32 C
Phnom Penh

ជារឿយ​ៗ​សកម្ម​ជន​ការ​ពារសិទ្ធិ​មនុស្ស​ទទួល​រង​ការគំរាម​កំហែង​បញ្ជូន​ខ្លួន​ទៅ​​កាន់ពន្ធ​នា​គារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​តំណាង​អង្គការ​មិនមែនរដ្ឋាភិបាល​និ​ង​សហ​គមន៍​​បាន​និយាយកាលពីថ្ងៃ​ព្រហស្បតិ៍​​ថា សកម្មជន​​សិទ្ធិមនុស្ស​ និង​អ្នក​ភូមិ​ជិ​ត​៥០០​នា​ក់​ ​ដែល​ការ​ពារ​ដីធ្លី និងលំនៅ​ដ្ឋាន​របស់​ខ្លួ​ន​​បាន​ទទួល​រង​នូវការ​គំរាម​កំហែង​បញ្ជូន​ទៅ​ពន្ធ​នាគារ​​តាំងពីឆ្នាំ​២០០​៨​មក ស្រប​ពេល​ដែល​​៤០​នាក់​ផ្សេង​ទៀ​ត​ត្រូវបាន​ផ្តន្ទា​ទោស​ ពីបទ​​ញុះញង់​ ឆបោក​ ​និង​​បង្ក​របួស​ស្នាម​​ដោយ​ចេតនា​។​

លោក ចាន់​ ​សុវ៉េត ​អនុ​ប្រធាន​ការិយា​ល័យ​​​អង្កេត​ការណ៍​ នៃ​អង្គការ​​សិទ្ធិមនុស្ស​​​​ អាដ​​ហុក ​មានប្រសាសន៍​រិះ​គន់​​ការ​​រំលោភ​​​បំពាន​​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន​​​​ថា “ ប្រជា​ពល​រដ្ឋ​ជិត​៥០០​នាក់​បានទទួល​រង​នូ​វការ​គំរាម​កំហែង​បញ្ជូន​ទៅ​ពន្ធនាគារ​ ឬ​​ក៏​កំពុង​តែ​​ព្យាយាម​រត់គេច​ខ្លួន ពីការ​តាម​ចា​ប់​ដោយ​សារ​តែ​តុលាការ​បាន​ចេញ​សា​ល​ក្រម​រួច​ហើយ​”។

លោក​មាន​ប្រ​សា​សន៍​នៅ​ក្នុង​ស​ន្និ​សីទ​មួយ​ប្រារព្ធធ្វើ​នៅ​ការិ​យាល័យ​គណៈ​កម្មា​ធិការ​សហ​ប្រតិ​បត្តិកា​រ​​​​កម្ពុជា​ ដែ​លជា​អង្គការ​ក្រៅ​រដ្ឋា​ភិ​បា​ល​ក្នុងស្រុ​ក​មួ​យ​ថា “ យើង​​ចង់​បាន​យុត្តិ​ធម៌​ ​និង​​ការ​គាំ​ពារ​អ្នក​ការ​ពារ​​សិទ្ធិ​មនុស្ស​ខ្លាំង​ណាស់​​​​ ពី​ព្រោះ​ពួក​គេ​មិន​បាន​ប្រ​ព្រឹត្ត​បទ​​ល្មើ​ស​​ទេ​។ ពួក​គេ​គ្រាន់​តែ​ចង់​ជួ​យ​ប្រជា​ពល​​រដ្ឋ​​ស្លូត​ត្រ​ង់​ ​និងគ្រួសារ​ដែល​ត្រូវ​បា​ន​បណ្តេញ​ចេញ ​​​ក្នុ​ង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​​ប៉ុណ្ណោះ​។លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ជារឿយៗ​ ​អាជ្ញា​ធរ​មូល​ដ្ឋាន​​តែង​តែបំ​ភិត​បំភ័យ​​​ប្រជាជន​ដែល​​តវ៉ា​ទាម​​ទារ​ដីធ្លី ​និង​លំនៅដ្ឋាន​របស់​ខ្លួន ​តាមរយៈ​ការ​គំ​រា​ម​ចាប់​ខ្លួន​។ ​លោក​ សុវ៉េត ​បាន​ឲ្យដឹង​ថា ​ក្នុងរយៈ​ពេល​ប្រាំ​ឆ្នាំ​កន្លង​ម​ក​នេះ មានការ​ផ្តន្ទាទោស​​​សកម្មជន​​៤០​ករណី​។​

លោក​បានមាន​ប្រសាសន៍​ទាក់​ទង​នឹ​ង​ការ​​បញ្ជូន​សកម្មជន​ និង​ប្រជាជន​ដែល​ជា​ប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លីទៅ​ពន្ធនាគា​រថា “ ​រដ្ឋាភិបាល​​បាន ​និងកំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ​ដើម្បី​​ទប់​ទល់​​សកម្ម​ជន​ការ​ពារ​សិ​ទ្ធិមនុស្ស​​ ​និង​ដើម្បី​​​បំបាក់​ស្មារតីរបស់​យើ​ង​ទាំងអស់គ្នា​ ហើយ​[ធ្វើ​ឲ្យ​] យើង​​​​បញ្ឈប់​សកម្មភាពតវ៉ា​”។

​លោក សុវ៉េត ​​លើក​ឡើងថា ​ឧ​ទា​ហ​រណ៍​​ថ្មី​គឺករណី​សកម្ម​ជន​ដីធ្លី​នៅខេត្ត​ពោ​ធិ៍សាត់​ឈ្មោះ ​គុច ​វ៉េង ​ដែលត្រូវបាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី​១៩​ខែ​ឧសភា​ នៅពេល​កំ​ពុង​សួរសុខ​ទុក្ខ​បង​ប្អូន​របស់​លោក​ នៅ​ឃុំ​ក្បាល​ត្រាច​ ស្រុក​​ក្រគរ។ ​លោក វ៉េង ​​ត្រូវបាន​ចោទ​ប្រកាន់​ ​ក្នុង​ថ្ងៃ​ដដែល​នោះ​​ថា បាន​ញុះ​ញង់​​ប្រជាជន​១១​គ្រួសារ​ឲ្យ​​ត​វ៉ា​រឿង​​សម្ប​ទានដី​ ដែល​អាច​​នាំឲ្យ​មា​ន​កា​របំផ្លាញ​លំនៅដ្ឋានរបស់​ពួកគាត់ ​ហើ​យ​​​ប​ច្ចុប្បន្ន​លោក​កំពុង​រង់ចាំ​ការ​​បើក​សវនាកា​រជំនុំ​ជម្រះ​​។

អ្នកស្រី​ ហង្ស ចន្ថា ដែល​បាន​ជាប់​ពា​ក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី ​និង​ត្រូវ​បាន​ផ្តន្ទាទោ​ស​ឲ្យ​ជាប់​​ពន្ធនាគារ​កាលពីឆ្នាំ​២០០២​ ពី​ប​ទ​ព្យាយាម​​រារាំង​អាជ្ញា​ធរ​ មិន​ឲ្យ​បំផ្លាញ​លំនៅ​ដ្ឋាន​របស់​អ្នកស្រីបាន​លើកឡើង​ថា ​សកម្ម​ជន​ដីធ្លី​គួរ​តែ​រក្សា​ជំហរ​សាមគ្គីភាព​​ ក្នុងការ​ការពារ​សិទ្ធិ​របស់ខ្លួន​។ ​អ្នកស្រី​​មានប្រសាសន៍ថា “ យើង​​មិន​អាច​ទទួល​​​យក​បាន​ទេ​ ចំពោះ​ការ​ដែល​ [រដ្ឋាភិបាល​]​​ ប្រើ​ប្រាស់​ប្រព័ន្ធតុលាការ​​ដើម្បី​ដាក់​សម្ពាធ​ម​កលើ​ពួក​យើង​ ហើយ​គំរាម​កំហែង​​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ ពីព្រោះ​ការ​ធ្វើ​បែ​ប​នេះ​គឺជាទង្វើ​ខុស​ច្បាប់”។ ​អ្នក​ស្រី ​​ច​ន្ថា​ ត្រូវ​​ដោះ​លែង​ពី​ពន្ធនាគារ​ រយៈ​ពេ​ល​៣០​​ថ្ងៃ​ក្រោយមក ដោយ​មិនមាន​ការ​​បើក​សវនាការ​ជំនុំ​ជម្រះ​ឡើយ​​៕

ប្រែសម្រួលដោយ កង សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស