30.7 C
Phnom Penh

លោក ហ៊ុន សែន បរិ​ចាក​ប្រាក់​សាង​សង់​ផ្សារ​នៅ​សៀម​រាប ដែល​ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បរិច្ចាគ​ប្រាក់​ចំនួន​​៣០០.​០០០​​ដុល្លារ​សម្រាប់​ការ​សាងសង់​ផ្សារ​មួយ​នៅ​ក្រុង​សៀម​រាប​ឡើង​ថ្មី​ បន្ទាប់​ពី​អគ្គិ​ភ័យ​បាន​ឆាប​ឆេះ​តូប​លក់​ដូរ​អស់​ចំនួន​២០០​តូប​ បណ្ដាល​ឲ្យ​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់​ជាង​​១​លាន​ដុល្លារ​។

​​យោង​តាម​លោក ទិត្យ ណារ៉ុង អធិការ​នគរ​បាល​ក្រុង​សៀម​រាប​​បាន​ឲ្យ​ដឹង​ថា លោក សៀង ណាំ តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​ឈរ​ឈ្មោះ​ជា​ថ្មី​នៅ​មណ្ឌល​ខេត្ត​សៀមរាប​​ ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៨​ ខែ​កក្កដា និង​លោក ឃីម ប៊ុនសុង អភិ​បាល​ខេត្ត​នេះ បាន​ជួប​ជាមួយ​​អាជីវករ​មក​ពី​ផ្សារ​ដើម​ក្រឡាញ់​នៅ​ក្នុង​សង្កាត់​គោកចក កាល​ពី​ព្រឹក​ម្សិល​មិញ។

​លោក​បាន​មានប្រសាសន៍​ថា “ [មន្ត្រី​ទាំង​​ពីរ​រូប​នេះ​] បាន​ជួប​ជា​មួយ​អាជីវករ​ និង​បាន​ប្រកាស​ថា [លោកនាយក​រដ្ឋ​មន្ត្រី] សម្ដេច​​ ហ៊ុន សែន​ នឹង​បរិច្ចាគ​ប្រាក់​ចំនួន​៣០០.០០០​ដុល្លារ​សម្រាប់​ការ​សាង​សង់​ផ្សារ​នេះ​ឡើង​វិញ។ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​​នឹង​ជួយ​សាង​សង​់​ផ្សារ​នេះ​ឡើង​វិញ​ រហូត​ចប់​រួច​រាល់​” ហើយ​ការ​ងារ​សាងសង់​នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់ៗ​​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

​អ្នក​ស្រី ទាវ ចន្ថា ​អាយុ​៣១​ឆ្នាំ ជា​អាជីវករ​​លក់​គ្រឿង​ក្រអូប​ម្នាក់​​ដែល​បាន​បាត់​បង់​តូប​ចំនួន​ពីរ​ក្នុង​​អគ្គិភ័យ​នេះ​ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​២០.០០០​ដុល្លារ បាន​ស្វាគមន៍​ការ​ផ្ដល់​​ជំនួយ​​នេះ​ ហើយ​និយាយថា គាត់​ពិត​ជា​បោះ​ឆ្នោត​គាំទ្រ​លោក​នាយក​រដ្ឋ​មន្ត្រី​។
ស្ត្រី​រូប​នេះ​បាន​បន្ថែម​ថា “ ខ្ញុំ​នឹង​បោះ​ឆ្នោត​ជូន​គាត់​។ ទី​ណា​មាន​សម្ដេច​ ទី​នោះ​មាន​ការ​អភិវឌ្ឍ។ គាត់​​គឺ​ជា​ម្លប់​សម្រាប់​យើង​​ទាំង​អស់​គ្នា”៕​​

    ប្រែ​សម្រួល​ដោយ​ ហម សុផាណ្ណា​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស