29 C
Phnom Penh

​មានការ​អញ្ជើញ​អ្នក​សង្កេតការណ៍​​មក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អុី​​ម៉េល​របស់​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​គណ​បក្ស​នយោ​បាយ​អាស៊ាន (ICAPP)​ នៅ​ទី​ក្រុង​សេអ៊ូល បាន​ឲ្យ​ដឹង​ថា អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដែល​មាន​សំណាង​​​មួយ​ក្រុម​ នឹងត្រូវ​បាន​ផ្តល់​អាហារ ​និង​ស្រា​ ជា​ការ​រៀប​ចំរបស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ អំឡុង​បេសកកម្ម​របស់​ខ្លួន​មក​សង្កេតការ​ណ៍​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

អុីម៉េល​ដែល​បាន​ផ្ញើ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ដោយ​ លោក​ ជុង អ៊ុយ-យ៉ុង (Chung  Eui-yong) អគ្គ​លេខា​ធិ​ការ​នៃ​  ICAPP ជា​ក្រុម​គណបក្ស​នយោបាយ​ដែល​មាន​១៨​គណ​បក្ស​មកពី​ប្រទេស​នានា​រួម​មាន ប្រទេស​រុស្ស៊ី អុីរ៉ង់ អាស៊ែ​បៃហ្សង់ ថៃ បង់ក្លា​ដែស និង​ប្រទេស​ឥណ្ឌូណេស៊ី លើក​ឡើង​ថា អ្នក​ឃ្លាំ​មើល​​ការ​បោះ​ឆ្នោត​មួយ​ក្រុម​នេះ​ត្រូវ​បាន​អញ្ជើញ​កាលពី​ខែ​ឧសភា ឲ្យ​មក​សង្កេត​ការ​ណ៍​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន។

លោក ជុន បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​​​​ដែល​សំដៅ​ដល់​របៀប​វារៈ​បណ្តោះ​អាសន្ន​សម្រាប់​ “ បេសកកម្ម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​សាកល​នៅក្នុង​ប្រទេស​កម្ពុជា” រយៈ​ពេល​ប្រាំ​ថ្ងៃ​ថា “ ​គណបក្ស​ប្រជា​ជន​កម្ពុជា​រ៉ាប់​រង​រាល់​ការ​ចំណាយ​សម្រាប់​ថ្លៃ​ស្នាក់​នៅ​សណ្ឋាគារ​ មធ្យោ​បាយ​ធ្វើដំណើរ​ក្នុង​ប្រទេស​ និង​អាហារ​បរិភោគ​ទាំង​អស់”។

នៅ​ក្នុង​របៀប​វារៈ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា​មាន “ អាហារ​ពេល​ល្ងាច​សម្រាប់​ស្វាគមន៍​រយៈពេល​ពីរ​ម៉ោង​ដែល​រៀប​ចំ​ដោយ​លោក ​អុឹម​ សួស្តី ​ប្រធាន​គណៈកម្មាធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)” ព្រមទាំង​អាហារ​ពេល​ល្ងាច​រៀប​ចំ​ដោយ គ.ជ.ប. រយៈពេល​ពីរ​ម៉ោង​ទៀត​ដែល​គ្រោង​ធ្វើ​នៅ​ពីរ​ថ្ងៃ​ក្រោយ​​​​គឺ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ជា​យប់​ថ្ងៃ​បោះ​ឆ្នោត​តែ​ម្តង។

លោក ជុង​ លើក​ឡើង​នៅក្នុង​អុីម៉េល​​ថា “ គោល​បំណង​សំខាន់​នៃ​ការ​ចូលរួម​របស់​ ICAPP នៅក្នុង​សកម្មភាព​ឃ្លាំ​មើល​អំឡុង​ការ​បោះ​ឆ្នោត​សាកល​គឺ​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​​កម្ពុជា និង​ដើម្បី​​រួម​ចំណែក​ចំពោះ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា”។

លោក ជុង មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​អំពី​ដំណើរ​ទស្សន​កិច្ច​នេះ​ ឬ​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ចូលរួម​នៅ​ក្នុង​បេសកកម្ម​នេះ​ឡើយ។

លោក ផៃ​ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពីដំ​ណើរ​ទស្សនកិច្ច​របស់​ក្រុម​នេះ​ទេ ចំណែក​លោក​ ជាម យៀប សមាជិក​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា​​ក៏បាន​មាន​ប្រសាសន៍​​ផង​ដែរ​ថា លោក​ក៏មិន​បាន​ដឹង​ពី​ដំណើរ​ទស្សន​កិច្ច​នេះ​ដែរ​  ប៉ុន្តែ​បាន​កត់​សម្គាល់​ថា ជារឿយៗ​​​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​អញ្ជើញ​ក្រុមអ្នក​សង្កេត​ការ​ណ៍​មក។

លោក ទេព នីថា​ អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍ថា លោក​មិន​បាន​ដឹង​ពី​ គោល​បំណង​របស់​ក្រុម​នេះ​ទេ ប៉ុន្តែ​បាន​កត់​សម្គាល់​ថា “ គណ​បក្ស​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​អញ្ជើ​ញ​ក្រុម​អ្នក​សង្កេត​ការ​ណ៍​បាន ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​ជូន​ដំណឹង​ដល់​ គ.ជ.ប.”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មា​​​​ធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​​​យុត្តិ​​​ធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា (ខុម​ហ្វ្រែល) ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា មិន​មានការ​រារាំង​គណបក្ស​នយោ​បាយមិន​ឲ្យ​អញ្ជើញ​ក្រុម​​​សង្កេត​ការណ៍​​មក​សង្កេត​ការ​ណ៍​ការ​បោះ​ឆ្នោត​ឡើុយ។ ប៉ុន្តែ​លោក​​មាន​ប្រសា​សន៍​ថា តាម​បទ​ពិសោធ​របស់​លោក វា​កម្រ​មាន​ក្រុម​ដូច​នេះ​មក​ណាស់ ជា​ពិសេស​​ក្រោម​ការ​ចំណាយ​​​​របស់​គណបក្ស​កំពុង​កាន់​អំណាច​នោះ។

លោក​បន្ថែម​ថា “ ​​នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ការ​អ្នក​សង្កេត​ការ​ណ៍​ឯករាជ្យ​ដូច​អង្គការ​ខុម​ហ្វ្រែល និង​សហភាព​អឺរ៉ុប​ និង​អង្គ​ការ​ដទៃ​ទៀត​​។ ពួក​គេ​​មាន​គោល​បំណង​ផ្ទាល់​ខ្លួន​គឺ​ភាព​មិន​លម្អៀង​ និង​វិធីសាស្ត្រ​ច្បាស់​លាស់” ក្នុង​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត៕

ប្រែ​សម្រួល​ដោយ សោម​ សារុន​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស