38 C
Phnom Penh

ការ​ប្រារព្ធ​ខួបនៃការ​ចុះ​​ប្រាសាទ​ព្រះ​វិហារ​​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោកពាក់​ព័ន្ធ​នឹង​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ មាន​ទាំង​និស្សិត​កម្មករ​កម្មការិនី​កាត់​ដេរ​ ទាហាន និង​មន្ត្រី​រាជការ បាននាំ​គ្នា​ចូលទៅណែន​ណាន់​តាន់​តាប់​​ក្នុង​បរិវេណ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំ​ពិក​កាល​ពីម្សិល​មិញ ដើម្បី​ប្រា​រព្ធ​ខួប​​៥ឆ្នាំ​នៃ​ការ​ចុះ​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោករបស់​អង្គការ​សហ​ប្រជាជាតិ​។

មនុស្ស​រាប់​ពាន់​នាក់​​ចូលរួម​នៅ​​ក្នុង​ពិធី​រំឭ​ក​ខួប​លើក​ទី​៥ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ នៅ​ឯពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ (ស៊ីវ ចាន់ណា)
មនុស្ស​រាប់​ពាន់​នាក់​​ចូលរួម​នៅ​​ក្នុង​ពិធី​រំឭ​ក​ខួប​លើក​ទី​៥ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ នៅ​ឯពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ (ស៊ីវ ចាន់ណា)

​ដោយ​នៅ​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ដល់​ថ្ងៃបោះ​ឆ្នោតជាតិ​នាថ្ងៃ​ទី​២៨​ខែ​កក្កដា​នោះ ព្រឹត្តិ​ការណ៍​​កាល​ពីម្សិលមិញ​នេះ​បាន​ក្លាយ​ជា​ឆាក​នយោ​បាយ ដោយ​មាន​​​មន្ត្រី​រដ្ឋា​ភិបាល​ឥត​​អៀន​ខ្មាសមួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​​នេះ​ទាញ​យក​ការ​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

​ដោយ​ត្រូវបាន​ចុះ​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភព​លោកជា​ផ្លូវ​ការ​​កាល​ពីថ្ងៃ​ទី​៨​ខែ​កក្កដា ឆ្នាំ​២០០៨​ ប្រាសាទសង់​តាំង​ពី​សតវត្សរ៍​ទី​១១នេះ​បាន​ក្លាយ​ជា​ចំណុច​ក្តៅ​នាំ​ឲ្យ​មាន​​ភាព​តាន​តឹងជា​មួយ​ប្រទេស​ថៃ​ក្បែរ​ខាង​។​ហើយ​ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុង​បាង​កក ​បាន​បោះ​បង់​ការ​ទាម​ទារ​យក​ប្រាសាទ​នេះ​ជា​ផ្លូវ​ការ​ នៅ​ពេល​តុលាការ​យុត្តិ​ធម៌​អន្ដ​រជាតិ​បាន​ប្រគល់​ប្រសាទ​ព្រះ​វិហារ​ឲ្យ​មកកម្ពុជា​កាល​ពីឆ្នាំ​១៩៦២​ក្តី ក៏​ការចុះ​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​​កាល​ពី​ឆ្នាំ​២០០៨ បាន​ដុត​កំហឹង​​អ្នក​ជាតិ​និយម​ថៃ​ឡើង​វិញរហូត​​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវៗ​ជា​ច្រើន​លើក​នៅ​តាម​ព្រំ​ដែន​​​បណ្តា​លឲ្យ​មាន​អ្នក​បាត់​បង់​ជីវិតចាប់​តាំង​ពី​ពេល​នោះ​មក។​

បច្ចុប្បន្ន​ថៃ​និង​កម្ពុជា​កំពុង​​តតាំង​​គ្នា​ជា​ថ្មី​ទៀត​នៅ​ឯ​តុលាការ​យុត្តិ​ធម៌​អន្ដរជាតិ​ ​ពាក់​ព័ន្ធ​នឹង​ដី​ទំហំ​៤,៦​គីឡូ​ម៉ែត្រ​ក្រឡា​នៅ​ជាប់​​ប្រាសាទ​នេះ​។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​គេរំពឹង​ថា តុលា​ការ​​​​នេះ​នឹង​ចេញ​សេច​ក្តី​​សម្រេច​នៅ​ចុង​ឆ្នាំ​នេះ។ មុន​ពេល​បញ្ចប់​ព្រឹត្តិការណ៍​កាល​ពី​ម្សិល​មិញ លោកឧបនាយក​រដ្ឋមន្ត្រី សុខ អាន បាន​ធ្វើ​យុទ្ធនាការ​គាំទ្រលោកនាយក​រ​ដ្ឋមន្ត្រី​តាម​រយៈការ​លើក​សរសើរ​យ៉ាង​ពិសេស​។

លោក​ សុខ អាន បាន​មាន​ប្រសាសន៍​ថា “ ជ​យោ! ព្រះ​រាជាណាចក្រ​កម្ពុជា​! ព្រះ​រាជាណាចក្រ​អច្ឆរិយៈ​ក្រោម​ការ​ដឹកនាំរបស់​សម្តេច​តេជោ​ ហ៊ុន សែន”។

លោក ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ ទើប​ឡើង​កាន់​តំណែង​ថ្មី ដែល​បាន​និពន្ធ​ចម្រៀងមួយ​បទ​លើក​សរសើរ​ប្រាសាទ​​ព្រះ​វិហារ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ក៏​បានកោត​សរសើរ​លោក​នាយក​រដ្ឋមន្ត្រី​ដែរ។

លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​នឹង​បន្ត​គាំទ្រ​សម្តេច​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹក​នាំ​​ប្រទេស​កម្ពុជា​ ដើម្បី​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ក្នុង​អាណត្តិ​នេះ​ និង​អាណត្តិបន្ទាប់​។ ខ្ញុំ​សូម​អប​អរ​សាទរ​ និង​សម្តែង​ការ​ដឹង​គុណ​សម្តេច​ ហ៊ុន សែន ចំពោះ​​​ការ​ដឹក​នាំ​ជាតិ​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​ចក្ខុ​វិស័យ​ដ៏​ភ្លឺ​ថ្លា​ ក្នុងការ​​ការ​ពារ​អធិប​តេយ្យ​ជាតិ​​​”។

ក្នុង​ចំណោម​មន្ត្រី​ដទៃ​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កាល​ពីម្សិល​មិញ​នេះ​ដែរ រួម​មាន​ទាំង​​លោក ហ៊ុន ម៉ានី កូន​ប្រុស​របស់​លោក ហ៊ុន សែន ដែល​ជាប្រធាន​ចលនា​​យុវជន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​ជា​បេក្ខ​ជន​តំណាង​រាស្ត្រនៅ​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិនា​ខែនេះ​ផងដែរ៕

ប្រែសម្រួលដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស