27 C
Phnom Penh

លោក សម រង្ស៊ី សន្យា​វិល​មក​កម្ពុជា​វិញ​នៅ​មុន​ពេល​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​មុន​ពេល​ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​១១​ឆ្នាំ​នោះ​ បាន​សន្យា​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​នឹង​វិល​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​​មុន​ការ​បោះ​ឆ្នោត​ជាតិ​ នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ខាង​មុខ​នេះ។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ធ្លាប់​បាន​អះអាង​ថា ខ្លួន​នឹង​វិល​ត្រឡប់​មកកាន់​​ប្រទេស​កម្ពុជា​វិញ​ តែ​នៅ​ពេល​ណា​​មាន​ការ​លើក​លែង​​បទ​ចោទ​ប្រកាន់​លើ​រូប​លោក​ ដែល​រួម​មាន​ទាំង​បទ​ញុះញង់​ ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ពេល​មាន​​ការ​អនុញ្ញាត​ឲ្យ​លោក​ចូល​រួម​ដោយ​សេរី​​ក្នុង​ការ​បោះ​ឆ្នោត​​នា​ពេល​ខាង​មុខ​នេះ​ប៉ុណ្ណោះ​​​។

លោក សម រង្ស៊ី បាន​ប្រកាស​តាម​រយៈ​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​​ប៊ុក​​របស់​លោក​ថា “ ខ្ញុំ​មាន​កិត្តិយស​​​​ និង​​ក្ដី​សោម​នស្ស​​រីក​រាយ​សូម​ជូន​ដំណឹង​​ប្រាប់​ជន​រួម​ជាតិ​​​​កម្ពុជា​ជា​ទី​នឹក​រលឹកថា ខ្ញុំ​នឹង​ត្រឡប់​​ទៅ​ប្រទេស​កម្ពុជា​វិញ​​​​​​។ ខ្ញុំ​នឹង​ទៅ​ដល់​​មាតុភូមិ​​វិញ​មុន​ការ​បោះ​ឆ្នោត​​​ នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ឆ្នាំ​២០១៣​”។

អង្គុយ​នៅ​ទល់​មុខ​ទង់​ជាតិ​កម្ពុជា​ក្បែរ​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៊ី មិន​បាន​ប្រាប់​ពី​មូល​ហេតុ​ដែល​​ធ្វើ​ឲ្យ​លោក​ហ៊ាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទេ​។ លោក សម រង្ស៊ី ​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ហ៊ាន​បូជា​ជីវិត​របស់​ខ្ញុំ​​ដើម្បី​បុព្វហេតុ​ជាតិ​។ ខ្ញុំ​ហ៊ាន​ស្លាប់​ដើម្បី​សង្គ្រោះ​ជាតិ​ពី​ការ​បំផ្លិច​បំផ្លាញ​”។
​នៅ​ពេល​ទាក់​ទង​បាន​កាល​ពី​ម្សិលមិញ​​​​​ លោក សម រង្ស៊ី បាន​បដិសេធ​មិន​ផ្ដល់​សេចក្ដី​លម្អិត​បន្ថែម​ថា តើ​លោក​នឹង​វិល​ត្រឡប់​មក​វិញ​​នៅ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​​ ថាតើ​លោក​​នឹង​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​​វិធី​ណា​​ ឬ​ថា​តើ​​លោក​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​ណា​មួយ​ជា​មួយ​រដ្ឋាភិបាល​ស្ដី​ពី​ការ​វិល​ត្រឡប់​មក​វិញ​នេះ​ឬ​យ៉ា​ងណា​ទេ​។

អាជ្ញាធរ​នៅ​ក្នុង​ជួរ​កង​កម្លាំង​នគរបាល​កម្ពុជា​​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ប្រសិន​បើ​លោក​ សម រង្ស៊ី វិល​ត្រឡប់​មក​វិញ​ ពួក​គេ​មាន​ភារកិច្ច​អនុវត្ត​សេចក្ដី​សម្រេច​មុន​ៗ​របស់​តុលាការ​ នោះ​គឺ​ការ​បញ្ជូន​រូប​លោក​ចូល​​ពន្ធ​នាគារ​​​។

លោក គៀត ច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ បាន​មាន​ប្រសាសន៍​ថា “​ និយាយ​ជា​ទូទៅ​ នៅ​ពេល​ឧក្រិដ្ឋ​ជន​ឈាន​ជើង​ចូល​ក្នុង​ប្រទេស​ ពួក​គេ​ត្រូវ​​តែ​អនុវត្ត​​ទោស​​តាម​សេចក្ដីបង្គាប់​របស់​តុលាការ​។ ខ្ញុំ​គឺ​ជា​អ្នក​អនុវត្ត​ច្បាប់ ​​ដូច្នេះ​ខ្ញុំ​មិន​អាច​និយាយអ្វី​ឲ្យ​លើស​​នេះ​ទេ​​”។

ឧត្ដម​សេនីយ៍​ឯក​ ខៀវ សុភ័គ អ្នក​នាំ ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា លោក​ សម រង្ស៊ី នឹង​ទទួល​ទោស​តាម​ច្បាប់​​ដែល​បាន​កំណត់​ឲ្យ​លោក​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​។​ លោក​បាន​មាន​ប្រសាសន៍​ថា “​ ខ្ញុំ​មិន​អាច​និយាយ​​ចំ​ៗ​ទេ​ ប៉ុន្តែ​អ្នក​ត្រូវ​យល់​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​រដ្ឋ​ធម​្មនុញ្ញ​ឆ្នាំ​១៩៩៣​ ហើយ​រាល់អនុក្រឹត្យ​ ឬ​ច្បាប់​គឺ​នៅ​តែស្ថិត​នៅ​ជា​ធរមាន​”។

​ដើម​ឡើយ​លោក សម រង្ស៊ី ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០១០​​ពី​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ដក​បង្គោល​ព្រំដែន​នៅ​តាម​បណ្ដោយ​ព្រំដែន​វៀតណាម​។ ក្នុង​​ខែ​កញ្ញា​ ឆ្នាំ​២០១០ លោក​​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​​បន្ថែម​ទៀត​​​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់​ព័ន្ធ​នឹង​ផែន​ទី​ដែល​លោក​បាន​បង្ហោះ​តាម​ព្រព័ន្ធ​អ៊ីន​ធើណិត ដើម្បី គាំ​ទ្រ​អំណះ​អំណាង​​របស់​លោក​ដែល​ថា ​វៀត​ណាម​បាន​ទន្ទ្រាន​ចូល​ទឹក​ដី​កម្ពុជា​។ ក្រោយ​មក ​ទោស​ជាប់​ព​ន្ធ​នាគារ​សរុប​របស់​លោក​ សម រង្ស៊ី ត្រូវ​បាន​​សាលា​ឧទ្ធរណ៍​បន្ថយ​មក​នៅ​ត្រឹម​រយៈ​ពេល​១១​ឆ្នាំ​។

ខណៈ​លោក​ សម រង្ស៊ី នៅ​តែ​​បន្ត​ប្រកាន់​ជំហរ​ចាស់​របស់​លោក​ថា បទ​ចោទ​ប្រកាន់​លើ​រូប​លោក​​មាន​ហេតុ​ផល​នយោបាយ​នោះ​​​ លោក ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ​្ឋ​​មន្ត្រី​ បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​ “ មិន​ប្រឆាំង​នឹង​លោក សម រង្ស៊ី ទាល់​តែ​សោះ​”។

លោក​ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា “ ដូច​ដែល​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ក្នុង​វេទិកា​សាធារណៈ​​រួច​មក​ហើយ​ថា លោក សម រង្ស៊ី ខ្លួន​ឯង​​បាន​សម្រេច​ចិត្ត​​ចាក​ចេញ​​ដោយ​ស្ម័គ្រ​ចិត្ត​ ហើយ​មាន​តែ​គាត់​ប៉ុណ្ណោះ​ទើប​អាច​សម្រេច​ចិត្ត​ថា តើ​ត្រូវ​វិល​ត្រឡប់​មក​វិញ​ឬ​អត់​”។

លោក​បាន​បន្ថែម​ថា “​ រដ្ឋាភិបាល​មិន​ប្រឆាំង​នឹង​លោក​ សម រង្ស៊ី សោះ​ឡើយ​។ ប៉ុន្តែ​កាតព្វកិច្ច​របស់​លោក សម រង្ស៊ី [ ក្នុង​ការ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​របស់​ខ្លួន​] គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត​ មិន​ពាក់​ព័ន្ធ​នឹង​រដ្ឋា​ភិបាល​​ទេ​”។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​លោក សម រង្ស៊ី បាន​សន្យា​ថា​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ បន្ទាប់​ពី​ត្រូវ​បាន​ផ្ដន្ទា​ទោស​ក្រោម​បទ​ចោទ​ប្រកាន់​​ដែល​លោក​អះអាង​ថា មាន​ការ​លូក​ដៃ​ពី​លោក ហ៊ុន សែន។

​លោក សម រង្ស៊ី ក៏​បាន​សម្រេច​ចិត្ត​​​​​​​​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​​ ក្នុង​ឆ្នាំ​២០០៥​​​ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្ដិ៍​លោក​ ហ៊ុន សែន និង​​អតីត​ប្រធាន​រដ្ឋ​សភា​ជាតិ​ និង​គណបក្ស​ហ្វ៊ុ​​ន​ស៊ិន​ប៉ិច គឺ​ព្រះ​អង្គ​ម្ចាស់​ នរោត្ដម រណឫទ្ធិ​។

​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ ២០០៥ គឺ​បន្ទាប់​ពី​បាន​​និរទេស​ខ្លួន​ដោយ​ខ្លួន​ឯង​អស់​រយៈ​ពេល​រាប់​ខែ​ លោក សម រង្ស៊ី​ បាន​សន្យា​វិល​ត្រឡប់​​មក​មាតុ​ប្រទេស​វិញ​ “ ក្នុង​ពេល​ឆាប់​ៗ”។ នៅ​ខែ​ធ្នូ​ក្នុង​ឆ្នាំ​ដដែល​នោះ​​​ លោក​ត្រូវ​បាន​ផ្ដន្ទា​ទោស​កំបាំង​មុខ​ដាក់​ពន្ធ​នាគារ​​រយៈ​ពេល​​១៨​ខែ​ពី​បទ​បរិហារកេរ្ដិ៍​។ រយៈ​ពេល​បី​ខែ​ក្រោយ​មក​ លោក សម រង្ស៊ី ត្រូវ​ព្រះ​មហា​ក្សត្រ​ នរោត្ដម សីហមុនី ព្រះ​​រាជ​ទាន​លើក​លែង​ទោស​​បន្ទាប​់​ពី​លោក​បាន​សរសេរ​លិខិត​​​សុំ​ទោស​ជា​សាធារណៈ​ជូន​ចំពោះ​​លោក ហ៊ុន​ សែន ផង និង​ព្រះអង្គ​ម្ចាស់​ រណឫទ្ធិ ផង​។

​ទោះ​បី​ជា​មាន​ការ​អំពាវ​នាវ​ជា​ច្រើន​ពី​ម្ចាស់​ជំនួយ​អន្តរជាតិ​សុំ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​មក​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ក៏​ដោយ​ ក៏​ការ​អំពាវ​នាវ​នេះ​មិន​បាន​ទទួល​ផ្លែ​ផ្កា​មុន​ការ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​តំណាង​រាស្ត្រ​នេះ​ឡើយ​។ នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១២​ លោក សុរិយា ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​របស់អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រាប់​បញ្ចូល​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ​ទៅ​ក្នុង​បញ្ជី​អនុសាសន៍​​ស្ដី​ពីការ​ធ្វើ​កំណែ​ទម្រង់​ដែល​ចាំ​បាច់​សម្រាប់​ការ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​។ ការ​អំពាវ​នាវ​ស្រដៀង​គ្នា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប។

នៅ​ក្នុង​ខែ​មិថុនា លោក សម រង្ស៊ី ត្រូវ​​បាន​រារាំង​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ថៃ​ ដែល​ការ​សម្រេច​នេះ​ត្រូវ​ក្រសួង​ការ​បរទេស​ថៃ​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​​ទប់​ស្កាត់​លោក សម រង្ស៊ី ពី​ការ​ “​ ប្រើ​សកម្មភាព​​នយោបាយ​​​​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​”។ លោក សម រង្ស៊ី បាន​អះអាង​ថា ការ​រារាំង​លោក​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ថៃ​នេះ​ ធ្វើ​ឡើង​តាម​សំណើរបស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ច្រាន​ចោល​ការ​អះអាង​នេះ​ជា​សាធារណៈ​។

ទោះ​ជា​យ៉ាង​ណា​ លោក ខាលីល ថេយើ (Carlyle Thayer) អ្នក​ជំនាញ​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​​នៅ​សាលា​បណ្ឌិត្យ​សភា​កង​កម្លាំង​ការ​ពារ​ជាតិ​អូស្ត្រាលី​ (Australian Force Academy)  បាន​លើក​ឡើង​ថា លោក សម រង្ស៊ី នឹង​មិន​ជួប​បញ្ហា​​អ្វី​ទេ ប្រសិន​​បើ​លោក​ព្យាយាម​​ចូល​ក្នុង​​ទឹក​ដី​កម្ពុជា ​ប៉ុន្តែ​ការ​ប្រកាស​របស់​លោក​នេះ​ គឺ​ទំនងជា​​ការ​ប៉ុន​ប៉ង​មួយ​ទៀត​ក្នុង​ការ​បង្កើន​សម្ពាធ​អន្តរជាតិ​​លើ​លោក ហ៊ុន សែន ដើម្បី​ឲ្យ​លោក​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ ប្រសិន​បើ​គាត់​ [ លោក សម រង្ស៊ី ] ចង់​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​ លោក​អាច​ធ្វើ​បាន​។ លោក​គ្រាន់​តែ​ឡើង​យន្ត​ហោះ​ ហើយ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ គឺ​ជា​ការ​ស្រេច​។ វា​ជា​ឆាក​ល្ខោន​នយោបាយ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ដក​ចេញ​នូវឧបសគ្គ​ដែល​រារាំង​រូប​លោក​មិន​ឲ្យ​វិល​ត្រឡប់​មក​វិញ​។ គាត់​ [ បាន​ប្រកាស​បែប​នេះ​]  ដើម្បី ឲ្យ​បាន​ដឹង​ថា តើ​មាន​ការ​ដាក់​សម្ពាធ​បែប​ណា​ខ្លះ​លើ​លោក​ ហ៊ុន សែន ដើម្បី​ឲ្យ​លោក​អនុញ្ញាត​ឲ្យ​លោក​ សម រង្ស៊ី វិល​ត្រឡប់​មក​វិញ​៕

ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស