29 C
Phnom Penh

ម្ចាស់​ជំនួយ​អន្តរជាតិ​ស្នើ​សុំ​ឲ្យ​រៀប​ចំ​គម្រោង​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ទន្លេ​សេសាន​២​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ដូច​ជា សហ​រដ្ឋ​អាមេរិក​ អូស្ត្រាលី​ សហភាព​អឺរ៉ុប​ និង​ធនា​គារ​​ពិភព​លោក​ បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​រៀប​ចំ​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​​ឡើង​វិញ​។ គម្រោង​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ខាង​បរិស្ថាន​លើក​ឡើង​ថា វា​​ធ្វើ​ឲ្យ​បាត់​បង់​ផល​នេសាទ​ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​គម្រោង​នេះ​ទៅ​ឲ្យ​គណៈកម្មការ​ទន្លេ​មេគង្គ​ដើម្បី​ពិគ្រោះ​​​យោបល់​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ ម្ចាស់​ជំនួយ​ទាំង​នេះ​បាន​លើក​ឡើង​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​៤០០​មេហ្គាវ៉ាត់​នេះ​​ ​មាន​ទីតាំង​ស្ថិត​នៅ​​​​​​​​ដៃ​ទន្លេ​មេគង្គ​ចំនួន​ពីរ​ ហើយ​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ផល​នេសាទ​ ព្រម​ទាំង​ប៉ះពាល់​ដល់​អ្នក​ភូមិ​រាប់​ពាន់​នាក់​ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ឡាវ​។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បង្ហាញ​ថា   “ ដោយ​សារតែ​ទំនប់​​វារីអគ្គិសនី​សេសាន​ក្រោម​​២​​អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​នៅ​ក្នុង​តំបន់​ ប្រសិន​បើ​ប្រើ​ប្រាស់​ប្លង់​ស្ថាបនា​បច្ចុប្បន្ន​ (ដូច​ជា ប៉ះពាល់​ដល់​ការ​ផ្លាស់​ទី​​​របស់​ត្រី​​ រំហូរ​ដី​ល្បាប់ និង​ការ​តាំង​លំនៅ​ដ្ឋាន​របស់​សហគមន៍​ក្នុង​ស្រុក​) ដៃ​គូ​អភិវឌ្ឍន៍​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​លើ​ប្លង់​គម្រោង​នេះ​ឡើង​វិញ​”។

គម្រោង​ដ៏​ចម្រូង​ចម្រាស​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ចំណុច​ប្រសព្វ​ទន្លេ​សេសាន និង​ទន្លេ​ស្រែ​ពក​ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​វិទ្យាសាស្ត្រ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំពោះ​រឿង​អាស្រូវ​ និង​ផល​ប៉ះពាល់​ខាង​បរិស្ថាន​ជា​ច្រើន​។​​គេ​​គិត​ថា គម្រោង​ទំនប់​វារីអគ្គិសនី​​នេះ​ នឹង​ធ្វើ​ឲ្យ​​ផល​ត្រី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ទាំង​មូល​​ធ្លាក់​ចុះ​ចំនួន​​៩​ភាគរយ ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ជម្លៀស​អ្នក​ភូមិ​ចំនួន​៥.០០០​នាក់​ចេញ​ពី​លំនៅ​ដ្ឋាន​ ព្រម​ទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​ជាង​១០០.០០០​នាក់ ដែល​រស់​នៅ​ទាំង​ខាង​លើ​ និង​ខាង​ក្រោម​​ទំនប់​នេះ​​។

ដោយ​សារ​តែ​មាន​ក្ដី​បារម្ភ​ទាំង​នេះ​ហើយ​ ​ទើប​ម្ចាស់​ជំនួយ​ស្នើ​សុំ​ឲ្យ​ប្រទេស​កម្ពុជា​ដាក់​គម្រោង​នេះ​​ដោយ​ស្ម័គ្រ​ចិត្ត​ ​សម្រាប់​​រៀប​ចំ​ដំណើរ​ការ​ពិគ្រោះ​យោបល់​​ថ្នាក់​តំបន់​ ដើម្បី​​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំង​បួន​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​អាច​ពិភាក្សា​គ្នា​ស្វែង​​​​​​​​​រក​មធ្យោបាយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​នេះ​។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​​បាន​លើក​ឡើង​ថា“ ដៃ​គូ​អភិវឌ្ឍន៍​មាន​ជំហរ​គាំ​ទ្រ​​រួច​ជា​ស្រេច​ហើយ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ដំណើរ​ការ​​ និង​និរន្តរភាព​របស់​គម្រោង​នេះ”។

ក្រុម​ម្ចាស់​ជំនួយ​ក៏​បាន​ស្នើ​សុំ​ផង​ដែរ​កុំ​ឲ្យ​ប្រទេស​ឡាវ​​បន្ត​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី (Xayaburi) នៅ​ក្នុង​ប្រទេស​ឡាវ​ ដែល​មាន​កម្លាំង​ផលិត​ថាម​ពល​​អគ្គិសនី​បាន​១.២៨៥​មេហ្កាវ៉ាត់​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​ស្នើ​ឲ្យ​ប្រទេស​ឡាវ​ដាក់​ផែន​ការ​រៀប​ចំ​គម្រោង​ស្ថាបនា​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី​ឡើង​វិញ​ ព្រម​ទាំង​ស្នើ​ឲ្យ​រៀប​ចំ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ពី​ទំនប់​វារីអគ្គិសនី​ដុង​សាហុង (Don Sahong) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ឡាវ​ ហើយ​មាន​ចម្ងាយ​ពីរ​គីឡូម៉ែត្រ​ពី​ព្រំ​ដែន​ប្រទេស​កម្ពុជា​។

កាល​ពី​មុន ​ប្រទេស​ឡាវ​ធ្លាប់​លើក​ឡើង​ថា ខ្លួន​បាន​រៀប​ចំ​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី​ឡើង​វិញ​ហើយ​ ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​កាន់​តែ​មាន​និរន្តរភាព​ ប៉ុន្តែ​ផែន​ការ​ជា​ច្រើន​មិន​ទាន់​​ត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ​នៅ​ឡើយ​ទេ​។

លោក​ស្រី​ អាមី ត្រាន់ដេម (Ame Trandem) នាយិកា​គម្រោង​​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers) បាន​មាន​ប្រសាសន៍​ថា “ ទំនប់​វារីអគ្គិសនី​ដូច​ជា​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី និង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ​អាច​បង្ក​ឧបសគ្គ​​ដល់​ការ​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​តំបន់​ និង​ទន្លេ​មេគង្គ​។ ខណៈ​ដែល​រដ្ឋាភិបាល​ឡាវ​មិន​អើ​ពើ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​នោះ​​ ហានិភ័យ​មាន​ទំហំ​ធំធេង​ណាស់​ ហើយ​​​​ប្រទេស​កម្ពុជា​មិន​អាច​ធ្វើ​ដូច​ឡាវ​បាន​ទេ​”។

លោក​ សេក មេគង្គ មេឃុំ​ស្រែ​គរ​​ជា​ឃុំ​ដែល​អាច​លិច​លង់​ដោយ​សារ​អាង​ស្តុក​ទឹក​សម្រាប់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នេះ​ បានស្វាគមន៍​​សេចក្ដី​ថ្លែងការណ៍​របស់​ម្ចាស់​ជំនួយ​កាល​ពី​ម្សិលមិញ។ លោក សេក​ មេគង្គ បាន​មាន​ប្រសាសន៍​ថា “ ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ផ្ដល់​ផល​​ប្រយោជន៍​សម្រាប់​តែ​ [ក្រុមហ៊ុន​មួយ​ចំនួន​ប៉ុណ្ណោះ​] ហើយ​មិន​មែន​សម្រាប់​សហ​គមន៍​ ឬ​ប្រទេស​ទាំង​មូល​នោះ​ទេ​។ យើង​សង្ឃឹម​ថា គណៈកម្មការ​ទន្លេ​មេគង្គ​ នឹង​ពិនិត្យ​​ពិច័យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ផល​ប៉ះពាល់​យ៉ាង​ធំ​ធេង ​ ហើយ​ឈាន​ដល់​ចំណុច​​ចុង​ក្រោយ​​​​ដែល​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ​អាច​នឹង​ត្រូវ​លុបចោល​វិញ​៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស