អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់រយនាក់ បានជួបជុំគ្នានៅសួនសេរីភាពកាលពីព្រឹកថ្ងៃសៅរ៍ដើម្បីប្រារព្ធខួបលើកទី១៦នៃការវាយប្រយុទ្ធគា្ន ដែលបានបណ្តេញព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១នៅពេលនោះ ចេញពីតំណែងកំពូលនេះក្នុងរដ្ឋាភិបាលចម្រុះដឹកនាះដោយគណបក្សហ្វុនស៊ីនប៉ិច។
ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងដែលមានភក្តីភាពចំពោះគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាបានឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឱកាសពង្រឹងអំណាចរបស់ខ្លួន មុននឹងបន្តឈ្នះការបោះឆ្នោតនៅឆ្នាំបន្ទាប់នោះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថា បើទោះជាគណបក្ស សម រង្ស៊ី ដែលបានរួមបញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំមុនដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ មិនបានពាក់ព័ន្ធដោយផ្ទាល់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះក្តី ក៏វាជារឿងសំខាន់ដែលប្រជាពលរដ្ឋកម្ពុជារំឭកដល់ការបូជាជីវិតរបស់ទាហានកម្ពុជា។
លោកបន្តទៀតថា “ យើងត្រូវតែរំឭកដល់អ្នកដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។ ពួកគេ ជាទាហានរបស់ជាតិ មិនមែនជាទាហានរបស់គណបក្សនយោបាយណាមួយឡើយ”។ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានដឹកនាំកងកម្លាំងរាជានិយមក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ បានមានប្រសាសន៍ថា លោកមិនបានចូលរួមពិធីរំឭកខួបនេះទេ ពីព្រោះវាធ្វើឡើងដើម្បីបម្រើឲ្យនយោបាយរបស់គណបក្សប្រឆាំងប៉ុណ្ណោះ។ លោកបន្តថា “ គណបក្សសង្គ្រោះជាតិកំពុងធ្វើនេះដើម្បីកេងចំណេញនយោបាយ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី