29 C
Phnom Penh

អ្នក​ភូមិ​ខឹង​សម្បា​ចំពោះ​ក្លិន​ស្អុយ​ ​និង​ជំងឺ​ ដែល​បណ្តាល​មក​ពី​​កន្លែង​ចាក់​សំរាម​ នៅ​ឃុំក្រឡា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ចំនួន​បី​ភូមិ​នៅក្នុង​ឃុំ​ក្រ​ឡា ខេត្ត​កំពង់​ចាម កាន់​តែ​មាន​កំហឹង​ខ្លាំង​ឡើ​ង​ចំពោះ​​បញ្ហា​ដែល​បណ្តាល​មក​ពី​កន្លែង​ចាក់​សំរាម​នៅ​ជិត​ទី​កន្លែង​ពួក​គាត់​រស់​នៅ ដោយ​និយាយ​ថា ​វា​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ ហើយ​​បញ្ចេញ ​​​​ក្លិន​ស្អុយ​។

លោក ខាត់ ស៊ាង មេ​ភូមិ​ទួល​ពពេល​បាន​និយាយថា កំហឹង​របស់​ប្រជា​ពល​រដ្ឋ​អាច​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​នៅ​ចុង​សប្តាហ៍​នេះ ប្រសិន​បើ​គ្មាន​ការ​ចាត់​វិ​ធានការ​ពី​ក្រុម​ហ៊ុន ស៊ិនទ្រី ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​សំរាម​ដែល​ទទួល​​ខុស​ត្រូវ​ចំពោះ​កន្លែង​ចាក់​សំរាម​នេះ។

គាត់​បាន​និយាយថា “ ​ខ្ញុំ​បាន​ប្រាប់​ប្រជា​ពល​​រដ្ឋ​ឲ្យ​ទប់​កំហឹង​ ហើយ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ក៏​ប៉ុន្តែ ខ្ញុំ​ខ្លាច​ក្រែង​តែ​ពួកគាត់​មិន​អាច​ទប់​កំហឹង​នេះ​បាន​​យូរ​ទេ”។

លោក ជិន ញ៉ូន មេ​ឃុំក្រឡាបាន​ឲ្យ​ដឹង​ថា គាត់​ក៏​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​អ្នក​ភូមិ​ដែរ​។ គាត់​បាន​មាន​ប្រសាសន៍ថា “ ប្រជា​ពល​​រដ្ឋ​​បាន​ត្អូញ​ត្អែរ​​ថា មាន​ក្លិន​​ស្អុយ​ខ្លាំង​ណាស់​ ហើយ​​មាន​រុយ​ច្រើន​ ដែល​គាត់​ត្រូវ​តែ​ទទួល​ទាន​អាហារ​នៅ​ក្នុង​មុង​។ ពួក​​គាត់​ក៏​ធ្លាក់​ខ្លួន​ឈឺ​ ដោយ​ជំងឺ​រាករូស​ និង​ផ្តាសាយ​ផង​ដែរ​”។
លោក ឡាយ វង មេ​ភូមិ​ត្រពាំង​ចារ បាន​ឲ្យ​ដឹង​ថា សំរាម​នៅ​​កន្លែង​ចាក់​សំរាម​នេះ បាន​​ប៉ើង​ចូល​ទៅ​ក្នុង​វាល​ស្រែ​ ហើយ​ប៉ះ​ពាល់​ដល់​​ដំណាំ​របស់​គាត់​។

អ្នក​ភូមិ​បាន​ដាក់​ញត្តិ​មួយ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​ប្រជា​ពល​រដ្ឋ​ជាង​៣០០​នាក់ នៅ​​ក្នុង​ភូមិ​ទួល​ពពេល​ ភូមិ​ត្រពាំង​ចារ និង​ភូមិ​ត្រកួន ទៅ​ឲ្យ​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​ជាង​មួយ​ខែ​មក​ហើយ ដោយ​ទាម​ទារ​ឲ្យ​លុប​កន្លែង​ចាក់​​សំរាម​នេះ ហើយ​ពួក​គាត់​បាន​ជួប​ជាមួយ​មន្ត្រី​​កាលពី​សប្តាហ៍​មុន​។

ក្រុម​ហ៊ុន​ ស៊ិនទ្រី ដែល​ទទួល​​ការ​យល់​​ព្រម​ឲ្យ​ប្រ​មូល​សំរាម​រយៈពេល​៤៩​ឆ្នាំ នៅ​រាជ​​ធានី​ភ្នំពេញ ទទួល​បាន​អាជ្ញា​ប័ណ្ណ​ផ្តល់​សេវា​គ្រប់​គ្រង​សំរាម​នៅ​ខេត្ត​កំពង់​ចាម​ កាល​ពី​១៨​​ខែ​មុន​ ក្នុង​ការ​រៀប​ចំដេញ​ថ្លៃ​មួយ​ដែល​​មាន​ក្រុម​ហ៊ុន​ដេញ​ថ្លៃ​តែ​មួយ​គត់ នេះ​បើ​យោង​​​តាម​លោក​ លន់ លឹមថៃ អភិបាល​រង​ខេត្ត។

លោក សេង ចំរើន អគ្គ​នាយក​រង​ក្រុម​ហ៊ុន​ ស៊ិន​ទ្រី បាន​សូមអភ័យ​ទោស​ចំពោះ​បញ្ហា​ទាំង​នេះ​កាលពី​ម្សិល​មិញ​ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍​ថា បញ្ហា​មួយ​ចំនួន​កើត​ចេញ​ពី​ការ​​បាក់​បែក​ជញ្ជាំងហ៊ុម​ព័ទ្ធ​កន្លែង​ចាក់​សំរាម​នេះ ដោយ​សារ​តែ​ខ្យល់​ព្យុះ​កាល​ពី​ពេល​ថ្មីៗ​​នេះ​។

លោក​​មានប្រសាសន៍​ថា “ ប្រសិន​បើ​យើង​អាច​រក​កន្លែង​ផ្សេង​បាន​ឆ្ងាយ​ពី​ប្រជា​ពលរដ្ឋ​ យើង​នឹង​ផ្លាស់​ប្តូរ​ទៅ​កាន់​កន្លែង​នោះ​​ហើយ​លុប​កន្លែង​ចាក់​សំរាម​ចាស់។ ក៏​ប៉ុន្តែ វា​​គឺ​ជា​តំបនកន្លកកន្លៀត​។ គ្មាន​កន្លែង​ចាក់​សំរាម​ច្រើន​នោះ​ទេ”៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស