38 C
Phnom Penh

លោក សឺហ្គី ប៉ូលុនស្គី អ្នកជំនួញ​​​ជន​​​ជាតិរុស្សុី ត្រូវបាន​​​តុលាការ​​​ក្រុង​​​មូស្គូ កោះ​​​ហៅ​​​ឲ្យ​​​មកបង្ហាញ​​​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​សេចក្តីរាយការណ៍​​​សារព័ត៌មាន​​​​មួយ បាន​​​ឲ្យ​​​ដឹងថា លោក សឺហ្គី ប៉ូលុនស្គី ​(Sergei Polonsky) អ្នកជំនួញ​​​ជនជាតិ​​​រុស្សុី ​ដែល​​​ស្ថិត​​​នៅ​​​ក្រៅ​​​ឃុំ បន្ទាប់​ពី​​មាន​ការ​ចោទ​ប្រកាន់​ពី​​​បទ​​​​ប្រើ​អពើ​ហិង្សា​ នៅ​​​ក្នុង​ប្រទេស​កម្ពុជា នឹង​​​ត្រូវកោះហៅ​​​ឲ្យ​​​បង្ហាញ​​​ខ្លួននៅ​​​តុលាការ​​​ក្រុងមូស្គូ ដើម្បី​បើក​សវនាការ​​​រឿង​​​ក្ដី​​​ដ៏​ធំ​មួយ ដែល​​​នៅ​​​ក្នុងរឿង​​​ក្ដី​​​នេះ លោក ​ប៉ូលុនស្គី ក៏​បាន​ជាប់​​​ពាក់ព័ន្ធ​​​ផង​​​ដែរ។

លោក ប៉ូលុនស្គី អាយុ៤០​​​ឆ្នាំ ត្រូវបាន​​​​ចោទ​ប្រកាន់​កាលពី​​​ខែមករា បន្ទាប់ពី​​​លោក ​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ជាមួយ​​​នឹង​​​បុរស​ជន​ជាតិ​រុស្សុីពីរ​​​នាក់​​​ផ្សេង​​​ទៀត ពី​​​​​​បទ​​​យក​​​កាំបិត​​​​​​បង្ខំ​​​​ឲ្យ​​កម្មករ​ទូក​ខ្មែរ​​​ប្រាំមួយ​​​នាក់​​​លោត​​​ចេញ​​​ពី​​​​ទូក​នៅ​​​​ក្នុង​សមុទ្រ​​​​​​​ខេត្ត​​​ព្រះសីហនុ។

លោកត្រូវ​​​បាន​​​តុលាការ​ដោះ​លែង​ឲ្យ​នៅ​​​​ក្រៅឃុំ កាលពី​​​ថ្ងៃទី៣ ខែមេសា នៅ​​​ក្នុង​​​លក្ខខណ្ឌថា​​​លោក ​ត្រូវ​ស្ថិតនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ប៉ុន្តែ​ខណៈ​ដែល​សវនាការ​​​នៅ​​​មិន​​​ទាន់​​​​ចប់​​​​នោះ លោក ប៉ូលុនស្គី បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​​​​ស្វ៊ីស កាលពី​​​ដើមខែ​​​នេះ។​​​នៅ​​​ពេល​​​នេះ គេ​​​មិន​​​ដឹងថា លោក​​ ប៉ូលុនស្គី នៅ​​​ទី​​​ណា​​​នោះ​​​ទេ ។

រឿង​​​ក្ដី​​​មួយ​​​ផ្សេង​​​ទៀត កំពុង​​​ដំណើរ​ការ​​​នៅទី​​​ក្រុងមូស្គូ ពាក់​ព័ន្ធ​នឹង​​រឿង​មួយ​កាលពី​​​ឆ្នាំ​​​២០១១​​​លើ​​ការ​ផ្សាយ​ផ្ទាល់​​​​តាម​​​បណ្ដាញ​​​ទូរទស្សន៍​​​ ដែល​នៅ​ក្នុងនោះ​​​​​​​ លោក ​អាឡិច​សាន់ដឺ លីប៊ីដេវ (Alexander Lebedev) បាន​​​​ដាល់ លោក ប៉ូលុនស្គី ពេល​​​អ្នក​​​ទាំង​​​ពីរ​​​​កំពុង​​​​បង្ហាញ​​​ខ្លួន​​​នៅ​​​​ក្នុង​កម្មវិធី​​​មួយ។

យោង​​​តាម​​​​សេចក្តីរាយការណ៍មួយ​​​របស់​​​កាសែត​​​ ឌឹ មូស្គូថែមស៍ ជា​​​ភាសា​​​អង់គ្លេស​​​ បាន​​​
ឲ្យ​​​ដឹង​​​ថា ចៅក្រម​​​ក្នុង​​​រឿង​​​ក្តី​​​នេះ​​​បាន​​​សម្រេច​​​ កាលពីថ្ងៃច័ន្ទ ចេញ​ដីការ​​​​​​កោះហៅ​​​លោក ​ប៉ូលុនស្គី ដែល​​​មេធាវី​​​របស់​​​លោក​​​និយាយ​​​ប្រាប់​​​តុលាកា​​រថា លោក​​​មិន​​​​ស្ថិត​​​​ក្នុង​​​ប្រទេស​​​រុស្សីនោះ​​​ទេ។

កាសែត ឌឹ មូស្គូថែមស៍ បាន​​​រាយការណ៍​​​​​​ថា “ ចៅក្រម​​​បាន​​​យល់​​​ព្រម​​​ជាមួយ​​​នឹង​​​មេធាវី​របស់​​​លោក​​​ លីប៊ីដេវ ដែល​​​​​​មាន​​​ប្រសាសន៍​ថា សវនាការ​​​នេះ​​​មិន​​​អាច​​​បន្ត​​​ទៅ​​​បាន​​​ដោយ​​​គ្មាន​​​លោក ប៉ូលុនស្គី នោះ​​​ទេ”។

កាលពីឆ្នាំមុន លោក ប៉ូលុនស្គី  បាន​​​ទៅ​​​រស់​​​នៅ​​​លើកោះ​​​ដែកគោល​​​ជាកោះ​​​​មួយ​ដែលបាន​ជួលជា​​​​លក្ខណៈ​ឯកជន​​​ ​​​នៅ​​​កម្ពុជា ​ដែល​​​នៅលើ​​​កោះ​​​នេះ លោក ជាម្ចាស់​​​រួម​​​គ្នា​​កន្លែងកម្សាន្ដ​​​ដ៏​​​ទំនើប​​​មួយ​​​ជាមួយ​​​នឹ​​​ងលោក ​នីកូឡៃ ដូរ៉ូសិនកូ (Nikolai Doroshenco)​ ជា​ម្ចាស់​​​សណ្ឋាគារ​​​ និង​​​ភោជនីយដ្ឋាន​​​​ផ្ទះ​​​​ពស់​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ។

លោក ផេង ភឿន អ្នក​​​គ្រប់គ្រង​​​សណ្ឋា​គារ​​​​​ផ្ទះ​ពស់​​​ ​​​មាន​​​ប្រសាសន៍​​​ថា លោក ​ប៉ូលុនស្គី ​មិន​​​បាន​​​ត្រឡប់ម​​​ក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ទេ ​ប៉ុន្តែថា ជន​​​ជាតិ​​​រុស្សី​​​ម្នាក់​​​ទៀត​​​ដែល​​​មិន​​​ស្គាល់​​​ឈ្មោះ​​​បាន​​​ប្រគល់​​​លិខិត​​​មួយ​​​ទៅ​​​លោក ​នីកូឡៃ ដូរ៉ូសិនកូ ដែល​​​និយាយ​​​ប្រាប់​​​លោកអំពី​​​សេចក្តី​​​ស​​​ម្រេច​​​ចិត្ត​​​របស់​​​លោក ​ដើម្បី​​​ខ្លួន​​​ចេញពី​​​កោះ​​​កម្សាន្ដនេះ​​​។

លោក ផេង ភឿន បាន​ថ្លែង​​ថា “ លោក ​ប៉ូលុនស្គី បាន​​​សរសេរ​​​សំបុត្រ​​​មួយ​​​​បង្គាប់​​​ឲ្យ​​​លោក ដូរ៉ូសិនកូ ផ្ទេរ​​​ភាគហ៊ុន​​​កោះ​​​ដែក​​​គោល​​​​របស់​​​គាត់​​​ទៅ​​​ជន​​​ជាតិ​​​រុស្សីម្នាក់​​​ទៀត​​​”។ “ ប៉ុន្តែ លោក នីកូឡៃ មិន​​​បាន​​​យល់​​​ស្រប​ទេ ​​ពីព្រោះ លោក ប៉ូលុនស្គី  បាន​​​ជំពាក់​​ប្រាក់​​​គាត់​​​ជាច្រើន​​​”។ សាលាដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ មិន​​​បាន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ជា​​​សាធារណៈអំពី​​​ករណី​​​នេះ​​​ទេ​​​ ហើយ​​​គេ​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​ថា តើ​​​លោក ​ប៉ូលុនស្គី ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ
​​​ចេញ​​​​ពី​​​ប្រទេស​​​កម្ពុជា​​​ពេល​​​ស្ថិត​​​នៅ​​​ក្រៅ​​​ឃុំ​​​ឬ​​​យ៉ាង​​​​ណានោះទេ។ កាលពី​​​ម្សិល​មិញ​មន្ត្រី​​​នៅ​​​សាលា​ដំបូង​​​ខេត្តមិន​​​អាច​​​​​​ទាក់​​​ទង​​​បាន​​​ទេ ។ លោក គង់ រ៉ាឌី មេធាវី​​​ខ្មែររបស់​​​លោក​ប៉ូលុនស្គី ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស