នៅពេលទទឹកខ្លួនជោគដោយសារព្យុះភ្លៀង ក្នុងខេត្តកណ្តាល កាលពីសប្តាហ៍មុន លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង បានអង្គុយលើដំបូលរថយន្តធំពណ៌ខ្មៅរបស់លោក ខណៈអ្នកភូមិបានឃើញជាលើកដំបូងនូវបុរសម្នាក់ដែលគ្រាន់តែមនុស្សមិនសូវលេចធ្លោក្នុងឆាកនយោបាយកាលពីប្រាំឆ្នាំមុន។
ទោះបីជាមិនសូវមានប្រជាជនស្គាល់ក្នុងការបោះឆ្នោតលើកចុងក្រោយកាលពីឆ្នាំ២០០៨ក៏ដោយ ក៏គណបក្សសិទ្ធមនុស្សដែលទើបបង្កើតថ្មីរបស់លោក កឹម សុខា នៅតែអាចទទួលបានអាសនៈ ច្រើនជាងគណបក្សហ៊្វុនសុិនប៉ិច ដែលបានឈ្នះការបោះឆ្នោតជាតិលើកដំបូងរបស់កម្ពុជាកាលពីឆ្នាំ១៩៩៣ បន្ទាប់ពីមានសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍។
រយៈពេលប្រាំឆ្នាំក្រោយមក លោក កឹម សុខា បានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលលោកធ្វើដំណើរពីខេត្តមួយទៅខេត្តមួយជាមួយនឹងការតាំងចិត្តយា៉ងមុតមាំក្នុងការប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
ផ្ទុយពីលោក កឹម សុខា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរក្សាពាក្យសន្យា ដោយបានរក្សាភាពស្ងាត់ស្ងៀមចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ បានចាប់ផ្ដើម កាលពីថ្ងៃទី២៧ ខែកក្កដាមក។ ការរក្សាភាពស្ងាត់ស្ងៀមនេះគឺជាសញ្ញាបង្ហាញពីទំនុកចិត្តរបស់លោក ហ៊ុន សែន លើការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
ប៉ុន្តែ ចំណុចសំខាន់គឺនៅតែស្ថិតនៅត្រង់ថា តើគណបក្សប្រជាជនកម្ពុជា នឹងបន្តទទួលបានអាសនៈកាន់តែច្រើននៅក្នុងរដ្ឋសភា ឬក៏លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិរបស់លោកអាចធ្វើឲ្យរង្គើកៅអីនាយករដ្ឋមន្ត្រីដែលលោក ហ៊ុន សែន បានកាន់កាប់រយៈ២៨ឆ្នាំមកហើយឬយ៉ាងណានោះ។
គណបក្សប្រជាជនកម្ពុជា បានប្រាប់ប្រជាពលរដ្ឋគ្រប់រូបថា ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នឹងទទួលបានមកវិញនូវការធានាអំពីសុខសន្តិភាព ស្ថិរភាព ការការពារជាតិយ៉ាងរឹងមាំ និង កំណើនសេដ្ឋកិច្ចកាន់តែខ្លាំង។ ក្នុងពេលជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ បានសន្យាយ៉ាងមុតមំាថា នឹងលុបបំបាត់អំពើរពុករលួយ បង្កើនប្រាក់បៀវត្សរ៍អប្បបរមា បង្កើតមូលនិធិសោធននិវត្សរ៍និងបង្កើនប្រាក់ចំណូលជាតិតាមរយៈការយកពន្ធពីក្រុមហ៊ុនធំៗនិងក្រុមហ៊ុនដែលមានទំនាក់ទំនងនយោបាយ ជាពិសេស គឺក្រុមហ៊ុននៅក្នុងវិស័យកាស៊ីណូ។
លោក ហ៊ុន សែន បានព្រមានថា ជ័យជម្នះ សម្រាប់គណបក្សសង្គ្រោះជាតិ ដែលបង្កើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី កាលពីឆ្នាំមុន ប្រឈមនឹងការធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលជាថ្មីម្ដងទៀត។ លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា តើភាគីណាឲ្យប្រាកដដែលនឹងពាក់ព័ន្ធក្នុងសង្គ្រាមស៊ីវិលនេះទេ ប៉ុន្តែ លោកហាក់ដូចជាដឹងច្បាស់ណាថា សង្គ្រាមនេះនឹងផ្ទុះឡើង។
មុនការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ ក្រុមអ្នកសង្កេតការណ៍បានព្យាករថា ជ័យជម្នះក្នុងការបោះឆ្នោតជាតិលើកនេះនឹងបានទៅគណបក្សប្រជាជនកម្ពុជា ដោយសារតែបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលពុំមានភាពសុក្រិតសោះនោះ។ សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យមានការអនុញ្ញាតឲ្យប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្សុី ដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងក្នុងប្រទេសបារាំង បន្ទាប់ពីត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១១ឆ្នាំតាមបទចោទប្រកាន់ដែលសកម្មជនការពារសិទ្ធិមនុស្សអះអាងថា មានហេតុផលនយោបាយវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។
ដោយមិនខ្វល់ពីការរិះគន់លោក ហ៊ុន សែន បានបន្តរក្សាងារជាអ្នកកាន់អំណាចយូរជាងគេបំផុតទី២នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីស្តេច ស៊ុលតង់ របស់ប្រទេសព្រុយណេ ហើយការដឹកនាំរបស់លោកបានធ្វើឲ្យប្រទេសកម្ពុជាមានស្ថិរភាពរហូតមក។ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនឡើងដល់ជាង៧ភាគរយនៅក្នុងឆ្នាំនេះ។
ប្រជាពលរដ្ឋខ្មែរបានទិញរថយន្ត និងទោចក្រយានយន្តក្នុងអត្រាមួយដែលមិនធ្លាប់មានពីមុនមក។ ប្រជាជនវណ្ណៈកណ្តាលក៏មានការកើនឡើងផងដែរ ហើយពួកគេមានលទ្ធភាពទិញផ្ទះ មានលទ្ធភាពទទួលបានប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ហើយក៏កំពុងទទួលបានផលប្រយោជន៍ពីស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។
ត្រង់ថា តើសមិទ្ធផលទាំងនេះអាចទាក់ទាញអ្នកបោះឆ្នោតដែលបានបាត់បង់ភាពអត់ធ្មត់ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចំពោះមន្ត្រីពុករលួយ វប្បធម៌និទណ្ឌភាព និងកង្វះទីផ្សារការងារបានឬអត់នោះ នឹងក្លាយជាកត្តាកំណត់ជោគវាសនារបស់គណបក្សនេះ។
តាមរយៈការធ្វើបទសម្ភាសជាមួយអ្នកបោះឆ្នោតរាប់សិបនាក់នៅក្នុងរាជធានីភ្នំពេញ ដែលទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការឃោសនាយ៉ាងធំកាលពីចុងសប្ដាហ៍នោះ គេអាចដឹងច្បាស់ថា បរិយាកាសមុនការបោះឆ្នោតកាន់តែមានភាពក្តៅគគុក ដោយអ្នកបោះឆ្នោតមានការយល់ឃើញខុសៗគ្នាពីការវិវឌ្ឍន៍របស់កម្ពុជាក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
អ្នកស្រី ម៉ា ឌីយ៉េន អាយុ៣១ឆ្នាំ ដែលជាជំនួយការគ្រូបង្រៀនក្នុងឈុតសម្លៀកបំពាក់យ៉ាងស៊ីវិល័យនៅសាលាអន្តរជាតិភ្នំពេញ (International School of phnom Penh) ហៅកាត់ថា ISPP និងដែលនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញនោះ បានសម្តែងភាពនឿយណាយចំពោះការដឹកនាំរបស់មេដឹកនាំប្រទេសដដែលៗទាំងបីនាក់។
ដោយបានសង្កត់ធ្ងន់ថា អំពើពុករលួយក្នុងកម្រិតខ្ពស់ ប្រាក់បៀវត្សរ៍ទាប និទណ្ឌភាពក្នុងប្រព័ន្ធតុលាការ និងការរំលោភបំពានសិទ្ធិមនុស្ស គឺជាមូលហេតុដែលធ្វើឲ្យខ្លួនចង់ឃើញមានការផ្លាស់ប្ដូរបំផុតនោះ អ្នកស្រីបានមានប្រសាសន៍ថា “ ខ្ញុំចង់ឃើញសមត្ថភាពរបស់គណបក្សប្រឆាំងក្នុងការផ្លាស់ប្ដូរប្រទេសកម្ពុជា។ ខ្ញុំចង់ឃើញការផ្លាស់ប្ដូរ ទោះជាតែបន្តិចក៏ដោយ។
អ្នកស្រីបានចោទសួរពេលកំពុងក្រេបទឹកក្រឡុកនៅហាង ប្លូ ផាំឃីន (Blue Pumpkin) នៅមាត់ទន្លេក្នុងរាជធានីភ្នំពេញថា “ ខ្ញុំមិនចង់ឃើញអ្វីដដែលៗម្ដងហើយម្តងទៀតទេ។ ជិត៣០ឆ្នាំហើយដែលយើងមានមេដឹកនាំដដែលៗ។ តើយើងមិនអាចមានមេដឹកនាំថ្មីទេឬយ៉ាងម៉េច?។
អ្នកស្រី ម៉ា ឌីយ៉េន បានទទួលស្គាល់ថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ពិតជាមានកំណើនខ្ពស់មិនធ្លាប់មានពីមុនមកមែន។ ប៉ុន្តែ និស្សិតបញ្ចប់ការសិក្សាជាច្រើន ដែលបានចាកចេញពីសាកលវិទ្យាល័យដើម្បីស្វែងរកការងារធ្វើ បានទទួលការងារដែលមានប្រាក់បៀវត្សរ៍ទាបមិនសមនឹងចំណេះដឹងទទួលបានពីការសិក្សារបស់ខ្លួនឡើយ។ អ្នកស្រីបានសិក្សាមុខវិជ្ជាទីផ្សារ ប៉ុន្តែ បែរជាទទួលបានការងារជាជំនួយការគ្រូបង្រៀនបន្ទាប់ពីព្យាយាមមិនបានសម្រេចជាច្រើនលើកក្នុងការទទួលបានការងារនៅក្រុមហ៊ុនទីផ្សារមួយ។
អ្នកស្រី ចន្ថា ដែលធ្វើការផ្នែករដ្ឋបាលនៅសាលាតែមួយនេះ និងដែលបានប្រាប់ត្រឹមតែនាមខ្លួននោះ នៅមិនទាន់សម្រេចចិត្តថា តើខ្លួននឹងបោះឆ្នោតឲ្យគណបក្សណានោះទេ ប៉ុន្តែ នាងបានបង្ហើបថា ខ្លួននឹងមិនគូសលើលេខ៤ ដែលជាលេខរៀងលើសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាទេ។ នាងបាននិយាយថា “ យើងអាចនិយាយបានថា អ្វីៗនៅក្នុងប្រទេសកម្ពុជា បានល្អប្រសើរជាងមុនហើយ ប៉ុន្តែ គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែរីកធំទៅៗ។ខ្ញុំចង់ឃើញការផ្លាស់ប្ដូរ។ ខ្ញុំចង់ដឹងថា តើនឹងមានអ្វីប្លែក ប្រសិនបើអ្នកផ្សេងបានឡើងដឹកនាំប្រទេសម្តង។
ជា វិបុល អាយុ២៥ឆ្នាំ ដែលអង្គុយក្បែរចន្ថា បាននិយាយថា ខ្លួនបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០០៨ ពេលប្រទេសនេះជាប់ផុងក្នុងជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃនៅប្រាសាទព្រះវិហារ។
ប៉ុន្តែ តំបន់ព្រំដែនរបស់កម្ពុជាមានសន្តិភាពជាច្រើនឆ្នាំមកហើយ ហើយមានបញ្ហាថ្មីៗជាច្រើនដែលកម្ពុជាកំពុងប្រឈម។ យុវជន វិបុល ដែលធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលខាងវិស័យសុខាភិបាល បាននិយាយថា “ លោកនាយករដ្ឋមន្ត្រីបានកាន់អំណាចជាយូរមកហើយ។ ដូច្នេះ ខ្ញុំចង់ឃើញការផ្លាស់ប្ដូរ។ ប្រជាជននៅតាមទីជនបទកំពុងប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច និងការរំលោភបំពានសិទ្ធិមនុស្ស។ ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ដូចជាប្រទេសវៀតណាម និងប្រទេសថៃជាដើម សុទ្ធតែបានផ្លាស់ប្ដូរមេដឹកនាំ។ចុះហេតុអ្វីបានជាប្រទេសកម្ពុជាមិនអាច?”។
យុវជនរូបនេះបានបន្តថា ខ្លួនយល់ថា អ្នកបោះឆ្នោតកម្ពុជាបានបែកបាក់គ្នាហើយ។ វិបុល និយាយថា មានប្រជាពលរដ្ឋមួយចំនួនដែលនឹងនៅតែបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដោយសារការដឹងគុណចំពោះការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ហើយក៏មានក្មេងជំនាន់ក្រោយដែលបានកើតក្រោយសម័យខ្មែរក្រហម និងមានការយល់ដឹងជាងរៀមច្បងរបស់ពួកគេអំពីបញ្ហាដែលប្រទេសកម្ពុជាកំពុងប្រឈមសព្វថ្ងៃ មិនមែនបញ្ហាដែលកើតមានកាលពី៣០មុននោះទេ។
វិបុល បាននិយាយថា “ យុវជនជាច្រើននៅក្នុងប្រទេសកម្ពុជាបានសិក្សានៅសាកលវិទ្យាល័យ និងធ្វើការនៅតាមរោងចក្រនានា។ ពួកគេយល់ច្បាស់អំពីបញ្ហាទាំងអស់នៅក្នុងប្រទេសកម្ពុជា”។ ក្រៅពីការសន្យា និងគោលនយោបាយ ភាពជាអ្នកដឹកនាំក៏ជាចំណុចសំខាន់មួយផងដែរ។
លោក ហ៊ុន សែន ដែលត្រូវបានទទួលស្គាល់ជាទូទៅថា ជាមេដឹកនាំនិយមកណ្តាប់ដៃដែក នៅតែជាមនុស្សពូកែខាងវោហារសាស្ត្រ ហើយមានបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំប្រទេស។ នៅក្នុងឆ្នាំ២០០៧ គឺរយៈពេលមួយឆ្នាំមុនការបោះឆ្នោតជាតិឆ្នាំ២០០៨ លោក ចូសេហ្វ មូសូមែលលី (Joseh Mussomeli) អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានសរសេរសារទូរលេខការទូតសម្ងាត់មួយថា ការប្រឡូករបស់លោក កឹម សុខា ក្នុងឆាកនយោបាយ គឺបានត្រឹមតែធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយដោយសារ “ អសមត្ថភាពរបស់លោក សម រង្សុី និងលោក កឹម សុខា ក្នុងការជម្នះការខ្វែងគំនិតគ្នា”។
សព្វថ្ងៃ អ្នកនយោបាយទាំងពីររូបនេះបានបង្ហាញមុខក្នុងរូបភាពកាន់ដៃគ្នាលើស្លាកសញ្ញាគណបក្សនៅពាសពេញតំបន់ជនបទ។ នៅហាង T&C លើផ្លូវលេខ២១៤ លោក វិច្ឆិកា មេធាវីមានអាយុប្រហែល២៥ឆ្នាំ ដែលសុំប្រាប់ត្រឹមតែនាមខ្លួននោះ បាននិយាយថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មានការរីកចម្រើនណាស់។ តាមការយល់ឃើញរបស់មេធាវីរូបនេះ លោក ហ៊ុន សែន ស័ក្ដិសមជាអ្នកដឹកនាំប្រទេសរយៈពេលប្រាំឆ្នាំទៀតណាស់។
លោក វិច្ឆិកា បាននិយាយថា “ ខ្ញុំឃើញមានវិនិយោគិនកាន់តែច្រើនចូលមកប្រទេសកម្ពុជា។ រដ្ឋាភិបាលបានទាក់ទាញវិនិយោគិនបរទេសជាច្រើន ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន។ ពេលធ្វើដំណើរទៅតាមបណ្ដាខេត្ត ខ្ញុំបានឃើញការរីកចំរើនច្រើនណាស់”។
លោក វិច្ឆិកា ក៏បាននិយាយថា លោក ហ៊ុន សែន បានទទួលសន្លឹកឆ្នោតដោយសាររដ្ឋាភិបាលរបស់លោកផ្ដល់អ្វីដែលគេរំពឹងទុក នោះគឺកំណើនសេដ្ឋកិច្ចកាន់តែឆាប់រហ័សនិងការអភិវឌ្ឍតំបន់ក្រុង។ លោក វិច្ឆិកា បាននិយាយអំពីគណបក្សប្រឆាំងថា “ ខ្ញុំមិនឃើញពួកគេធ្វើអ្វីសោះ។ ថ្វីបើមានអំពើពុករលួយនិងការិយាធិបតេយ្យក្នុងជួររដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែខ្ញុំបានឃើញការកែលម្អច្រើនណាស់។ ប្រទេសជាច្រើនសុទ្ធតែមានអំពើពុករលួយ។ អ្នកមិនអាចយករឿងនេះមកបន្ទោសរដ្ឋាភិបាលបានទេ។
កញ្ញា ម៉ូនិក វណ្ណ អាយុ២១ឆ្នាំដែលមានវត្តមាននៅក្នុងហាង T&C ដែរនោះ និយាយថា នាងនឹងបោះឆ្នោតឲ្យលោក ហ៊ុន សែន។ នាងនិយាយថា ឪពុករបស់ខ្លួនគឺជាអ្នកបើកយន្តហោះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនាងកោតសរសើរថា បានជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបានសាងសង់សាលារៀនរាប់មិនអស់ក្នុងប្រទេសនេះ។ នាងបាននិយាយថា “ គណបក្សប្រឆាំងបានត្រឹមតែនិយាយច្រើនឥតប្រយោជន៍។ ពួកគេបានតែនិយាយ មិនឃើញធ្វើអ្វីជាក់ស្ដែងទេ”។
នៅតុក្បែរនោះមានបុរសវ័យក្មេងចំនួនបីនាក់ដែលសុទ្ធតែជាវិស្វករមានប្រាក់ចំណូលជាង១.០០០ដុល្លារក្នុងមួយខែ។ នៅលើតុមុខពួកគេមានទូរស័ព្ទស្មាតហ្វូនថ្លៃៗជាច្រើនគ្រឿង។ ពីរនាក់ក្នុងចំណោមពួកគេនិយាយថា ខ្លួននឹងបោះឆ្នោតឲ្យគណក្សសង្គ្រោះជាតិ ហើយម្នាក់ទៀតបាននិយាយថា ខ្លួននៅមិនទាន់សម្រេចចិត្តឡើយ។
លោក ហ៊ុង សីហា អាយុ២៨ឆ្នាំ ដែលចូលចិត្តនិយាយលែងសើចបន្តិច ហើយមានពាក់ចិញ្ចៀនពេជ្រមួយវង់លើម្រាមដៃរបស់ខ្លួននោះបាននិយាយថា “ លើកនេះខ្ញុំនឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ” ដោយបានបន្ថែមថា ក្នុងឆ្នាំ២០០៨លោកបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ លោកបានបន្តថា “ ខ្ញុំចង់ឲ្យគណបក្សប្រឆាំងមានសំឡេងនៅក្នុងសភា។ ប្រាកដណាស់ ខ្ញុំមិនគិតថាពួកគេនឹងទទួលបានជ័យជម្នះទេ”។
មិត្តភក្ដិរបស់លោកឈ្មោះ ឈឿន សុវិទ្យា អាយុ២៩ឆ្នាំបាននិយាយកាត់ ដោយពន្យល់ថា ជិវិតរបស់ខ្លួនបានប្រសើរជាងមុនក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មែន ប៉ុន្តែទំនោរផ្នែកនយោបាយរបស់លោកបានផ្លាស់ប្ដូរក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ លោកបាននិយាយថា“ យើងមិនគួរបោះឆ្នោតដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ។ យើងត្រូវជ្រើសរើសគណបក្សដែលល្អបំផុតសម្រាប់ប្រទេសជាតិរបស់យើង”។
ទស្សនយល់ឃើញខុសគ្នានេះ គេសង្កេតឃើញមានជាទូទៅនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែមានអ្នកបោះឆ្នោតនៅតំបន់ផ្សេងៗទៀតក្នុងប្រទេសនេះដែលមិនទុកការបោះឆ្នោតជាការសម្រេចចិត្តផ្ទាល់ខ្លួន។
លោក ម៉ូ រ៉ា អាយុ៣១ឆ្នាំ គឺជាអ្នកតំណាងរបស់អ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាជាច្រើន។ លោកនិយាយថា គ្រួសាររបស់ខ្លួនដែលសុទ្ធតែជាកសិករនៅក្នុងខេត្តកំពង់ធំ តែងបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
លោក ម៉ូរ៉ា បាននិយាយបន្ថែមថា “ សាច់ញាតិទាំងអស់របស់ខ្ញុំគាំទ្រគណបក្សប្រជាជន ហើយពូរបស់ខ្ញុំគឺជាមេឃុំម្នាក់នៅក្នុងខេត្តកំពង់ធំ។ លោក រ៉ា ដែលកំពុងស្ថិតនៅក្នុងរាជធានីភ្នំពេញដើម្បីជួយការងារសំណង់នៅវត្តឧណ្ណាលោមនោះ បាននិយាយថា ខ្លួនយល់ថា គោលនយោបាយរបស់គណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតអាណត្តិនេះ ជាគោលនយោបាយដ៏ល្អមួយ ប៉ុន្តែលោកមិនបានចាប់អារម្មណ៍ច្រើនចំពោះយុទ្ធនាការឃោសនារបស់គណបក្សនេះទេ ព្រោះលោកបានសម្រេចចិត្តរួចទៅហើយថានឹងបោះឆ្នោតឲ្យគណបក្សណានោះ។
លោកបាននិយាយសំដៅលើលោក កឹម សុខា ថា “ ខ្ញុំមិនស្អប់មេដឹកនាំគណបក្សប្រឆាំងទេ ហើយក៏មិនដែលនិយាយអ្វីច្រើនពាក់ព័ន្ធនឹងគាត់ដែរ។ ប៉ុន្តែខ្ញុំមិនដឹងធ្វើម៉េចទេ ព្រោះគ្រួសាររបស់ខ្ញុំសុទ្ធតែបានផ្សាភ្ជាប់ជាមួយគណបក្សប្រជាជនកម្ពុជា”។
បំណងប្រាថ្នាចង់ឲ្យមានការផ្លាស់ប្ដូរក៏មានក្នុងចំណោមអភិជនមួយចំនួនផងដែរ។ ម្ចាស់សណ្ឋាគារម្នាក់នៅរាជធានីភ្នំពេញ ដែលអាជីវកម្មរបស់ខ្លួនបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនោះ បាននិយាយថា ខ្លួនបែងចែកច្បាស់រវាងជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងបញ្ហាជាច្រើនដែលប្រទេសជាតិកំពុងប្រឈម។ លោកនិយាយថា “ ខ្ញុំចង់ឲ្យមានមេដឹកនាំថ្មី។ ខ្ញុំសង្ឃឹមថា មនុស្សជាច្រើនទៀតគិតដូចខ្ញុំ។ ខ្ញុំឃើញអ្នកចេះដឹងមួយចំនួនដែរ ប៉ុន្តែក្រៅពីនោះសុទ្ធតែជាមន្ត្រីពុករលួយ។ ល្មមដល់ពេលផ្លាស់ប្ដូរប្រទេសនេះហើយ។ សូមក្រឡេកមើលនាយករដ្ឋមន្ត្រីអូស្ត្រាលីទៅ គេក៏បានលាលែងពីតំណែងដែរ វាជារឿងធម្មតាទេ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង