34 C
Phnom Penh

អតីត​ទាហាន​ លន់ នល់​ និយាយ​ថា ដោយ​សារ​តែ​សំណាង​ល្អ​ទើប​ខ្លួន​អាច​រស់​រាន​មាន​ជីវិត​នៅ​ឆ្នាំ​១៩៧៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វា​​គឺ​ជា​ការ​ប្រែ​ប្រួល​​​សំណាង​ជា​ធម្មតា​ដែល​​បាន​ធ្វើ​ឲ្យ​លោក ស៊ុម អាឡាត់ អាច​រស់​រាន​មាន​ជី​វិត​បាន គឺ​គាត់​ត្រូវ​បាន​គេ​រុញ​ចេញ​ទៅ​ម្ខាង​ ហើយ​ប្រាប់​ឲ្យ​នៅ​រង់​ចាំ​រថយន្ត​ជើង​​ក្រោយ​។

លោក អាឡាត់ អាយុ​៦០​ឆ្នាំ បាន​និយា​យ​រៀប​រាប់​ប្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី​ម្សិល​មិញ​ថា គាត់​គឺ​ជា​មនុស្ស​ម្នាក់​នៅក្នុង​ចំណោម​មន្ត្រី​ ទាហាន ប្រជា​ជន​ស៊ីវិល និង​សិស្ស​ និស្សិតសម័យ​ លន់ នល់​ ប្រហែល​៥០០​នាក់ ដែល​នាំ​គ្នា​​ព្យា​យាម​ឡើង​ទៅ​លើ​ក្បួន​រថ​យន្ត​មួយ​ ដែល​ដឹក​មនុស្ស​ទៅ​កាន់​តំបន់​ប្រ​ហារ​ជីវិត​ទួល​ពោធិ៍​ជ្រៃ​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់។ ក៏ប៉ុន្តែ គេ​បាន​ប្រាប់​អ្នក​ទាំង​នោះ​ថា រថយន្ត​ធំៗ​ទាំង​នេះ​ដឹក​ពួក​គេ​ទៅ​ជួប​អង្គការ​ ដែល​បាន​ប្រាប់​​ពួក​គេ​ថា អង្គ​ការ​កំពុង​​តែ​រង់​ចាំ​ទទួល​ពួក​គេ​ដើម្បី​បង្រួប​បង្រួម​អតីត​របប​ដែល​គាំ​ទ្រ​ដោយ​អាមេរិក ជាមួយ​របប​ខ្មែរ​ក្រហម​។

ការ​អន្ទះសា​ចង់​ធ្វើ​ដំណើរ​ជាមួយ​សមា​ជិក​រដ្ឋា​ភិបាល​ លន់ នល់​ បាន​កើត​ឡើង​បន្ទាប់​​ពី​មាន​កិច្ច​ប្រជុំចំនួន​ពីរ​លើក​​របស់​​​តំបន់​ភូមិ​ភាគ​ពាយព្យ​ឈ្មោះ តាសុទ្ធ ប្រហែល​ពីរ​សប្តាហ៍​​​ក្រោយ​​ពី​ការ​ដួល​រលំ​ក្រុង​ភ្នំ​ពេញ​នា​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។

លោក អាឡាត់ នៅ​តែ​ចងចាំ​ថា “ មនុ​ស្ស​អន្ទះ​សាចង់​ទៅ”។ មាន​មនុស្ស​ពពាក់​ពពូន​គ្នា​ ខណៈ​ដែល​មាន​មនុស្ស​ចំនួន​៥០០​នាក់ ព្យា​យាម​ឡើង​លើ​​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​អូស្ត្រាលី ​ដែល​ដឹក​ជញ្ជូន​ពួក​គេ​ទៅ​កន្លែង​ជួបជុំ​​គ្នា​។ មាន​​តែ​រថយន្ត​ប្រហែ​ល​ពី​១០​ទៅ​១៥​គ្រឿង​​ប៉ុណ្ណោះ។ ដូច្នេះ មិន​អាច​ដាក់​មនុស្ស​បាន​ទាំង​អស់​គ្នា​នោះ​ទេ​។

គាត់​បាន​និយាយ​ថា “ មនុស្ស​នាំ​គ្នា​រង់​ចាំ​នៅ​តាម​ដង​ផ្លូវ​ ហើយ​ប្រញាប់​ប្រញាល់​ឡើង​​លើ​ឡាន​”។ គាត់​បាន​បន្ថែម​ទៀត​ថា ឡាន​មួយ​គ្រឿងៗ​អាច​ដាក់​មនុស្ស​បាន​ប្រហែល​ពី​៥០នាក់ ទៅ ៦០​នាក់។

គាត់​បាន​និយាយ​ប្រាប់​បន្ថែម​​ទៀត​ថា  “ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ គឺឡាន​នីមួយៗ​មាន​ផ្ទុក​មនុស្ស​ពេញ​ ហើយ​​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ព្យា​យាម​ឡើង​លើ​ឡាន​ទាំង​នោះ​ដែរ ប៉ុន្តែ ក្រោយ​មក​ពួក​គេ​ត្រូវ​បាន​រុញ​ឲ្យ​ចុះ​មក​វិញ​។ ខ្ញុំ​បាន​ឡើង​លើ​ឡាន​៧​ ឬ៨​ ដង​ដែរ​​​ ក៏​ប៉ុន្តែ​ពួក​គេ​មិន​​ឲ្យ​ខ្ញុំ​ទៅ​ ហើយ​រុញ​ខ្ញុំ​ឲ្យ​ចុះ​មក​វិញ​។ គេ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​រង់​ចាំ​ឡើង​ឡាន​ជើង​ក្រោយ​។ ខ្ញុំ​មិន​​ខ្វល់​ថា​ ឡាន​មួយ​ណា​នោះ​ទេ​ ប៉ុន្តែ រាល់​​ឡាន​ដែល​ខ្ញុំ​ព្យា​យាម​ឡើង​ជិះ​សុទ្ធ​តែ​ពេញ​”។
នៅ​ពេល​​ដាក់​​មនុស្ស​ពេញ រថយន្ត​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​តំបន់​ទួល​ពោធិ៍​ជ្រៃ។

តំបន់​ប្រហារ​ជីវិត​ទួល​ពោធិ៍​ជ្រៃ​នេះ ត្រូវ​​បាន​គេ​បើក​សម្លាប់​មនុស្ស​​ម្តង​បើក ម្តង​បិទ​ ចាប់​ពី​ចុង​ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ឆ្នាំ១៩៧៧ អំឡុង​ពេល​នោះ​ ទាហាន​ និង​ជន​​ស៊ីវិល​ពី​សម័យ លន់ នល់​ ត្រូវ​បាន​គេ​សម្លាប់​អស់​យ៉ាង​ច្រើន​នាក់​ នេះ​បើ​យោង​តាម​ដីកា​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង​​បច្ចុ​ប្បន្ន​ ដែល​​គេ​ស្គាល់​ថា សំណុំ​រឿង​០០២។

ដោយ​មិន​ដឹង​ថា តើ​គាត់​រៀប​នឹង​ឡើង​​រថយន្ត​ ហើយ​វិះ​តែ​នឹង​គេ​យក​ទៅ​សម្លាប់​បែប​​​ណា​នោះ​ លោក អាឡាត់ បាន​រង់​ចាំ​ជាមួយ​​មនុស្ស​ប្រហែល​៦០​នាក់​ផ្សេង​ទៀត​ អស់​រយៈ​​ពេល​ប្រហែល​២​ម៉ោង​។ គាត់​បាន​និយាយ​ថា “ ក្រោយ​មក​ ខ្ញុំ​ក៏​បាន​វិល​ត្រឡប់​ទៅ​ភូមិ​របស់​ខ្ញុំ​វិញ ដើម្បី​ជួប​ជាមួយ​​ក្រុម​គ្រួសារ​របស់​ខ្ញុំ​”។
លោក អាឡាត់ បាន​និយាយ​ប្រាប់​លោក​ វិកទ័រ កូប៉េ (Victor Koppe) មេ​ធាវី​របស់​ជន​ជាប់​ចោទ នួន ជា នៅ​ក្នុង​តុលាការ​កាល​ពី​ម្សិល​​មិញ​ថា បី​ថ្ងៃ​ក្រោយ​មក​ មនុស្ស​ពីរ​នាក់​ បាន​ទៅ​ជួប​គាត់​ ហើយ​បាន​ប្រាប់​គាត់ស្ងាត់​ៗ​ថា មនុស្ស​ជា​ច្រើន​រយ​នាក់​ក្នុង​ចំណោម​មនុស្ស​​ជា​ច្រើន​ទៀត​ ​ត្រូវ​បាន​​ដឹក​តាម​ឡាន​ទៅ​តំបន់​​សម្លាប់​នេះ។ មនុស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​បាន​ប្រាប់​គាត់​ផង​ដែរ​ថា រូប​គាត់​ត្រូវ​បាន​គេ​តាម​ដាន​ ពី​ព្រោះ​គេ​​ផ្តោត​ទៅ​លើ​រូប​គាត់​ ដោយ​សារ​តែ​គាត់​ជា​ទាហាន​ លន់ នល់​។

បុរស​រូប​នេះបាន​និយាយ​រៀប​រាប់​ថា “ ខ្ញុំ​បាន​ជួប​មនុស្ស​ទាំង​ពីរ​នាក់​នេះ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា ពួក​គេ​បាន​រត់​ចេញ​ពី​តំបន់​ទួល​ពោធិ៍​ជ្រៃ។ ពួក​គេ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​​ខ្លីៗ​អំពី​រឿង​នោះ​ ហើយ​បាន​និយាយ​អំពី​ការ​សម្លាប់​នៅ​ទី​នោះ ហើយ… ពីរ​សប្តាហ៍​ក្រោយ​មក​ទៀត​ពួក​គេ​ត្រូវ​បាន​ដេញ​ចាប់​ ​យក​ទៅ​សម្លាប់​​​​ចោល​តែ​ម្តង​”៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស