33 C
Phnom Penh

អ្នក​បើក​បរ​យាន​យន្ត​នឹង​មិន​ទទួល​​ការ​ផាក​ពិន័យ​ឡើយ នៅ​​មុន​ថ្ងៃ​បោះ​ឆ្នោតជាតិមក​ដល់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​បើក​បរ​យានយន្ត​ នឹង​បើក​បរ​ដោយ​ភាព​ងាយ​ស្រួល​នៅ​ប៉ុន្មាន​សប្ដាហ៍​​ទៀត​ព្រោះ​​នគរបាល​ចរាចរក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ផ្ដោត​លើ​ការ​សម្រួល​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​​នៃ​យាន​យន្ត​នានា​មុន​ថ្ងៃ​បោះ​ឆ្នោត​ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ជាជាង​ផាក​ពិន័យ​អ្នក​ធ្វើ​ដំណើរ​ណា​ដែល​រំលោភ​ច្បាប់​ចរាចរណ៍។

នៅ​​ទូទាំង​​រាជធានី​កាលពី​ម្សិលមិញ នគរ​បាល​ចរាចរបាន​ចាប់​ផ្ដើម​​តួនាទី​ថ្មី​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរា​ចរណ៍​ឲ្យ​មានកម្រិត​តិច​តួច​ ដោយ​មិន​ផាក​ពិន័យ​ទាំង​ផ្លូវការ និង​មិន​ផ្លូវ​​​ការ​។

មន្ត្រី​នគរបាល​ចរាចរ​ម្នាក់​​ឈរ​ជើង​ក្បែរ​​ស្ថានទូត​បារាំង ដែលបាន​​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ដោយ​សារ​តែ​ខ្លាច​មាន​លទ្ធផល​មិន​ល្អ​ចំពោះ​​ការ​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​បាន​និយាយ​ថា​​“ មន្ត្រី​ថ្នាក់​​លើ​​បាន​ប្រាប់​យើង​មិន​ឲ្យ​ផាក​ពិន័យ​នរណា​ម្នាក់​ឡើយ​ រហូត​ដល់​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់​”។

មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ថា “ គេ​បាន​ដក​ហូត​សៀវ​ភៅ​ផាក​ពិន័យ​​ពី​នគរបាល​ចរា​ចរទាំង​អស់​ ដែល​ឈរ​ជើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​រារាំង​ពួកគេ​មិន​ឲ្យ​ប្រើ​​ប័ណ្ណ​ផាក​ពិន័យ​”។ មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា “ ប្រជា​ពលរដ្ឋ​ដែល​បើក​បរ​ដោយ​គ្មាន​មួក​សុវត្ថិភាព​ បើក​បរ​ដោយ​គ្មាន​ពាក់​ខ្សែ​ក្រវាត់​ការពារ ឬក៏​បើក​បរ​បញ្ច្រាស​ទិស​ក្តី​សុទ្ធ​តែ​មិន​ត្រូវ​បាន​បញ្ឈប់​ឡើយ។ លោក​និយាយ​ថា “ វា​មិន​ល្អ​ទាល់​តែ​សោះ​”។ លោក​បាន​បន្ថែម​ដោយ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ថា ពួកគេ​ចង់​បាន​សន្លឹក​ឆ្នោត។​

នៅ​ចំណុច​ប្រសព្វ​ដ៏​មមាញឹក​មួយ​ក្បែរ​ផ្សារ​ថ្មី​ គេ​បាន​ឃើញ​មន្ត្រី​ម្នាក់​កំពុង​បង្ហាញ​ទិស​ដល់​អ្នក​បើក​បរ​យាន​យន្ត​​ ប៉ុន្តែ បាន​ធ្វើ​ព្រងើយ​កន្តើយ​អ្នក​បើក​បរ​ដែល​បើកបរ​​បញ្ច្រាស​ទិស​ និង​មិន​ពាក់​មួក​សុវត្ថិភាព។

លោក ហេង ចាន់ធារី ប្រធាន​នគរបាល​ចរាចររាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា មន្ត្រី​របស់​លោក​សព្វ​ថ្ងៃ​មិន​បាន​ផាក​ពិន័យ​អ្នក​បើកបរ​បំពាន​ច្បាប់​នៅ​តាម​ផ្លូវ​ឡើយ​។ លោក​បាន​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​នេះ​​គឺ​ដោយ​សារ​តែ​ផ្តល់​​អាទិភាព​ដល់​​​​ការ​ធ្វើ​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។

នៅ​ពេល​​សួរ​ថា​ តើ​រដ្ឋាភិបាល​បាន​​ណែ​នាំ​មន្ត្រី​ចរាចរ​ដែល​ល្បី​ខាង​ទារ​ប្រាក់​សំណូក​មិន​ឲ្យ​ផាក​ពិន័យ​អ្នក​ធ្វើ​ដំណើរ ជា​មធ្យោ​បាយ​ដើម្បី​ទិញ​ទឹក​ចិត្ត​អ្នក​បោះ​ឆ្នោត​ក្នុង​រាជធានី​ឬ​យ៉ាង​ណា​នោះ លោក ចាន់​ធារី បាន​លើក​ឡើង​ថា គ្មាន​ករណី​បែប​នោះ​ទេ​។

លោក​បាន​លើក​ឡើង​សំដៅ​ទៅ​លើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា “ យើង​ធ្វើការ​សម្រាប់​គណបក្ស​ទាំង​អស់។ យើង​មិន​គិត​ថា គណ​បក្ស​ប្រជាជន​កម្ពុជា ឬក៏​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។

