38 C
Phnom Penh

យុទ្ធនាការ​ឃោសនា​របស់​គណ​បក្ស​សង្គ្រោះជាតិ​ទទួល​បាន​ការ​​​គាំទ្រ​នៅ​អតីត​តំបន់​ខ្មែរ​ក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​សំឡូត, ខេត្ត​បាត់​ដំបង​-មាន​​រឿង​ចម្លែក​​នៅ​ផ្ទះ​របស់​អ្នក​ស្រី​ យឹម ណារឿន ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង​។​ ដើម​ឈើ​ និង​ផ្ទះ​ស្ទើរ​ទាំង​អស់​នៅ​ក្នុង​អតីត​មូលដ្ឋាន​ដ៏​រឹង​មាំ​របស់​ខ្មែរ​ក្រហម​​នេះ​សុទ្ធ​តែ​មាន​បិទ​ស្លាក​សញ្ញា​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​។

ផ្ទះ​របស់​អ្នក​ស្រី​ យឹម ណារឿន ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ផ្ទះ​ដែល​បិទ​ស្លាក​សញ្ញា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែរ ប៉ុន្តែ មាន​តែ​ផ្ទះ​មួយ​គត់​នៅ​ខាង​ស្ដាំ​​​ផ្ទះ​ឈើ​របស់​អ្នក​ស្រី គឺ​ផ្ទះ​ដែល​អតីត​ស្វាមី​របស់​អ្នកស្រី​រស់​នៅ​ ដែល​មិន​មាន​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជា​ជន​កម្ពុជា​។ នៅ​​ជ្រុង​ម្ខាង​​ទៀត​នៃ​ផ្ទះ​របស់​អ្នកស្រី​ ណារឿន គឺ​មាន​តុប​តែង​ទៅ​ដោយ​​​ស្លាក​សញ្ញា​​គណបក្សប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ពេល​អ្នក​ស្រី ណារឿន និង​ប្ដី​របស់​អ្នកស្រី​បាន​លែង​លះ​គ្នា​បី​ បួន​ខែ​កន្លង​ទៅ ពួកគាត់​ទាំង​ពីរ​បាន​ខណ្ឌចែក​ផ្ទះ​គ្នា​ជា​ពីរ​។ ទូរ​ដាក់​ខោអាវ​បាន​ខណ្ឌ​ចែក​ផ្លូវ​ចូល​​ផ្ទះ​នេះ​ ព្រម​ទាំង​បាន​​ខណ្ឌចែក​​ការ​រស់​នៅ​ និង​បញ្ហា​នយោបាយ​របស់​​ពួកគាត់​ទាំង​ពីរ​ផង​ដែរ​។

កាលពី​ខែ​មករា អ្នកស្រី​ ណារឿន​ បាន​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​សំឡូត​។អ្នក​ស្រី​បាន​លើក​ឡើង​ដោយ​សម្ងាត់ថា អ្នក​ភូមិ​ជា​ច្រើន​បាន​ចាប់​ផ្តើម​​គាំទ្រ​គណបក្ស​ប្រឆាំង ​ទោះ​បី​ជា​ផ្ទះ​របស់​ពួកគាត់​មាន​បិទ​សុទ្ធ​តែ​ស្លាក​សញ្ញា​​​ឃោសនា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​​ក៏​ដោយ​​។

អ្នកស្រី​បាន​លើក​ឡើង​ថា ពួកគាត់ ​[ប្រជា​ពលរដ្ឋ​]​ មាន​ការ​ភ័យ​ខ្លាច​​​ ពួកគាត់​បាន​និយាយ​​​​ថា ខ្លួន​ខ្លាច​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឈ្នះ​ឆ្នោត​ ពួកគាត់​នឹង​ប្រឈម​​ការ​លំបាក​ជាច្រើន​។

អ្នកស្រី ណារឿន និង​គាំទ្រ​របស់​អ្នកស្រី​សង្ឃឹម​ថា នឹង​ផ្លាស់​ប្ដូរ​បញ្ហា​ទាំង​អស់​ជា​បណ្តើរៗ​​​។​ពួកគាត់​​បាន​​ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ក្នុង​ស្រុក​សំឡូត​ ដើម្បី​បញ្ចុះ​បញ្ចូល​អ្នក​គាំ​ទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តំបន់​នោះ​ ដែល​នៅ​តែ​មាន​មោទនភាព​ចំពោះ​ម៌តក​របស់​ខ្មែរ​ក្រហម ​​អំពី​គោល​នយោ​​​​បាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​​​នេះ អតីត​ខ្មែរ​ក្រហម​ភាគ​ច្រើន​នៅ​ស្រុក​សំឡូត មិន​សូវ​ជា​ខ្វល់​ច្រើន​អំពី​ព្រឹត្តិការណ៍​នៅ​ក្រៅ​តំបន់​នេះ​ឡើយ​។ ប៉ុន្តែ កាលពី​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៥.០០០ហិកតា​នៅ​ក្នុង​ស្រុក​សំឡូត​ទៅ​ឲ្យ​អ្នក​ជំនួញ​ក្នុង​ស្រុក​ម្នាក់។ អ្នកស្រី​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ​ក្នុង​ចំណោម​​ប្រជាពលរដ្ឋ​ជាង​៥.៥០០​គ្រួសារ​នៅ​ក្នុង​ស្រុក​សំឡូត​បាន​បាត់​បង់​ដី​ធ្លី​របស់​ខ្លួន​សរុប​ប្រហែល​១.០០០​ហិកតា។

បន្ទាប់​ពី​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​​សិទ្ធិ​មនុស្ស​ ក្រុម​ហ៊ុន​របស់​អ្នក​ជំនួញ​ក្នុង​ស្រុក​ម្នាក់​នេះ បាន​យក​ដី​ទំហំ​​តែ​ពាក់​កណ្ដាល​​គឺ​៥០០ហិកតា​ពី​ប្រជា​ពលរដ្ឋ​ចំនួន​៥០០​គ្រួសារ​​​​​នេះ​ប៉ុណ្ណោះ។

អ្នកស្រី​ ណារឿន បាន​លើក​ឡើង​ថា ការ​បាត់បង់​ដីធ្លី​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មាន​ភាព​សោក​សៅ​យ៉ាង​ខ្លាំង​។ អ្នកស្រី​ ណារឿន បាន​មាន​ប្រសាសន៍​ថា  “ ខ្ញុំ​បាន​ជួយ​ប្រជា​ពលរដ្ឋ​ [មិន​ឲ្យ​គេ​រឹប​អូស​ដី​របស់​ពួកគាត់] ហើយ​ចាប់​​តាំង​ពី​នោះ​មក​ ខ្ញុំ​ទទួល​បាន​​ការ​គាំទ្រ​យ៉ាង​ច្រើន​រួម​ទាំង​ការ​គោរព​ផង​ដែរ​”។

ការ​បាត់​បង់​ដី​ធ្លី​នេះ​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​អ្នកស្រី​និយាយ​អំពី​ប្រធាន​បទ​នៃ​ការ​បោះ​ឆ្នោត​ ដែល​អ្នកភូមិ​ភាគ​ច្រើន​នឹង​ស្ដាប់​​ផង​ដែរ​ គឺ​ប្រធាន​បទ​ពាក់​ព័ន្ធ​វៀតណាម។ អ្នកស្រី ណារឿន បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ដី​សម្បទាន​នៅ​ក្នុង​ស្រុក​សំឡូត​មិន​មែន​សម្រាប់​ក្រុម​ហ៊ុន​វៀតណាម​ក៏​ដោយ ក៏ដីសម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ផ្សេង​ៗ​ទៀត​​នៅទូទាំង​ប្រទេស​កម្ពុជា​ត្រូវ​គ្រប់​គ្រង​ដោយ​​​​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ភាគ​ខាង​កើត​នៃ​ប្រទេស​​កម្ពុជា​​ដែរ​។​ អ្នកស្រី​បាន​បន្ថែម​ថា ​ឥឡូវ​នេះ​ប្រជាពលរដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​គោលនយោបាយ​ដី​ធ្លី​របស់​រដ្ឋាភិបាល​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ អតីត​ខ្មែរ​ក្រហម​មួយ​​ចំនួន​បាន​លើក​ឡើង​ថា ពួកគាត់​​​​ធ្លាប់​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​វៀតណាម ​ ហើយ​​ឥឡូវ​​ពួកគាត់​បា​ន​ដឹង​ថា ក្រុម​ហ៊ុន​វៀត​ណាម​​​​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល​៩៩ឆ្នាំ ពួកគាត់​មិន​សប្បាយ​ចិត្ត​ឡើយ​។​ ហេតុ​​​ដូច្នេះ​ហើយ​ពួកគាត់​បាន​គាំទ្រ​យើង​”។ នៅ​ក្នុង​សប្ដាហ៍​នេះ​ ប្រជា​ពល​រដ្ឋ​ជាច្រើន​​​បាន​ចាប់​​​​​ផ្ដើម​បិទ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​ក្នុង​ស្រុក​សំឡូត​ ដូចជា អ្នកស្រី ហ៊ុល ស្រី​លាង​ អាយុ​២៩​ឆ្នាំ ជា​កសិករ​ម្នាក់​ដែល​មាន​ប្ដី​ជា​មន្ត្រីនគរបាល​។

អ្នកស្រី ស្រីលាង​ បាន​និយាយ​​ទាំង​ពុំ​សូវ​មាន​ភាព​ក្លាហាន​សំដៅ​ទៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ថា “ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​”។ អ្នក​ជិត​ខាង​របស់​អ្នកស្រី​ម្នាក់​ទៀត​​ឈ្មោះ ឆាយ ប៊ុន អាយុ​៥៩ឆ្នាំ​ បាន​លើក​ឡើង​ថា គាត់​​​​បាន​សម្រេច​ចិត្ត​ហើយ។

លោក ឆាយ​ ប៊ុន បានមាន​ប្រសាសន៍​ថា “ មេដឹក​នាំ​គណបក្ស​កាន់​អំណាច​ បាន​កាន់​អំណាច​​​យូរ​ពេក​ហើយ​”។ ពេល​​សម្លឹង​មើល​ចៅ​ពី​រនាក់​របស់​គាត់​ដែល​​កំពុង​លេង​នៅ​លើ​ស្មៅ​ក្បែរ​ផ្ទះ​ លោក ឆាយ ប៊ុន លើក​ឡើង​ថា លោក​ខ្លាច​មាន​គេ​ធ្វើ​បាប​​​ចំពោះ​​ការ​គាំទ្រ​គណបក្ស​​សង្គ្រោះ​​ជាតិ​ ប៉ុន្តែ​លោកសង្ឃឹម​​ថា ការ​គាំទ្រ​ពេញ​ទំហឹង​របស់​លោក​ នឹង​ជំរុញ​ឲ្យ​​អ្នក​ផ្សេង​ទៀត​​​សម្រេច​ចិត្ត​របស់​ពួក​គេ​។

អ្នក​ស្រី ប៊ូ សារ៉ាត់ អ្នក​ដាំ​ទុរេន បាន​និយាយ​​​ថា​ អ្នកស្រី​ទទួលបាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ពី​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ខែមុន​ ហេតុដូច្នេះនឹង​បោះ​​​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​ដើម្បី​រក្សា​សន្តិភាព។ អ្នក​ស្រី ប៊ូ សារ៉ាត់ បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​ឮថា នឹង​កើត​មាន​សង្គ្រាម​ ដូច្នេះ​ហើយ​សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ ខ្ញុំ​មិន​ចង់​ឃើញ​សង្គ្រាម​តទៅ​ទៀត​ ទេ ខ្ញុំ​ធុន​ទ្រាន់​នឹង​វេច​បង្វេច​រត់​ណាស់​”។

មាន​អាសនៈ​រដ្ឋសភា​ចំនួន​ប្រាំបី​​ក្នុង​ខេត្ត​បាត់​ដំបង ប៉ុន្តែ ចាប់​តាំង​ពី​មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ​១៥០.០០០​រស់​នៅ​​ក្នុង​ក្រុង​បាត់​ដំបង​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ដោត​​លើ​ធន​ធាន​​ហិរញ្ញវត្ថុ​ និង​ធនធាន​មនុស្ស​របស់​ខ្លួន​ភាគច្រើន​នៅ​ទីនោះ​។​​ ខណៈ​ពេល​ដែល​យុទ្ធ​នាការ​នៅ​ក្នុង​ស្រុក​​សំឡូត​ត្រូវ​បាន​គេ​ធ្វើ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នោះ យុទ្ធ​នាការ​នៅ​ក្នុង​ក្រុង​បាត់​ដំបង​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជា​មួយ​គណ​បក្ស​ប្រជា​​ជន​កម្ពុជា ដែល​យុទ្ធ​នាការ​នៅ​ក្នុង​ខេត្ត​របស់​គណបក្ស​នេះ​ដឹក​នាំ​ដោយ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ។​

​ជា​រៀង​រាល់​ថ្ងៃ អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ​ប្រហែល​១.០០០​នាក់​ ដែល​ភាគ​ច្រើន​ជា​យុវ​ជន​នោះ​បាន​ជួប​ជុំ​គ្នា​នៅ​ឯ​ទី​ស្នាក់​ការ​របស់​គណ​បក្ស​ប្រឆាំង​នៅ​ក្នុង​ក្រុង​បាត់​ដំបង​ ដើម្បី​ពិភាក្សា​អំពី​នយោ​បាយ និង​វី​ដេអូ​ឃ្លីបដែល​ចែក​ចាយ​តាម​រយៈ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​សង្គម។​ ក្រុម​យុវ​ជន​គាំ​ទ្រទាំង​នោះ​និយាយ​អំពី​ការ​លំបាកក្នុង​ការ​ស្វែង​រក​អា​ហារូប​ករណ៍ និង​​ការ​ងារ​ អំពី​មិត្ត​ភក្ដិ​របស់​គេ​ដែល​បាន​ចាក​ចេញ​ពី​គ្រួសារ​ទៅ​ធ្វើ​ការ​​ក្នុង​ប្រទេស​​ថៃ អំពី​អំពើ​ពុក​រលួយ​និង​ភាព​ក្រី​ក្រ​ដែល​បាន​រារាំង​ពួកគេ​មិន​ឲ្យ​មាន​អនាគត​ប្រសើ​រជាង​នេះ។​ តាម​រយៈ​ការ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​ជឿជាក់​ថា នឹង​អាច​រក​ឃើញ​ដំណោះ​ស្រាយ។​

លោក ចាន់ កុសល អាយុ​២៣​ឆ្នាំ អ្នក​និពន្ធ​​បទ​ចម្រៀង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិបាន​មានប្រសាសន៍​ថា “ ពួកគេ​ផ្ដល់​តម្លៃ​ដល់​សិទ្ធិ​នារី ពួកគេ​មិន​មាក់​ងាយ​អ្នក​ក្រី​ក្រ ពួកគេ​ចង់​ជួយ​មនុស្ស​ចាស់​ជរា”។​​​​ ​អ្នក​​ដឹក​នាំ​យុទ្ធ​នាការ​នៅ​ក្នុង​ក្រុង​បាត់​ដំបងគឺ​លោក​ស្រី មូរ សុខ​ហួរ អតី​ត​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី និង​ជា​អតី​ត​តំណាង​រាស្ត្រ​គណបក្ស​ សម រង្ស៊ី។

ក្នុង​មួ​យ​ថ្ងៃ លោក​ស្រី​ មូរ សុខហួរ មាន​សារ​មួយ​ ដើម្បី​ប្រាប់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ក្រុង​​បាត់​ដំបង​ថា អ្វីៗ​នឹង​ប្រសើរ​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​ ​ឧទាហរណ៍ គណបក្ស​ប្រឆាំង​នឹង​បញ្ចុះ​តម្លៃ​អគ្គិសនី និង​ធានា​ថា មណ្ឌល​សុខ​ភាព​នឹង​បំពាក់​ឧប​ករណ៍​ប្រសើ​រជា​ង​បច្ចុប្បន្ន​ និង​មាន​ប្រាក់​ចូល​និវត្ត​ន៍សម្រាប់​ប្រជា​ពល​រដ្ឋ​អាយុ​​លើស​ពី​៦៥​ឆ្នាំទៀត​ផង​។

​លោក​ស្រី​បាន​មានប្រសាសន៍​ថា “ ប្រជា​ពល​រដ្ឋ​គឺ​ក្រី​ក្រ ហើយ​ពួកគាត់​ចង់​ផ្លាស់​ប្ដូរ​”។ ការ​អនុ​វត្ត​តាម​​ការ​សន្យា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លើស​ពី​ថវិការបស់​រដ្ឋាភិ​បាល​​បច្ចុប្បន្ន​ទៅទៀត។ ប៉ុន្ដែ​ ចំពោះ​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិមាន​ដំណោះ​ស្រាយ ហើយ​ការ​គណនា​គឺ​ងាយ​ណាស់។

​លោក​ស្រី មូរ សុខហួរ បាន​មាន​ប្រសា​សន៍​​សំដៅ​លើ​ម្ចាស់​ក្រុម​ហ៊ុន​សូគីម៉ិច ដែល​ប្រតិ​បត្តិរមណីយដ្ឋាន​បុរាណ​អង្គរ​ថា “ ​យើង​នឹង​​បង្កើន​​ថវិកា​ទ្វេ​ដង​ ពី​ព្រោះ​យើង​នឹង​ទប់​ស្កាត់​អំពើ​ពុក​រលួយ​។ បងប្អូន​ដឹង​ហើយ​ថា តើ​ថវិកា​ប៉ុន្មាន​ដែល​ប្រមូល​បាន​ពី​ការ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​នោះ​? គឺ​មាន​ចំនួន​១២០​លានដុល្លារ​​ក្នុង​មួយ​ឆ្នាំ​ៗ។ យើង​បាត់​បង់​ថវិកា​ចំនួ​ន១០០​លាន​ដុល្លារទៅ​​លើ​លោក សុខ គង់​”។​​​​​​

​លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ដ​ថា ថវិកា​​រាប់​រយ​លាន​ដុល្លារ​​ទៀត​បាន​បាត់​បង់​ដោយ​សារ​មន្ត្រី​គយ​ពុក​រលួយ​ ដោយ​ការ​យក​ប្រាក់​ពន្ធ​ទាប​ពី​កាស៊ីណូ ហើយ​ផ្ដល់​សំណូក​ទៅ​មន្ត្រី​​រដ្ឋាភិបាល​។ លោក​ស្រី មូរ សុខ​ហួរ មាន​ប្រសាសន៍​ថា តាម​រយៈ​​ “ ការ​​លុប​បំបាត់” អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹម​ថា នឹង​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​ និទណ្ឌ​ភាព ការ​អនុគ្រោះ​និយម ហើយ​​ជំនួស​មក​វិញ យើង​នឹង​បង្កើត​ប្រព័ន្ធ​មួយ​ដែល​​មាន​ដំណើរ​ការ​ល្អ​ មិន​លម្អៀង និង​ប្រឹង​ប្រែង​​ធ្វើ​ការ​របស់​រដ្ឋាភិ​បាល​ ដើម្បី​បម្រើ​ប្រជា​ពល​​រដ្ឋ​គ្រប់​ៗ​រូប​ស្មើ​ភាព​គ្នា។​

​លោក​ស្រី​​​ចាត់​ទុក​​ជា​ប្រទេស​មួយសុខ​ក្សេម​ក្សាន្ដ។ ប៉ុន្ដែ​ លោក​ស្រី​មាន​ជំនឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​សម្រេច​គោល​ដៅ​​​របស់​ខ្លួន​​បានក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង​ បន្ទាប់​ពី​​គណបក្ស​នេះ​ជាប់​ឆ្នោត​ ហើយ​ លោក​ស្រី​មាន​ប្រ​សាសន៍​បន្ដ​ថា លោក​ស្រី​រំពឹង​ថា គណបក្ស​របស់​លោក​ស្រី​នឹងទទួល​បាន​អាសនៈ​ចំនួ​ន៨០​ក្នុង​ចំណោម​អាសនៈ​ទាំង​អស់​ចំនួន​១២០។​

​ខណៈ​កំពុង​ឈរ​នៅ​លើ​រថ​យន្ដ​ ពាក់​អាវ​ពណ៌ខៀវ​ ខុស​ប្លែក​ពី​អ្នក​គាំ​ទ្រ​របស់​គាត់​នោះ​ លោក​ស្រី​ មូរ សុខហួរ បាន​មើល​ទៅ​ព្រះ​អាទិត្យ​​ដោយ​ញញឹម និង​លើក​ដៃ​ស្វាគមន៍​ទៅ​ប្រជា​ពល​រដ្ឋ​។​

​ក្បួន​យុទ្ធ​នាការ​របស់​អ្នក​គាំ​ទ្រ​ប្រ​ហែល​១០០​នាក់​ដែល​ច្រៀង​បណ្ដើរ​ ស្រែក​ពាក្យ​ស្លោក​បណ្ដើរ​ បាន​មក​ឈប់​នៅ​ក្បែរ​ផ្សារ​ណាត់​ក្នុង​ក្រុង​បាត់​ដំបង ដែល​នៅ​ទី​នោះ​លោក​ស្រី​បាន​​ពន្យល់​អំពី​គោល​នយោ​បាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រាប់​ប្រជា​ពល​រដ្ឋ​។​​លោក​ស្រី​បាន​ស្រែក​ជា​ញឹក​ញាប់​​ថា “ ប្ដូរ”។

​ក្បួន​ម៉ូតូ​បើក​បរ​​តាម​ក្រោយ​ ដោយ​អ្នក​គាំ​ទ្រ​​ខ្លះ​​មាន​ចំណាប់​អារម្មណ៍​ ចំណែក​អ្នក​ខ្លះ​ទៀត​មិន​សូវ​ចាប់​អារម្មណ៍នោះ​ ក៏​មាន​​​បំណង​ទទួល​យក​ខិត្ត​ប័ណ្ណ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចែក​ឲ្យ​ពួកគេ​ដែរ។​ដោយ​ស៊ាំនឹង​សំឡេង​ឃោសនា​​ជា​រៀង​រាល់​ថ្ងៃ អាជី​វករ​នៅ​តែ​​លក់​ដូរ​ដដែល។​​​

អ្នកស្រី ម៉ែន អានី អាយុ​៣៨​ឆ្នាំ​ជា​អ្នក​លក់​ផ្លែ​ឈើ​បាន​សួរ​ថា “ នរណា​ជាប់​ឆ្នោត​កាល​ពី​​ប្រាំ​ឆ្នាំ​មុន?​ ខ្ញុំ​មានជំងឺ និង​មិន​បាន​ទៅ​បោះ​ឆ្នោត​​ទេ”។

អ្នក​ស្រី រុន ណៃ អ្នកលក់​បន្លែ​នៅ​តូប​ក្បែរ​​នោះ​​និយាយ​ថា អ្នកស្រី​ចាប់​អារម្មណ៍​ចំពោះ​​​​ការ​បោះ​ឆ្នោត​នេះ​ ប៉ុន្ដែ​ ដូច​ប្រជា​ពល​​រដ្ឋ​ផ្សេង​​​ទៀតក្នុង​ក្រុង​បាត់​ដំបង​ដែរ​ ការ​​និយាយ​អំពី​នយោ​បាយធ្វើ​​ឲ្យ​​គាត់​មាន​អារម្មណ៍​ថា​ មិន​សូវ​​ស្រួល​ ហើយ​អ្នក​ស្រី​បាន​​ឆ្លើយ​ដូច​អ្នក​បោះ​ឆ្នោត​ដទៃ​ទៀត​ដែល​បាន​ឆ្លើយ​​នៅ​ក្នុង​សប្ដាហ៍​​នេះ​​ដែរ គឺថា “ យើង​ដឹង​អ្វី​ដែល​យើង​ចង់​បាន​នៅ​ក្នុង​ចិត្ត​របស់​យើងហើយ​​”៕

​ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស