ខេត្តកណ្ដាល៖ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានធ្វើឲ្យរំជើបរំជួលក្នុងចំណោមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រហែល១.០០០នាក់ តាមរយៈសុន្ទរកថានៅខាងមុខវត្ត ព្រែកតូច នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល កាលពីព្រឹកម្សិលមិញ។

បន្ដមកទៀត បន្ទាប់ពីបានដឹកនាំក្បួនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិតាមផ្លូវជាតិលេខ២១ ឆ្លងកាត់ដីកសិកម្មដ៏ខៀវស្រងាត់ អមទន្លេបាសាក់នោះ លោក កឹម សុខា បាននិយាយស្ទើរតែដដែលៗទៅកាន់អ្នកភូមិរាប់រយនាក់នៅវត្តមួយ នៅក្នុងឃុំកំពង់កុង ស្រុកកោះធំ ដែលនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីព្រំដែនវៀតណាម។
លោក កឹម សុខា បានថ្លែងថា “ គណ បក្សសង្គ្រោះជាតិធានាថា យើងនឹងការពារទឹកដីកម្ពុជា ព្រោះ កឹម សុខា និង សម រង្ស៊ី មិនជំពាក់បំណុលវៀតណាម ថៃ ឬ បរទេសណាទេ”។ ការអះអាងពីទំនាក់ទំនងស្អិតល្មួតរវាងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលទីក្រុងហាណូយ បានក្លាយជាការឈឺចាប់របស់គណបក្សប្រឆាំងដែលបានអះអាងថា គោលនយោបាយគាំទ្រវៀតណាមរបស់រដ្ឋាភិបាលបាននាំឲ្យមានការអនុវត្តច្បាប់អន្តោប្រវេសន៍ធូររលុង លក្ខខណ្ឌអនុគ្រោះដល់វិនិយោគិនវៀតណាម និងការបាត់បង់ដីខ្មែរទៀតផង។
ទោះជាយ៉ាងណា លោក កឹម សុខា បាននិយាយចំឈ្មោះប្រទេសជិតខាងតែពីរដងគត់នៅក្នុងសម្តីរបស់គាត់កាលពីម្សិលមិញ។ លោក កឹម សុខា ថ្លែងអំឡុងពេលសម្រាកពីយុទ្ធនាការថា “ មុនយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំនេះយើងបានណែនាំសកម្មជនរបស់យើងមិនឲ្យនិយាយច្រើនអំពីបញ្ហា [វៀតណាម]នោះទេ ព្រោះប្រជាពលរដ្ឋ អាចចាត់ទុកថា យើងជាអ្នកជាតិសាសន៍និយម”។
លោកបានមានប្រសាសន៍ថា “ គណបក្សប្រជាជនកម្ពុជាចោទយើងអំពីបញ្ហានោះ។យើងដឹងថា ពួកគេតាមដានយើង និងថតសំឡេងរបស់យើង រួចហើយយកខ្សែអាត់សំឡេងនោះទៅឲ្យអគ្គរដ្ឋទូតនៅតាមស្ថានទូតនានា និងនិយាយថា យើងគឺជាអ្នកជាតិសាសន៍និយម”។
ផ្ទុយទៅវិញ លោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិបត្តិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីខែមុនថា លោក ហ៊ុន សែន បានណែនាំមន្ត្រីនៅការិយាល័យរបស់លោកឲ្យចម្លងសុន្ទរកថារបស់គណបក្សប្រឆាំងជាអក្សរដើម្បីបង្ហាញសហគមន៍អន្តរជាតិអំពីកលល្បិចដែលគណបក្សសង្គ្រោះជាតិបានប្រើប្រាស់ដើម្បីទាក់ទាញសំឡេងគាំទ្រ។
លោក កឹម សុខា បានមានប្រសាសន៍កាលពីម្សិលមិញថា សារៈសំខាន់បំផុតពីរ ដែលលោកចែកចាយដល់ប្រជាពលរដ្ឋគឺថា គណបក្សសង្គ្រោះជាតិអាចរក្សាស្ថិរភាពបាន ប្រសិនបើគណបក្សនេះជាប់ឆ្នោតក្នុងរដ្ឋាភិបាល ហើយមានមធ្យោបាយខាងហិរញ្ញវត្ថុ ដើម្បីធ្វើតាមការសន្យាពេលយុទ្ធនាការរបស់ខ្លួន។
កាលពីម្សិលមិញ ទោះបីជាលោក កឹម សុខា មានការប្រុងប្រយ័ត្នមិនហៅវៀតណាមចំឈ្មោះដដែលៗក៏ដោយ ក៏ពាក្យសម្តីរបស់លោកបានសំដៅទៅលើថ្នាក់ដឹកនាំប្រទេសមួយចំនួនតូច ដែលបានផ្ដួលរំលំរបបខ្មែរក្រហម និងបានលើកបន្តុបរដ្ឋាភិបាលកុម្មុយនីស្តដែរ។ លោក កឹម សុខា មានប្រសាសន៍អំឡុងពេលសុន្ទរកថាទាំងពីរលើករបស់លោកកាលពីម្សិលមិញថា “ ប្រសិនបើយើងនៅតែទុកមេដឹកនាំម្នាក់ដែលគ្រប់គ្រងដោយបរទេសដដែលនោះ ប្រទេសរបស់យើងនឹងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស ហើយប្រសិនបើយើងចង់ឲ្យប្រទេសយើងរស់ និងមិនគ្រប់គ្រងដោយបរទេសនោះ បងប្អូនត្រូវតែបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា