40.6 C
Phnom Penh

ការ​គំរាម​កំហែង​ធ្លាក់​ចុះ​ តែ​​មាន​បណ្ដឹង​៧០​ត្រូវ​បាន​ប្ដឹង​នៅ​សប្ដាហ៍​ទី​១​នៃ​យុទ្ធនាការ​ឃោសនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.) ​បាន​ប្រកាស​ កាលពី​ម្សិល​មិញ​ថា គណបក្ស​នយោបាយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំនួន​៧០​បណ្ដឹង​ ប្ដឹង​គ្នា​ទៅ​គ្នា​ទៅវិញ​ទៅ​មក​អំឡុង​​ពេល​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ស​ប្តាហ៍​ទី​១​ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា។

ថ្លែង​នៅ​​ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ទី​ស្នាក់​ការ​កណ្ដាល​របស់ គ.ជ.ប. ក្នុង​ក្រសួង​មហា​ផ្ទៃ​ លោក កែវ ផល្លា ​មក​ពី​នាយក​ដ្ឋាន​សេវាកម្ម​ផ្លូវ​ច្បាប់​បាន​ប្រាប់​តំណាង​គណបក្ស​ និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ថា ចំនួន​នៃ​ការ​គំរាម​​​​កំហែង​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​​លើក​ចុង​ក្រោយ​ កាលពី​ឆ្នាំ​២០០៨​មក​។
លោក ផល្លា ​ថ្លែង​ថា“ ​​បណ្ដឹង​​៦១​ត្រូវ​​បាន​ប្ដឹង​ទៅមន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ រីឯ​បណ្ដឹង​​ប្រាំ​បួន​​ទៀត​​ត្រូវ​បាន​បញ្ជូន​ទៅមន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ និង​រាជ​ធានី”។

ក្នុង​ចំណោម​បណ្ដឹង​នៅ​​​ថ្នាក់​ឃុំ-សង្កាត់​ មាន​​៣៣​បណ្ដឹង​ត្រូវ​ គ.ជ.ប. ​បង្គាប់​ឲ្យរក​​ដំណោះ​ស្រាយ​ រីឯ​ដំណោះ​ស្រាយ​នៃ​បណ្ដឹង​នៃ​ចំនួន​បួន​​ផ្សេង​ទៀត​ត្រូវ​អ្នក​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​មក ​គ.ជ.ប.។ គ.ជ.ប. កំពុង​តែ​ស៊ើប​អង្កេត​បណ្ដឹង​ដែល​នៅ​សេស​សល់​ចំនួន​៣៣​ផ្សេង​ទៀត​។

លោក ផល្លា ​លើក​ឡើង​ថា “  មាន​បណ្ដឹង​១៧​គឺ​លើក​ឡើង​អំពី​ការ​រំខាន​ដល់​យុទ្ធនា​ការ​​​ឃោសនា​បោះ​ឆ្នោត​ ហើយ​ទាំង​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធ​តែ​បាន​ដាក់​ពាក្យ​បណ្ដឹង​ស្រដៀង​គ្នា​ប្ដឹង​គ្នា​ទៅវិញ​ទៅ​មក​។ លោក​​បន្ថែម​ថា“ ១៧​បណ្ដឹង​​​ផ្សេង​ទៀត​គឺ​លើក​ឡើង​អំពី​ការ​បំផ្លិច​បំផ្លាញ​ខិត្ត​ប័ណ្ណ​​ឃោសនា​របស់​គណ​បក្ស​នយោ​បាយ​”។ លោក​​បន្ត​ថា “ ការគំរាម​កំហែង​បាន​​ធ្លាក់​ចុះ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។

លោក ផល្លា​ ក៏​បាន​លើក​ឡើង​ដែរ​ថា គ.ជ.ប. បាន​បញ្ជាក់​ថា មាន​អ្នក​អង្កេត​ការ​ណ៍​ក្នុង​ស្រុក​ចំនួន​១៥.៨៨៥​នាក់​ និង​អ្នក​អង្កេត​ការ​ណ៍​​អន្តរជាតិ​ចំនួន​៣០​នាក់​មក​ពី​អង្គការ​ចំនួន​ប្រាំមួយ​ នឹង​ចូលរួម​ធ្វើ​ជា​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ជាតិ​នេះ​។

លោកស្រី សិុន ជុំ​បូ អនុប្រធាន​គ.ជ.ប. បាន​លើក​ឡើង​ថា រាល់​ជម្លោះ​សព្វ​ថ្ងៃ​គឺ​ជា​ជម្លោះ​តូច​តាច ហេតុ​ដូច្នេះ​ហើយ គ.ជ.ប. បាន​ចុះ​អន្តរាគមន៍​នៅ​ពេល​អាច​ដោះ​ស្រាយ​​បញ្ហា​នេះ​បាន​។លោកស្រីថ្លែងថា “ ជា​ធម្មតា​នៅ​ពេល​យើង​ប្រកួត​ប្រជែង​គ្នា​វា​តែង​តែ​មាន​ជម្លោះ​រវាង​គ្នា​នឹង​គ្នា​ ប៉ុន្តែ យើង​បានចុះ​​
អន្ត​រាគមន៍​ និង​ចរចា​ជាមួយ​គណបក្ស​នយោ​បាយ​ទាំង​នោះ​រួច​ហើយ​។លោកស្រី​​បន្ត​ថា “ ខ្ញុំ​សូម​​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់ផ្សព្វ​ផ្សាយ​ពី​អ្វី​ដែល​ត្រឹម​ត្រូវ និង​ចៀស​វាង​ផ្សព្វ​ផ្សាយ​ពី​អ្វី​​ដែល​ជា​ការ​ញុះ​ញង់​”។

លោក សៅ វណ្ណដេត តំណាង​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​លើក​ឡើង​អំឡុង​កិច្ច​ប្រជុំ​ថា គណបក្ស​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ពេល​ខ្លួន​យល់​ឃើញ​ថា គណបក្ស​ផ្សេងៗ​បាន​រំលោភ​បំពាន​ច្បាប់​បោះ​ឆ្នោត​។

លោក រស់ ស៊ូ ប្រធាន​ការិយាល័យ​​កិច្ច​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​បណ្ដឹង​​យ៉ាង​តិច​៤០។លោក​បន្ត​ថា ​​កន្លែង​​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​​មិន​​ស្មើ​គ្នា​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ចង់​បាន​ភាព​ស្នើ​គ្នា​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ពីព្រោះ​នៅ​ក្នុង​តំបន់​ខ្លះ​យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បិទ​ ឬក៏​ដាក់​បង្ហាញ​ស្លាក​សញ្ញា​​របស់​គណ​បក្ស​ឡើយ ប៉ុន្តែ [គណបក្ស​ប្រជា​ជន​កម្ពុជា​] អាច​បិទ​ ឬក៏​ដាក់​បង្ហាញ​ស្លាក​សញ្ញា​​គណបក្ស​របស់​ខ្លួន​បាន​នៅ​ទី​នោះ”។ លោក​បន្ថែម​ថា“ ខ្ញុំ​គិត​ថា គណៈ​កម្មា​ធិការ​​​​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ខេត្ត និង​រាជ​ធានី​មិន​មាន​ហេតុ​ផល​សម​រម្យ​ឡើយ”។

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុម​ហ្វ្រែល​) លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា សប្ដាហ៍​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​​ដោយ​រលូន​ ទោះ​បី​ជា​មាន​ភាព​មិន​ប្រក្រតី​មួយ​​​ចំនួន​ដូច​ជា​ ការ​បំផ្លិច​បំផ្លាញ​ស្លាក​សញ្ញាគណ​បក្ស​ និង​ខិត្ត​ប័ណ្ណ​ឃោសនា​​បោះ​ឆ្នោត​ក្ដី​។

ខុម​ហ្វ្រែល បាន​លើក​ឡើង​នៅ​ក្នុង​សេច​ក្ដី​ថ្លែងការណ៍​មួយ​ថា “ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើត​ឡើង​ ប៉ុន្តែ ក្នុង​ចំណោម​ករណី​ទាំង​​នោះ​ គ្មាន​អំពើ​ឃាតកម្ម​ ការ​គំរាម​កំហែង​ និង​អំពើ​ហិង្សា​ឡើយ៕

ប្រែសម្រួលដោយ ស៊ា ស៊ុយ​ឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស