កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអតីតវរសេនីយ៍ឯកកងយោធពលខេមរភូមិន្ទម្នាក់ និងស្ត្រីជនជាតិវៀតណាមម្នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទព្យាយាមបញ្ជូនថ្នាំហេរ៉ូអ៊ីនទៅប្រទេសអូស្ត្រាលីតាមប្រៃសណីយ៍។
ឈ្មោះ ស៊ូ សារិទ្ធ អាយុ៥៤ឆ្នាំ អតីតវរសេនីយ៍ឯកទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងឈ្មោះ ង្វៀន នូអាញ់ អាយុ៤៤ឆ្នាំ ត្រូវបានចាប់ខ្លួននៅការិយាល័យប្រៃសណីយ៍កណ្តាល ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែធ្នូ ពេលពួកគេព្យាយាមផ្ញើកញ្ចប់មួយដែលនៅក្នុងនោះមានកញ្ចប់តូចៗប្រហែល៦០០ បិទស្លាក “ ថ្នាំប៉ូវយិនស៊ិនក្រហមកូរ៉េ”។
នគរបាលដែលទទួលសេចក្តីរាយការណ៍អនាមិក ចាប់បានកញ្ចប់នោះ ដែលក្នុងនោះមានសារធាតុមួយលាយឡំជាមួយថ្នាំញៀនហេរ៉ូអ៊ីន។ អាជ្ញាធរបានឲ្យដឹងថា មានថ្នាំញៀនហេរ៉ូអ៊ីន១២គីឡូក្រាមនៅក្នុងកញ្ចប់ ដែលមានតម្លៃរាប់ម៉ឺនដុល្លារក្នុងប្រទេសអូស្ត្រាលី។
លោកចៅក្រម សួស សំអាត បានប្រកាសកាលពីម្សិលមិញថា “ តុលាការបានរកឃើញថា ពួកគេមានពិរុទ្ធភាពពីបទរត់ពន្ធ និងមានគ្រឿងញៀន ហើយជនសង្ស័យមានពេលមួយខែ ដើម្បីប្តឹងឧទ្ធរណ៍”។ លោកបានបន្ថែមថា តុលាការបានផ្តន្ទាទោសអ្នកទាំងពីរឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៨០លានរៀល ឬប្រហែល២០.០០០ដុល្លារ។ អំឡុងសវនាការជំនុំជម្រះ ចុងចោទទាំងពីរនាក់បានអះអាងថា ពួកគេមិនបានធ្វើអ្វីខុសទេ។
លោក សារិន ដែលជាទាហានកងយោធពលខេមរភូមិន្ទនៅឡើយ នៅពេលចាប់ខ្លួនគាត់ បានអះអាងថា គាត់ធ្វើការជាអ្នកបើកបរ និងជាអ្នកបកប្រែឲ្យស្ត្រីជនជាតិវៀតណាមរូបនោះ ហើយមិនដឹងថា កញ្ចប់ដែលស្ត្រីរូបនេះព្យាយាមផ្ញើនោះ ខុសច្បាប់ទេ។
អ្នកស្រី នូអាញ់ បានអះអាងថា ខ្លួនក៏មិនដឹងថា កញ្ចប់នោះមានថ្នាំញៀនហេរ៉ូអុីនដែរ ហើយបាននិយាយថា ខ្លួនគ្រាន់តែធ្វើការឲ្យបុរសម្នាក់ទៀតឈ្មោះ ឈុន ជីដា ដែលបានបញ្ជាឲ្យគាត់ផ្ញើកញ្ចប់នោះ។
លោក ម៉ៃ វណ្ណា មេធាវីការពារលោក សារិទ្ធ និងអ្នកស្រី នូអាញ់ បានមានប្រសាសន៍ថា តុលាការមិនបានស៊ើបអង្កេតការអះអាងដែលថា ភាគីទី៣មានជាប់ពាក់ព័ន្ធទេ។ លោក វណ្ណា មានប្រសាសន៍ថា “ ខ្ញុំគិតថា ការផ្តន្តាទោសនេះ មិនត្រឹមត្រូវទេ ព្រោះខ្ញុំបានស្នើឲ្យចៅក្រមស៊ើបអង្កេតឡើងវិញ ប៉ុន្តែតុលាការមិនបានស៊ើបអង្កេតទេ”។
លោកបានមានប្រសាសន៍ថា លោកមិនទាន់បាននិយាយជាមួយកូនក្តីរបស់គាត់នៅឡើយទេ ដើម្បីសម្រេចថាតើពួកគេនឹងប្តឹងឧទ្ធរណ៍ការផ្តន្ទាទោសនេះឬយ៉ាងណា។ ករណីនេះឆ្លុះបញ្ចាំងឲ្យឃើញករណីមួយទៀតកើតឡើងក្នុងខែមេសា ឆ្នាំ២០១២ ដែលពេលនោះអាជ្ញាធរអូស្ត្រាលីបានចាប់ខ្លួននិងចោទប្រកាន់ជនជាតិខ្មែរពីរនាក់នៅក្នុងទីក្រុងមែលប៊ើន ពាក់ព័ន្ធនឹងសារធាតុមួយមានផ្ទុកហេរ៉ូអុីនប្រហែល៦៥គីឡូក្រាម ដែលក្លែងធ្វើជាកញ្ចប់ថ្នាំលាបសក់៕
ប្រែសម្រួលដោយ ចេវ ប៊ុននី