28 C
Phnom Penh

​​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​អនុម័ត​ផ្ដល់​ប្រាក់​​កម្ចី​​បន្ថែម​ចំនួន​២០០​លាន​ដុល្លារ​​​ដល់​សម​ភាគី​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​​មុន​ថា នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​​នឹង​ចុះ​ហត្ថ​លេ​ខា​​​លើ​កិច្ច​ព្រម​ព្រៀង​រយៈ​ពេល​បួន​ឆ្នាំ​​ ដើម្បី​ផ្ដល់​ប្រាក់​កម្ចី​បន្ថែម​ចំនួន​២០០​លាន​​ដុល្លារ​ដល់​សម​ភាគី​​កម្ពុជា​ ក្នុង​គោល​បំណង​កែ​លម្អ​ផ្លូវ​ផ្នល់​ និង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ថ្មី​មួយ​នៅ​ខេត្ត​បាត់​ដំបង​​នៃ​ប្រទេស​កម្ពុជា​។

​សេចក្ដី​ប្រកាស​នេះ​បាន​បង្ហាញ​ថា លោក​​​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន និង​លោក ហោ ណាំហុង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរជាតិ​ នឹង​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថលេ​ខា​​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​លោក​ គឹម ហាន​ស៊ូ ​(Kim Han-soo) ឯក​អគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​។

សេចក្ដី​ប្រកាស​ដដែល​​បាន​លើក​ឡើ​ង​បន្ថែម​ទៀត​ថា ប្រាក់​កម្ចី​ទាំង​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​អនុវត្ត​គម្រោ​ង​ស្ដារ​ផ្លូវ​ជាតិ​លេខ​២​ លេខ​២២ និង​លេខ​៤៨​ ព្រម​​ទាំង​ផ្លូវ​ជន​បទ​ជា​ច្រើន​ទៀត​​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ និង​គម្រោង​សាង​សង់​ទំនប់​​វារី​អគ្គិ​សនី​​ពហុ​បំណង​ ដោនទ្រី​ (Dauntri Mul-tipurpose Dam) “ ​ដែល​ស្ថិត​នៅ​ចន្លោះ​រវាង​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​ពោធិសាត់​”។

លោក​ លី យុនសឺក (Lee Yoon-seok) លេខា​​ទី​១នៃ​ស្ថាន​ទូត​​កូរ៉េ​ខាង​ត្បូង​ បាន​មាន​ប្រសាសន៍​ថា ប្រាក់​កម្ចី​ទាំង​នេះ​នឹង​បាន​មក​ពី​ធនាគារ​អាហរ័ណ-នីហរ័ណ​កូរ៉េ​ (Export-Import Bank of Korea) ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ជំ​នួស​កិច្ច​ព្រម​ព្រៀង​ផ្ដល់​ប្រាក់​កម្ចី​រយៈ​ពេល​បួន​ឆ្នាំ​ដែល​អស់​សុពល​ភាព​​កាល​ពី​ឆ្នាំ​មុន​។ លោក​បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​ថា “ ​យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ​​ រដ្ឋាភិបាល​កូរ៉េ​ នឹង​ផ្ដល់​ប្រាក់​២០០​លាន​ដុល្លារ​ (សម្រេច​រួ​ច​ហើយ​) ប៉ុន្តែ​វា​នឹង​អាស្រ័យ​ទៅ​លើ​ការ​ចរចា​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​។

លោក លី មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ភ្លាម​ៗ​​ទាក់​ទង​នឹង​គម្រោង​ទំនប់​វារី​អគ្គិ​ស​នី​​​ដោន​ទ្រី​នេះ​បាន​ទេ​ ហើយ​មន្ត្រី​ក្រសួង​ឧស្សា​ហកម្ម ​រ៉ែ​ និង​​ថាម​ពល​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ខ្លួន​មិន​បាន​ដឹង​អំពី​គម្រោង​នេះ​ទេ​ ហើយ​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​។

យោង​តាម​​របាយ​ការណ៍​ឆ្នាំ​២០០៩​​របស់​​​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ ដែល​បាន​ដក​ស្រង់​ទិន្នន័យ​រដ្ឋាភិបាល​ បាន​បង្ហា​ញ​ថា ​ក្រុម​ហ៊ុន​​​កូរ៉េ​ជា​ច្រើន​កំពុង​សិក្សា​ល​ទ្ធភាព​សាង​សង់​ទំនប់​វារី​អគ្គិសនី​ចំនួន​ពីរ​នៅ​ខេត្ត​បាត់​​ដំបង​ ដែល​មាន​កម្លាំង​រួម​គ្នា​៦០​មេហ្កាវ៉ាត់​។

ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ក្នុង​សប្ដាហ៍​នេះ នឹង​ដំណើរ​ការ​ទៅ​មុខ​ ទោះ​បី​ជា​មាន​សំណើ​​​ពី​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រ​ឆាំង​កាល​ពី​ខែ​មុន​ ឲ្យ​ម្ចាស់​ជំនួយ​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បញ្ឈប់​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នានា​ជាមួយ​រដ្ឋា​ភិបាល​បច្ចុប្បន្ន​ក៏ដោយ​។

តំណាង​រាស្ត្រ​ទាំ​ង​នេះ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​​បច្ចុប្ប​ន្ន​​មិន​មាន​ភាព​ស្រប​ច្បាប់​ទេ​ ចាប់​តាំង​ពី​បា​ន​បណ្ដេញ​​ខ្លួ​នកាល​​ពី​ពេល​ថ្មី​ៗ​នេះ​ ពី​រដ្ឋ​សភា​ ដោយ​សារ​តែ​រឿង​បច្ចេកទេស​ភាព​ និង​បាន​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​រង់​ចាំ​យ៉ាង​តិច​រហូត​ដល់​មាន​រដ្ឋ​សភា​​ស្រប​​ច្បាប់​ថ្មី​​ជា​ផ្លូវ​ការ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ទី​២៨ ខែ​កក្ក​ដា​។

លោក លី​ ​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ទេ​ថា តើ​ប្រទេស​កូរ៉េ​ខា​ង​ត្បូង​បាន​ទទួល​សំណើ​របស់​គណប​ក្ស​​ប្រឆាំង​ដែរ​ឬយ៉ាង​ណា​ទេ​ ហើយ​បាន​ប​ដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា “ ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​ថា កិច្ច​ព្រម​​ព្រៀង​នេះ​មិន​​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដោយ​គំនិត​ផល​ប្រយោជន៍​នយោបាយ​​ទេ​។ ដូច​ដែល​អ្នក​អាច​ឃើញ​ហើយ​… យើង​គួរ​តែ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​​ជាយូរ​មកហើយ​។ ការ​រៀប​ចំ​កិច្ច​ព្រម​ព្រៀ​ង​នេះ​បាន​ប្រើ​ពេល​វេលា​យ៉ាង​យូរ​”៕

(រាយការណ៍​បន្ថែម​ដោយ អូន ភាព)
ប្រែសម្រួល​ដោយ កង​ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស