27 C
Phnom Penh

សាលា​ដំបូង​ខេត្ត​រតនគិរី​ចោទ​ប្រកាន់​អតីត​មន្ត្រី​យោធា​​ម្នាក់ពី​​​បទបាញ់​បោះ​សេរីនៅហាងខារ៉ាអូខេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​មួយ​រូប​បានឲ្យ​ដឹង​ថា កាល​ពី​ម្សិល​មិញ សាលា​ដំបូង​ខេត្ត​រតនគិរី​បាន​ចោទ​ប្រកាន់អតីត​មន្ត្រី​យោធាមាន​ឈ្មោះដ៏
​អ​​សោចម្នាក់ ​ពី​បទ​បាញ់​​កាំ​ភ្លើងខ្លី​​​​ឡើង​លើ​នៅ​ខាង​ក្រៅ​ហាង​ខា​រ៉ា​អូ​ខេ​មួយ​កន្លែង​កាល​​​​ពី​ថ្ងៃ​សៅរ៍។

​លោក រួស សា​រ៉ាម ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​មានប្រសាសន៍​ថា អតីត​វរ​សេនីយ៍​ឯក សាត សឿន ដែល​មាន​រហស្ស​​​នាម​​​ថា​ សឿន​​​ ផែន​ដី  ឬ​ “ ម្ចាស់​ផែន​ដី”​ ត្រូវ​បាន​ចោទ​​​​​​​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​និង​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​ អំឡុង​ហេតុ​ការណ៍​កាល​ពី​យប់​ថ្ងៃ​សៅរ៍​។​ លោក រួស សារ៉ាម បាន​មាន​ប្រសា​សន៍​​ថា  “ពេល​នេះ​យើង​បាន​ឃុំ​ខ្លួន​គាត់បណ្ដោះ​អាសន្ន​”។

យោង​តាម​លោក ឯម វុន អធិការ​នគរ​បាល​ក្រុង​បានលុង​​បាន​ឲ្យ​ដឹង​ថា លោក សឿន ​ខឹង​យ៉ាង​ខ្លាំង នៅ​ពេល​ស្ត្រី​អ្នក​បម្រើភ្ញៀវ​​ពីរ​នាក់​នៅ​ហាង​ខារ៉ាអូខេ ម្លប់ មាស អឹមធីវី ដែល​គាត់​ត្រូវ​ការ​​​​ នៅ​កំដរភ្ញៀវ​ផ្សេង​។​

​លោក ឯម វុន​​​ ​មានប្រសាសន៍​ថា “គាត់​ហាក់​ដូច​ជា​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​ចាក​ចេញ​ពី​បន្ទប់​ខា​រ៉ា​អូខេ​​ រួចក៏​បាញ់ឡើង ​​លើអា​កាស​នៅ​ខាង​មុខ​ហាង​ខារ៉ាអូខេ​​នោះ​​”។​​​លោក​បាន​បន្ថែម​ថា មន្ត្រី​ដែល​មក​ដល់​កន្លែង​​​​កើត​ហេតុ​បាន​រក​ឃើញ​សម្បក​​គ្រាប់​កាំ​ភ្លើង​ដៃ​ម៉ាកឡុកចំនួន​១២​គ្រាប់។

លោក ឯម វុន បាន​មាន​​​ប្រសាសន៍​ថា ​ទោះ​បី​ជា​គ្មាន​នរណា​ម្នាក់​រង​របួស​ក៏​ដោយ​ ក៏​លោក​ សឿន​ ត្រូវ​បាន​ចាប់​ខ្លួន​ដែរដោយ​សារ​ទង្វើ​របស់​គាត់​​។

ថ្មីៗនេះ លោក សឿន​ បាន​លេច​មុខ​នៅ​ក្នុង​ក្រុង​បានលុង​ ធ្វើ​ការ​ឲ្យ​អ្នកជំនួញ​ម្នាក់ គឺឧកញ៉ា​ ទ្រី ភាព ដែល​មាន​ដី​សម្បទាន​​​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​នោះ​ និង​ដែល​​ជាញឹក​ញាប់​​​ជាប់​ពាក់​ព័ន្ធ​នឹងការ​ជួញ​ដូរ​ឈើខុស​ច្បាប់។ ​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​លោក សឿន ល្មើសច្បាប់​។ ​លោក ឯម វុន បាន​មាន ប្រសាសន៍​ថា លោក សឿន ​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះគ្រោះថ្នាក់​ចរា​ចរណ៍​មួយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន​ផង​ដែរ ដែល​នៅ​ពេល​នោះ​រថយន្ដ​របស់​គាត់​បាន​បុក​ម៉ូតូ​មួយ​គ្រឿងជិះ​ដោយ​បុរស​បីនាក់​​នៅ​ក្នុង​ក្រុង​បាង​លុង បណ្តាល​ឲ្យ​​​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ស្លាប់​​។

​ទោះ​ជា​យាង​ណា​ គាត់​មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទេ ហើយ​លោក ឆាយ ធី មន្ត្រី​សម្រប​ សម្រួល​របស់​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​រតនគិរីបាន​មានប្រសាសន៍​ថា គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​​បាន​កន្លង​ផុត​​ទៅដោយ​គ្មាន​ការ​ស៊ើប​អង្កេតឡើយ បន្ទាប់​​ពីផ្ដល់​ប្រាក់​សំណង​ដល់​អ្នក​ដែល​រួច​ពី​ស្លាប់​។​

នៅ​ក្នុង​ករណី​មួយ​ផ្សេង​ទៀត​ លោក សឿន​ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ផងដែរ​​​ ប៉ុន្ដែ សម្រេចឲ្យ​រួចការ​ចោទ​ប្រកាន់​វិញ​ ​នៅ​ក្នុង​ករណី​ឃាតកម្មឆ្នាំ​១៩៩៤​ក្នុង​ខេត្ត​កំពង់​ចាម លើ​​លោក ច័ន្ទ តារា អ្នក​កាសែត​​កោះ​សន្ដិ​ភាព​។ ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៤​ លោក សឿន ត្រូវ​បានតុលាការ​​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈពេល​១០​ឆ្នាំពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​លើ​វរ​សេនីយ៍​ឯក​កង​យោធ​ពល​ខេមរ​ភូមិន្ទ​មួយ​រូប តែ​គេ​មិន​ដឹង​ច្បាស់​ថា គាត់​បាន​ជាប់​ពន្ធ​នា​គារ​រយៈពេល​យូរ​​ប៉ុណ្ណា​នោះ​ទេ​នៃ​ទោស​នេះ៕

ប្រែ​សម្រួល​ដោយ​ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស