ដោយនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះ សមាជិកសភាអាមេរិកគ្រោងជួបប្រជុំនៅក្នុង ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃនេះ ដើម្បីស្តាប់វិបត្តិនយោបាយនិងសង្គម ដែលប្រទេសកម្ពុជាកំពុងជួបប្រទះ ចំពេលមានការរិះគន់យ៉ាងច្រើនពីអន្តរជាតិចំពោះការគ្រប់គ្រងអំណាចជាច្រើនទសវត្សរ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការបើកកិច្ចប្រជុំនេះកើតមានឡើងបន្ទាប់ពីស្ថាប័នជំនាញសិក្សាស្រាវជ្រាវរបស់សភាអាមេរិក (U.S. Congressional Research Service) បានចេញរបាយការណ៍ថ្មីមួយដែលធ្វើឲ្យមានមន្ទិលធំៗមួយចំនួនថា តើការបោះឆ្នោតនាថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ នឹងមានតម្លាភាពកម្រិតណា និងសេចក្តីសម្រេចមួយរបស់ព្រឹទ្ធសភាអាមេរិកដែលអំពាវនាវឲ្យកាត់បន្ថយជំនួយប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ជួយដល់ប្រទេសកម្ពុជាឲ្យមកនៅត្រឹម៧៦លានដុល្លារ ប្រសិនបើមន្ទិលទាំងនោះជាការពិតមែន។
កិច្ចប្រជុំដែលមានប្រធានបទមិនល្អ“ វិបត្តិសង្គម និងនយោបាយរបស់ប្រទេសកម្ពុជា” នេះនឹងរៀបចំឡើងដោយអនុគណៈកម្មាធិការរបស់សភាអាមេរិកទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ វិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ អង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ និងក្រុមហ៊ុនវិនិយោគក្នុងរាជធានីភ្នំពេញមួយឈ្មោះថា អេស អា ភី អីុនធើណេសិនណលគ្រុប (SRP International Group) សុទ្ធតែគ្រោងឲ្យផ្តល់សក្ខីកម្មអំពីបញ្ហាទាំងនេះ។
អង្គការសិទ្ធិមនុស្សស្ថិតក្នុងចំណោមអ្នករិះគន់ខ្លាំងបំផុតចំពោះលោក ហ៊ុន សែន ដោយចោទប្រកាន់រដ្ឋាភិបាលរបស់លោកគ្រប់យ៉ាងចាប់ពីការធ្វើឃាតអ្នកប្រឆាំងនឹងខ្លួននិងការគ្រប់គ្រងក្រុមឧក្រិដ្ឋជន រហូតដល់ការគាបសង្កត់នៅក្នុងការបោះឆ្នោតអាណត្តិមុនៗ និងការមិនគោរពច្បាប់។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សនឹងប្រាប់អនុគណៈកម្មាធិការសភានេះថា ការបោះឆ្នោតដែលនឹងចូលមកដល់នាពេលខាងមុខនេះ នឹងមិនមានភាពប្រសើរជាងការបោះឆ្នោតមុនៗប៉ុន្មានឡើយ។
លោកបានមានប្រសាសន៍ថា “ ការវាយតម្លៃចុងក្រោយរបស់យើង និងការវាយតម្លៃរបស់អ្នកឃ្លាំមើលឯករាជ្យដទៃទៀតគឺថា បញ្ហាដូចគ្នានេះ ដែលពាក់ព័ន្ធនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តុលាការ ប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់ធនធានរបស់រដ្ឋមានពាសពេញនៅក្នុងដំណើរការរៀបចំការបោះឆ្នោត។ ក៏ប៉ុន្តែ ព័ត៌មានល្អតែមួយគត់ដែលត្រូវរាយការណ៍គឺថា គណបក្សប្រជាជនកម្ពុជាជាប់ពាក់ព័ន្ធនឹងអំពើហិង្សាតិចជាងមុន”។
