មន្ត្រីបានឲ្យដឹងថា មនុស្ស៨០នាក់បានស្លាប់ដោយសាររន្ទះបាញ់រយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ដែលមានជនរងគ្រោះចុងក្រោយត្រូវបានចុះបញ្ជីកាលពីថ្ងៃអង្គារនៅខេត្តកំពង់ចាម។
លោក កែវ វី អនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានមានប្រសាសន៍ថា “ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០១៣ មនុស្សស្លាប់ដោយសាររន្ទះបាញ់បានកើនឡើងដល់ [២១ភាគរយ] បើប្រៀបធៀបទៅនឹងឆ្នាំ២០១២”។
យោងតាម លោក កែវ វី បានឲ្យដឹងថា មានមនុស្សស្លាប់៨០នាក់នៅឆ្នាំនេះ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានមនុស្សស្លាប់ចំនួនតែ៦៦នាក់ ប៉ុណ្ណោះ។
នៅឆ្នាំនេះ មនុស្ស៦៩នាក់បានរងរបួសហើយសត្វពាហនៈចំនួន៤៦ក្បាលបានងាប់។លោក សូ សារិទ្ធ អធិការនគរបាលស្រុកបានឲ្យដឹងថា លោក សេត វ៉ាន់ឌឿន អាយុ៤៧ឆ្នាំ ជាកសិករម្នាក់នៅស្រុកកងមាសបានជ្រកនៅផ្ទះរបស់គាត់អំឡុងពេលមានផ្គររន្ទះហើយគាត់ត្រូវបានរន្ទះបាញ់កាលពីថ្ងៃអង្គារនៅពេលនោះតែម្តង។
លោក សូ សារិទ្ធ បានថ្លែងថា “ រន្ទះបានបាញ់តាមអង់តែនទូរទស្សន៍ និងឧបករណ៍អគ្គិសនី នៅក្បែរផ្ទះរបស់ជនរងគ្រោះនេះ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