កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានច្រានចោលពាក្យបណ្តឹងដែលប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានចោទប្រកាន់លោកថា បានអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកប្រទេសកម្ពុជាដើម្បីបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនៅក្នុងការបោះឆ្នោតជាតិនៅខែនេះ។
យោងតាមសេចក្តីប្រកាសច្រានចោលនោះ បានឲ្យដឹងថា តុលាការបានលើកឡើងថា មិនមាន “ ភ័ស្តុតាងបង្ហាញពីការជាប់ពាក់ព័ន្ធ” រវាងការចោទប្រកាន់នេះ និងលោកនាយករដ្ឋមន្ត្រីឡើយ។
លោក សួង សុភណ្ឌ ដែលឥឡូវនេះ កំពុងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹងនេះ។ លោក សុភណ្ឌ ជាអ្នកដែលត្រូវគេបណ្តេញចេញពីតំបន់បឹងកក់ ដែលបានដាក់ពាក្យបណ្តឹងកាលពីលើកមុន ដែលត្រូវបានតុលាការច្រានចោលផងដែរ ចោទប្រកាន់លោក ហ៊ុន សែន ថា ជាអ្នកទទួលខុសត្រូវក្នុងការផ្អើលរត់ជាន់គ្នាស្លាប់មនុស្សចំនួន៣៥៣នាក់កាលពីឆ្នាំ២០១០ ។
ពេលសួរអំពីបរាជ័យជាលើកទី២របស់លោកក្នុងការដាក់ពាក្យបណ្តឹងប្តឹងលោក នាយករដ្ឋមន្ត្រីនោះ លោក សួង សុភណ្ឌ បានមានប្រសាសន៍ថា លោក “ មិនមានការភ្ញាក់ផ្អើលទេ”។ លោកបានមានប្រសាសន៍បន្ថែមថា តុលាការមិនឯករាជ្យឡើយ៕
ប្រែសម្រួលដោយ សោម សារុន