កាលពីយប់ថ្ងៃសុក្រ មានការផ្ទុះអាវុធជាច្រើនគ្រាប់នៅភូមិគ្រឹះដ៏ស្កឹមស្កៃមួយនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីអ្នកគាំទ្រជាយុវជនរបស់គណបក្សសង្គ្រោះជាតិ ចំនួនបីនាក់ត្រូវបានគេឃុំខ្លួននៅក្នុងភូមិគ្រឹះនេះក្រោយពីមានការប៉ះទង្គិចគ្នាខណៈក្រុមអ្នកចូលរួមក្នុងយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិឆ្លងកាត់ទីនោះ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅច្រកទ្វារធំនៃភូមិគ្រឹះនេះ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកគាំទ្រដែលត្រូវបានគេឃុំខ្លួនទាំងបីនាក់នោះ។ គិតត្រឹមពេលសរសេរអត្ថបទអំពីរឿងនេះនៅយប់ថ្ងៃសុក្រ គេមិនដឹងថា តើសកម្មជនដែលត្រូវបានឃុំខ្លួននៅខាងក្នុងភូមិគ្រឹះនោះ ត្រូវបានគេដោះលែងវិញហើយឬយ៉ាងណានោះទេ។
លោក កង វ៉ង អនុប្រធានក្រុមយុវជនរបស់គណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ ពួកគេបានចាប់អ្នកគាំទ្រ… របស់យើងចូលទៅក្នុងភូមិគ្រឹះនោះ”។
នៅពេលបុរសមិនស្គាល់អត្តសញ្ញាណម្នាក់រត់ចេញពីភូមិគ្រឹះនេះតាមផ្លូវក្រោយ យុវជនរបស់គណបក្សសង្គ្រោះជាតិរាប់រយនាក់បានដេញតាមបុរសនោះ។នគរបាលបានចាប់ខ្លួនបុរសម្នាក់នេះ ប៉ុន្ដែមិនបាននិយាយពីមូលហេតុឡើយ។
លោក អ៊ូច សុខុន អធិការនគរបាលខណ្ឌចំការមន ដែលស្ថិតនៅខាងក្រៅភូមិគ្រឹះដ៏ស្កឹមស្កៃនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែបានមានប្រសាសន៍ថា នគរបាលត្រូវបានដាក់ពង្រាយ ដើម្បីការពារភូមិគ្រឹះនេះ បន្ទាប់ពីជនសង្ស័យត្រូវបាននាំខ្លួនទៅធ្វើការសាកសួរ៕
រាយការណ៏ដោយ ភួន ច័ន្ទសេរីវុធ
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង