32 C
Phnom Penh

គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​​​ព្យា​​​យាម​​​ស្វែង​រក​​ការ​​គាំទ្រ​​​​ជា​ថ្មី​​ បន្ទាប់​ពី​បាត់​បង់​ប្រជា​ប្រិយ​ភាព​ជា​លំដាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណ​បក្ស​ហ្វ៊ិនស៊ិនប៉ិច បាន​ជួប​បញ្ហា​ជា​ច្រើនក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​​នេះ។ បង្កើត​​​​ឡើង​ក្នុង​ឆ្នាំ​១៩៨១​​​ដោយ​ព្រះ​​បាទ​ នរោត្តម​ ​​​សីហនុ ដែល​និរទេស​ព្រះ​កាយ​នា​ពេល​នោះ​​​​គណ​បក្ស​រាជា​និ​យម​​​​​​​ដឹក​នាំ​​​ដោយ​​​បុត្រា​របស់​ព្រះ​បាទ​ នរោត្តម សីហនុ គឺ​​​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ​ នេះ​​​ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​​​​​​តាម​បែប​​​ប្រ​ជា​ធិប​តេយ្យ​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​នៅ​​​​ក្នុង​​​​​​ឆ្នាំ​១៩៩៣។

លោក ញឹក ប៊ុន​​​ឆៃ ​​​អគ្គលេខា​​​ធិកា​​​រគ​​​ណ​​បក្សហ្វិនស៊ិនប៉ិច​​​ធ្វើ​​​យុទ្ធ​​​នាកា​​​រឃោស​​​នា​​​បោះឆ្នោត​​នៅ​​​ទីក្រុងភ្នំ​​​ពេញកាល​​​ពីម្សិល​​​មិញ។ (Simon Mark)
លោក ញឹក ប៊ុន​​​ឆៃ ​​​អគ្គលេខា​​​ធិកា​​​រគ​​​ណ​​បក្សហ្វិនស៊ិនប៉ិច​​​ធ្វើ​​​យុទ្ធ​​​នាកា​​​រឃោស​​​នា​​​បោះឆ្នោត​​នៅ​​​ទីក្រុងភ្នំ​​​ពេញកាល​​​ពីម្សិល​​​មិញ។ (Simon Mark)

ប៉ុន្តែ ត្រូវ​បាន​បង្ខំ​ឲ្យ​ចែក​រំលែក​អំណាច​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​លោក​ ហ៊ុន សែន ដែល​​​​ពេល​នោះ​​​គឺ​​​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​២រយៈ​ពេល​បួន​ឆ្នាំ​ក្រោយ​មក កង​ទ័ព​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច បានទទួល​បរា​ជ័យ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​​​ខ្លាំង​​​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​​​​​ជាមួយ​​​កង​កម្លាំ​ង​ដែល​មាន​ភក្តី​ភាព​ចំពោះ​លោក ហ៊ុន សែន ដោយ​​​ការ​​​ប្រយុទ្ធ​​​គ្នា​​​នេះ​​​បាន​​​ឈាន​​​ដល់​ការ​បណ្តេញ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ចេញ​​​ពី​​​តំណែង​​​​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​១។​​​ គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ឈ្នះ​ការ​បោះ​ឆ្នោត​យ៉ាង​ងាយ​ស្រួល​នៅ​​​ក្នុង​ឆ្នាំ​១៩៩៨ ដោយ​ទទួល​បាន​​៦៤​អាសនៈ​​​​ ខណៈ​​​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​ទទួល​បាន​៤៣​អាសនៈ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​​នីមួយៗ​​​ចាប់​តាំង​ពី​ពេល​នោះ​មក​​​ គណ​បក្ស​ហ្វ៊ិន​ស៊ីន​ប៉ិច​បាន​​​បន្ត​​​បាត់បង់​​​​ប្រជា​ប្រិយ​ភា​ព​​​​​របស់​​​ខ្លួន​​​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​កម្ពុជា​​​។​​​ គណបក្ស​​​នេះ​​​បាន​​​ទទួល​​​​បរា​ជ័យ​ធំ​បំផុត​​​​​​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​​​​​​កាលពី​​​ប្រាំ​​​ឆ្នាំ​​​មុន​​​​​​ ពេល​​​ខ្លួន​​​បាត់បង់​​​អាសនៈ​​​ចំនួន​​​​​​២៤​​​​​​ក្នុង​​​ចំណោម​​​​​​​​​២៦​​​​​​​អាសនៈ​ធ្វើ​ឲ្យ​ខ្លួន​នៅ​សល់​​តំណាង​រាស្ត្រ​​​​ត្រឹមតែ​​​ពីរ​រូប​ប៉ុណ្ណោះ​​​​នៅ​រដ្ឋ​សភា​ដែល​មាន​​​១២៣​អាសនៈ។
ប៉ុន្តែ គណ​បក្ស​ហ្វ៊ិនស៊ិនប៉ិច​នៅ​តែ​ខិតខំ​​​​ពុះពារ​​​ទាំង​​​​​​​ត្រដ​រ​​​។​

ជា​​​ការ​​​​ចាប់​ផ្តើម​យុទ្ធ​នា​ការ​ឃោស​នា​​បោះ​​​​ឆ្នោត​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​​​ អ្នក​គាំ​ទ្រ​រាប់​ពាន់​នាក់ ដែលពាក់​អាវ​ពណ៌​លឿង​​​និង​​​ខៀវ​​​​​​បាន​នាំគ្នា​​​​ដង្ហែក្បួន​​​ពេញ​​​​រាជ​ធានី​។

អ្នក​គាំទ្រ​ទាំង​នេះ​​​រួម​មាន​អ្នក​រាជា​និយម​វ័យ​កណ្តាល​រាប់​រយ​នាក់​ ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង​​​ក្នុង​​​ចំនួន​​​ស្មើ​​​គ្នា​​​។​​​ពួក​គេ​ស្ទើរតែ​​​ទាំងអស់​​​​​​បាន​​​​និយាយ​​​​ស្របគ្នា​​​ថា ខ្លួន​​​​គាំ​ទ្រ​គណ​បក្ស​ហ្វ៊ិនស៊ិនប៉ិច​ ដោយ​សារ​តែ​​​​ការ​​​ស្រឡាញ់​ចូល​ចិត្ត​ព្រះ​បរម​សព​ នរោត្តម សីហនុ និង​ការ​គោរព​​​ស្រឡាញ់​​​​របប​​​រាជា​និយម។

លោក ទូច គឹមហេង អភិ​បាល​រង​ខណ្ឌ​ឫស្សី​កែវ ដែល​អះអាង​​​​ថា ខ្លួន​​​ជា​សមាជិក​ស្មោះ​ស្ម័គ្រ​របស់​គណ​បក្ស​នេះ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​នោះ បាន​មាន​ប្រសាសន៍ថា “​ ហ្វ៊ិនស៊ិនប៉ិច បាន​នាំ​អ្វីៗ​គ្រប់​យ៉ាង​ចូល​មក​​​ក្នុង​ប្រទេស​​​នេះ​​​ ក្នុង​​​នោះ​​​មាន​​​ចាប់​ពី​ភ្លេង​ជាតិ រហូត​ដល់​ទង់​ជាតិ។ ហ្វ៊ិនស៊ិនប៉ិច គ្មាន​​​ថ្ងៃ​​​សាបសូន្យ​​​ឡើយ”។

​ទោះ​ជា​យ៉ាង​ណា គណ​បក្ស​នេះបាន​បន្ត​​​​​​ប្រឈម​​​នឹង​​​​បញ្ហា​ជា​ច្រើន​​​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​​​។​​​ កាល​ពី​ឆ្នាំ​២០០៦ ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​​​​ជា​​​ប្រធាន​គណ​បក្ស​ហ្វុន​ស៊ិនប៉ិច ហើយ​​​ក្រោយ​​​មក​​​​បាន​ចាប់​ផ្តើម​បង្កើត​គណ​បក្ស​មួយ​ដោយ​ដាក់​ឈ្មោះ​តាម​ព្រះ​នាម​​​​​​​​ព្រះ​អង្គ​​​ឯង​​​ផ្ទាល់​​​ ដោយ​​​ទទួល​បាន​​​២​អាសនៈ នៅ​រដ្ឋ​សភា​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨។​​​ អ្នក​រាជា​និយម​​​​ទាំងនេះ​​​ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​​​​ជាថ្មី​ម្តង​ទៀត​​​​កាល​ពី​ដើម​ឆ្នាំ​នេះ ក្រោម​​ស្លាក​គណ​បក្ស​ហ្វ៊ិនស៊ិនប៉ិច។

ដោយសារ​​​​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ​​​បាន​ដក​ព្រះ​កាយ​ចេញ​ពី​ឆាក​នយោ​បាយ​​ទៅ​​​ហើយ​​​​នោះ​​​​ អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម​ អរុណ​រស្មី បុត្រី​​​​ព្រះ​ជន្ម​៥៧​ព្រះវស្សា​​​របស់​​​​ព្រះ​​​បរម​​​សព​​​សម្តេ​ចឪ និង​ជា​អតីត​ឯក​អគ្គ​រាជ​ទូត​​កម្ពុជាប្រចាំ​ប្រទេស​ម៉ាឡេស៊ី គឺ​ជា​មុខ​មាត់​ថ្មី​របស់​គណ​បក្ស​នេះ​​​ចាប់​តាំង​ពី​​​​ទ្រង់​​​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​​ជា​បេក្ខ​ជន​​នាយក​រដ្ឋ​មន្ត្រីរបស់​គណ​បក្ស​ហ្វ៊ិនស៊ិនប៉ិច​​​អំឡុង​​​​សមាជ​បក្ស​​​​ក្នុង​​​​ខែ​ឧសភា​​​មក​​​។​

អ្នក​ស្រី ហេង លី អាយុ​៣២​ឆ្នាំ ដែល​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​​​ឃោសនា​ កាល​ពី​ម្សិល​មិញ​​​នេះ​​​ បាន​និយាយថា ការ​តែង​តាំង​អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍​ នរោត្តម អរុណ​រស្មី បាន​ធ្វើ​ឲ្យ​អ្នកស្រី​​​មាន​ការ​ជឿ​ជាក់​​លើ​គណ​បក្ស​នេះ​ឡើង​វិញ។ អ្នក​ស្រី​​និយាយ​ថា​​​“ ខ្ញុំ​គិត​ថា​​​ អ្នក​អង្គ​ម្ចាស់​ស្រឡាញ់​ប្រជា​រាស្ត្រ​ខ្លាំង​ដូច​អតីត​ព្រះ​មហា​ក្សត្រ [សីហនុ] ដែរ​​​។​​​ ​យើង​ស្រឡាញ់​អតីត​ព្រះ​មហាក្សត្រ”។ អ្នកស្រី​​​​បានបន្ត​​​​ថា ខ្លួន​​​មាន​​​មោទន​ភាព​​​ណាស់​​​​ដែល​​​បាន​​​​ឃើញ​ស្ត្រី​ដឹក​នាំ​គណ​បក្ស​នៅ​ក្នុង​​​បរិយាស​​​នយោ​បាយ​​មួយ​ដែល​​គ្របដណ្តប់​​​ដោយ​​​​បុរសៗ។

ទោះ​ជា​យ៉ាង​ណា អំណាច​​​​ភាគច្រើន​​​​នៅ​ក្នុង​គណ​បក្ស​នេះ​​​នៅ​តែ​បន្ត​​​​ស្ថិត​​​​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​គ្រង​របស់​​​​លោក ញឹក ប៊ុនឆៃ អគ្គ​លេខា​ធិការ​​​​គណ​បក្ស​ ដែល​បាន​ដឹក​នាំ​កង​កម្លាំង​រាជា​និយម​ប្រយុទ្ធ​គ្នា​ ​ជាមួយ​​​​កង​ទ័ព​ដែល​មាន​ភក្តី​ភាព​ចំពោះ​លោក ហ៊ុន សែន​​​ ក្នុង​​​​ឆ្នាំ​១៩៩៧​​​។ បច្ចុប្បន្ន​នេះ លោក ញឹក ប៊ុនឆៃ ​គឺ​ជា​​​​អ្នក​​​គាំទ្រ​​​​ឥត​ងាក​រេម្នាក់​របស់​លោក ហ៊ុន សែន ដោយ​​​លោក​​​មាន​​​​ឋានៈ​ជា​សមា​ជិក​​​សភា​​​ផង​​​ និង​ជា​ឧបនាយក​រដ្ឋ​មន្ត្រី​​​ផង​​​។

