លោក ជូង ជូងី មេធាវី របស់លោក កឹម សុខា បានមានប្រសាសន៍ថា លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនបានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យតុលាការសាកសួរទេកាលពីថ្ងៃសុក្រ ហើយផ្ទុយទៅវិញបានស្នើសុំពន្យារពេលការសាកសួរនេះជាលើកទី២រហូតដល់ក្រោយការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដា។
លោក ជូង ជូងី បានមានប្រសាសន៍ថា សាលាដំបូងរាជធានីបានទទួលយកលិខិតដែលលោកបានដាក់ជូនកាលពីថ្ងៃពុធ ដើម្បីស្នើសុំឲ្យពន្យារពេលសាកសួរលោក កឹម សុខា ពីព្រោះលោកជាប់រវល់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
ដោយសំដៅដល់ការដែលតុលាការទទួលយកលិខិតរបស់លោកនោះ លោក ជូង ជូងី បានមានប្រសាសន៍ថា “ ខ្ញុំគិតថា ប្រសិនបើពួកគេមិនយល់ព្រមទេ ពួកគេនឹងច្រានចោលលិខិតនេះភ្លាម”។ ឥឡូវនេះសាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក កឹម សុខា មកសាកសួរបីលើកហើយពាក់ព័ន្ធនឹងពាក្យសម្តីដែលលោកបាននិយាយថា វៀតណាមបានប្រឌិតសោកនាដកម្មនៅគុកទួលស្លែងសម័យខ្មែរក្រហម។
លោក គួយ ធុនណា មេធាវីការពារក្តីលោក ជុំ មុី ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានដាក់ពាក្យបណ្តឹងប្តឹងលោក កឹម សុខា នោះ បានចោទមេដឹកនាំគណបក្សប្រឆាំងរូបនេះថា មិនគោរពច្បាប់។ លោក គួយ ធុនណា បានមានប្រសាសន៍ថា “ ប្រសិនបើលោក កឹម សុខា មិនបង្ហាញខ្លួនឲ្យតុលាការសាកសួរទេនោះ តុលាការមានសិទ្ធិកោះហៅលោក ម្តងទៀត មិនចាត់ការរឿងក្តីនេះ ឬចោទប្រកាន់លោកដោយគ្មានការសាកសួរ ហើយបញ្ជូនរឿងក្តីនេះទៅឲ្យចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត”។
អ្នកគាំទ្រលោក កឹម សុខា បាននិយាយថា ពាក្យបណ្តឹងនេះគឺជារឿងនយោបាយ និងបានគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គេមិនអាចទាក់ទងមន្ត្រីតុលាការដើម្បីសុំអត្ថាធិប្បាយបានទេកាលពីថ្ងៃសុក្រ៕
ប្រែសម្រួលដោយ សោម សារុន