កាលពីម្សិលមិញ សាលាដំបូងខេត្តបន្ទាយមានជ័យបានចោទប្រកាន់បុរសបីនាក់ពីបទរំលោភបំពានច្បាប់បោះឆ្នោត និងចូលរួមក្នុងចលនាប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនខណៈកំពុងតែដឹកអាវយឺតដែលមានបោះពុម្ពអក្សរជំរុញឲ្យប្រជាជនកម្ពុជាធ្វើពហិការមិនចូលរួមនៅក្នុងការបោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។
អាវយឺតទាំងនោះត្រូវបានបញ្ជាទិញ និងចំណាយប្រាក់ទិញដោយចលនាអំណាចពលរដ្ឋខ្មែរ មានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងបានចោទប្រកាន់ថា មានគម្រោងផ្ដួលរំលំរដ្ឋាភិបាល និងដែលលោកហៅថា ជាក្រុមភេរវកម្ម។
អង្គការសិទ្ធិមនុស្ស និងអ្នកសង្កេតការណ៍បោះឆ្នោតបានសម្ដែងក្ដីបារម្ភចំពោះការចាប់ខ្លួននេះ ដោយលើកឡើងថា ជនជាប់ចោទនោះមិនបានធ្វើអ្វីខុសច្បាប់ទេ និងថារឿងអាវយឺតនោះគឺជាបញ្ហាពាក់ព័ន្ធនឹងសេរីភាពក្នុងការបញ្ចេញមតិ។
លោក ហ៊ិន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បុរសទាំងបីនាក់ គឺឈ្មោះ អ៊ឹម ភារុណ អាយុ២៦ឆ្នាំ សួន សេរី ប៊ុនឡុង អាយុ២៨ឆ្នាំ និង សេងសុខ ម៉េង អាយុ ៣០ឆ្នាំ ត្រូវបានបញ្ជូនទៅពន្ធនាគារនេះកាលពីម្សិលមិញ ដើម្បីឃុំខ្លួនរង់ចាំការកាត់ក្ដី បន្ទាប់ពីត្រូវបានចោទប្រកាន់រួច។ បុរសទាំងបីនាក់នេះសុទ្ធតែត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ។
លោក ហ៊ិន សុផល បានមានប្រសាសន៍ថា “ ពួកគេទាំងបីនាក់ត្រូវបានបញ្ជូនមកទីនេះនៅថ្ងៃនេះ ហើយពួកគេត្រូវបានចោទប្រកាន់ពីរករណី” ដោយលោកបានពន្យល់ថា ពួកគេត្រូវបានចោទប្រកាន់តាមមាត្រា១២៤ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលមានចែងពីការដាក់ទោសជនទាំងឡាយណាដែល “ ធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោត” និងដែលចែងថា ជនល្មើសនឹងត្រូវបានដកហូតយកប័ណ្ណចុះឈ្មោះបោះឆ្នោតទុកជាការពិន័យ។ ពួកគេក៏ត្រូវបានចោទប្រកាន់តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងសមាជិកភាពក្នុងជួរក្រុមប្រឆាំងរដ្ឋាភិបាល ដែលអាចមានទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។
លោក ឃួន ប៊ុនហួន ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា ពិតជាមានបទចោទប្រកាន់នេះដែរ ហើយបានឲ្យដឹងថា បុរសទាំងបីនាក់នេះបានសារភាពថា បានជួបសមាជិកចលនាអំណាចពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ ដែលជាកន្លែងអាវយឺតចំនួន១០៩ រួមជាមួយនឹងនាឡិកា និងវិទ្យុមួយចំនួន ត្រូវបានដឹកជញ្ជូនមុនពេលត្រូវបានរឹបអូសយកកាលពីថ្ងៃច័ន្ទ។
លោកបានមានប្រសាសន៍ថា “ ពួកគេទាំងបីនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងនៅថ្ងៃនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទចូលរួមជាមួយចលនាប្រឆាំងរដ្ឋាភិបាល និងធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោត”។
កាលពីថ្ងៃច័ន្ទ នគរបាលក្រុងសៀមរាប ក៏បានឃុំខ្លួនបុគ្គលិកពីរនាក់នៅក្នុងហាងមួយដែលជាកន្លែងគេចោទថា បានបោះពុម្ពអាវយឺតនោះ ប៉ុន្តែស្ថានភាពរបស់ពួកគេគឺមិនច្បាស់ទេ គិតត្រឹមថ្ងៃម្សិលមិញ។ អាវយឺតនេះមានរូបសញ្ញាចលនាអំណាចពលរដ្ឋខ្មែរ និងមានខ្លឹមសារថា “ ប្រជាជនកម្ពុជារបស់យើងរួបរួមគ្នា និងប្រើអំណាចប្រជាជនដើម្បីប្រឆាំងនឹងការបោះឆ្នោត ដែលគ្មានលក្ខណៈសេរី និងយុត្តិធម៌”។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានបញ្ជូនទៅខេត្តបន្ទាយមានជ័យហើយ ហើយលោកបានបដិសេធមិននិយាយថា តើបុគ្គលិកទាំងពីរនាក់នៅហាងបោះពុម្ពនោះកំពុងត្រូវបានឃុំខ្លួននៅឡើយ ឬយ៉ាងណាទេ។
នៅឯខេត្តបាត់ដំបងឯណោះវិញ លោក អឿន ទិត អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា មន្ត្រីនៅក្រោមឱវាទរបស់លោកបានសាកសួរអ្នកស្រី ខេន សុង ដែលត្រូវជាម្ដាយអាយុ៧១ឆ្នាំរបស់លោក សួន សេរី រដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ។ លោកបានមានប្រសាសន៍ថា “ យើងមិនបានចាប់ខ្លួនឬឃុំខ្លួនគាត់ទេ យើងគ្រាន់តែសុំឲ្យគាត់ប្រគល់ឲ្យនគរបាលនូវសាដកដែលគេរាយការណ៍ថា ត្រូវបានយកមកទុកនៅផ្ទះរបស់គាត់ប៉ុណ្ណោះ”។
លោក ទិត បានឲ្យដឹងថា បុរសដែលត្រូវបានចាប់ខ្លួនទាំងបីនាក់នោះ ប្រាប់នគរបាលថា សាដកមួយចំនួននៅក្នុងចំណោមសាដកទាំងនោះត្រូវបានបញ្ជូនទៅផ្ទះរបស់អ្នកស្រី សុង ។ ប៉ុន្តែ លោកបានឲ្យដឹងថា អ្នកស្រី សុង បានប្រាប់នគរបាលថា សាដកមួយចំនួនមានអ្នកមកយករួចទៅហើយ ហើយថា អ្នកស្រីមិនដឹងថា មានអ្វីនៅក្នុងនោះទេ។
នៅពេលទាក់ទងបានតាមទូរស័ព្ទ កូនស្រីរបស់អ្នកស្រី សុង ឈ្មោះ សួន សុវណ្ណរី បានឲ្យដឹងថា រូបគេកំពុងលាក់ខ្លួន បន្ទាប់ពីបានរត់គេចពីនគរបាល ពេលពួកគេមកផ្ទះរបស់ខ្លួនដើម្បីនាំពួកខ្លួនទៅសាកសួរ។ អ្នកស្រីបានបដិសេធថា អ្នកស្រីពុំមានទំនាក់ទំនងអ្វីជាមួយចលនារបស់បងប្រុសខ្លួនឡើយ។
អ្នកស្រីបាននិយាយថា “ ម្ដាយរបស់ខ្ញុំ និងរូបខ្ញុំគ្មានការពាក់ព័ន្ធជាមួយចលនាប្រឆាំងរដ្ឋាភិបាលអ្វីទេ។ យើងមិនដែលដឹង ប៉ះពាល់ ឬឃើញអាវប្រឆាំងការបោះឆ្នោតអ្វីឡើយ ហើយក៏មិនដែលបានឃើញសម្ភាររបស់ចលនាអំណាចប្រជាពលរដ្ឋខ្មែរដែរ”។
អ្នកស្រីបានប្រាប់អត្តសញ្ញាណរបស់លោក សេរី ប៊ុនឡុង ដែលស្ថិតនៅក្នុងចំណោមជនជាប់ចោទទាំងបីនាក់ថា ជាបងប្អូនជីដូនមួយរបស់ខ្លួន។
តាមរយៈអុីម៉េលមួយច្បាប់ លោក សួន សេរី រដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ បានអំពាវនាវឲ្យស្ថានទូតបរទេសក្នុងប្រទេសកម្ពុជា ជួយក្រុមគ្រួសារខ្លួន ហើយបានធ្វើការថ្កោលទោសការចាប់ខ្លួន “ សកម្មជនចលនាអំណាចពលរដ្ឋខ្មែរ” ទាំងបីនាក់ថា ជាការរំលោភបំពានសិទ្ធិនយោបាយរបស់ពួកគេ។
អ៊ីម៉េលនេះមានខ្លឹមសារថា “ អាវយឺតរបស់ចលនាអំណាចប្រជាជនខ្មែរ និងសារដែលត្រូវបានបោះពុម្ពនៅពីក្រោយអាវនោះ មិនមែនជាការរំលោភបំពានច្បាប់នៅក្នុងប្រទេសកម្ពុជាទេ ព្រោះថាវាមិនមែនជាបទឧក្រិដ្ឋឡើយ ប៉ុន្តែតាមពិតជា [ការលើកកម្ពស់] ការយល់ដឹងពីនយោបាយ។ កម្ពុជាគ្មានច្បាប់ផ្ដន្ទាទោសក្រុមនយោបាយណាមួយដែលប្រឆាំងនឹងការបោះឆ្នោតទេ”។
លោក សួន សេរី រដ្ឋា បានឲ្យដឹងថា ចលនាអំណាចប្រជាជនខ្មែរបានបញ្ជាទិញអាវយឺតនេះរាប់ពាន់អាវសម្រាប់ចែកចាយនៅទូទាំងប្រទេស និងសម្រាប់ផ្ដល់់ជូនក្រុមអ្នកគាំទ្ររបស់ខ្លួននៅប្រទេសថៃ ម៉ាឡេសុី និងប្រទេសកូរ៉េខាងត្បូង និង ដែលសុទ្ធតែស្ថិតនៅក្នុងចំណោមគោលដៅពេញនិយមបំផុតរបស់ពលករចំណាកស្រុកកម្ពុជា។
លោកហៅក្រុមរបស់ខ្លួនថាជា “ ចលនានយោបាយស៊ីវិល” ហើយបានច្រានចោលការអះអាងរបស់លោក ហុ៊ន សែន ដែលថាពួកគេមានគោលបំណងហិង្សា។ លោកបានចោទសួរថា “ ប្រសិនបើចលនាអំណាចពលរដ្ឋខ្មែរពិតជាក្រុមភេរវករមែន ហេតុអ្វីបានជាចលនារបស់យើងមានមូលដ្ឋានលើទឹកដីសហរដ្ឋអាមេរិក ដើម្បីបំពេញបេសកកម្ម និងធ្វើសកម្មភាពបាន?”
លោកស្រី ណាលី ពីឡូក អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ ពុំមានភ័ស្តុតាង ដើម្បីបញ្ជាក់ថា ក្រុមនេះបានធ្វើអ្វីខុសទេ។ លោកស្រីបានមានប្រសាសន៍ថា “ រហូតមកទល់នឹងពេលនេះ ពុំមានភ័ស្តុតាងបញ្ជាក់ថា ក្រុមនេះបានធ្វើសកម្មភាពពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ ការចាប់ខ្លួនបុគ្គលទាំងនេះគឺជាឧទាហរណ៍មួយទៀតនៃការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ការបដិសេធមិនចូលរួមក្នុងការបោះឆ្នោត គឺមិនមែនជាការប្រព្រឹត្តផ្ទុយពីច្បាប់បោះឆ្នោតជាតិ ឬច្បាប់បោះឆ្នោតអន្តរជាតិភាគច្រើនទេ។ ក្នុងប្រទេសមួយចំនួន ប្រជាជនត្រូវបានតម្រូវឲ្យទៅបោះឆ្នោតជាកំហិត លុះត្រាតែពួកគេមានហេតុផលជាក់លាក់ ក៏ប៉ុន្តែ នៅប្រទេសកម្ពុជា គឺគ្មានការតម្រូវបែបនេះទេ”។
ក្រុមសង្កេតការណ៍បោះឆ្នោតឯករាជ្យនាំមុខនៅកម្ពុជាចំនួនពីរក៏បានលើកឡើងផងដែរថា អាវយឺតទាំងនោះគឺមិនមែនជាការរំលោភបំពានច្បាប់បោះឆ្នោត ដែលអនុញ្ញាតឲ្យអាជ្ញាធរដាក់ទោសជនណាដែល “ ធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោត” ឬ “ រំខានដល់ការបោះឆ្នោត” ឡើយ។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងមិនលម្អៀងសម្រាប់ការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ថា និកហ្វិច បានមានប្រសាសន៍ថា “ នេះជាសិទ្ធិរបស់ប្រជាជន ពួកគេអាចបោះឆ្នោតឬមិនបោះ [តាមចិត្តពួកគេ] ។ គាត់ [សួន សេរី រដ្ឋា ] គ្រាន់តែបញ្ចេញទស្សនរបស់ខ្លួនប៉ុណ្ណោះ ដូច្នេះវាមិនមែនជាការរំលោភច្បាប់ទេ។
លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលខាងផ្ដល់ជំនួយផ្នែកច្បាប់ លើកឡើងថា ពុំមានភ័ស្តុតាងច្បាស់លាស់បញ្ជាក់ថា ចលនាអំណាចពលរដ្ឋខ្មែរជាក្រុមភេរវករឡើយ ។ប៉ុន្តែ លោក សុក សំអឿន មិនប្រាកដអំពីភាពស្របច្បាប់នៃអាវយឺតប្រឆាំងនឹងការបោះឆ្នោតទាំងនោះទេ។
លោកបានមានប្រសាសន៍ថា “ សកម្មភាពរបស់ពួកគេមិនមែនគ្រាន់តែជាការបញ្ចេញមតិឡើយ ពួកគេផ្សព្វផ្សាយជាសាធារណៈ។ អាវយឺតនោះបំបាក់ទឹកចិត្តប្រជាជនមិនឲ្យទៅបោះឆ្នោត ដូច្នេះខ្ញុំគិតថា វារំខានដល់ការបោះឆ្នោតហើយ”។ ប៉ុន្តែលោក សំអឿន បានបន្ថែមថា ពាក្យថា “ រំខាន” ឬ “ ធ្វើឲ្យរំាងស្ទះ” នេះមានន័យទូលំទូលាយណាស់។ លោកបានមានប្រសាសន៍ថា “ ប្រហែលជាមកពីច្បាប់នេះមិនទាន់ច្បាស់លាស់ល្មម [នឹងបញ្ចៀសការបកស្រាយខុស] ហើយ”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