​ធ្លាប់​​​ជាគ្រោះ​​​គំរាម​​​កំហែង​​​ចំពោះ​​​​​​អំណាច​​​​​​​​​របស់​លោក​ ហ៊ុន សែន និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​គណ​បក្ស​ហ្វ៊ិនស៊ិនប៉ិច ​បាន​​​ឆ្លងកាត់​​​ការ​​​​ផ្លាស់​ប្តូរ​ច្រើន​​​ណាស់​​​​ក្នុង​រយៈ​ពេល​១៦​ឆ្នាំ​ចុងក្រោយ​​​នេះ។ សម្រាប់​​​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន​ សមាជិក​ស្ថាបនិក​របស់​គណ​បក្ស​ហ្វ៊ិន​ស៊ីន​ប៉ិច​ និង​ជា​អតីត​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​អង្គការ​​សហ​ប្រជា​ជាតិ​ ក្នុង​​​សម័យ​​​​សង្គម​រាស្ត្រ​និយម​របស់​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ សីហនុ​​​ អំឡុង​​​​ទសវត្សរ៍​១៩៥០ និង​ទសវត្សរ៍​១៩៦០​​​វិញ​​​ គណ​​​បក្ស​ហ្វ៊ិនស៊ិនប៉ិច​ ពេល​នេះ​​​បាន​​​ក្លាយ​​​ជា​​​ គណ​​បក្ស​​​ដែល​​​បាន​​​បែក​បាក់​សាមគ្គី​គ្នា​​​​ទៅ​​​ហើយ។

ក្នុង​​​សម្លៀក​​​បំពាក់​​​ អាវ​យឺត​ព៌ណ​លឿង​ខ្ចី ដែល​មាន​ស្លាក​សញ្ញា​គណ​បក្ស​ហ្វ៊ិនស៊ិនប៉ិច​ព្រះ​អង្គ​​ម្ចាស់​ ស៊ីសុវត្ថិ​ សិរីរ័ត្ន​ បាន​មាន​បន្ទូល​ថា “ មាន​ការ​បែក​បាក់​សាមគ្គី​​​​គ្នា​​​ក្នុង​​​ជួរ​​​​គណ​បក្ស​របស់​យើង​។ មាន​អ្នក​ដែល​ចង់​រួមរស់​​​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា អ្នក​ដែល​ចង់​ឯករាជ្យ និង​អ្នក​ដែល​ចង់​ចូលរួម​ជាមួយ​គណ​បក្ស​ប្រឆាំង”។

លោក ញឹក ប៊ុនឆៃ អះអាង​​​​​​ថា គណ​បក្ស​រាជា​និយម​ធ្វើ​ការ​ជា​មួយ​គណ​បក្ស​កាន់​អំណាច​ ដើម្បី​បង្រួប​បង្រួម​ជាតិ​​​​ ហើយ​សម​នឹង​ទទួល​បានការ​​​កោត​​​សរសើរ​​​ចំពោះ​​​​​​​ការ​អភិវឌ្ឍដែល​បាន​កើត​មាន​ក្នុង​រយៈ​ពេល​មួយ​ទស​វត្សរ៍​កន្លង​មក​នេះ​ក្រោម​​​ការ​​​ដឹកនាំ​​​របស់​​​​រដ្ឋា​ភិបាល​ចម្រុះ។

លោក​​មាន​ប្រសាសន៍​ថា “ គោល​នយោ​បាយ​របស់​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​ គឺ​រួបរួម​​​គ្នា​​​នៅ​ជំុវិញ​រាជ​បល័្លង្ក។ សមិទ្ធផល​​​នានា​​​​ដែល​សម្រេច​​​បាន​​​ដោយ​​​រដ្ឋា​ភិបាល​ត្រូវ​បាន​កសាង​​​​​ឡើង​ដោយ​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ អ្វី​​​ដែល​​​សំខាន់​​​​បំផុត​​​នោះ​​​គឺថា គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​​​​បាន​ធ្វើ​​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​​​​​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជាដើម្បី​រក្សា​សន្តិ​ភាព​ ​ព្រោះ​យើង​អាច​ធ្វើ​ការ​ងារ​របស់​យើង​បាន​ ក៏​​​ដោយ​​​សារ​​​សន្តិ​ភាព​​​​នេះ​​​ដែរ​​​។ គឺ​​​​សន្តិ​ភាព​​​​និង​ស្ថិរ​ភាព​នេះ​ហើយ​​​​ ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ឲ្យ​​​ចូល​​​មក​ទស្សនា​ [កម្ពុជា] ខណៈ​​​​​វិនិ​យោគិន​​​​នានា​​​​​​​មក​បង្កើត​ការ​ងារ​សម្រាប់​មនុស្ស​​​​គ្រប់​គ្នា”។

ប៉ុន្តែ​​​​​​ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្តិ ធម្មិកោ ដែល​​បាន​ចាក​ចេញ​ពី​គណ​បក្ស​ហ្វ៊ិនស៊ិន​ប៉ិច ទៅ​​​ចូល​រួម​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ដើម​ឆ្នាំ​នេះ​ បាន​​​លើកឡើង​​​​ថា ការ​ចូលរួម​​​​របស់​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​​​ក្នុង​​​ការ​​​ប្រព្រឹត្ត​​​​​​ខុស​​​ និង​ការ​ស្តាប់​បង្គាប់​​​គណ​បក្ស​កាន់​អំណាច បាន​ធ្វើ​ឲ្យ​គណ​បក្ស​នេះ​​​​បាត់បង់​​​​សំឡេង​ឯក​រាជ្យ​ក្នុង​​​ឆាក​​​​នយោ​បាយ​កម្ពុជា។

ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​​​​ផង​​​ដែរ​ថា ទំនាក់​ទំនង​ដ៏​ស្អិត​រមួត​របស់​គណ​បក្ស​នេះ​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​​​​ធ្វើ​ឲ្យ​​​​មាន​​​ការ​​​ភ្ញាក់​​​រឭក​​​ក្នុង​​​ចំណោម​​​អ្នក​គាំ​ទ្រ​​​​របស់​​​​​​ព្រះ​​​បរម​​​សព​​​ នរោត្តម ​​​សីហនុ​​​ ដែល​មិន​ខ្លាច​ញញើត​​​​​នឹង​ការ​មាន​បន្ទូល​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នានា​​​​របស់​​​រដ្ឋាភិបាល​​​​លោក ហ៊ុន សែន ។

ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ បាន​មាន​បន្ទូល​​ថា គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច មិន​មែន​​​​​បាត់​បង់​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​​​ដោយ​សារ​នរណា​ម្នាក់​ឲ្យ​ប្រាកដ​ មិនថា​​​ជា​​​ ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ លោក ញឹក ប៊ុនឆៃ ឬ​អ្នក​អង្គម្ចាស់ អរុណ​រស្មី​ ​នោះទេ។ ​បក្ស​នេះ​បាន​បាត់​បង់​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រជា​រាស្ត្រ​ ដោយ​សារ​គណ​បក្ស​នេះ​ខ្វះ​គោល​នយោ​បាយ និង​គោល​ជំហរ”។

ព្រះ​អង្គម្ចាស់​​មាន​បន្ទូល​បន្ត​​​​ថា“ ​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច មិន​ដែល​​ព្យាយាម​បញ្ឈប់​សកម្ម​ភាព​ចាប់​យក​ដី ។ល។​​​និង​​​ ។ល។​​​ ​ឡើយ។ គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច មិន​ដែល​ព្យា​យាម​បញ្ឈប់​សកម្ម​ភាព​បណ្តេញ​ប្រជា​ពលរដ្ឋ​​​​ ចេ​ញ​ពី​ផ្ទះ​សំបែង​​​​របស់​ខ្លួន​ទេ​​​។ ខ្ញុំ​មិន​ដែល​​​​ឃើញ​​​សមាជិក​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​​​​ណា​​​​ម្នាក់​​​​​តវ៉ា​​​​ចំពោះ​​​បញ្ហា​​​នៅ​​​​​​​បឹង​កក់ និង​បុរីកីឡា​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​សោះឡើយ។​​​ នេះ​​​ហើយ​​​​​ជា​​​មូល​ហេតុ​ដែល​​​​ធ្វើ​​​ឲ្យ​​​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​​​ បាត់បង់​សំឡេង​ឆ្នោត​យ៉ាង​ច្រើន ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ។​​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បិុច​​​​​​គ្មាន​អនាគត​ទេ​​​​ប្រសិន​​​បើ​​​នៅ​តែ​ចង​សម្ពន្ធ​ភាព​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​នោះ​​”។

អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ អរុណ​រស្មី បាន​មាន​បន្ទូល​ថា​​​ មិន​ថា​​​​​​ គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​​​ ​​​ប្រកាន់​​​​​​ជំហរ​​​បែបណា​​​ក្នុងពេល​​​បច្ចុប្បន្ន​ទេ​ អ្វី​​​ដែល​​​សំខាន់​​​នោះ​​​គឺ​​​ថា​​​ ​ភាគច្រើន​​​នៃ​​​ការ​អភិ​វឌ្ឍ​និង​ស្ថិរ​ភាព​​​​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​តែង​​​​លើក​សរ​សើរ​ជា​ញឹក​ញាប់​នោះ គឺ​អាច​សម្រេច​បាន​ដោយ​សារ​តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដឹក​នាំ​ដោយ​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​ក្នុង​ទស​វត្ស​រ៍​ឆ្នាំ​១៩៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ​ដែល​នៅ​ទី​បំផុត​បាន​ឈាន​​ដល់​ការ​ចុះ​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីសក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​ជួយ​​​ប្រទេស​នេះ​​​​ក្នុង​​​ការ​​​បើក​ចំហ​ទ្វារស្វា​គមន៍​សហ​គមន៍​អន្តរ​ជាតិ។

អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍​ អរុណ​រស្មី បាន​មាន​បន្ទូល​ថា “ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​​​១៩៩០ គណ​​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​បាន​​​ឈាន​មុខ​គេ។ នៅ​ពេល​សម្តេច​ឪ​បង្កើត​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​ឡើង​ យើង​បានផ្តួចផ្តើម​​​ឲ្យ​​​មាន​​​​ការ​ចរ​ចា​​​ស្វែងរក​​​​សន្តិភាព។ នៅ​ពេល​​​មាន​ការ​បោះ​ឆ្នោត​លើក​​ដំបូង​​​ យើង​ទទួល​បាន​ជ័យ​ជម្នះ​ដោយ​សារ​តែ​ប្រជា​រាស្ត្រ​យល់​ថា យើង​ជា​អ្នក​ដឹក​នាំ​ដំណើរ​​​ការ​ផ្សះ​ផ្សាជាតិ​​​ក្នុង​ទសវត្ស​រ៍​ឆ្នាំ​១៩៨០”។

អ្នក​អង្គ​​​ម្ចាស់​ក្សត្រិយ៍​​​​​​​មាន​បន្ទូល​​​​ថា “​រាជា​ណា​ចក្រ​ទី​២​​​​ដែល​ប្រជា​ពលរដ្ឋ​​​ជា​ច្រើន​​​កំពុង​​​​​​រស់នៅ​​​ដោយ​​​រីករាយ​​​​​នេះ​​​​ បាន​​​ចាប់​​​បដិសន្ធិ​​​ដោយសារ​​ការ​ចូល​រួម​របស់​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច ​​​រួម​​​ជាមួយ​​​នឹង​​​​ប្រជា​ជន​កម្ពុជា​”។ ទ្រង់​​​​មាន​បន្ទូល​បន្ត​​​ថា ទាល់​តែ​​​មាន​​​តួ​នាទី​ធំ​ដុំ​ក្នុង​ជួរ​រដ្ឋា​ភិបាល​​​​ ទើប​​​គណ​បក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​ ​​​អាច​​​មាន​​​​ឥទ្ធិ​ពល​លើ​​​ការ​​​​ដឹក​នាំ​ប្រទេស​បាន​។

អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍​​បន្ថែម​​​​ថា “ ​គ្រាន់​តែ​​យើង​​​មាន​​២​អាសនៈ មិនមែន​​​បាន​​​​ន័យ​ថា យើង​​​ត្រូវ​​​បោះ​បង់​ក្តី​សង្ឃឹម​​​​​ចោល​​​ទេ​។ ការ​​​​អំពាវ​នាវ​របស់​​​ខ្ញុំ​​​ទៅ​​​កាន់​​​​ប្រជា​ពលរដ្ឋ​​​​​​​គឺ​​​ថា សូម​ផ្តល់​ឱ​កាស​ឲ្យ​យើង ​ដើម្បី​ឲ្យ​យើង​បាន​​​ធ្វើ​កិច្ច​ការ​​ច្រើន​ទៀត​សម្រាប់​ប្រ​ជាជន​​​​​​។ ខ្ញុំ​មិន​និយាយ​រឿង​ឈ្នះ​​​​​​​ទេ។ ការ​​​យក​​​ឈ្នះ​​​គឺ​​​ជា​រឿង​​​​​​ស្រមើស្រមៃ​​​។ ពេល​នេះ​យើង​កំពុង​តែ​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​​​”៕

ប្រែ​សម្រួល​ដោយ តែម សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស