេសកម្ពុជា។ ដោយសារតែប្រាក់ចំណូលរបស់ប្រជាជនកើនឡើង [ក្រុមហ៊ុន តូយ៉ូតា] មានទស្សនវិស័យល្អ”។
លោកបានមានប្រសាសន៍ឲ្យដឹងបន្ថែមទៀតថា លោករំពឹងថា បរិមាណលក់ឆ្នាំនេះប្រហែលជាកើនឡើងទ្វេដង បើធៀបនឹងបរិមាណលក់ឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក ប៊ុនហៃ បានគូសបញ្ជាក់ថា ក្នុងចំណោមរថយន្តចុះបញ្ជីថ្មីចំនួន៣២.០០០គ្រឿងកាលពីឆ្នាំមុន ពោលគឺមានតែតិចជាង១០ភាគរយប៉ុណ្ណោះ ត្រូវបានលក់ចេញ តាមរយៈឈ្មួញកណ្តាលដែលមានលិខិតអនុញ្ញាតត្រឹមត្រូវ។
ក៏ប៉ុន្តែ លោកបានឲ្យដឹងបន្ថែមទៀតថា ជាងមួយភាគបីនៃចំនួនរថយន្ត ដែលត្រូវលក់ចេញក្នុងឆ្នាំ២០១២ ដោយភ្នាក់ងារកណ្តាលមានលិខិតអនុញ្ញាតិត្រឹមត្រូវទាំងនេះ គឺជារថយន្តម៉ាកតូយ៉ូតា។ លោក ហ្វីន ហ្វីកហ្គោ ហ្គាន់ឌ័រសាន់ (Finn Viggo Gundersen) អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន អុិនវ៉ូទិច ខូ អិលធីឌី (Envotech Co., Ltd.) ដែលជាក្រុមហ៊ុនទទួលសិទ្ធិលក់រថយន្ត ម៉ាក ឡេន រ៉ូវើ (Land Rovers) និង រ៉េង រ៉ូវើ (Range Rovers) នៅលើទីផ្សារនៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា លោកមិនមានទំនុកចិត្តថា កំណើននៃការលក់បន្តដែលមានលិខិតអនុញ្ញាតត្រឹមត្រូវក្នុងរាជធានីភ្នំពេញ អាចបំបែកវិសាលភាពនៃការគ្របដណ្តប់ទីផ្សារដោយបណ្តាញលក់បន្តធំៗ ដែលលក់ទំនិញនាំចូលក្រៅផ្លូវការទេ។
លោកបានមានលើកឡើងថា “ ពួកគេមានកម្លាំងខ្លាំងណាស់ ទោះបីជាមានមូលហេតុអ្វីក៏ដោយ”។ លោកបានបញ្ជាក់ថា ភ្នាក់ងារលក់បន្តរបស់លោកលក់រថយន្តបានយ៉ាងច្រើនប្រហែលប្រាំមួយគ្រឿង ក្នុងឆ្នាំនេះ គិតរហូតមកទល់ពេលនេះ។ លោកបាននិយាយថា “ យើងលក់រថយន្តមិនបានច្រើនទេ ដោយសារតែមានទីផ្សារក្រៅផ្លូវការ”។
លោក រ៉ាមី សារ៉ាហ្វ (Rami Sharaf) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន អអឹម អាស៊ា (RM Asia) ដែលទទួលសិទ្ធិលក់រថយន្ត ហ្វដ (Ford) នៅលើទីផ្សារនៃប្រទេសកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជាបានមានប្រសាសន៍ថា សាខាទាំងលក់ សេវាកម្ម និងគ្រឿងបន្លាស់របស់ក្រុមហ៊ុន ហ្វដ (Ford) កំពុងមានភាពរីកចម្រើនក្នុងឆ្នាំនេះ។ សាខាទាំងបីនេះរួមមានពីរក្នុងរាជធានីភ្នំពេញ និងមួយទៀតនៅខេត្តសៀមរាប។ លោកបានលើកឡើងថា “ ទីផ្សាររថយន្តជាទូទៅកំពុងមានកំណើន ក៏ប៉ុន្តែ ខ្ញុំគិតថា យើងមិនអាចប្រៀបធៀបបរិមាណលក់នៅលើទីផ្សារផ្លូវការជាមួយបរិមាណលក់លើទីផ្សារក្រៅផ្លូវការបានទេ”។
លោកបានពន្យល់ថា ឈ្មួញដែលមានសិទ្ធិលក់ត្រូវចំណាយប្រាក់ជាច្រើនលានដុល្លារ ដើម្បីទិញសិទ្ធិលក់ ចំណែកឯអ្នកលក់រថយន្តមួយទឹក និងរថយន្តនាំចូល ជាធម្មតា ធ្វើប្រតិបត្តិការ “ នៅតាមកន្លែងលក់រថយន្តនានា”។ លោកមានប្រសាសន៍ថា “ នេះបញ្ជាក់ច្បាស់ថា យើងកំពុងប្រឈមមុខនឹងការប្រកួតប្រជែងមិនមានយុត្តិធម៌”៕
ប្រែសម្រួលដោយ កង សុធា