មន្ត្រីតុលាការបាននិយាយថា សវនាការជំនុំជម្រះតារាកំប្លែងដ៏ពេញនិយម ឈួន ច័ន្ទរតនា ហៅ ក្អយ បានចាប់ផ្តើមកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអ្នកនាងត្រូវបានចោទថា បានយករថយន្តចំនួនពីរគ្រឿង ដែលបានជួលពីអ្នករកស៊ីលក់រថយន្តក្នុងស្រុកម្នាក់ទៅបញ្ចាំ កាលពីឆ្នាំ២០១១។
អ្នកនាង ច័ន្ទរតនា អាយុ២៦ឆ្នាំ ដែលត្រូវបានកាត់ទោសកំបាំងមុខនោះ បានជួលរថយន្តម៉ាកឡិចស៊ីស RX៣០០ និងរថយន្តម៉ាក តូយ៉ូតា កាមរីមួយគ្រឿង ពីដើមចោទឈ្មោះ ស៊ុត វ៉ា ប៉ុន្តែបានបង់ថ្លៃជួលរថយន្តពីរគ្រឿងនេះតែមួយខែប៉ុណ្ណោះ មុនពេលលក់។ តុលាការបានចោទប្រកាន់អ្នកនាងក្នុងឆ្នាំ២០១២ ពីបទឆបោក និងរំលោភលើសេចក្តីទុកចិត្ត។
លោក ស៊ូ សុជាតិ មេធាវីតំណាងឲ្យលោក វ៉ា បានមានប្រសាសន៍ថា “ កូនក្តីរបស់ខ្ញុំទារសំណង១០.០០០ដុល្លារ និងឲ្យប្រគល់រថយន្តតូយ៉ូតាកាមរីមកវិញ ហើយសុំឲ្យតុលាការផ្តន្ទាទោសនាង ច័ន្ទរតនា ទៅតាមច្បាប់”។
លោកបានពន្យល់ថា នៅពេលកូនក្តីរបស់លោកទាមទារប្រាក់ជួលរថយន្តខែទី២ពីនាង ច័ន្ទរតនា នាងមិនព្រមបង់ទេ ហើយបានក្លែងឯកសារម្ចាស់កម្មសិទ្ធិ ដើម្បីយករថយន្តទៅដាក់បញ្ចាំ។ លោក វ៉ា ក្រោយមកបានប្រទេះឃើញបុរសមិនស្គាល់ឈ្មោះម្នាក់ ដែលបានទិញរថយន្តឡិចស៊ីសនោះ បើកនៅក្នុងរាជធាវីភ្នំពេញ និងបានដាក់ពាក្យបណ្តឹង។បើទោះជារថយន្តឡិចស៊ីសនេះត្រូវបានប្រគល់ឲ្យលោក វ៉ា វិញក៏ដោយ ក៏គេនៅមិនទាន់ដឹងថា រថយន្តតូយ៉ូតាកាមរីនៅទីកន្លែងណាដែរ។
លោក សំ សុខគង់ មេធាវីរបស់នាង ច័ន្ទរតនា បានមានប្រសាសន៍ថា កូនក្តីរបស់លោកគ្រាន់តែរំលោភកិច្ចសន្យាជាមួយលោក វ៉ា ដោយសារមិនបានបង់ប្រាក់ជួលរថយន្តប៉ុណ្ណោះ ប៉ុន្តែ លោកបញ្ជាក់ថា មិនបានក្លែងឯកសារទេ។គេនៅមិនទាន់ច្បាស់ថា តើតុលាការមានឯកសារក្លែងបន្លំដែលបញ្ជាក់ថា នាង ច័ន្ទរតនា ជាម្ចាស់រថយន្តឡិចស៊ីសនេះ ឬអត់ទេ។ លោក សុខគង់ បានបញ្ជាក់ថា ឯកសារបែបនេះមិនមានទេ ប៉ុន្តែលោកមិនបានពន្យល់ថាតើកូនក្តីរបស់លោកយករថយន្តឡិចស៊ីសទៅបញ្ចាំដោយគ្មានឯកសារបញ្ជាក់កម្មសិទ្ធិរថយន្តនេះដោយរបៀបណាទេ។
លោក សុខគង់ បានមានប្រសាសន៍ថា “ ខ្ញុំគិតថា ករណីនេះមិនពាក់ព័ន្ធនឹងការក្លែងឯកសារសាធារណៈ និងការប្រើឯកសារក្លែងក្លាយទេ។ ខ្ញុំស្នើឲ្យចៅក្រមលើកលែងការចោទប្រកាន់នេះ”។
លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះមានប្រសាសន៍ថា តុលាការនឹងចេញសាលក្រមមួយនៅថ្ងៃ២២ ខែកក្កដា៕
ប្រែសម្រួលដោយ ចេវ ប៊ុននី