យោងតាមក្រុមអាជីវករនិងមន្ត្រីនគរបាលបានឲ្យដឹងថា អគ្គិភ័យបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី បានឆាបឆេះផ្សារដើមក្រឡាញ់ក្នុងក្រុងសៀមរាបកាលពីពេលទៀបភ្លឺឈានចូលព្រឹកថ្ងៃសុក្រ ដោយបំផ្លាញតូបអស់ចំនួន២០០តូប និងបង្កការខាតបង់គិតជាទឹកប្រាក់ជាងមួយលានដុល្លារ។
លោក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាប បានមានប្រសាសន៍ថា ផ្សារដែលមានផ្ទៃទំហំ៨.០០០ម៉ែត្រក្រឡានៅក្នុងសង្កាត់គោកចក ក្រុងសៀមរាបនេះ មានតូបសរុបចំនួន៤០០តូប និងធ្វើប្រតិបត្តិការដោយម្ចាស់ឯកជនម្នាក់ដែលជួលដីផ្សារនេះពីរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា “ អគ្គិភ័យនេះបង្កឡើងដោយការឆ្លងចរន្តអគ្គិសនីនៅម៉ោងប្រហែល១និង៤០នាទី រំលងអធ្រាត្រ។ក្រុមពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង បានព្យាយាមពន្លត់អគ្គិភ័យនេះរហូតដល់ម៉ោង៥ទៀបភ្លឺទើបអណ្តាតភ្លើងរលត់ ប៉ុន្តែ ពួកគេអាចសង្គ្រោះបានចំនួន២០០តូបប៉ុណ្ណោះ”។ លោកបានបន្ថែមថា ពុំមានអ្នករបួសទេនៅក្នុងហេតុការណ៍អគ្គិភ័យនេះ។
កាលពីម្សិលមិញ អាជីវករចំនួន១៥៧នាក់ជាម្ចាស់តូបចំនួន២០០តូបដែលរងការខូចខាតដោយសារអគ្គិភ័យនោះ បាននាំគ្នាដាក់របាយការណ៍ទៅលោក សូ ប្លាតុង អភិបាលរងក្រុងសៀមរាប ដើម្បីស្វែងរកជំនួយក្នុងការទាមទារប្រាក់សំណងពីម្ចាស់ផ្សារនេះ សម្រាប់ការខូចខាតទំនិញរបស់ខ្លួន ដែលលោក ទិត្យ ណារ៉ុង បានប៉ាន់ប្រមាណថា មានតម្លៃប្រហែល១,១លានដូល្លារ។
លោក សូ ប្លាតុង បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមពន្លត់អគ្គិភ័យបានព្យាយាមអស់ពីសមត្ថភាព ដើម្បីសង្គ្រោះតូបទាំងអស់នោះ ប៉ុន្តែការខំប្រឹងប្រែងរបស់ពួកគេត្រូវបានរារាំងដោយសារតែផ្លូវនៅផ្សារនេះតូចចង្អៀត និងមានខ្សែភ្លើងខ្វែងខ្វាត់ច្រើនពេក។
លោក សូ ប្លាតុង បានមានប្រសាសន៍បន្ថែមទៀតថា “ ការសន្និដ្ឋានដំបូងរបស់យើងគឺថា អគ្គិភ័យដែលឆាបឆេះផ្សារនេះបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ប៉ុន្តែ នគរបាលកំពុងបន្តស៊ើបអង្កេតរកមូលហេតុបង្កឲ្យមានអគ្គិភ័យនេះ”។ នេះមិនមែនជាលើកទី១ទេ ដែលផ្សារនៅក្នុងក្រុងទេសចរណ៍មួយនេះ ត្រូវបានអគ្គិភ័យឆាបឆេះដោយសារតែវិធានការសុវត្ថិភាពធូររលុង។
គួររំឭកថា កាលពីខែធ្នូ មនុស្សប្រាំបីនាក់ក្នុងនោះមានកុមារបួននាក់ បានស្លាប់នៅពេលអគ្គិភ័យមួយបង្កឡើងដោយការឆ្លងចរន្តអគ្គិសនីដែរ បានឆាបឆេះផ្សាររាត្រីដ៏ពេញនិយមក្នុងក្រុងសៀមរាប។
ចំណែកឯនៅក្នុងរាជធានីភ្នំពេញវិញ នៅខែកក្កដាឆ្នាំមុន អគ្គិភ័យស្រដៀងគ្នានេះបានឆាបឆេះផ្សារទួលសង្កែ បានបំផ្លាញផ្ទះអស់ចំនួន៥៧ខ្នង និងតូបរបស់អាជីវករអស់ជាច្រើនតូប៕
ប្រែសម្រួលដោយ ហម សុផាណ្ណា