អង្គការសិទ្ធិមនុស្សលីកាដូ ក៏មមាញឹកដែរក្នុងការលាតត្រដាងជាប្រចាំនូវការរំលោភសិទ្ធិមនុស្សជាច្រើនពីសំណាក់រដ្ឋាភិបាល ដែលមានចាប់ពីការដាក់អ្នកទោសណែនណាន់តាន់តាប់នៅក្នុងបន្ទប់ពន្ធនាគារនានារហូតដល់ការបាញ់ប្រហារ និងការចាប់ខ្លួនសកម្មជន ហើយអង្គការនេះបានលើកឡើងថា ការរំលោភបំពានទាំងនេះ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូមានប្រសាសន៍ថា ការអញ្ជើញរបស់អនុគណៈកម្មាធិការសភាអាមេរិកឲ្យចូលរួមកិច្ចប្រជំុថ្ងៃនេះ គឺលើកឡើងអំពីការផ្តោតការយកចិត្តទុកដាក់លើការបោះឆ្នោតដែលនឹងឈានមកដល់នាពេលខាងមុខនេះហើយថា លោកស្រីរំពឹងថា នឹងមានដំណោះស្រាយមួយផ្សេងទៀតនៅមុនថ្ងៃបោះឆ្នោត។
លោកស្រីបានបន្ថែមទៀតថា អង្គការលីកាដូ នឹងផ្តោតការយកចិត្តទុកដាក់លើការផ្តល់ភ័ស្តុតាងរបស់ខ្លួនអំពីបញ្ហាទាក់ទងនឹងការបោះឆ្នោត អំពើពុករលួយ និងការរឹបអូសយកដីធ្លីជាដើម ដោយលោកស្រីពន្យល់ថា អង្គការលីកាដូមិនមានគម្រោងស្នើសុំឲ្យមានការកាត់ជំនួយអាមេរិកមកដល់កម្ពុជាទាំងស្រុងនោះទេ ក៏ប៉ុន្តែ អង្គការនេះ មានគម្រោងស្នើសុំឲ្យកាត់តែមួយចំនួនប៉ុណ្ណោះ។ លោកស្រីបានឲ្យដឹងថា “ យើងនឹងស្នើសុំឲ្យរដ្ឋាភិបាលអាមេរិកត្រួតពិនិត្យកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឡើងវិញ ជាពិសេសពិនិត្យមើលយោធា ដែលពាក់ព័ន្ធនឹងការរឹបអូសយកដីធ្លី”។
យោងតាមស្ថានទូតអាមេរិក បានឲ្យដឹងថា ការប្រើប្រាស់ទាហានដើម្បីការពារដីសម្បទានរបស់ក្រុមហ៊ុនឯកជន ដែលត្រូវបានចោទប្រកាន់ថា បានប្លន់ដីធ្លីពីប្រជាកសិករកម្ពុជា និងកាប់បំផ្លាញព្រៃសហគមន៍របស់ពួកគាត់ នោះត្រូវបានចងក្រងជាឯកសារយ៉ាងមានសណ្តាប់ធ្នាប់។
កាលពីម្សិលមិញ ក្រុមការងារនៃវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យប្រចាំប្រទេសកម្ពុជា បានបដិសេធមិននិយាយអំពីផែនការរបស់ខ្លួន សម្រាប់ការជួបប្រជុំនេះទេ។ ក៏ប៉ុន្តែ កាលពីខែមីនា បន្ទាប់ពីការធ្វើសវនកម្មដ៏ល្អិតល្អន់មួយលើបញ្ជីឈ្មោះចុងក្រោយរបស់អ្នកបោះឆ្នោត ក្រុមនេះបានលើកឡើងថា ការចុះឈ្មោះរបស់អ្នកបោះឆ្នោតមានស្ថានភាពកាន់តែអាក្រក់ជាងការចុះឈ្មោះបោះឆ្នោត ដែលរដ្ឋាភិបាលបានរៀបចំសម្រាប់ការបោះឆ្នោតកាលពីឆ្នាំ២០០៨ទៅទៀត។
វិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឲ្យដឹងថា ក្នុងចំណោមឈ្មោះអ្នកបោះឆ្នោតប្រាំបួននាក់ មានម្នាក់ត្រូវបានលុបចេញពីបញ្ជីចុងក្រោយ ហើយក្នុងចំណោមឈ្មោះអ្នកបោះឆ្នោត១០នាក់នៅលើបញ្ជីនេះ មានឈ្មោះមួយទំនងជាមិនមានទេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាអ្នកចុះបញ្ជីនេះបានច្រានចោលការធ្វើសវនកម្មនេះ ហើយបានលើកឡើងថា វិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យប្រើប្រាស់វិធីសាស្ត្រមិនត្រឹមត្រូវ។
អនុគណៈកម្មាធិការសភាអាមេរិក ក៏គ្រោងនឹងស្តាប់លោក ដានីញែល មីសែល (Daniel Mitchell) នាយកគ្រប់គ្រងក្រុមហ៊ុន SRP International Group ដែលជាក្រុមហ៊ុនវិនិយោគ និងប្រឹក្សាយោបល់ក្នុងស្រុកផងដែរ។ លោក មីសែល ក៏ធ្លាប់គ្រប់គ្រងក្រុមហ៊ុន ហ្គ្រែនឌីសធីមប័រ (Grandis Timber) ដែលជាក្រុមហ៊ុនរកស៊ីឈើក្នុងប្រទេសកម្ពុជា និងបម្រើការឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-កម្ពុជាផងដែរ។
កាលពីពេលកន្លងទៅសហរដ្ឋអាមេរិកធ្លាប់កាត់ជំនួយមិនមែនមនុស្សធម៌មកឲ្យប្រទេសកម្ពុជាម្តងរួចមកហើយ។ អាមេរិកធ្វើដូច្នេះ បន្ទាប់ពីលោក ហ៊ុន សែន ផ្តួលរំលំសហនាយករដ្ឋមន្ត្រីរបស់លោក នៅពេលកងកម្លាំងយោធាដែលស្មោះស្ម័គ្រចំពោះភាគីម្ខាងៗបើកការប្រយុទ្ធគ្នាតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ១៩៩៧ ប៉ុន្តែ បានចាប់ផ្តើមផ្តល់ជំនួយឡើងវិញនៅរយៈពេលពីរបីឆ្នាំក្រោយពីនោះ។
ទោះបីជាទំនាក់ទំនងមានភាពប្រសើរឡើងវិញក៏ដោយ ក៏ទំនាក់ទំនងការទូតមានភាពរកាំរកូសកាន់តែខ្លាំងឡើងសារឡើងវិញនៅមុនការបោះឆ្នោតនេះ។ គ្រាន់តែក្នុងរយៈពេលពីរបីខែកន្លងទៅ ក្រសួងការបរទេសអាមេរិកបានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជា ចំពោះអវត្តមានរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងរបស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅបរទេស ដើម្បីគេចពីការកាត់ទោសដែលគេចាត់ទុកជាទូទៅថា ជារឿងនយោបាយ ព្រមទាំងការបណ្តេញសមាជិកសភាមកពីគណបក្សប្រឆាំងចេញពីសភាផងដែរ។ ក្រសួងការបរទេសអាមេរិកក៏បានថ្កោលទោសផងដែរចំពោះការចេញបម្រាម ដែលបានដកចេញទៅវិញលើការផ្សព្វផ្សាយកម្មវិធីវិទ្យុបរទេសរយៈពេលពេញមួយខែរហូតដល់ក្រោយថ្ងៃបោះឆ្នោត។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី៧ ខែមិថុនា លោក លីនស៊ី ហ្គ្រាហាំ (Lindsey Graham) និងលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) សមាជិកព្រឹទ្ធសភាអាមេរិក បានស្នើសុំឲ្យផ្តាច់ជំនួយផ្ទាល់ទាំងអស់ដល់កម្ពុជា ព្រមទាំងសុំឲ្យកាត់បន្ថយជំនួយអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ ប្រសិនបើក្រសួងការបរទេសអាមេរិករកឃើញថា ការបោះឆ្នោតនាពេលខាងមុខនេះ “ គ្មានការប្រកួតប្រជែងដោយយុត្តិធម៌” ទេនោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសកម្ពុជានៅតែរក្សាទំនាក់ទំនងល្អជាមួយក្រសួងការបរទេសអាមេរិក ហើយជឿថា សេចក្តីសម្រេចរបស់ព្រឹទ្ធសភាអាមេរិក និងការបើកកិច្ចប្រជុំនៅថ្ងៃនេះ គឺបណ្តាលមកពីការស្តាប់សមាជិកសភាដែលទទួលបានព័ត៌មានមិនត្រឹមត្រូវ។
លោកបានថ្លែងថា “ ខ្ញុំគិតថា ពួកគេមិនដឹងច្បាស់នូវអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជានោះទេ។ ប្រសិនបើអ្នកប្រៀបធៀបទៅនឹងប្រទេសជិតខាងរបស់យើងវិញនោះ ខ្ញុំគិតថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់យ៉ាងល្អមួយ បើនិយាយពីសិទ្ធិមនុស្ស និងការរីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា”។
លោកបានបន្តទៀតថា “ ប្រជាពលរដ្ឋកម្ពុជាបានជ្រើសរើសមេដឹកនាំរបស់ខ្លួន និងគណបក្សនយោបាយរបស់ខ្លួនដោយផ្ទាល់។ ការបោះឆ្នោតនេះ គឺដើម្បីឲ្យមានភាពប្រសើរជាងមុន ហើយជាជម្រើសរបស់ប្រជាពលរដ្ឋកម្ពុជា មិនមែនជនបរទេស និងគណបក្សនយោបាយរបស់ពួកគេនោះទេ”៕
ប្រែសម្រួលដោយ ហួង កុកទៀន