26 C
Phnom Penh

អ្នក​គ្រប់​គ្រង​​ជន​ជាតិ​ចិន​នៅ​​ក្រុម​ហ៊ុន​សាង​សង់​រោង​ចក្រ​អគ្គិសនី​ត្រូវ​បាន​គេ​ចាក់​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគ​របាល​បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​ចិន​អាយុ​៤៤​ឆ្នាំម្នាក់​ ដែល​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​​​សាង​សង់​រោង​ចក្រ​អគ្គិស​នី​​ដើរ​ដោយ​ថាម​ពល​ធ្យូង​ថ្ម​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​ត្រូវ​បាន​គេ​ចាក់​សម្លាប់​យ៉ាង​ឃោរឃៅ​កាល​ពី​យប់​ថ្ងៃ​ពុធ។

​​លោក ខៀវ​ វុត្ថា នាយ​ប៉ុស្ដិ៍​សង្កាត់​លេខ៣​ ​ក្រុង​ព្រះ​សី​ហនុ​បាន​មាន​ប្រសាសន៍​ថា លោក​ ​ជាំង​ មីង​ជូ (Zhang Mingju)ដែល​កំពុង​ធ្វើ​ការ​ឲ្យ​​គម្រោង​របស់​ចិន​មួយ​​​សាងសង់​រោង​ចក្រ​អគ្គិស​នី​​ដើរ​ដោយ​ថាម​ពលធ្យូង​ថ្ម​កម្លាំង​៤០៥​​មេ​ហ្គាវ៉ាត់ នៅ​ក្នុង​ស្រុក​ស្ទឹង​ហាវ​នោះ​​​ត្រូវ​បាន​ប្រទះ​ឃើញ​មុន​ពេល​ពាក់​កណ្ដាល​យប់​នៅ​ឯ​ផ្ទះ​មួយ​ដែល​គាត់​បាន​ជួល​ ដោយ​​មាន​ស្នាម​របួស​ចាក់​​នឹង​កាំ​បិត​​ធំ​មួយ​នៅ​ត្រង់​ពោះ​​ជា​ច្រើន​កន្លែង​ ។​​

​លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គ្រាន់​តែ​​ឃើញ​គាត់​ត្រូវ​គេ​ចាក់​ត្រូវ​ត្រង់​ពោះ និង​ដួល​នៅ​ខាង​មុខ​បន្ទប់​ជួល​របស់​គាត់។ ពោះ​វៀន​របស់​គាត់​ធ្លាយ​ចេញ​មក​ក្រៅ​”។​លោក​បាន​បន្ថែម​ថា កាំ​បិត​ដែល​មាន​ប្រឡាក់​ឈាម​នោះ​​ត្រូវ​បាន​ប្រទះ​ឃើញ​​នៅ​ចម្ងាយ​​ប្រហែល​មួយ​​​ម៉ែត្រ​ពី​ជន​រងគ្រោះ។ គាត់​បន្ត​ថា “ ​ជន​​រង​គ្រោះ​បាន​ស្លាប់​ពេល​មក​ដល់​មន្ទីរ​ពេទ្យ”។

លោក តាក់ វណ្ណថា ស្នង​ការ​នគរ​បាល​ខេត្ត ​បាន​មាន​ប្រសាសន៍​ថា អ្នក​ជិត​ខាង​របស់​ជន​រង​គ្រោះ​បាន​រាយ​ការណ៍​ប្រាប់​នគរ​បាល​អំពី​ឃាតកម្ម​នេះ​ភ្លាម។ លោក​បាន​បន្ថែម​ថា ពុ​ទាន់​​មាន​តម្រុយ​អំពី​ជន​សង្ស័យ​នៅ​ឡើយ​ទេ​។

លោក តាក់ វណ្ណថា បាន​មាន​ប្រសាសន៍​ថា ការ​សើុប​អង្កេត​របស់​នគរ​បាល​បាន​សន្និដ្ឋាន​ថា ជន​ល្មើស​បាន​ហែក​ដំបូល​ស័ង្កសី​ចូល​ទៅ​ក្នុង​បន្ទប់​ជាន់​ផ្ទាល់​ដី​​របស់​ជន​រង​គ្រោះ។ លោក​​បាន​បន្ថែម​ថា លោក​ជឿ​ថា មូល​ហេតុ​គឺ​​​ជា​ការ​ប្លន់​ ប៉ុន្តែ លោក​ក៏​មិន​ប្រាកដ​ថា​ តើ​ចោរ​​បាន​យក​ទ្រព្យ​សម្បត្តិ​អ្វី​របស់​ជន​រង​គ្រោះ​​​​​​​នោះទេ។ លោក​មាន​ប្រសាសន៍​ថា “ ជន​រង​គ្រោះ​ត្រូវ​​បាន​ចាក់​ចំនួន​១១​កាំបិត ចំ​ត្រង់​ពោះ​។ ពេល​​​នេះ​យើង​កំពុង​ស៊ើប​អង្កេត​ករណី​នេះ”។

លោក តាក់​ វណ្ណថា បាន​មាន​ប្រសា​សន៍​បន្ត​​ថា ជន​រង​គ្រោះ​គឺ​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​​ចិន ដែល​កំពុង​សាង​សង់​រោង​ចក្រ​អគ្គិ​សនី​​ដើរ​ដោយ​ថាម​ពល​ធ្យូង​ថ្ម​នៅ​ក្នុង​ស្រុក​ស្ទឹង​ហាវ និង​បន្សល់​ទុក​នូវ​​ប្រពន្ធ​ជន​ជាតិ​ខ្មែរ​ម្នាក់ ​និង​កូន​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។

លោក សារ៉ាត់ វិជ្ជា នាយ​ការិយាល័យ​នគរ​​បាល​កោសល្យ​វិច័យ​ខេត្ត​បាន​មាន​ប្រសាសន៍​​ថា សាក​សព​របស់​ជន​រង​គ្រោះ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ចិន​។ លោក វិជ្ជា បាន​មាន​ប្រសាសន៍​ថា “ សាក​​សព​របស់​ជន​រង​គ្រោះ​កំពុង​រក្សា​ទុក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ ខេត្ត​ព្រះ​សីហនុ ហើយ​យើង​​កំពុង​ទាក់​ទង​ទៅ​ស្ថាន​ទូត​ចិន ដើម្បី​ចង់​ដឹង​ថា តើ​សាក​សព​គួរ​តែ​បញ្ជូន​ទៅ​ប្រទេស​ចិន​ ឬ​យ៉ាង​ណា”។

យោង​តាម​ទី​ភ្នាក់ងារ​សារ​ព័ត៌​មាន ស៊ីនហួ (Zinhua) បាន​ឲ្យ​ដឹង​ថា លោក ជាំង មីង​ជូ ពី​មុន​គឺ​ជា​ជាង​អគ្គិ​សនី​មក​ពី​ភាគ​ខាង​កើត​នៃ​ខេត្ត​ជាំងស៊ូ (Jiangsu) ប្រទេស​ចិន។​ យោង​តាម​ឯក​សារ​នៅ​លើ​គេ​ហ​ទំព័រ​របស់​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​ហ៊ុន​ពីរ​កំពុង​សាង​សង់​រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​ថា​ម​ពល​ធ្យូង​ថ្ម​នៅ​ក្នុង​ស្រុក​ស្ទឹង​ហាវ​។

ដើម្បី​សាង​សង់​រោង​ចក្រ​អគ្គិ​សនី​មួយ​ដែល​អាច​ផលិត​ថាម​ពល​កម្លាំង​៤០៥ មេហ្គា​​​វ៉ាត់​នោះ ក្រុម​ហ៊ុន​សាង​សង់​រោង​ចក្រ​អគ្គិសនី កម្ពុជា​-ចិន ឈ្មោះ​ ហុង​ជុន (HongJun) ដែល​​ជន​រង​គ្រោះ​ធ្វើ​ការ​ឲ្យ​នោះ​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​រដ្ឋា​ភិ​បាល​ សុំ​សាង​សង់​ ប្រតិ​បត្តិ​ និង​ប្រគល់​ឲ្យ​​រដ្ឋា​ភិបាល​វិញ​។

ទោះ​បី​ជា​នគរ​បាល​មិន​ទាន់​បាន​កំណ​ត់​មូល​ហេតុ​នៃ​ឃាតកម្ម​នេះ​ក៏​ដោយ ក៏​ឃាត​កម្ម​នេះ​គឺ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើនដែល​ជន​អន្តោប្រវេសន៍​ចិន​កំពុង​ធ្វើ​ការ​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​​សារ​​អំពើ​ហិង្សា។
កាល​ពី​ខែ​មីនា ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ផ្លាស់​លំនៅ​ដ្ឋាន​ទៅ​រស់​នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង ដើម្បី​បើក​ហាង​លក់​ដូរ​នៅ​ជិត​ការដ្ឋាន​សាង​សង់​ទំនប់​វារី​អគ្គិសនី​របស់​ចិន​មួយ​កន្លែង​នោះ​ ត្រូវ​បាន​បាញ់​សម្លាប់​​ដោយ​កាំភ្លើង​ អាកា​៤៧។ គ្មាន​ជន​សង្ស័យ​ណា​​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឃាតកម្ម​នេះ​នៅ​ឡើយ​ទេ៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស