38 C
Phnom Penh

តើ​​​លោក​​​ សម រង្ស៊ីនឹង​វិលត្រឡប់​មក​​កម្ពុជា​វិញ ឬ​​​យ៉ាងណា ​​​​​​?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មាន​​​​ភាព​​​​មិន​​​ច្បាស់​លាស់​ទេក្នុង​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃសៅរ៍​​​​របស់​លោក សម រង្ស៊ី ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ថា លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ​​​​មុន​​ការ​​​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​​​​ប្រព្រឹត្ត​​​ទៅ​​​​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​​​និង​​​ការ​​​​សន្យា​​​ថា ​​​លោក​​​​នឹង​បូជាជីវិត​ដើម្បី​សង្គ្រោះ​ជាតិ​ពី​ការ​បំផ្លិច​បំផ្លាញ​។

ប៉ុន្តែ លោក សម រង្ស៊ី ​​​ធ្លាប់​​​មាន​ប្រវត្ត​​ធ្វើ​ការ​​​សន្យា​​​ហើយ​​​​ ក៏​​​លេប​​​សម្ដី​​​​​​របស់​ខ្លួន​​​​​វិញ​​​។ កាលពី​​​​ដើម​ឆ្នាំ​​​នេះ​​​ លោក សម រង្ស ​អះ​អាង​​​​ថា គណបក្ស​របស់​លោក​នឹង​ធ្វើ​​​ពហិ​​​​ការ​មិន​ចូល​រួម​​​​​​​ការ​​​បោះ​ឆ្នោត​ជាតិ​ទេ​ ប្រសិន​​​បើ​​គ្មាន​ការ​​​កែទម្រង់​​​​ប្រព័ន្ធ​បោះ​ឆ្នោត ដែល​​​​រួម​មាន​​​​ទាំង​​​ការ​បង្កើត​បញ្ជី​​​​ឈ្មោះ​​​អ្នក​បោះ​ឆ្នោត​ថ្មី​ និង​ការ​កែប្រែ​រចនា​សម្ព័ន្ធ​​​របស់​​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប.) ដែល​សព្វ​ថ្ងៃ​​​​ពោរ​ពេញ​​​ដោយ​​​​សមា​​​ជិក​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នោះ​។

ទីបំផុត​​​​ គណបក្ស​សង្គ្រោះ​ជាតិ​​​​ក៏​​​បាន​ចុះ​​បញ្ជី​​​សម្រាប់​ការ​បោះ​ឆ្នោត​ ​​​នៅ​​​​ថ្ងៃទី​១០ ខែ​ឧសភា គឺ​​​​រយៈពេល​​​បី​ថ្ងៃ​មុន​​​​ឱសានវាទ​​​​​ ដោយ គ.ជ.ប. មិន​បាន​ធ្វើ​តាម​ការ​ទាមទារ​ណាមួយ​​របស់​គណបក្ស​ប្រឆាំង​​​នេះ​​​​ឡើយ​។ ក្រោយ​​​ការ​​​ប្រកាស​​​លទ្ធផល​​​នៃ​​​ការបោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨ លោក សម រង្ស៊ី បាន​អះអាង​ថា សមាជិក​​សភា​មកពី​បក្ស​ប្រឆាំង​នឹង​មិនទទួល​ស្គាល់​រដ្ឋសភា​ដែល​ទើប​​​​បង្កើត​​​​ថ្មី​​​ទេ​​​ ដើម្បី​តវ៉ា​​​​ចំពោះ​​​អ្វី​ដែល​លោកហៅ​​​​ថា​​​ លទ្ធផល​នៃ​​​ការ​បោះ​ឆ្នោត​​​​ដែល​​​គ្មាន​​​ភាព​​​សុក្រឹត​​​​។ទោះ​ជា​យ៉ាងណា ​​បន្ទាប់​ពី​គ.ជ.ប. បាន​ប្រកាស​​​ថា អាសនៈ​របស់​គណបក្ស​ប្រឆាំង​ នឹង​​​ត្រូវបាន​​​បែងចែក​​​​ទៅ​ឲ្យ​គណបក្ស​នយោ​បាយ​ផ្សេង​​​​ៗ​​​នោះ​​​ លោក សម រង្ស៊ី​ និង​សហ​ការី​របស់​លោក​បាន​យល់​ព្រម​ទទួល​យក​​​​លទ្ធផល​នៃ​ការ​​បោះ​ឆ្នោត​​​នេះ​​​។​

កាលពី​ឆ្នាំ​២០០៥​​​ លោក សម រង្ស៊ី ដែល​បាន​ទៅ​រស់​នៅ​បរទេស​ដើម្បី​គេច​ពីទោស​​​​ជាប់​ពន្ធនាគារ​រយៈពេល​១៨ខែ​ពី​បទ​បរិហារ​​​​កេរ្តិ៍​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ នោះ​​​បាន​ចាត់​វិធាន​​​​​ការ​ផ្លូវ​ច្បាប់​​ ដោយ​​​បាន​​​ប្តឹង​​លោក ហ៊ុន សែន នៅ​តុលាការ​ក្រុង​​​​ញូវយ៉ក ជុំវិញ​​​ការ​​​ចោទ​ប្រកាន់​ថា​​​ នាយករដ្ឋ​មន្ត្រី​​​​​​​​​រូបនេះ​​​ជាប់​​​ពាក់​ព័ន្ធ​​​ក្នុង​​​​ការ​​​បំផ្ទុះ​គ្រាប់​បែក​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​​​១០នាក់​នៅ​ខាង​ក្រៅ​អគារ​រដ្ឋ​​​សភា​ចាស់​​​​​កាល​ពី​ឆ្នាំ​១៩៩៧​​​។

ក្រោយ​មក លោក សម រង្ស៊ីក៏​​​បាន​ដក​​​ខ្លួន​​​ចេញ​​​​ពី​​​ការ​ស៊ើប​អង្កេត​របស់​តុលាការ​​​​ហើយ​​​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​ពុំ​ចាំបាច់​​​​​​ប្រឈម​​នឹង​​​ទោស​​​ជាប់​ពន្ធនាគារ​​ ដោយសារ​តែ​លោក​​បាន​ផ្ញើ​លិខិត​​​​​​​​មួយ​ច្បាប់​ទៅ​លោក ហ៊ុន សែន ​​​​​​ដើម្បី​​​សុំ​អភ័យ​ទោស​​​ចំពោះ​​​ការ​ភ្ជាប់​​​រូប​លោក​​​​​​ទៅ​នឹង​ការ​​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​​​នោះ​​​ និង​ដោយ​សារ​មាន​​ព្រះរាជ​ទាន​លើក​​​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី ។

​លើក​នេះ ​នៅ​មិន​ទាន់​មាន​ការ​​​ឈាន​​​ដល់​​​​កិច្ច​​​​ព្រមព្រៀង​នយោបាយ​​​​ស្តីពី​​​ការ​​​​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​កាន់​ប្រទេស​​កម្ពុជា​វិញ​​​ដោយ​ពុំ​ចាំ​បាច់​ប្រឈម​​​នឹង​​​ទោស​​​​ជាប់​ពន្ធនាគារ​រយៈពេល​១១ឆ្នាំ ក្រោម​​​​បទ​ចោទ​ប្រកាន់​ដែល​លោក​បាន​អះអាង​ថា ​​​មាន​​​​​ហេតុផល​​​នយោ​បាយ​ឡើយ​។ អាជ្ញាធរ​​​មាន​​​សមត្ថកិច្ច​​​​ក៏​បាន​សន្យា​រួច​​​ហើយ​​​​ថា នឹង​​​​ធ្វើការ​​​ចាប់​ខ្លួន​លោក​​​ សម​​​ រង្ស៊ី​ ប្រសិន​បើ​លោកវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​​​។

លោក ព្រាប គល់ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​​​​ ​មាន​​​ប្រសាសន៍​​​​ថា “ ឥឡូវ​នេះ ​​​​គាត់​​​គ្មាន​​​ជម្រើស​​​​ងាយស្រួល​​​ទេ​​​​​​។​​​ ជម្រើស​​​មួយ​​​គឺ​ការ​​​​​វិល​​​មក​​​វិញ​​​​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​​​ទាំង​​​ប៉ុន្មាន​​​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​​​ ប៉ុន្តែ​​​វា​ជា​​​ការ​​​ប្រថុយប្រថាន​​​ ព្រោះ​​​​គាត់​​​​​​អាច​នឹង​ត្រូវ​​តុលាការ​ចាប់​ខ្លួន។ ដូច្នេះ​​​​ គាត់​​​ត្រូវ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់​​​ថា តើ​ជម្រើស​មួយ​ណា​ដែល​ជា​ជម្រើស​​ល្អ​បំផុត​សម្រាប់​គាត់​​​ និង​គណ​បក្ស​របស់​​​​គាត់​​​ ​​​ក៏​​​ដូចជា​​​​អ្នក​គាំទ្រ​​​​​​​របស់​​​គាត់​​​”។​

លោក ម៉ម សូណង់ដូ ដែល​ជួប​បញ្ហា​ស្រដៀង​​​នឹង​លោក សម រង្ស៊ី ពេល​លោក​វិល​ត្រឡប់​មក​​ប្រទេស​កម្ពុជា​​​​វិញ​​​ កាលពី​ខែ​កក្កដា ឆ្នាំ​២០១២​​​ដើម្បី​​​​ប្រឈម​​​នឹង​​​​ការ​ចោទ​ប្រកាន់​​​ពី​បទ​​​​ដឹក​នាំ​ចលនា​អបគមន៍​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក​​​​​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​ប៉ុន្មាន​​​ខែ​​​​នោះ​​​ បាន​លើក​ឡើង​ថា ថ្វី​​​បើ​​​សារ​របស់​​លោក សម រង្ស៊ីហាក់​ដូច​​​ជា​មាន​​​​​​បង្កប់​​​ភាព​​​ស្មោះត្រង់​​​ថា​​​ លោក​​​នឹង​​​វិល​​​មក​​​វិញ​​​ក៏​​​ពិតមែន​​​ ប៉ុន្តែ​​​ត្រង់​​​​ថា តើ​ការ​វិល​ត្រឡប់​​នេះ​នឹង​កើតមាន​​​​​​មែន​​​​ឬ​យ៉ាង​ណា​​​​នោះ​​​​ ​​​គឺ​លំបាក​នឹង​ដឹង​​​ណាស់​​​។​

លោក ម៉ម សូណង់ដូ​​​ ​បាន​​​​មាន​​​ប្រសាសន៍​​​អំ​ពី​​​លទ្ធភាព​​​នៃ​​​ការ​​​វិលត្រឡប់​​​របស់​​​លោក​​​សម​​​ រង្ស៊ី ថា “ ខ្ញុំ​​​​ជឿ​តែ​៥០/៥០​​​​ប៉ុណ្ណោះ​​​។ ប្រសិន​​​បើ​គាត់​​​ចង់​ឈ្នះ​​​​ការ​​​បោះឆ្នោត​​​​ គាត់​​​ត្រូវ​តែ​​​វិល​​​​ត្រឡប់​មក​វិញ”។

លោក មឿន ឈាន​ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​​​​អំពី​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ ​បាន​លើក​ឡើង​ថា លោក​​​មិន​​​ជឿ​​​​ថា លោក សម រង្សុី​​​​​ នឹង​វិល​ត្រឡប់​មក​​ប្រទេស​កម្ពុជា​វិញ​ ដោយ​គ្មាន​កិច្ច​​​​ព្រម​ព្រៀង​​នយោ​បាយ​​ស្រដៀង​នឹង​លិខិត​​​​សុំ​អភ័យ​ទោស​ និង​ព្រះ​រាជទាន​លើក​លែង​ទោស​ដូច​កាល​​​​ពី​ឆ្នាំ​២០០៥​​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “ គាត់​​​ [លោក សម​ រង្ស៊ី] នៅ​តែ​មាន​​​​យុទ្ធសាស្ត្រ​​​ក្នុង​​​ការ​វិល​ត្រឡប់​​​មក​​​វិញ​​​។ ខ្ញុំ​នៅ​តែ​មិន​​​​ជឿ​​​ថា លោក សម រង្ស៊ី​​​​​ នឹង​វិល​ត្រឡប់​មក​​​វិញ​​​ទាំង​​​​គ្មាន​ការ​សន្យា​ណា​មួយ ​[ពី​រដ្ឋាភិបាល​] ​ឬ​​​​​​ការ​​​ជម្រះ​​​ឧបសគ្គ​​​​​​ជាមុន​​​ទេ​​​”។

លោកស្រី ជា វណ្ណាត អ្នក​វិភាគ​នយោ​បាយ​​ឯករាជ្យ​​​​ បាន​លើក​ឡើង​ថា​​​ ​​​ដោយសារ​​​ការ​​​អះអាង​​​​ម្តង​ហើយ​ម្ដង​ទៀត​ចាប់​តាំង​ពី​​បាន​ចាក​ចេញពី​ប្រទេស​​​​នេះ​​​ក្នុង​​​​ឆ្នាំ​២០០៩​​​​ថា ខ្លួន​​​នឹង​វិល​មក​​​វិញ​​​​នោះ​​​ អ្នក​គាំទ្រ​ជា​ច្រើន​​របស់​លោក សម រង្ស៊ី​​​​​ មាន​​​ហេតុផល​​​ក្នុង​​​ការ​សង្ស័យ​​​​អំពី​​​​ការ​សន្យា​ថ្មី​​​បំផុត​​​​របស់​លោក​​​ដែល​​​​ថា ខ្លួន​​​​​នឹង​វិល​​​មក​​​មាតុ​​​ប្រទេស​​​​​វិញ​​​។

លោកស្រី​​​ ជា​ វណ្ណាត បាន​មាន​ប្រសា​សន៍​​​ថា “ គាត់​​​​បាននិយាយ​​​បែបនេះ​​​​ច្រើន​លើក​​​ពេក​​​​ដល់​​​ថ្នាក់​​​ទទួល​បាន​ការ​ឆ្លើយ​តប​អវិជ្ជ​មាន​​ជា​ច្រើន​​​ថា​​​ គាត់​​​នឹង​​​មិន​​​​ធ្វើ​​​តាម​​​ការ​​​សន្យា​​​ ​បាន​​​​​ន័យ​ថា ​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​​​​គាត់​​​បាន​បាត់​បង់​ជំនឿ​ចិត្ត​​​​​​លើ​​​រូបគាត់​​​ទៅ​​​ហើយ​​​”។ ប៉ុន្តែ​​​ លោកស្រី​បាន​បន្ថែម​ថា ការ​សន្យា​របស់​លោក សម រង្ស៊ី​​​​​ ​​​លើក​​​នេះ​​​ហាក់ដូច​ជា​មាន​ភាព​ស្មោះ​ត្រង់​ជាង​សព្វដង​​​​។

លោកស្រី​បាន​​​​មាន​​​ប្រសាសន៍​​​​ថា “ ខ្ញុំ​គិត​ថា គាត់​​​បាន​​​ជម្នះ​​​​​​កត្តា​​​​​​ផ្លូវចិត្ត​​​​​​ច្រើន​​​ណាស់​​​​​​មុន​ពេល​​​និយាយ​​​​ថា ខ្លួន​​​នឹង​វិល​ត្រឡប់​មក​​វិញ​​​​។ ប្រហែល​ជា​ការ​សន្យា​លើក​នេះ​​​​មិនមែន​​​គ្រាន់​តែ​​​ជា​​​ការ​​សន្យា​ចោល​​​ដូច​​​​​​​​​មុន​ៗ​​​ទេ​​​”។

លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​​​ ​បាន​លើក​ឡើង​ថា ថ្វី​​​បើ​​​​លោក សម រង្សុី​​​​​ ធ្លាប់​​​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​​​ខក​ចិត្ត​ក្នុង​​​ពេល​​​កន្លង​​​មក​​​​​​​​​​ក៏​​​ពិត​​​មែន​​​​​​​​​ ​ប៉ុន្តែ​​​​​លោក​​​មិន​​​ដែល​​​មាន​​​ខែល​​​ច្រើន​​​​​​ដូច​​​​​​លើក​​​នេះ​​​ទេ​​​។ លោក​ថ្លែងថា “ វា​លំបាក​នឹង​ជឿ​​ថា គាត់​​​​នឹង​​​​​​​វិល​មក​វិញ​​ ​ព្រោះ​គាត់​​​​តែង​បាន​​​​ប្រកាស​ពី​ការ​វិល​ត្រឡប់មក​​​វិញ​​​​​​ម្តង​ហើយ​ម្ដង​ទៀត ហើយ​​​នៅ​​​​ទី​​​​បំផុត​​​​​​​ ​គឺ​​​មិន​ដែល​​វិល​​​​មក​​​វិញ​​​​ឡើយ​”។

​​​​លោក​បាន​​​​បន្ត​​​​ថា “ ប៉ុន្តែ លើក​​​នេះ​​​គឺ​​​​ប្រហែល​ជា​អាច​ទៅ​រួច ​ព្រោះ​គាត់​​​​បាន​​ឃើញ​​​ប្រជាពលរដ្ឋ​ជាច្រើន​​​​​ចូល​រួម​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​​​មួយ​​​វិញ​​​ទៀត​​​គឺ​​​គាត់​​​មាន​​​​កម្លាំង​​​ចិត្ត​​​ព្រោះគាត់​​​នឹង​​​មាន​​​​​​​​​អ្នក​​​គាំទ្រ​​​យ៉ាងច្រើន​​​លើសលប់​​​​​​​ពេល​គណបក្ស​កាន់​អំណាច​ចាប់​ខ្លួន​គាត់​​​ ហើយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នឹងផ្តោត​​​លើ​​​សេចក្តី​​​រាយ​​​ការណ៍​​​​ព័ត៌មាន​អំពី​រូប​​​គាត់​​​​ ហើយ​វា​ពិត​ជា​អាច​​​មាន​​​ប្រយោជន៍​សម្រាប់​​​គណបក្ស​ប្រឆាំង​”។

លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​​​គណបក្ស​​​​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា គណបក្ស​របស់​លោក​កំពុង​សម្រេច​ចិត្ត​​​​​​​ជ្រើសរើស​​​​ពេល​វេលា​ល្អ​បំផុត​សម្រាប់​​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​លោក សម រង្ស៊ី។

លោកស្រី ធីតា ឃឹស នាយិកា​​​គណៈ​កម្មា​ធិ​​​ការ​ដើម្បី​លើក​កម្ពស់​ស្ត្រី​​ក្នុង​ឆាក​នយោ​​​បាយ​​​​ បាន​លើកឡើង​​​​ថា​​​ មិន​​​ថា​​​​​​​លោក សម រង្ស៊ី ​សម្រេច​ចិត្ត​​​យ៉ាងណា​​​ទេ​​​ លោក​ត្រូវតែ​ដឹង​​​​​​​​ខ្លួន​​​ថា នេះ​​​​​​គឺ​​​ជា​​​ពេលវេលា​​​សំខាន់​​​បំផុត​​​ក្នុង​​​​អាជីព​នយោបាយ​របស់​លោក។ លោកស្រី​បាន​​​​មាន​​​ប្រសាសន៍​​​ថា “ ​​​ប្រសិន​បើ​​​​គាត់​​​​មិន​ត្រឡប់​មក​វិញ​ទេ ​​​​​​អាជីព​​​នយោ​​​បាយ​របស់​​​​គាត់​​​នឹង​​​​ត្រូវ​បញ្ចប់​​​​”​​​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស