29 C
Phnom Penh

លោក ម៉ម សូណង់ដូ​ ប្រកាស​គាំទ្រ​គណ​​​​បក្ស​សង្គ្រោះ​ជាតិ​ពេញ​ទំហឹងមុនការ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​ឲ្យ​ដឹង​កាល​ពីម្សិលមិញថា សមា​គម​​អ្នក​ប្រជាធិបតេយ្យ ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​បង្កើត​ឡើង​ដោយ​​ លោក​ ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយវិទ្យុ​សម្បុកឃ្មុំ ដែល​ជា​វិទ្យុ​ឯករាជ្យ​​ បានប្រកាស​ជា​ផ្លូវការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណ​បក្ស​ប្រឆាំង​ខណៈពេលគណបក្ស​នេះ​កំពុង​តែ​ព្យាយាម​​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លីខាង​មុខ​នេះ​។

លោក ម៉ម សូណង់ដូ ​ប្រកាស​អំពី​សេចក្តី​សម្រេច​គាំទ្រ​​បក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវ​ការ​​នេះ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ខណៈ​ពេល​ដែល​​​សមាគម​អ្នក​ប្រជា​ធិបតេយ្យ ដែល​អប់​រំ​សហគមន៍​នៅ​ជន​បទ​ដា​ច់​ស្រយាល​អំពី​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការ​បោះ​ឆ្នោត ប្រារព្ធ​ខួប​លើក​​ទី៣នៃការ​បង្កើត​សមាគម​នេះ​នៅ​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន​​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ។

លោក​បាន​មាន​ប្រសាសន៍​នៅ​ឯ​សនិ្នសីទ​កាសែត​មួយ​បន្ទាប់​ពី​ពិធី​ជួប​ជុំ​នោះ​ថា “ ខ្ញុំ​បាន​ជួប​ជាមួយ​សមាជិក​ទាំង​អស់​របស់​យើង​ដែល​​បាន​មកចូលរួម​ ហើយ​ពិភាក្សា​គ្នា​ថា តើ​យើង​​គួរ​គាំទ្រ​គណបក្ស​ណា​មួយ​ឬយ៉ាង​ណា​ ហើយ​ពួកគេ​ទាំង​អស់​បាន​បង្ហាញ​បំណង​​របស់​ខ្លួន បោះ​ឆ្នោត​គាំទ្រ​​បក្ស​សង្គ្រោះ​ជាតិ​”។

សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ស្ថាប​និក​របស់​សមាគមនេះ​ត្រូវ​បាន​រដ្ឋា​ភិបាល​ចោទ​ប្រកាន់​កាលពី​ឆ្នាំមុនពីបទ​បង្កើត​ចលនា​អប​គមន៍​នៅ​ក្នុង​ខេត្ត​ក្រចេះ ជា​ការ​ចោទ​ប្រកាន់​​មួយ​ដែល​ធ្វើ​ឲ្យ​លោក​ ម៉ម សូណង់ដូ ជាប់​ពន្ធនាគារ​ព្រៃស។ ប៉ុន្តែ​ ថ្វីបើ​ធ្លាប់​តែ​​រិះ​គន់​គណ​បក្ស​កាន់​អំណាច​ដោយបើក​​ចំហក្តី ក៏​នេះ​ជា​លើក​ទី​១ ​ហើយ​ដែល​សមាគម​នេះ​ ​ឬលោក ម៉ម សូណង់ដូ បានប្រកាស​ជា​សាធា​រណៈ​​អំពី​ការ​ស្មោះ​ស្ម័គ្រចំពោះ​គណ​បក្ស​នយោ​បាយ។​

ជា​ការពិតណាស់​ កន្លង​មក​​លោក ម៉ម សូណង់ដូ ធ្លាប់​បាន​រិះ​គន់​គណបក្ស​ សម រង្សុី ដែល​ជា​គណ​បក្ស​ប្រ​ឆាំង ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​បាន​បញ្ចូល​គ្នា​ កាលពី​ឆ្នាំ​មុន​បង្កើត​បាន​ជាគណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​​កាល​ពី​ខែ​ឧសភា​កន្លងផុត​ទៅ​ថ្មីៗនេះ លោក​បាន​រិះ​គន់​​​គណបក្ស​ថ្មី​នេះថា​គ្មាន​សមត្ថភាព​​​ផ្តល់​សំឡេង​ប្រឆាំង​​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ស្រប​តាម​លទ្ធិប្រជា​ធិប​តេយ្យ​ឡើយ។

លោក ម៉ម សូណង់ដូ បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រប​តាម​សេចក្តី​សម្រេច​រួម​របស់​សមាជិកខ្ញុំ​ ដែល​ព្រមព្រៀង​គ្នា​បោះ​ឆ្នោត​គាំទ្រ​​គណ​បក្ស​នេះ​”។ លោក​បាន​អះអាង​​ថា លោក​មិន​​បាន​ចូល​រួមពាក់​ព័ន្ធ​ក្នុង​យុទ្ធនាការ​ឃោស​នា​របស់​គណ​បក្ស​នយោបាយ​គណបក្ស​ទេ​។

លោក​បានមាន​ប្រសាសន៍​បន្ត​ថា “ គ្រាន់​តែ​ខ្ញុំ​គាំទ្រ​គណបក្ស​មួយ​មិន​គាំ​ទ្រ​គណ​បក្ស​មួយ​ទៀត ​មិន​មាន​ន័យ​ថា ខ្ញុំ​បាន​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ទេ​។ ខ្ញុំ​នឹង​នៅ​តែ​ជា​ម្ចាស់​ឯក​រាជ្យ​នៃ​ស្ថានីយវិទ្យុ​​និង​សមាគម​អ្នក​ប្រជា​ធិប​តេយ្យរបស់​ខ្ញុំ​ មិន​ថា​​គណបក្ស​ណា​ឈ្នះ​ឆ្នោត​នោះទេ​”។

លោក ម៉ម សូណង់ដូ បាន​បក​ស្រាយ​អំពី​សេចក្តី​សម្រេច​របស់​លោក និង​​សមាគម​លោក​ថា ជា​ភារកិច្ច​អ្នក​ស្នេហា​ជាតិ​ ហើយ​លោក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ចូល​រួម​បោះ​ឆ្នោត​ជាមួយ​លោក​ដើម្បី​គ្រប់​គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រសិន​​បើ​មិន​អាច​បញ្ចប់​ការ​កាន់​អំណាច​របស់គណ​បក្ស​នេះ​បាន​​ទេនោះ។

លោក​មាន​ប្រសាសន៍ថា“ ខ្ញុំសូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ឲ្យ​គាំ​ទ្រ ​[គណ​បក្ស​​សង្គ្រោះ​ជាតិ] ដើម្បី​យើង​អាច​កាត់​បន្ថយ​អំណាច​របស់​គណបក្ស​កាន់​អំណាច​ បញ្ឈប់​ការ​រំលោភ​​បំពាន​សិទ្ធិមនុស្ស​ និង​បញ្ចប់​ការ​បណ្តេញ​ចេញ​ដោយ​សារការ​ផ្តល់​ដី​សម្ប​ទាន​​យ៉ាង​ច្រើន​ឲ្យ​ទៅ​ក្រុម​ហ៊ុន​វៀតណាម”។

កាល​ពីម្សិល​មិញ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​បាន​ច្រាន​​ចោល​ព័ត៌មាន​នេះ ហើយ​​មាន​ប្រសាសន៍ថា ទោះ​បី​លោក ម៉ម សូណង់​ដូ ប្រហែល​ជា​ទើប​តែ​បាន​​​ប្រកាស​ដូច្នេះ​ក្តី ក៏​គាត់​បាន​ក្លាយ​ជា​សមា​ជិក​គណបក្ស​ប្រឆាំង​ជាយូរមក​ហើយ​ដែរ​។

លោក​​​បាន​​​ថ្លែង​​​ថា “ ការ​ប្រ​កាស​ពី​ការ​គាំទ្រ​​​​​​របស់​គាត់​ចំពោះ ​[គណបក្ស​សង្គ្រោះ​​ជាតិ] គ្មាន​អ្វី​ចម្លែក​ទេ​ ខ្ញុំ​យល់​ថា វា​ជា​ការ​សារ​​​ភាព​ច្រើន​ជាង​បន្ទាប់​ពី​គាត់​បាន​លាក់​មុខ​មាត់​ពិត​របស់​គាត់​ជាយូរ​មក​ហើយ​នោះ​”។ លោក​បាន​បន្ថែម​ថា លោក ម៉ម សូណង់ដូ បាន​ប្រឆាំង​នឹង​រដ្ឋាភិបាលយូរ​​មក​ហើយ​ និង​បាន​ប្រើប្រាស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ព្រម​ទាំង​ស្ថានីយ៍​វិទ្យុ​របស់​លោក​​ដើម្បី​បោក​បញ្ឆោត​ប្រជាពល​រដ្ឋ​ឲ្យគាំទ្រ​គណបក្ស​ប្រឆាំង​៕

ប្រែសម្រួលដោយ ហម សុផាណ្ណា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស