អ្នកភូមិបានឲ្យដឹងថា ប្រជាពលរដ្ឋជាង១២០គ្រួសារ នៅខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ បានផ្ញើលិខិតមួយច្បាប់ជូនលោក អភិបាលខណ្ឌនេះកាលពីថ្ងៃច័ន្ទដោយស្នើសុំជំនួយពីលោក ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ ដោយសារផ្ទះរបស់ពួកគាត់មួយចំនួនបានបាក់រលំ និងបានបង្ខំឲ្យគ្រួសារជាច្រើនស្វែងរកកន្លែងស្នាក់នៅជាបណ្តោះអាសន្ននៅកន្លែងផ្សេង។
បឹងមួយ ដែលគេធ្លាប់ដាំត្រកួន នៅពេលនេះមានផ្ទៃទឹកទំហំ១០ហិកតា ដែលអ្នកភូមិនិយាយថាត្រូវបានធ្វើឲ្យជន់លិចដោយចេតនាពីមន្ត្រីរដ្ឋាភិបាលម្នាក់ ដែលបានកាន់កាប់ដីនេះ។
អ្នកស្រី ជា ថាវី អាយុ៣១ឆ្នាំជាតំណាងម្នាក់មកពីភូមិខ្វា ដែលប្រជាពលរដ្ឋចំនួន២២០គ្រួសារបានផ្ញើលិខិតជូនលោក អភិបាលខណ្ឌ បាននិយាយថា “ ពួកយើងជាច្រើននាក់បានជម្លៀសខ្លួនទៅកាន់ទីទួលរីឯអ្នកផ្សេងទៀតបានជួលផ្ទះស្នាក់នៅបណ្តោះអាសន្ន។ យើងបានស្នើសុំឲ្យអាជ្ញាធរខណ្ឌជួយធ្វើអន្តរាគមន៍ជាបន្ទាន់”។
យោងតាមអ្នកភូមិបានឲ្យដឹងថា ក្រុមហ៊ុនមួយ ជាកម្មសិទ្ធិរបស់មន្ត្រីមួយរូប បានបូមខ្សាច់លក់ចេញពីបឹងនេះ ដោយធ្វើឲ្យបឹងទំហំ១០ហិកតានេះនៅទំនេរ។ អ្នកស្រី ជា ថាវី ដែលជាគ្រូបង្រៀនម្នាក់នៅសាលាក្នុងមូលដ្ឋាននេះជាកន្លែងដែលសាលារៀនបានបិទទ្វារ ខណៈពេលថ្នាក់រៀន ក៏ដូចជាផ្ទះរបស់អ្នកស្រីផ្ទាល់ដែរ បានលិចទឹកនោះ បាននិយាយថា មន្ត្រីនេះ “ បានសុំទិញដីរបស់ពួកយើង ប៉ុន្តែចាប់តាំងពីភូមិនេះបានលិចទឹកមក បុគ្គលិករបស់គាត់បានជំរុញយើងឲ្យលក់ដី”។
លោក ហាក់ ជុំរ៉េត អាយុ ៣៣ឆ្នាំ ជាអ្នកភូមិម្នាក់ទៀត ដែលផ្ទះរបស់គាត់ បានលិចទឹកដែរនោះ បាននិយាយថា កាលពីព្រឹកថ្ងៃអង្គារ តំណាងពីរនាក់របស់ក្រុមហ៊ុន ដែលបានបូមខ្សាច់នេះបានមកផ្ទះគាត់ដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យលក់ដីរបស់គាត់។
លោក ហាក់ ជុំរ៉េត បាននិយាយថា “ ពួកគេបានសួរខ្ញុំថាតើខ្ញុំចង់បានប្រាក់ប៉ុន្មាន ប៉ុន្តែខ្ញុំនិយាយថា ខ្ញុំមិនអាចលក់ដីបានទេ ដោយសារខ្ញុំត្រូវការពិភាក្សាជាមួយនឹងគ្រួសារខ្ញុំ និងអ្នកភូមិផ្សេងទៀត។ប៉ុន្តែតម្លៃដែលគេឲ្យនោះគឺថោកពេកដែលខ្ញុំមិនអាចទិញអ្វីបានច្រើនជាមួយនឹងប្រាក់នេះទេ”។
លោក សៀ ភារម្យ នាយកអង្គការសិទ្ធិលំនៅដ្ឋានក្នុងស្រុក បានមានប្រសាសន៍ថា ក្រុមអ្នកភូមិបានស្នើសុំឲ្យមន្ត្រីមូលដ្ឋានជួយរកដំណោះស្រាយ ប៉ុន្តែ គ្រួសារមួយចំនួននៅពេលនេះ បានទទួលយកប្រាក់សំណងតិចតួច ពីព្រោះទឹកលិចនោះ បានធ្វើឲ្យផ្ទះរបស់ពួកគាត់ខូចខាត។
លោកក៏បានអះអាងផងដែរថា មន្ត្រីនៅពីក្រោយគម្រោងនេះ ដែលបង្កឲ្យទឹកជន់លិចតំបន់នេះក្នុងគោលបំណងយកដីនេះធ្វើជារបស់ខ្លួន។ លោកបានមានប្រសាសន៍បន្ថែមថា “ គេមិនអាចបញ្ចុះបញ្ចូលពួកគាត់ឲ្យលក់ដី ដូច្នេះគេបានបង្ខំពួកគាត់តាមរយៈការបូមទឹកពន្លិចដីនេះ”។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌបានបដិសេធមិនធ្វើអត្ថាធិប្បាយ ពេលសាកសួរអំពីទឹកលិចតំបន់នេះ។ ខណៈពេលអ្នកភូមិ បានធ្វើការតវ៉ា កាលពីម្សិលមិញ ដើម្បីបង្ហាញអ្នកយកព័ត៌មានអំពីការលិចទ្រព្យសម្បត្តិរបស់ពួកគាត់នោះ លោកស្រី សៀង សារឿន ចៅសង្កាត់រងទំនងជា ធ្វើការដោះស្រាយនៅក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងព្យាយាមបន្ធូរកំហឹងរបស់ប្រជាពលរដ្ឋ។
លោកស្រី សៀង សារឿន បានមានប្រសាសន៍ថា “ យើងកំពុងដោះស្រាយបញ្ហានេះដើម្បីជួយអ្នកភូមិទាំងនេះ។ លោកអភិបាលខណ្ឌដង្កោ នឹងទទួលបានម៉ាសុីនបូមទឹកមួយពីរដ្ឋាភិបាល”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