ទោះ​ជា​យ៉ាង​ណា​ លោក ចាន់​ធារី បាន​បន្ថែម​ថា ជំនួស​ឲ្យ​ការ​ផាក​ពិន័យ​នៅ​តាម​ផ្លូវ​ អ្នក​បើក​បរ​យាន​យន្ត​បំពាន​ច្បាប់​ត្រូវ​បាន​បញ្ជូន​​ឲ្យ​ទៅ​បង់​ប្រាក់​ពិន័យ​នៅ​​​ការិយាល័យ​​នគរបាល​​​វិញ។ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​នគរបាល​អាច​ចេញ​ប័ណ្ណ​ផាក​ពិន័យ​ទៅ​ឲ្យ​អ្នក​ល្មើស​ច្បាប់​ចរា​ចរណ៍​ដោយ​គ្មាន​សៀវភៅ​ផាក​ពិន័យ​តាម​របៀប​ណា​នោះ​ទេ​។

មន្ត្រី​នៅ​តាម​ប៉ុស្តិ៍​នគរបាល​ចរាចរណ៍​ចំនួន​ប្រាំពីរ​ផ្សេង​ទៀត ដែល​នៅ​​ទូ​ទាំង​រាជ​ធានី​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ពួក​គេ​ត្រូវ​បាន​ប្រាប់​ឲ្យ​ចៀស​វាង​ការ​ផាក​ពិន័យ​​អ្នក​​បើក​បរ​។

មន្ត្រី​ម្នាក់​ដែល​ឈរជើង​ក្បែរ​វិមាន​ឯករាជ្យ​ដែល​​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ​ បាន​លើក​ឡើង​ដែរ​ថា នគរបាល​ចរាចរ​នឹង​ចាប់​ផ្តើម​ផាក​ពិន័យ​​អ្នក​ធ្វើ​ដំណើរ​ឡើង​វិញ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​។ លោក​​បាននិយាយ​ថា “ គេ​បាន​ប្រាប់​យើង​មិន​ឲ្យ​ផាក​ពិន័យ​ឡើយ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​មាន​រយៈពេល​មួយ​ខែ​នេះ។ វា​គឺ​ជា​ពេល​បោះ​ឆ្នោត ហេតុ​ដូច្នេះ​ហើយ​ យើង​នឹង​ផ្ដោត​ច្រើន​ទៅ​លើ​ការ​ធ្វើ​ដំណើរ​វិញ”។

មន្ត្រី​ម្នាក់​​ទៀត​​ដែល​ឈរ​ជើង​នៅ​កាច់​ជ្រុង​ផ្លូវ​លេខ​១៥៤ និង​មហាវិថី​ព្រះ​នរោត្តម​​បាន​និយាយ​ថា លោក​ក៏​ត្រូវ​បាន​គេ​ប្រាប់​មិន​ឲ្យ​ចេញ​ប័ណ្ណ​ផាក​ពិន័យ​ទៅ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដែរ​​ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

លោក​បាន​លើក​ឡើង​ថា “ យើង​ទទួល​ខុស​ត្រូវ​​តែ​យុទ្ធនាការ​បោះ​ឆ្នោត​ ​ប៉ុណ្ណោះ ដើម្បី​ធានា​ឲ្យ​បាន​ថា ​ចររាចរណ៍​​ដំណើរ​ការ​​បាន​ល្អ​​​”។ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​នរណា​ជា​អ្នក​ចេញ​សារាចរ​មិន​ឲ្យ​នគរបាល​ចរាចរផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​នោះ លោក​ឧត្តម​សេនីយ៍​ឯក​​ គៀត ច័ន្ទថា​រិទ្ធ អ្នក​នា​ំ​ពាក្យ​នគរបាល​ជាតិ​បាន​លើក​ឡើង​ថា លោក​​មិន​បាន​ដឹង​ពី​បទ​បញ្ជា​បែបនេះ​ទេ​។

លោក​ឧត្តម​សេនីយ៍​ឯក​ គៀត ច័ន្ទ​ថារិទ្ធ​ ​​​បានថ្លែង​ថា “ ជា​ទូទៅ​យើង​មិន​បាន​​​បង្កើត​ច្បាប់​ដូច​នេះ​ទេ ពីព្រោះ​វា​ផ្ទុយ​នឹង​ច្បាប់​”។ លោក​បាន​ថ្លែង​ថា “ ក្នុង​នាម​ជា​មន្ត្រី​​អនុវត្ត​​ច្បាប់​ វា​គឺ​ជា​តួនាទី​របស់​​យើង​ក្នុង​ការ​អនុវត្ត​ច្បាប់​”។ លោក​បាន​បន្ត​ថា លោក​គិត​ថា គ្មាន​នរណា​ម្នាក់​ចេញ​បទ​បញ្ជា​បែប​នេះ​ឡើយ​។

លោក អ៊ា ចរិយា អ្នក​គ្រប់​គ្រង​សុវត្ថិភាព​ផ្លូវ​គោក​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​លើក​ឡើង​ថា គោល​នយោបាយ​បែប​នេះ​លើក​​ទឹក​ចិត្ត​អ្នក​បើកបរ​កាន់​តែ​ធ្វេស​ប្រហែស។ លោក​បាន​លើក​ឡើង​ថា “ ខ្ញុំ​បាន​ឃើញ​យុវជន​ជិះ​តែ​ដៃ​មួយ​​ ហើយ​ដៃ​ម្ខាង​ទៀត​កាន់​ទង់​ជាតិ​។ បែប​នេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​។ យើង​សុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​បន្ត​ទៀត​”៕

(រាយការណ៍​បន្ថែម​ដោយ Luke Radcliff)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស