29 C
Phnom Penh

មន្ត្រី​កងរាជ​អា​​​វុធ​​ហត្ថ​ពីរ​រូបដែលពាក់​ព័ន្ធ​ការ​​បាញ់​បោះ​កំពុង​​​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ឃុំ​ខ្លួន​​​​នៅ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពី​ម្សិល​មិញ ​កង​​​រាជ​អា​​វុធ​​ហត្ថ​​បា​ន​ឲ្យ​​​ដឹង​​​​ថា ​ខ្លួន​​​កំពុង​​​​​​បន្ត​​​ឃុំ​ខ្លួន​​មន្ត្រី​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ពីរ​នាក់​​​​ដែល​​​ជាប់​​​ពាក់ព័ន្ធ​​​​ក្នុ​ង​ហេតុ​​​​ការ​​ណ៍​កា​ល​ពី​ថ្ងៃ​សុក្រ ​​​ពេល​​​មា​ន​ការ​​បាញ់​ឡើង​លើ ខណៈ​​​មាន​​​​​​ការ​ប្រវាយ​ប្រតប់​​​គ្នា​​​​​​​​​ អំឡុង​​ពេល​​​ហែ​ក្បួន​​ឃោស​នា​បោះ​​ឆ្នោត​​​​របស់​​គ​ណ​​បក្ស​ប្រ​ឆាំ​ង​​ក្នុង​រាជ​ធា​នី​ភ្នំពេញ​​​​នៅ​​​ឡើយ​​​ទេ​​​។

​យោងតា​ម​​សេចក្តី​រាយ​កា​រណ៍​​​​​ព័ត៌មាន​​​អំ​ពី​ហេតុការណ៍​​កា​ល​​ពី​យប់​​​ថ្ងៃ​សុក្រ​​​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ មុន​​​ពេល​​​កើតហេតុ​​​ ​ក្បួន​​ដង្ហែ​របស់​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​​​​​​​​​កំពុង​​​​​​ធ្វើ​ដំណើរ​​​​​​​តា​ម​ដង​​​ផ្លូវ​​​​​នានា​​​ក្នុ​ង​​សង្កាត់​ផ្សារ​ដើម​​ថ្កូវ ​ខណ្ឌ​​ចំការមន​ ​​​​ស្រាប់តែ​​​ពេល​នោះ​​​ ក្រុ​ម​​​អ្នក​​​​គាំទ្រ​​​​​​​​​ទាំង​​​នេះ​​​បា​ន​ប៉ះ​ទង្គិច​​​ជាមួ​យ​​ក្រុម​អ្នក​​គាំ​​ទ្រ​​​គ​ណ​បក្ស​​​ប្រជា​​ជន​កម្ពុជា ​ដែល​កំ​ពុង​ស៊ី​​ផឹក​​​ក្នុង​ពិធី​​ជប់លៀង​នៅ​​​វី​ឡា​ដ៏​ធំ​មួយ​។

​លោក​​​ យ៉ា ​គឹម​​អ៊ី មេ​បញ្ជា​ការ​​កង​​រាជ​​​អា​វុធ​ហត្ថ​​រាជ​ធា​នី ​បា​ន​​​ឲ្យ​​​ដឹង​​​ថា មនុស្ស​​​ពីរ​នាក់​ដែល​​​​ត្រូវ​បាន​​​ឃុំ​​​ខ្លួន​​​ពី​​​​​​ដំបូង​​​​​​ជុំវិញ​​​ការ​​​ពាក់ព័ន្ធ​​​ក្នុង​​​ការ​​​​​​ផ្ទុះ​​​អាវុធ​​​នេះ​​​ ត្រូវ​បា​ន​​ដោះ​លែ​ង​​វិញ​​ហើយ​ ​ប៉ុន្តែ​​​ពី​រនាក់​​ទៀត​ ដែល​​ជា​មន្ត្រី​កង​រាជ​អា​​​វុធ​ហត្ថ​​​​​ដែរ​​​នោះ  ​កំពុង​​​ស្ថិត​​​នៅ​​​​ក្រោម​​​ការ​​​ឃុំ​​​ខ្លួន​​​​​នៅ​​​ឡើយ​​​​ទេ​​​។

លោក គឹម​​អ៊ី ​​មាន​​​ប្រសាសន៍​​​ថា “​កាលពី​​​ព្រឹក ​[ម្សិលមិញ] យើង​បា​ន​បញ្ជូ​ន​​មនុស្ស​​​ពីរ​នាក់​​​ទៅ​​តុ​លា​ការ​​ដើម្បី​​​​ធ្វើការ​​​សាក​សួរ គឺ​ឈ្មោះ ​​អ៊ឹង ​ចាន់​ថន ​​​ជា​​​មន្ត្រី​កង​​រា​ជ​អា​​វុធ​​ហត្ថ​​​ខេត្ត​កណ្តាល​ ដែល​បាន​បាញ់​ឡើង​លើ និង​ឈ្មោះ ​​ឃី គឹម​លន់ ​ជា​ម្ចាស់​​វី​ឡា ​[និង​ជា​មន្ត្រី​កង​​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស]”។ លោក​​បា​ន​បដិសេធ​​មិ​ន​ប្រាប់​​​ឈ្មោះ​​មនុស្ស​​​​​​ទាំង​​​ពីរនាក់​​​ដែល​​ត្រូ​វ​​បា​ន​​ដោះលែង​​​​នោះ​​​ទេ​។

លោក​បា​ន​បន្ថែម​ថា “ ព្រះ​​រាជ​អាជ្ញា​​​បា​ន​បញ្ជា​ឲ្យ​ដោះលែ​ង​​មនុស្ស​​​​​​ទាំង​​​​ពីរនាក់​​នេះ​ ព្រោះ​ពួ​ក​គេ​មិ​ន​​ជាប់​​ពាក់​​ព័ន្ធ​ក្នុង​​​ការ​ប្រើ​​ អំ​​ពើ​ហិង្សា​នោះ​ទេ​ ពួ​ក​គេ​​គ្រាន់​តែ​​​ជា​​​អ្នក​​​​​ ចូ​ល​​រួ​ម​​​ក្នុង​​​​​ពិធី​​​​ខួប​កំ​ណើត​​​​​​ប៉ុណ្ណោះ​​”។

​​​លោក ពូ​​​​ ដាវី ​មេ​បញ្ជាការ​​រង​កង​​រាជ​​​អា​វុធ​ហត្ថ​រាជ​ធា​​នី​ភ្នំ​ពេញ​​ បា​ន​ឲ្យ​ដឹង​ថា លោក ចាន់​ថន និងលោក ​គឹម​លន់ ​​ដែល​​​មាន​ឋានន្តរ​ស័ក្តិ​​ជា​​​វរសេនីយ៍​ឯក ​និង​ជា​​​អនុ​ប្រធា​ន​ការិ​យា​ល័យ​​ភ័ស្តុភារ​​​នៅ​​​​បញ្ជាការ​​​ដ្ឋាន​​​កងរាជ​អា​​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ឃុំ​​​​​ខ្លួ​ន​​នៅ​​បញ្ជាការ​ដ្ឋាន​កង​រាជ​អា​​វុធ​​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​​​នៅ​ឡើយ​​​​ទេ​​​​​​​កា​ល​​ពី​យប់​មិញ​នេះ​​​។

​លោក​​បា​ន​​​​​បន្ត​​​​ថា​ ​ពួ​ក​គេមិន​ទាន់​ត្រូ​វ​បា​ន​​​ចោទ​ប្រកាន់​​នៅ​ឡើយ​ទេ​ ប៉ុន្តែ​​ថា​ តុលា​ការ​រាជ​ធា​នី​ភ្នំ​ពេញ​ ​​បា​ន​និង​កំ​ពុងតែ​សាក​សួរ​​ពួ​ក​គេ​​​​​​ពាក់ព័ន្ធ​​​​​នឹង​​​ការ​​​បាញ់​បោះ​​ខុស​​ច្បាប់​។

​លោក ថង ឆន ​ចៅ​សង្កាត់​​​​ផ្សារ​​​ដើមថ្កូវ​​​ បា​នឲ្យ​​​ដឹង​​​​ថា ​ហេតុការណ៍​​​​នេះ​បា​ន​ចាប់​ផ្តើម​នៅ​​​ពេល​​​​​ក្រុម​​​អ្នក​គាំ​​ទ្រ​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​ ប្រទះ​ឃើញស្លាក​​សញ្ញា​គ​ណ​​បក្ស​ប្រជា​​​ជន​​​កម្ពុជា​​នៅ​​​លើ​​​របង​​​ផ្ទះ​វី​ឡា​​មួ​យ ខណៈ​​ពួ​ក​គេ​​​​កំពុង​​​​​ហែក្បួ​នកាត់​​​ទី​​​​នោះ​។ ក្រុ​ម​អ្នក​គាំ​​ទ្រ​​បា​ន​នាំគ្នា​​​​ស្រែ​ក​​​ថា លេខ៧ ​​ដែល​​​ជា​​លេខ​​​រៀង​​​របស់​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​នៅ​លើ​សន្លឹក​ឆ្នោត​​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​​​​ឆ្នាំ​នេះ​ នៅ​​​មុខ​​​​វីឡា​​​ដែល​​កំ​ពុ​ង​ប្រារព្ធ​​ពិធី​​ជប់លៀង​នោះ​​​។

​លោក ឆន ​​​បា​ន​​បន្តថា ​បុរស​​​​ៗ​នៅ​ក្នុ​ង​​បរិវេណ​ភូមិ​គ្រិះ​​​នោះ​​​​បា​ន​តប​វិញ​​​​​ដោយ​​​ស្រែក​​​ថា លេខ៤ ​​ដែល​​ជា​​លេខ​រៀ​ង​​របស់​​គ​ណ​បក្ស​​ប្រជា​​​ជ​ន​​​កម្ពុជា​​​​ ​បណ្តាល​ឲ្យ​​​ក្រុម​អ្នក​គាំ​​ទ្រ​​​​​​​​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​ចោល​ដុំ​ថ្ម​ ធ្វើ​ឲ្យ​បែ​ក​កញ្ចក់​​រថ​យន្ត​មួ​យ​គ្រឿង​​នៅ​ក្នុង​ភូមិ​គ្រឹះ​នោះ​។

​លោក លី រី ​បេក្ខជន​​តំណាង​រាស្ត្រ​របស់​​​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​ប្រចាំ​មណ្ឌល​​រាជ​ធានី​​​ភ្នំ​ពេញ​​ បា​ន​បដិ​សេធ​ថា ​កា​រ​​ចោល​ដុំ​ថ្ម​​មិន​មែន​​​ផ្តើមឡើង​​​ដោយ​​​ក្រុម​អ្នក​គាំ​ទ្រ​​​​របស់​គ​ណ​​បក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​ថា ​វត្ថុ​​​​​សម្រាប់​​​ធ្វើ​​​សកម្មភាព​​​ ក្នុង​​​នោះ​​​មាន​​​​ទាំង​​​ចា​ន​បា​យ​​​ផង​​​នោះ​ ត្រូ​វ​បាន​​ចោល​​ទៅ​លើ​​ក្រុ​ម​​អ្នក​​ហែក្បួ​ន​​ ​​ពី​ខាង​ក្នុ​ង​​បរិវេណ​​ភូមិ​​គ្រិះ​​​​នោះ​​​។

​លោក រី ​បា​ន​​​បន្ត​​​ថា ​លោក​​​បាន​ទៅ​ដល់​កន្លែ​ង​កើត​ហេតុ​​ បន្ទាប់​​ពី​បា​ន​​ឮ​ថា ​អ្នក​គាំ​​ទ្រ​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​​​ចំនួន​​​បី​​​នាក់​​​​​​ត្រូ​វ​បា​ន​​ចាប់​​​ទាញ​​​ចូ​ល​​ក្នុ​ង​​ភូមិ​គ្រឹះ​នោះ ហើយ​​​​ត្រូវ​​​បាន​​​បង្ខាំង​​​ទុក​​​។

លោក​បា​នបញ្ជាក់​​​​ថា រំពេច​​​​​​នោះ​​​​ ​យុវ​​ជន​បួ​ន​នាក់​​​​​​​ជិះ​ម៉ូតូ​​​ម៉ាក​​​ហុង​​ដា​​ស្គូប​​​ភី​​​ មួ​យ​គ្រឿង​ បា​ន​​​​បើក​​​ចេញ​ពី​​ភូមិគ្រឹះ​នោះ រួច​​​បា​ន​​វាយ​ប្រហារ​លើ​​​ក្រុម​​​​​​មនុស្ស​ដែល​ភាគ​ច្រើន​​​ជា​​​​​​​អ្នក​គាំ​ទ្រគ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ​។​

​លោក រី ​​មា​ន​​ប្រ​សាស​ន៍​ថា “ ពួ​ក​​គេ​​​មិន​​​ព្រម​​​​ឲ្យ​យើង​ចូល​​​​ក្នុង​​ភូមិ​គ្រិះ​​​​​នោះ​​​ទេ​​​ ហើយ​​បា​ន​​ចេញ​មក​បាញ់​​ឡើង​​លើ​​ដើម្បីគ​ំ​​រា​ម​យើង​​​​​​​”។ លោក​​បន្ថែម​​ថា ​ពេល​មន្ត្រី​នគ​របា​ល​​​មក​ដល់​​​​​​​​​​​​កន្លែង​​​កើតហេតុ​​​នៅ​​​ពេល​​​បន្ទាប់​​​មក​​​ ពួកគេ​​​មិនឃើញ​​​​មាន​​​ការ​​​​ឃុំ​ខ្លួ​ន​​​អ្នក​គាំ​​ទ្រ​​​​​​​​​​​​ទាំងនោះ​​​នៅ​ក្នុង​ភូមិ​គ្រឹះ​​​​​​នោះ​​​ទេ។

​​យុវជន​​នៅ​ក្នុ​ង​បរិ​វេណ​ភូមិគ្រិះដ៏​​​ស្កឹម​ស្កៃ​​​ដែល​​​មាន​​​របង​​​យ៉ាងធំ​​​និង​​​មាន​​​បំពាក់​​​​​កាមេរ៉ាសុវត្ថិភាព​​​​​​នៅ​​​ពី​​​លើ​​​នេះ​​​ ​បា​ន​បដិ​សេធ​មិន​និយា​យ​​​​ជាមួ​យ​​អ្នក​យក​ព័ត៌​មា​ន​​ឡើយ​កាល​​ពី​ម្សិល​មិញ​។

​លោក ​ទេព នី​ថា ​អគ្គ​​លេខាធិការ​​នៃ​គ​ណ​ៈ​កម្មាធិ​កា​រជាតិ​​រៀប​ចំ​កា​រ​​បោះ​ឆ្នោត​​ហៅ​កាត់ថា​​​ គ.ជ.ប.​​​ បា​នឲ្យ​​​ដឹង​​​ថា ក្រុម​មន្ត្រី​​​​​​​​​ គ.ជ.ប.​​​​​​នៅ​​​ក្នុង​​​រាជ​ធានី​ភ្នំ​ពេញ​​បា​ន​ពិ​និត្យ​មើល​រូប​ភា​ព​​​​វីដេអូ​​​ដែល​​​ថត​​​បាន​​​ដោយ​​​កា​មេរ៉ា​​​សុវត្ថិ​ភាព​​​នោះ​​​ហើយ​​​​ ប៉ុន្តែ​មិន​​​​ព្រម​​​លាត​​​ត្រដាង​​​ប្រាប់​​​​​​​ថា​​​ តើ​​​រូបភាព​​​​​​វីដេអូ​​​នោះ​​​បង្ហាញ​​​​ឲ្យ​​​ឃើញ​​​សកម្មភាព​​​អ្វី​​​ខ្លះ​​​ទេ​។

​លោក នីថា ​​បា​ន​មាន​​​ប្រសាសន៍​​​​ថា “ ខ្ញុំ​មិន​​អា​ច​និ​យា​យ​​​បា​ន​ទេ។​វា​​ជា​បញ្ហា​​បុគ្គល​​​​រវាង​គ្រួសារ​មួ​យ​ និ​ង​ក្រុម​អ្នក​​ធ្វើ​យុទ្ធ​នា​ការ​​ឃោសនា​បោះ​ឆ្នោត​​”។ ​លោក​បន្ត​​​ថា​​ “ ​យើង​ស្គាល់​​​អត្ត​សញ្ញាណ​​​​អ្នក​​​​ចោល​​ដុំថ្ម​ ​​​​​និង​បាញ់​បោះ​​​​​ហើយ ​​ព្រោះ​​សកម្មភាព​​​របស់​​​ពួកគេ​​​​​​ត្រូវបាន​​​ថតជាប់​​​​​​នៅ​​​ក្នុង​​​កាមេរ៉ានោះ​​​”៕

(​រាយ​កា​រណ៍បន្ថែម​​ដោ​យ ​Simon Lewis)
​ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស