28 C
Phnom Penh

ចោរលួច​ទិន្ន​ន័យ​តាម​កុំព្យូទ័រ​​ក្នុង​ស្រុក​អុក​ឡុក​​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​លួច​ទិន្នន័យ​តាម​កុំព្យូទ័រ​ក្នុង​ស្រុក​​មួយ​ក្រុម​​ បាន​អុក​ឡុក​គេហទំព័រ​របស់​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​តវ៉ា​នូវ​អ្វី​ដែល​ពួក​គេ​អះអាង​ថា ជា​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​​ដើម្បី​​ចុះ​ឈ្មោះ​ជន​អន្តោប្រវេសន៍​វៀតណាម​​​​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​ក្នុង​ខែ​នេះ​។

ដោយ​​មិន​ធ្វើ​​ការ​ទំនាក់​ទំនង​ជា​ធម្មតា​ ជាមួយ​​អ្នក​​បោះ​​ឆ្នោត​ដើម្បី​ពិនិត្យ​​មើល​ព័ត៌មាន​លម្អិត​​​នៃ​​ការ​ចុះ​ឈ្មោះ​របស់​ខ្លួន​នោះ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​​នៅ​លើ​គេ​ហ​ទំព័​រ​រ​បស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​លេច​ឡើង​នូវ​សារ​មួយ​ដែល​មាន​​​ស្រមោល​ពណ៌​ខ្មៅ​ ដោយ​បង្ហាញ​រូប​បិទ​មុខ​ជា​​ឈុត​ចុង​ក្រោយ​​ក្នុង​រឿង​​​ “ ​មហាជន​ផ្តាច់​ការ”​របស់​លោក​​​ឆាលី​ឆាប​លីន​ (Charlie Chaplin) ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៤០​​​ ជា​ចលនា​​សង្គ្រាម​ប៉ាកា​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ហ្វា​ស៊ីស​​ និង​មាន​លិខិត​មួយច្បាប់​​​ផ្ញើ​ជួន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ឡាយ​ព្រះ​ហស្តដោយ​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី។

សារ​មួយ​ពី​ជន​អនាមិក​ម្នាក់​បាន​និយាយ​ថា “ ​លទ្ធិប្រជាធិបតេយ្យ​គឺ​ត្រូវ​​បាន​ផ្ដល់​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​ៗ​រូប​។ ប្រជា​ពលរដ្ឋ​​ទាំង​អស់​គ្នា​ជា​ចលនា​បដិវត្ត​អាច​ផ្លាស់​ប្ដូរ​ពិភព​លោក​បាន​”។  សារ​នោះ​​បន្ត​ថា “ ​យើង​ជា​ជន​អនាមិក​ យើង​​​គោរព​សាសនា​ យើង​នឹង​មិន​អនុ​គ្រោះ​ ​ហើយ​យើង​មិន​អាច​បំភ្លេច​បាន​​ឡើយ​”។

ការ​អុក​ឡុក​គេហទំព័រ​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​​ចំ​ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​​ដោយ​មនុស្ស​បី​នាក់​ដែល​ហៅ​ខ្លួន​ឯង​ថា ជា​កង​ទ័ព​កម្ពុជា​ និង​ជា​សមាជិក​អ្នក​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​​​អន្តរជាតិ​។ អ្នក​​លួច​ទិន្នន័យ​តាម​កុំព្យូទ័រ​​ក៏​បាន​​ជ្រៀត​ចូល​ក្នុង​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ DDoS ជា​ប្រព័ន្ធ​​មួយ​ ដែល​​ធ្វើ​ឲ្យ​ប្រព័ន្ធ​អុីន​ធើណិត​មិន​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង​១២​ម៉ោង​។

ទោះ​ជា​យ៉ាង​ណា​ អ្នក​ជំនាញ​ម្នាក់​​ប្រចាំ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា គេហទំព័រ​ទាំង​ពីរ​ត្រូវ​បាន​ជួស​ជុល​ឲ្យ​ដំណើរ​ការ​ធម្មតា​វិញ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​។

អ្នក​​សម្រប​សម្រួល​ការ​លួច​ទិន្នន័យ​តាម​កុំព្យូទ័រ​នេះ​បាន​ផ្តល់​សម្ភាស​តាម​ប្រ​ព័ន្ធ​ស្កាយ​​(Skype Intervew)​កាលពី​ម្សិល​មិញ​ថា​​ ខ្លួន​គឺ​​ជា​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​មាន​​​​ឈ្មោះថា​​​ប្លេក សាយ​​ប៊ើ​ (Black Cyber) ​​​បាន​និយាយ​ថា​ “ វា​គ្រាន់​តែ​ធ្វើ​ឲ្យ​អុីន​​ធើណិត​មិន​ដំណើការ​បន្តិច​បន្តួច​​​​​ប៉ុណ្ណោះ​​លើ​​គេហទំព័រ​ necelect.​org.kh និង​ធ្វើ​ឲ្យ​ខូច​ខាត​​គេហទំព័រ​ voterlist.​org.​kh​​ តែ​បន្តិចបន្តួចផង​ដែរ” ។

អ្នក​លួចទិន្នន័យ​តាម​កុំព្យូទ័រ​រូប​នោះ​​​បន្ត​ថា​ “ សមាជិក​របស់​យើង…​ជឿ​ថា បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​ផ្សព្វ​ផ្សាយ​តាម​គេហ​​​ទំព័រ​នោះ​ មាន​​ឈ្មោះ​ជន​ជាតិ​វៀត​ណាម​ ដោយ​ប្រើ​ប្រព័ន្ធ​កាម៉េរ៉ា​ ​ភ្ជាប់​​នឹង​ប្រព័ន្ធ​កុំព្យូទ័រ​ ដើម្បី​បន្លំ​​សំឡេង​របស់​ខ្លួន​​ ហើយ​ដោយ​​ការ​ភ័យ​ខ្លាច​ក្រុម​ភ្នាក់​ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​របស់​អាមេរិក​​ស្ទាក់​ចាប់​បាន​។

លោក ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​នេះ​ នឹង​​ដាក់​ពាក្យ​​បណ្ដឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​អ្នក​ទាំង​ឡាយ​ណា​​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​វាយ​ប្រហារ​នេះ​។

​លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ មិន​បាន​ធ្វើ​ដូច្នោះ​ឡើយ​ ​លោក​ពោល​ដូច្នេះ​ចំពោះ​ការ​​អះអាង​​​ថា មាន​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់​​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​។ ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ”។

លោក​ យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​​​កាល​ពី​ម្សិលមិញ​​ថា​​​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រឆាំង​ បាន​ធ្វើ​យុទ្ធនាការ​​​ជា​យូរ​មក​ហើយ​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ទាំង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ​​ហើយ​លោក​បាន​​ថ្កោល​ទោស​ចំពោះ​ការ​អុក​ឡុក​នេះ​ ជា​ការ​ខុស​ច្បាប់​ ដោយ​លោក​លើក​ឡើង​ថា ពួក​គេ​អាច​ធ្វើ​ឲ្យ​ខូច​កិច្ច​ប្រឹង​ប្រែង​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ​ថែម​ទៀត​។

លោក​ថ្លែង​បន្ត​ថា“ រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធាន​ការ​ដើម្បី​​ចាប់​​ខ្លួន​បុគ្គល​ទាំង​នោះ​មក​ដាក់​ទោស​”។ ការ​វាយ​ប្រហារ​លើ​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​មិន​មែន​ជា​ការ​អុក​ឡុក​លើ​គេហ​ទំព័រ​របស់​រដ្ឋាភិបាល​​កម្ពុជា​លើក​ទី​១​នោះ​ឡើយ។

កាល​ពី​ដើម​ឆ្នាំ​នេះ អ្នក​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​បរទេស​បាន​ជ្រៀត​ចូល​​គេហ​ទំព័រ​របស់​​កង​រាជ​អាវុធ​ហត្ថ​​​ តុលាការ​កំពូល​  ហើយ​​កាល​ពី​សប្ដាហ៍​មុន ​គេហទំព័រ​​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ត្រូវ​បាន​អ្នក​ជ្រៀត​ចូល​ពីរ​នាក់​បាន​ធ្វើ​ឲ្យ​ខូច​គេហទំព័រ​របស់​ក្រសួង​នេះ ដោយ​បង្ហោះ​រូបភាព​ និង​សារ​ជា​ភាសា​អេស្ប៉ាញ​។

កាល​ពី​ម្សិលមិញ អ្នក​វាយ​ប្រហារ​ឈ្មោះ ប្លេក សាយប៊ើ​ បាន​និយាយ​ថា ការ​អុកឡុក​នេះ​ គឺ​ជា​ទម្រង់​មួយ​នៃ​ “ សកម្មភាព​នយោ​បាយ​”។ លោក​បាន​និយាយ​ថា “ ប្រព័ន្ធធ្វើ​ឲ្យ​អុីន​ធើណិត​មិន​ដំណើ​ការ​ ​ជា​ទម្រង់​មួយ​ដើម្បី​ធ្វើ​ការ​តវ៉ា​ វា​ហាក់​បី​ដូច​ជា​អ្នក​កំពុង​តែ​​ធ្វើ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​អ៊ីចឹង​ដែរ”៕

(រាយការណ៍​បន្ថែម​ដោយ​ ផន បុប្ផា)
ប្រែ​សម្រួល​ដោយ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស